អានតួអត្ថបទ

បារាំង៖ ស្លាប់​យ៉ាងហោច​១៣​នាក់ ក្នុង​គ្រោះ​ទឹក​ជំនន់

ព្យុះភ្លៀង​ដ៏​កំណាច​បាន​បោកបក់​លើ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង នៅ​យប់​ថ្ងៃ​អាទិត្យ​ឆ្លង​មក​ថ្ងៃ​ចន្ទ សម្លាប់​ជីវិត​មនុស្ស​អស់​យ៉ាង​ហោច​១៣​នាក់ និង​របួស​ធ្ងន់​ជា​ច្រើន​នាក់។ នេះ​ជា​គ្រោះ​ទឹក​ទំនន់​ដ៏​ធ្ងន់ធ្ងរ​ ដែល​បាន​ធ្វើ​ឱ្យកម្ពស់​ទឹក​ទន្លេ​បាន​ឡើង​​ខ្ពស់​ខ្លាំងមិន​ធ្លាប់​មាន​គិត​ចាប់​ពី​ឆ្នាំ​១៨៩១​មក។ នាយករដ្ឋមន្ត្រី​ បាន​ចុះ​​ទៅ​សួរ​សុខទុក្ខ​ប្រជាពល​រដ្ឋ​រងគ្រោះ​នៅថ្ងៃ​នេះ​ភ្លាម ចំណែក​​​លោក​ប្រធានាធិបតី​បារាំង ​ក៏​សន្យា​ថា​នឹង​ធ្វើ​ដំណើរ​ទៅ​ដែរ។

ទឹក​ទន្លេ​ជន់​ឡើង​ខ្លាំង​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​១២៧ឆ្នាំ
ទឹក​ទន្លេ​ជន់​ឡើង​ខ្លាំង​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​១២៧ឆ្នាំ @BenjaminPeter
ផ្សាយពាណិជ្ជកម្ម

ភ្នាក់ងារ​សុវត្ថិភាព​ស៊ីវិល បាន​ជូន​ដំណឹង​នៅ​រសៀល​ថ្ងៃ​ចន្ទ​ថា មាន​មនុស្ស​យ៉ាង​ហោច​ណាស់​១៣​នាក់ បាន​ស្លាប់ និង​របួស​ធ្ងន់​៥​នាក់ តែ​នេះ​ជា​តួលេខ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ។ ពលរដ្ឋ​ជាង​មួយ​ពាន់​នាក់ រស់​នៅ​ជិត​មុខ​ផ្លូវ​​ទឹក​ ត្រូវ​បាន​ជម្លៀស​ទៅ​រក​ទី​មាន​សុវត្ថិភាព​ ​ ព្រោះ​ស្ថានភាព​ឧតុនិយម​មិន​ទាន់​ប្រសើរ​ទេ ទំនប់​ទឹក​កំពុង​ស្ថិត​ក្នុង​ការ​គំរាម​កំហែង​យ៉ាង​ខ្លាំង។

ឯការ​ខូច​ខាត​ផ្នែក​សម្ភារៈ​វិញ មាន​ទំហំ​ធំធេង​ណាស់ ! ផ្ទះ​សម្បែង​ជាង​៨ពាន់​គ្រួសារ​គ្មាន​អគ្គីសនី​ប្រើប្រាស់ ឃុំ​ចំនួន​១៥​ស្ថិត​ក្នុង​ស្ថានភាពគ្រោះថ្នាក់ ឃុំ​ចំនួន​៦​ទៀត​ ស្ថិត​ក្នុង​ស្ថានភាព​គួរ​ឱ្យ​ព្រួយ​បារម្ភខ្លាំង ផ្លូវថ្នល់​នៅ​ក្នុង​ភូមិ​ឋាន​ខ្លះ​ត្រូវកាត់​ផ្តាច់​ទាំង​ស្រុង​ ... កម្ពស់​ទឹក​ទន្លេ​បាន​ជន់​ឡើង លិច​ថ្នល់​កន្លែង​ខ្លះ​ដល់​២ម៉ែត្រ និង​លើស​កម្ពស់​ទឹក​ធម្មតា​ដល់​ទៅ​ ៥-៦​ម៉ែត្រ។

ក្រុម​សង្គ្រោះ​​នៅ​ស្រុក​ជិត​​ខាង​ត្រៀម​បាន​ផ្តល់​កម្លាំង​ជំនួយ​បន្ថែម ប៉ុន្តែ​មិន​ដឹង​ចូលតាម​ច្រក​និង​វិធី​ណា ព្រោះ​ស្ទើរ​តែ​លែង​មាន​ផ្លូវ​ទៅ​ហើយ ! នេះ​បើ​តាម​ការ​អះអាងរ​របស់​ចៅហ្វាយ​ខេត្ត​ ដែល​សន្យា​បញ្ជូន​ឧទ្ទម្ភាគចក្រ ជា​ច្រើន​គ្រឿង​ទៅ​ជួយ។

នេះ​ជា​លើក​ទី​មួយ ដែល​កម្ពស់​ទឹក​ទន្លេ​ បាន​ជន់​ឡើងដល់​ទៅ​៧,៦៨​ម៉ែត្រ ស្ទើរ​ស្មើ​នឹង​កម្ពស់​ទឹក​ជំនន់​កាលពី​ថ្ងៃ​ទី​២៥​តុលា​ឆ្នាំ​១៨៩១​ (៧,៩៥ម៉) និង​ជា​ទឹក​ជំនន់​​ទឹក​ភ្លៀង​ដ៏​កំណាចមរណៈ​បំផុតសម្រាប់​បារាំង​​ ក្នុង​អំឡុង​ពេល​ជាង​១០​ឆ្នាំ​ចុងក្រោយ​នេះ។

សូម​បញ្ជាក់​ថា​ព្យុះ​ភ្លៀង​​ដែល​កំពុង​វាយ​បោក​លើ​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង ដោយ​ពាំនាំ​ទឹក​ភ្លៀងយ៉ាង​ខ្ជោកខ្ជាំនេះ ជា​សំណល់​នៃចំហាយ​​ព្យុះ​សង្ឃរាLeslie។ ព្យុះ​សង្ឃរា​លេស្លី​ចាប់​កំណើត​នៅ​មហាសមុទ្ទ​អាត្លង់ទិក បោកបក់​ពេញកម្លាំង​មួយ​​ទំហឹង​​ ឆ្លង​កាត់​​ព័រទុយហ្កាល់នៅ​យប់​ថ្ងៃសៅរ៍​ឆ្លង​ចូល​ថ្ងៃអាទិត្យ បន្ទាប់​មក​អេស្ប៉ាញ​ ដោយ​បាន​បង្ក​ការ​ខូច​ខាត​យ៉ាង​ដំណំ មុន​នឹង​មក​ដល់​​បារាំង ក្នុង​ទម្រង់​ជា​ព្យុះភ្លៀង។

មិនដូច​អាមេរិក វា​ជា​ការ​កម្រ​ណាស់​ដែល​អឺរ៉ុប​រង​ព្យុះ​សង្ឃរា។ ប៉ុន្តែ​ពេល​នេះ ដោយ​សារ​ការ​ប្រែប្រួល​អាកាសធាតុ អឺរ៉ុប​ទំនង​ជា​ត្រូវ​ប្រឈម​នឹង​គ្រោះ​​សង្ឃរា​កាន់​តែ​ញយ​និងកំណាច​ឡើងៗ។ នេះ​បើ​តាមការ​ព្យាករណ៍​របស់​អ្នក​ជំនាញ​អាកាសធាតុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ