អានតួអត្ថបទ

ប្រធាន​បក្សប្រឆាំង​បារាំង​លោក Jean-Luc Mélanchon ជាប់​អង្កេត​ប្រព្រឹត្ត​ហិង្សា​លើ​ប៉ូលិស

រឿង​អង្កេត​មួយ​មិន​ទាន់​ចាប់​ផ្តើម​ស្រួល​បួល​ផង ប្រធានបក្ស​ប្រឆាំង​​បារាំង "France Insoumise” ត្រូវ​ជាប់​អង្កេត​ថ្មី​មួយ​ទៀត ពី​បទ​ប្រើ​អំពើ​ហិង្សា និង​គំរាម​កំហែង​លើ​ភ្នាក់ងារ​ប៉ូលិស​និង​មន្ត្រី​តុលាការ​។ ​ជា​ទង្វើ​ហិង្សាដាក់​ភ្នាក់ងារ​​ប៉ូលិល និង​មន្ត្រី​យុត្តិធម៌ ពេល​កំពុង​បំពេញ​ការងារ​ចុះ​​ឆេក​ឆេរ ​ទីស្នាក់ការ​បក្ស​ និង​គេហដ្ឋាន​​របស់ គឺ​លោក ហ្សង់លុច មេឡង់ស្ហុង (Jean-Luc Mélanchon) ដែល​ជា​មេ​បក្ស។

លោកJean-Luc Mélanchon (កណ្តាល) ជាប់​អង្កេត​ប្រើ​អំពើហិង្សា​លើ​ប៉ូលិស​និ​ងមន្ត្រី​តុលាការ
លោកJean-Luc Mélanchon (កណ្តាល) ជាប់​អង្កេត​ប្រើ​អំពើហិង្សា​លើ​ប៉ូលិស​និ​ងមន្ត្រី​តុលាការ REUTERS/Charles Platiau
ផ្សាយពាណិជ្ជកម្ម

ជាប់​អង្កេត​បឋម​ ពី​បទ​បន្លំ​ប្រើ​ជំនួយ​ការ​​នៅសភាអឺរ៉ុប​ និង​​ចំណាយ​ថវិកា​ឃោសនា​បោះឆ្នោត​​ប្រធានាធិបតី​ឆ្នាំ​២០១៧​មិន​ត្រឹម​ត្រូវ ប៉ូលិស​និង​តុលាការ​ បាន​ចុះ​ទៅ​ឆែកឆេរ​ ទីស្នាក់ការ​បក្ស​និង​​ផ្ទះ​លោក មេឡង់ស្ហុង​ ជា​ប្រធានបក្ស​France Insoumise កាលពី​ថ្ងៃ​អង្គារ។

​ប្រតិបត្តិការឆែកឆេរ ត្រូវ​បាន​ថត​បង្ហោះ​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​សង្គម យ៉ាង​ទូលំទូលាយ ​ដោយ​លោក​ប្រធានបក្ស​ផ្ទាល់ និង​អ្នកកាសែត។ នៅ​ក្នុង​នោះ​មាន​វគ្គ​មួយ គេ​ឃើញ​លោក​មេឡង់ស្ហុង ហៅ​មនុស្ស​ជំនិត​ឱ្យ​មក​ទម្លុះទ្វារ​​ចូល​​ទៅ​កាន់​ទីស្នាក់​បក្ស ដែល​ប៉ូលិស​កំពុង​ឆែកឆេរ និង​ឃើញ​លោក​មេឡង់ស្ហុង​ រុញ​​មន្ត្រី​តុលាការ និង​ប៉ូលិស​ម្នាក់​ដែល​ចង់​រារាំង​លោក។

សម្រាប់​សហជីព​ប៉ូលិស នេះ​ជា​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ ! មេប៉ូលិស​បារាំង​បាន​អំពាវនាវ​ឱ្យ​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ​ទើប​តែង​តាំង​ថ្មី លោក Christophe Castaner ដាក់​ពាក្យ​បណ្តឹង​ និង​ទាមទារ​ឱ្យ​ប្រធានបក្ស​ប្រឆាំង France Insoumise​ ធ្វើ​ការ​សុំ​ទោស​ជា​សាធារណៈ។

ប៉ុន្តែមិន​សម្តែង​ការ​សោកស្តាយ​ចំពោះ​សកម្មភាព​ហិង្សា​របស់​លោក ទៅ​លើ​ប៉ូលិស​និង​មន្ត្រី​​យុត្តិធម៌ហើយ​ លោក​ មេឡង់ស្ហុង បាន​ឆ្លៀត​ធ្វើ​ការ​បរិហារ​ជា​ថ្មី​បន្ថែម​ទៀត​ថា ​ការ​ឆែកឆេរ​​ទីស្នាក់ការ​បក្ស​និង​ផ្ទះ​លោក ជា​ប្រតិបត្តិការនយោបាយ និង​ក្នុង​បំណង​បំភិត​បំភ័យ។ លោក មេឡង់ស្ហុង បាន​ទទួល​ស្គាល់​ថា​មានការ​ដំឡើង​សំឡេង​ដាក់​គ្នា​មែន ប៉ុន្តែដោយសារ​កាលៈទេសៈ​តម្រូវ និង​​ដោយឃើញ​មាន​ដំណើរការ​មិន​ប្រក្រតី។ បើ​តាម​ច្បាប់​ ការឆែកឆេរ​ក្នុង​ក្របខ័ណ្ឌ​អង្កេត​បឋម​អាច​ធ្វើ​ទៅ​បាន​ដរាប​ណា​ មាន​ការព្រមព្រៀង​​និង​វត្តមាន​របស់​ម្ចាស់​ផ្ទះ​និង​អ្នក​ទទួល​ខុស​ត្រូវ​ស្រប​ច្បាប់។ តែ​រូប​លោក​ដែល​ជា​ប្រធានបក្ស​បែរ​ត្រូវ​ហាមឃាត់​មិន​ឱ្យ​ចូល​ទៅ​វិញ។ មិនតែ​ប៉ុណ្ណោះបក្ស​របស់​លោក​អាច​នឹង​ដាក់​ពាក្យ​បណ្តឹង​ប្រឆាំង​នឹង​អំពើ​ហិង្សា​របស់​ប៉ូលិស​វិញដែរ ព្រោះ​បាន​ធ្វើ​ឱ្យ​សកម្មជនបក្ស​បួន​នាក់​រង​របួស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ