អានតួអត្ថបទ

បន្ថយ​ការហូប​សាច់​ដើម្បី​ទប់​ស្កាត់​​ការ​ប្រែប្រួល​​អាកាសធាតុ

មិនមែន​មាន​តែ​ឧស្សាហកម្ម​ទេ ដែល​ប៉ះពាល់​ដល់​បរិស្ថាន ! ទម្លាប់​ទទួលទាន​​​អាហារ​របស់​មនុស្ស​សម័យ​ថ្មី ក៏​ជា​កត្តា​មួយ​ចូល​រួម​ចំណែក​បំពុល​បរិយាកាស​ដែរ ! ដូច្នេះប្រសិន​បើ​ពិភពលោក​ចង់​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​នៃភពផែនដីប្រកប​ដោយ​ប្រសិទ្ធភាព គួរ​តែ​កាត់​បន្ថយ​ការបរិភោគ​សាច់​ឱ្យ​បាន​ខ្លាំង​មែន​ទែន។​ នេះ​បើ​តាម​ការបង្ហាញ​ឱ្យ​ឃើញ​នៅ​ក្នុង​​សិក្សាមួយ​ស្តី​អំពី​ផល​ប៉ះពាល់​នៃ​ការ​ទទួល​ទាន​ចំពោះ​បរិស្ថាន។ ការ​សិក្សា​នេះ​​មាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​ទស្សនាវដ្តី​ Nature។

បើ​ចង់​ជួយ​ការពារអាកាសធាតុ ត្រូវ​កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់
បើ​ចង់​ជួយ​ការពារអាកាសធាតុ ត្រូវ​កាត់​បន្ថយ​ការ​ទទួល​ទាន​សាច់ Luke Sharrett/Bloomberg via Getty Images
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​គុណ​គិត​របស់​អ្នក​ស្រាវជ្រាវ ដើម្បី​ថែរក្សា​ផែនដី​ ​និង​ដើម្បី​អាច​មាន​អាហារ​សាច់​ទទួល​គ្រប់គ្រាន់ រហូត​ដល់​ឆ្នាំ​២០៥០ ក្រុម​​ប្រទេសអ្នក​មាន​អភិវឌ្ឍ​​ជឿន​លឿន​ខ្លាំង ជាពិសេសជាង​គេ​ ​ត្រូវ​បញ្ចុះការ​​​​ទទួល​ទាន​សាច់ ចំនួន​៩០%។

ហេតុអ្វី ? ​ផលិតកម្ម​កសិចំណី​អាហារ ត្រូវ​ការ​ទឹក​ច្រើន​ផង និង​ជា​ប្រភព​នៃការ​កាប់​ព្រៃឈើ​ ​ ដែល​​សុទ្ធ​សឹង​ជា​កត្តា​ចំបងៗ​នៃ​ការ​ឡើង​កម្តៅ​​អាកាសធាតុ។ ការ​ចិញ្ចឹម​សត្វ​បង្កផល​ប៉ះពាល់ដល់​បរិស្ថាន​ខ្លាំង​ជា​ពិសេស​តែ​ម្តង !​ (ផោម)សត្វ​ជា​ប្រភព​បញ្ចេញ​ជាតិ​ឧស្ម័ន​មេតាន ដែល​ថ្វី​បើ​មិន​បង្ក​ជា​​​ឧស្ម័ន​ផ្ទះកញ្ចក់​ខ្លាំង​ដូច​ឧស្ម័ន​កាបូនិក​មែន តែឧស្ម័ន​នេះ​​បង្កើន​​កម្តៅបរិយាកាស​​ខ្លាំង​ណាស់។ ផលិតសាច់​ មាន​ន័យ​​ស្មើ​នឹង​ការ​ចំណាយ​ទឹក ! ដើម្បី​បាន​​សាច់គោ​​​មួយ​គីឡូក្រាម គេ​ត្រូវ​ការ​ទឹក​ដល់​ទៅ​ជិត​៧០០០​លីត្រ។

បញ្ច្រាស​មក​វិញ បើ​មិន​កាត់​បន្ថយ​ការ​ទទួល​ទាន​ សាច់​ទេ នោះ​ផលប៉ះពាល់​ចំពោះ​បរិស្ថាន​នឹង​ត្រូវកើន​ឡើងពី​៥០​ទៅ​​៩០%​ នៅ​ពាក់កណ្តាល​សតវត្សរ៍​​ទី​២១។ នេះ​បើ​តាម​ការ​ព្រមាន​របស់ក្រុម​អ្នក​សិក្សា​ដដែល ដោយ​ផ្តល់​អំណះអំណាង​ថា ប្រជាជន​លើ​ភព​ផែន​ដី​មាន​កំណើន​រហូត ហើយ​របប​អាហារ ទាន់​សម័យ ​កាន់​តែ​សម្បូរ​សារធាតុ​ខ្លាញ់ ស្ករ និង​សាច់​ ខ្លាំងឡើងៗ។

អ្នក​ដឹកនាំ​សិក្សា​ ក៏​បាន​រំលឹកឱ្យ​ពិភពលោក​កាត់​បន្ថយ​ការ​ខ្ជះខ្ជាយ​អាហារ។ បន្ថយ​បាន​តែ​ពាក់​កណ្តាល នោះ​ការរងគ្រោះ​ផ្នែក​បរិស្ថាន​ក៏​បាន​ចុះ​ថយ​ប្រមាណ​១៦%។ ​​ធ្វើ​កសិកម្ម​​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ ផ្តល់​ការ​អប់​រំ​និ​ងធ្វើ​កំណែទម្រង់​ឧស្សាហកម្ម​ ដើម្បី​ប្តូរ​ផ្លាស់​របៀប​ទទួល​ទាន​អាហារ​ មកហូប​សាច់​តិច បន្លែ​ច្រើន​ សុទ្ធ​សឹង​ជា​ដំណោះស្រាយដែល​ត្រូវ​ប្រើ​រួម​គ្នា​ ដើម្បី​​ជួយ​ថែរក្សា​ភព​ផែនដី​ និង​ដើម្បី​អាច​ចិញ្ចឹម​ជីវិត​មនុស្ស​លោក​បាន​យូរ​អង្វែង។

លទ្ធផល​នៃ​ការ​សិក្សា​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​​ជា​សាធារណៈ​តែ​មួយ​សប្តាហ៍​ក្រោយ​របាយការណ៍​របស់​ក្រុម​អ្នក​ជំនាញអាកាសធាតុ​អន្តររដ្ឋាភិបាល ស្តី​អំពី​ផលវិបាក​នៃ​ការ​ឡើង​កម្តៅ​អាកាសធាតុ​យ៉ាង​លឿន​លើស​ពី​១,៥​អង្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ