អានតួអត្ថបទ
សហរដ្ឋអាមេរិក-តួកគី

តុលាការ​តួកគី​សម្រេច​ដោះលែង​គ្រូគង្វាល​អាមេរិកាំង​ឲ្យ​មាន​សេរីភាព

តុលាការ​តួកគី នៅ​ថ្ងៃ​សុក្រទី ១២ តុលា បាន​សម្រេច​ដោះលែង គ្រូគង្វាល​អាមេរិក ដែល​អាជ្ញាធរ​តួកគី​បាន​ចាប់ឃុំ​ខ្លួន ក្នុង​បទចោទ​ប្រកាន់​គាំទ្រ​ក្រុម​ភេរវនិយម។ សំណុំរឿង​ចាប់ឃុំខ្លួន​គ្រូគង្វាល​អាមេរិកាំង​ជាប្រភព​ដើមចម នៃ​វិបត្តិ​ដ៏ធ្ងន់ធ្ងរ​រវាង​អាមេរិក ហើយ​និងតួកគី។ កាលពី​ខែសីហា អាមេរិក​របស់​លោកដូណាល់​ត្រាំ នៅ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅ​លើ​ប្រទេស​តួកគី។ តួកគី ដែល​បាន​ចាត់វិធាន​ការសងសឹក​អាមេរិក​វិញ តាមរយៈ​ការដំឡើងពន្ធ​លើ​ទំនិញ​អាមេរិក នាំចូល​ទៅ​តួកគី។ 

គ្រូគង្វាលអាមេរិកាំង លោកAndrew Brunson (កណ្តាលពាក់អាវយឺត) នៅពេល​ត្រូវ​តុលាការ​តួកគី​សម្រេច​ឃុំខ្លួន​ក្នុង​គេហដ្ឋាន ពីបទ​គាំទ្រ ក្រុមភេរវនិយម
គ្រូគង្វាលអាមេរិកាំង លោកAndrew Brunson (កណ្តាលពាក់អាវយឺត) នៅពេល​ត្រូវ​តុលាការ​តួកគី​សម្រេច​ឃុំខ្លួន​ក្នុង​គេហដ្ឋាន ពីបទ​គាំទ្រ ក្រុមភេរវនិយម Demiroren News Agency/DHA via REUTERS
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​ជាប់ឃុំ​អស់​២​ឆ្នាំ នៅ​ពន្ធនាគារ និង​ក្នុង​គេហដ្ឋាន នៅ​ប្រទេស​តួកគី គ្រូគង្វាល​អាមេរិក លោក Andrew Brunson នៅ​ទីបំផុត ត្រូវ​បាន​តុលាការ​តួកគី ដោះលែង​ឲ្យ​មាន​សេរីភាព និង​អាច​ចាកចេញ​ពី​តួកគី ទៅ​សហរដ្ឋអាមេរិក​វិញ។ ទៅតាម​សាលក្រម របស់​តុលាការ គ្រូគង្វាល​អាមេរិក ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ ៣ឆ្នាំ ១ខែ។ ក៏​ប៉ុន្តែ ដោយសារ​លោក​Brunson ត្រូវ​បាន​ចាប់ដាក់​ឃុំ អស់​ពីរឆ្នាំ រួចហើយ នៅ​តួកគី និង​ដោយមក​ពី​លោកមាន​ឥរិយាបថ​ល្អ ក្នុង​ពេល​ជាប់ឃុំ តុលាការ​តួកគី​បាន​សម្រេច​ដោះលែង គ្រូគង្វាល​អាមេរិក ឲ្យ​មាន​សេរីភាព​ទាំងស្រុង​តែម្តង។

ធ្វើការ និង​រស់នៅ​ប្រទេស​តួកគី អស់​២០​ឆ្នាំ ក្នុង​នាម​ជា​ប្រធាន​វិហារគ្រឹស្តសាសនា​នៅ​តំបន់​ភាគខាងលិច​តួកគី លោក​Brunson ត្រូវ​បាន​អាជ្ញាធរ​តួកគី​ចាប់ឃុំ​ខ្លួន នៅ​ខែ​តុលា ឆ្នាំ ២០១៦​នៅក្រោយ​រដ្ឋ​ប្រហារ​មិន​បាន​សម្រេច​នៅ​តួកគី។ គ្រូគង្វាល​អាមេរិកាំង​ត្រូវ​បាន​ចោទប្រកាន់​ថា គាំទ្រ ក្រុម​គណបក្ស​ពលករ គួឌីស្ថាន និង​បណ្តាញ​Gülen នៅ​អាមេរិក ដែល​រដ្ឋាភិបាល​តួកគី ចាត់ទុក​ជា​ក្រុមភេរវនិយម និង​នៅពីក្រោយ​រដ្ឋប្រហារ​មិន​បាន​សម្រេច​កាលពី​ពាក់កណ្តាល​ឆ្នាំ ២០១៦។

សំណុំរឿង​ចាប់ឃុំ​ខ្លួន គ្រូគង្វាល​អាមេរិក​នៅ​តួកគី បាន​បង្ក​ឲ្យ​មាន​វិបត្តិ​ការទូត ដ៏ធ្ងន់ធ្ងរ​រវាង​អាមេរិក និង​តួកគី ដែល​ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា នៅក្នុង​អង្គការ​អូតង់។ នៅ​មុន​ការសម្រេច​របស់​តុលាការ ដើម្បី ដោះលែង​គ្រូគង្វាល​អាមេរិក អាមេរិក​បាន​ដឹកនាំ សកម្មភាព​ការទូត និងដាក់​សម្ពាធ​សេដ្ឋកិច្ច​ខ្លាំង​ណាស់​ទៅលើ​តួកគី។ នៅ​ខែ​សីហា នៅ​ក្រោយ​តុលាការ​បដិសេធ​មិន​ដោះលែង គ្រូគង្វាល​ទៅតាម​ការទាមទារ​របស់​អាមេរិក លោកដូណាល់ ត្រាំ បាន​ប្រកាស​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ទៅលើ​តួកគី និង​បាន​ដំឡើង​ពន្ធ​លើ​អាលុយមីញ៉ូម តួកគី​នាំចូល​ទៅ​អាមេរិក។

នៅមួយ​ថ្ងៃ​មុន​តុលាការ​តួកគី ប្រកាស​ដោះលែង​គ្រូគង្វាល​អាមេរិកាំង កាសែត​អាមេរិក ដូចជា Washington Post ហើយ​និង​ទូរទស្សន៍ NBC News បាន​ចុះផ្សាយ​ថា អាមេរិក និង​តួកគី​នៅទីបំផុត​បាន​រកឃើញ​កិច្ចព្រមព្រៀង​មួយ ដើម្បី​ឈាន​ទៅ​ដោះលែង​ឲ្យ​មាន​សេរីភាព​ទាំងស្រុង គ្រូគង្វាល​លោក​Brunson។ តាម​កាសែត Washington Post ដែល​ដកស្រង់​ប្រភព​មន្រ្តី​អាមេរិកាំង មិន​បញ្ចេញឈ្មោះ តួកគី ត្រូវ​ដោះលែង គ្រូគង្វាល ជាថ្នូរ​នឹង​ការលុប​ចោលទៅវិញ នូវ​ទណ្ឌកម្ម​អាមេរិក ដែល​កំពុង​ជះឥទ្ធិពល​អាក្រក់​ទៅ​លើ​សេដ្ឋកិច្ច​របស់​តួកគី នាពេលសព្វថ្ងៃនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ