ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT
អឺរ៉ុប

កាំជ្រួចរុស្ស៊ីពេលហោះឡើងស្រាប់តែរងឧប្បត្តិហេតុប៉ុន្តែក្រុមអវកាសយានិកអន្តរជាតិនៅគង់ជីវិតដដែល

media គ្រោះថ្នាក់កើតឡើងនៅពេល​កាំជ្រួច Soyouz ហោះឡើងបានបន្ទិច​ពីស្ថានីយ (ISS) ជាមួយអ្នកអវកាសអាមេរិកាំង​និងរុស្ស៊ី​នៅថ្ងៃទី​១១​តុលា​២០១៨​ REUTERS/Shamil Zhumatov

អ្នក​អវកាស​អាមេរិកាំង លោក Nick Hague និង​អ្នក​អវកាស​រុស្ស៊ី លោក Alexei Ovtchinine បាន​ត្រឡប់មកដល់​ដី​កាហ្សាក់ស្ថាន​វិញ ប្រកប​ដោយ​សុវត្ថិភាព ប៉ុន្តែដោយ​ភិតភ័យ​បន្តិច​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១១ តុលា ក្រោយពី​កាំជ្រួច​រុស្ស៊ី​ធុន Soyouz ដែលត្រូវដឹក​អ្នកទាំង​ពីរ ទៅ​កាន់ ស្ថានីយអវកាស​អន្តរជាតិ ISS ហោះជា​ប្រចាំ​នៅ​កំពស់​ប្រមាណ ៤០០ គម ជុំវិញ​ផែនដី ពេល​ហោះឡើង​តម្រង់​ទៅ​ទីនោះ ស្រាប់តែ មាន​ការដើរ​ខុស​ទាស់​ក្នុង​ម៉ូទ័រ​វា ហើយ​ក៏​ឆេះ​ធ្លាក់​ទៅ។

គឺក្រោយយពី​ហោះឡើង​ទើប​បាន​ជិត ៣ នាទី ពេលហៀប​ឆ្លង​ពី​ម៉ូទ័រ​កាំទី១ ទៅ​ម៉ូទ័រកាំ​ទី​២ របស់​កាំជ្រួច​ដែល​ឧប្បតិហេតុនេះ​បាន​កើត​ឡើង ប៉ុន្តែ ប្រព័ន្ធស្វ័យប្រវត្តិ​សម្រាប់​សង្គ្រោះជីវិត​អ្នកអវកាស បាន​ដើរ​ឥតខ្ចោះ ហើយ​ច្រាន​បន្ទប់” កាប់ស៊ុល” ជាទីដែល​មាន​អវកាសយានិក​ពីរ​នាក់​នោះ គឺ​ជាតិ​អាមេរិកាំង លោក Nick Hague និង​ជាតិ​រុស្ស៊ី លោក Alexei Ovtchinine ស្ថិត​នៅ​ឯ​កំពូល​កាំជ្រួច​ឲ្យ​ខ្ទាតចេញ​ពី​វា​ទៅ​កំពស់៨៥០ ម៉ែត្រ​និង​ខ្ទាត​ទៅ​ខាង​ចំហៀង ១១០ ម៉ែត្រ​ពី​តួ​ខ្លួន​កាំជ្រួច រួចពេលនោះ ឆ័ត្រ​យោង​ក៏ ដម្លោះ​ភ្លាម​ភ្លែត​​យោង”កាប់ស៊ុល”នោះ​ឲ្យធ្លាក់ចុះ​ដោយ​សន្សឹមៗ​មក​ដី ឲ​នៅចម្ងាយ ៤៥០ គម ពីកន្លែង​បង្ហោះ​ចេញ​ទៅ។

អ្នកអវកាស​ទាំង​ពីរ​នាក់​នោះ ត្រូវ​បាន​ក្រុម​សង្គ្រោះ​លើ​ដី​ដឹក​ជា​បន្ទាន់​តាម​ឧទ្ធម្ភាគចក្រ ទៅ​ពិនិត្យមើល​សុខភាព​គេ​ដោយ​ខ្លួន​ប្រាណ​គេ​ឥត​មាន​របួស​អ្វី​ណាទេ។

ឧប្បត្តិហេតុ​នេះ ជាករណី​កម្រ​ណាស់​ពីព្រោះការ​បង្ហោះ​កាំជ្រួច​ធុន Soyouz ផ្ទុកទៅ​ដោយ​​​អ្នកអវកាស បាន​ធ្លាក់​ក្នុង​បរាជ័យ គឺ​តាំង​ពី ៣៥ ឆ្នាំ​មុន​ឯណោះ ក្នុង​ឆ្នាំ ១៩៨៣ ដែល​បាន​ចប់​ទៅ ដោយ​ការ​សង្គ្រោះ ជីវិត​អ្នកអវកាស​សូវៀត ២ នាក់។

ក្រុម​អវកាសយានិក​រុស្ស៊ី-អាមេរិកាំង លើក​នេះ ត្រូវចូល​ខ្លួន​ទៅ​ធ្វើការ​ក្នុង ស្ថានីយ​អវកាស​​អន្តរជាតិ ISS សម្រាប់​អំឡុងពេល ៦ ខែ។ ការបង្ហោះលើក​ក្រោយ​នៃ​កាំជ្រួច Soyouz ផ្ទុកទៅដោយ​ក្រុម​អវកាសយានិក​សម្រាប់​ទៅជំនួស​ក្រុម​អវកាសយានិក ៣នាក់​ដែល​ធ្វើការ​ក្នុង​ស្ថានីយ ISS ជិតកន្លះឆ្នាំ​មក​ហើយ​ដែល​ផ្សំឡើង​ពី​ជាតិ​អាល្លឺម៉ង់ ជាតិ​អាមេរិកាំង និង​ជាតិ​រុស្ស៊ី តាមដែល​ទីភ្នាក់ងារអវកាស​រុស្ស៊ី Roskosmos បង្ហើបឲ្យ​ដឹង អាច​ប្រព្រឹត្ត​ទៅ នៅខែ​ធ្នូ​ខាង​មុខ។ ហើយ​ស្បៀង​ជា​តម្រូវការ​សម្រាប់​អ្នក​ទាំង ៣ នោះ​នៅ​មាន​គ្រប់គ្រាន់​នៅ​ឡើយ​ទោះបី​កាំជ្រួច Soyouz ដែលត្រូវដឹក​ទៅ​ជា​មួយ​ទាំង​ស្បៀង​បម្រុង​ផង​មិន​បាន​ហោះទៅ​តភ្ជាប់​នឹង​ស្ថានីយ​នេះ​ដូចដែល​មាន​គ្រោង​ទុកក្តី។

អ្វីដែលគួរ​ឲ្យ​កត់សម្គាល់ គឺ​ថា​ឧប្បត្តិហេតុ​នេះ កើតឡើង​នៅចំពេល​ដែល​អ្នក​អវកាស​រុស្ស៊ី  Alexei Ovtchinine ក្នុង​បេសកកម្ម ៦ ខែ​ខាង​មុខ​របស់​ខ្លួន ក្នុង​ស្ថានីយ ISS ត្រូវ​ចេញ​ទៅ​ក្រៅ​ស្ថានីយ​នេះ​ទៅ​ក្នុង លំហ​ល្ហល្ហេវ​នៃ​អវកាស​ដើម្បី​ពិនិត្យ​មើល​រន្ធ​ដែល​បណ្តាល​ឲ្យធ្លាយ​ចេញ​ធាតុ Oxygene ពី​នាវា​អវកាស Soyouz MS 09 ដែល​កន្លះ​ឆ្នាំ​មុន បាន​ដឹក​ក្រុម​អវកាសយានិក​អន្តរជាតិ ៣ នាក់​នោះ​ទៅ​កាន់​ស្ថានីយ ISS ហើយ​នៅ​ត​ភ្ជាប់​​​ជាមួយ​ស្ថានីយ​នេះ។

ក្រោយពី​រក​ឃើញ​រន្ធ​នេះ ប្រវែង ២ មីលីម៉ែត្រ កាលពី​ចុង​ខែ​សីហា នាយក​ទីភ្នាក់ងារ Roskosmos លោក Dmitri Rogozine បាន​ប៉ាន់​ស្មាន​ថាវាអាច​បណ្តាល​មកពី” វិច្ឆេទក​ម្ម​គិត​ទុក​ជា​មុន” តាំងពី​នៅ​លើ​ដី ឬ​ក្នុង អវកាស​ទៅ​ហើយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ