អានតួអត្ថបទ
AIE

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ថា តម្រូវការ​ប្រេង​ក្នុង​លោក​ឆ្នាំ ២០១៨ និង​២០១៩ ធ្លាក់​ចុះ តែ​តម្លៃ​នៅ​តែ​ខ្ពស់

នៅ​ថ្ងៃ​សុក្រ ទី១២ តុលា ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ហៅកាត់ AIE បាន​ផ្សព្វផ្សាយ​របាយការណ៍​ប្រចាំ​ឆ្នាំ​ស្តីពី​ប្រេង។ ផ្អែក​តាម​របាយការណ៍ កំណើន​តម្រូវការ​ប្រេង​ក្នុង​លោក​សម្រាប់​ឆ្នាំ ២០១៨ និង​ឆ្នាំ ២០១៩ នឹង​ធ្លាក់​ចុះ​ចំនួន ១១០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ។ សម្រាប់​ឆ្នាំ ២០១៨ កំណើន​តម្រូវការ​ប្រេង​នឹង​មាន​ត្រឹម ១ ៣០០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ ហើយ​នឹង​មាន ១ ៤០០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ឆ្នាំ ២០១៩។ តែ​ទន្ទឹម​នឹង​កំណើន​តម្រូវការ​ធ្លាក់​ចុះ តម្លៃ​របស់​វា​នៅ​បន្ត​ថ្លៃ​ដដែល។

លោក Fatih Birol នាយកទីភ្នាក់ងារ​ថាមពល​អន្តរជាតិ
លោក Fatih Birol នាយកទីភ្នាក់ងារ​ថាមពល​អន្តរជាតិ AFP
ផ្សាយពាណិជ្ជកម្ម

មាន​កត្តា​សំខាន់​ចំនួន ៣ ដែល​បញ្ជាក់​ពី​កំណើន​តម្រូវការប្រេង​ក្នុង​លោក​ធ្លាក់​ចុះ​សម្រាប់​ឆ្នាំ ២០១៨ និង​ឆ្នាំ ២០១៩ ខាង​មុខ ទី១ តម្លៃ​វា​ថ្លៃ ទី២ បរិបទ​សេដ្ឋកិច្ច​ក្នុង​លោក​មិន​ទៀងទាត់ និង​កត្តាទី៣ ស្ថានភាព​សុខភាព​សេដ្ឋកិច្ច​របស់​ចិន​មិន​សូវ​ល្អ​ដូច​ការ​ប្រមើល​ទុក។ កត្តា​បន្ទាប់បន្សំ គឺ​ហានិភ័យ​កើត​ចេញ​ពី​សង្គ្រាមពាណិជ្ជកម្ម​ដែល​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ AIE ចង់​និយាយ​សំដៅ​រវាង​អាមេរិក និង​ចិន។ តាម AIE កម្រិត​ផ្គត់ផ្គង់ និង​កម្រិត​តម្រូវការ​ប្រេង​ក្នុង​លោក​បាន​ឡើង​ដល់​ចំណុច​ក្បែរ​គ្នា​ជា​ប្រវត្តិសាស្រ្ត ពោល ១០០ ០០០ ០០០បារីល​ក្នុង​មួយ​ថ្ងៃ។

ទោះ​បី​ជា​កំណើន​តម្រូវការ​ប្រេង​មាន​ការ​ធ្លាក់​ចុះ​ក៏​ដោយ​ក៏ AIE បាន​ប្រមើល​ឃើញ​ថា តម្លៃប្រេង​នឹង​បន្ត​ថ្លៃ​ដដែល ហើយ​គឺ​តម្លៃ​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច ពិសេស​នៅ​ក្នុង​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ។ កាល​ពី​សប្តាហ៍​មុន ប្រេង​មួយ​បារីល​មាន​តម្លៃ​ដល់​ទៅ ៨៦,៧៤ដុល្លារ​ដែល​ជា​តម្លៃ​ខ្ពស់​មិន​ធ្លាប់​មាន​គិត​តាំង​ពី​ដំណាច់ឆ្នាំ ២០១៤។ អ្វី​ដែល AIE បាន​អះអាង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ពេល​នេះ គឺ​ប្រហាក់ប្រហែល​គ្នា​នឹង​របាយការណ៍​របស់​អង្គការ​នៃ​ក្រុមប្រទេស​នាំ​ប្រេង​ចេញ Opep ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី១១ តុលា។

ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ដែល​មាន​ទីស្នាក់ការ​ក្នុង​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​តែង​ផ្តល់​មតិយោបល់​ដល់​ក្រុមប្រទេស​អភិវឌ្ឍ​ទាក់ទង​នឹង​នយោបាយ​ថាមពល ហើយ​តែង​ទាញសញ្ញាអាសន្ន​ស្តីពី​ហានិភ័យ​កើត​ចេញ​ពី​ការ​ផ្គត់ផ្គង់​ប្រេង​មិន​គ្រប់គ្រាន់។ តែ​ទន្ទឹម​គ្នា​នេះ AIE ក៏​បាន​ទទួល​ស្គាល់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ក្រុម​ប្រទេស​នាំ​ប្រេង​ចេញ​របស់ Opep មាន​ដូច​ជា​អារ៉ាប៊ីសាអូឌីត​ដែល​បាន​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​គ្រប់គ្រាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ