អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ព្រំដែនអៀរឡង់ ក្លាយជាឧបសគ្គ​នៃកិច្ចចរចាBrexit

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រមុខ​ដឹកនាំ​ប្រទេស​សហភាព​អឺរ៉ុប ទាំង​២៨ ត្រូវ​ជួប​ជុំ​បើក​ជំនួប​កំពូល​នៅ​ថ្ងៃ ពុធ​និង​ព្រហស្បតិ៍​ នេះ​នៅ​ទីក្រុង​ព្រុចសែល។ តាម​ធម្មតា ជំនួប​កំពូល​លើក​នេះ​ជាការ​ប្រជុំ​​សម្រេច​បញ្ចប់​សមាជិកភាព​របស់​អង់គ្លេស​ក្នុង​សហភាព​អឺរ៉ុប។ ប៉ុន្តែ​ដោយ​ហេតុ​ការ​ចរចាត្រូវ​ជាប់​គាំង​គ្មាន​ច្រក​ចេញ​សោះ កិច្ចប្រជុំ​កំពូល​ថ្ងៃ​នេះមាន​តម្លៃ​ត្រឹម​តែ​​ជាវគ្គ​ចរចា​ថ្មី​​មួយ​ទៀត​នៃBrexit។ ចំណោទ​ដ៏​សំខាន់​មួយ​​​ដែល​បន្ត​រាំង​ស្ទះ​ការចរចា​ខ្លាំង ដែល​គ្មាន​នរណា​នឹង​ស្មាន​ដល់​នោះ គឺ​បញ្ហា​ព្រំដែន​អៀរឡង់។

ការ​ចរចា​បញ្ចប់​សមាជិកភាព​អង់គ្លេសក្នុង​សហភាព​អឺរ៉ុប ជាប់​គាំង​ដោយ​បញ្ហាព្រំដែន​អៀរឡង់
ការ​ចរចា​បញ្ចប់​សមាជិកភាព​អង់គ្លេសក្នុង​សហភាព​អឺរ៉ុប ជាប់​គាំង​ដោយ​បញ្ហាព្រំដែន​អៀរឡង់ REUTERS/Simon Dawson
ផ្សាយពាណិជ្ជកម្ម

​​ទីផ្សាររួមអឺរ៉ុប សេរីភាព​នៃ​ការ​ធ្វើ​ដំណើរ​របស់​ពលរដ្ឋ​និង​ទ្រព្យសម្បត្តិ ឬ​លក្ខន្តិកៈ​នៃ​ប្រទេស​អង់គ្លេស​ក្នុង​បណ្តា​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប ទាំង​នេះ​សុខ​សឹង​ជា​បញ្ហា​ធំៗ​ លំបាក​ខ្លាំង​នៅ​ក្នុង​ពេលចរចា​បញ្ចប់​សមាជិកភាព​អង់គ្លេស​ពី​អឺរ៉ុប។ ប៉ុន្តែ​នៅ​មាន​សំណុំ​រឿង​ ដ៏​ស្មុគស្មាញ​បំផុត​មួយ​ទៀត ដែល​ពុំ​ទាន់​អាច​ដោះស្រាយ​ចេញ និ​ង​កំពុង​ធ្វើ​​ឱ្យ​កិច្ចចរចា​ជាប់​គាំង​ស្តូក​នោះ គឺ​បញ្ហា​ព្រំ​ដែន​រវាង​ប្រទេស​អៀរឡង់ ជា​សមាជិក​សហភាព​អឺរ៉ុប និង​ខេត្ត​អៀរឡង់​ខាង​ជើង របស់​អង់គ្លេស។ ព្រំដែន​នេះ​មាន​​ប្រវែង​ដល់​ទៅ ៥០០​គីឡូម៉ែត្រ និង​ជា​ព្រំដែន​គោក​តែ​មួយ​គត់​ខណ្ឌ​ចែក​អឺរ៉ុប​ពី​អង់គ្លេស។ ពី​មុន​មក​ មិន​ថា​ឡុងដ៍ ឬ​ព្រុចសែល​ទេ គ្មាន​នរណា​ម្នាក់​នឹង​ដល់​ថា​រឿង​ព្រំដែន​អៀរឡង់​ចោទ​ដល់​ម្លឹង។

កិច្ចព្រមព្រៀង​សន្តិភាព អៀរឡង់ និង​Brexit

ការ​សម្រេច​ចិត្ត​ដើរ​ចេញ​ពី​អឺរ៉ុប ពី​ទីផ្សារ​រួមតែ​មួយ​ និង​ពី​សហភាព​ពន្ធគយ មាន​ន័យ​ថា​សេរីភាព​នៃការ​ធ្វើ​ដំណើរ ​បទដ្ឋាននិង​​ពន្ធគយ ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ​នៅ​ពេល​ឆ្លង​​ព្រំដែន។ ​ហើយបើ​គ្មាន​កិច្ច​ព្រមព្រៀង​ នោះ​ព្រំដែននឹង​បន្តុះ​ឡើ​ងវិញ​ជាក់​ជា​ពុំ​ខាន។

ប៉ុន្តែ​សម្រាប់​ពលរដ្ឋ និង​ក្រុមហ៊ុន​សហគ្រាស​ទាំង​សង​ខាង​ មិន​ត្រូវ​ការ​ចង់​ឃើញ​មាន​រនាំង​ព្រំដែន​ទេ ព្រោះខេត្ត​អៀរឡង់​ខាងជើង​នាំចេញ​​ក្នុង​កំរិត​៣១%​ ទៅ​ប្រទេស​អៀរឡង់ ហើយ​ក្នុង​មួយ​ថ្ងៃៗ​មាន​មនុស្ស​​ជាង​បីសែន​នាក់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​នេះ។ ​

ម្យ៉ាង​វិញ​ទៀត ព្រំដែនដែល​​ធ្លាប់​ជា​ដើម​ហេតុ​នៃ​ជម្លោះទាមទារ​បង្រួបបង្រួម​ទឹក​ដី​អៀរឡង់​ជា​ជម្លោះ​ស៊ីវិលផង និង​សាសនាផង​​ អស់​រយៈ​ពេល​ជាង​៣០​ឆ្នាំ​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦០​មក បានដោះស្រាយ​ចប់​សព្វគ្រប់ តាម​រយៈ​កិច្ចព្រមព្រៀង​សន្តិភាព​ឆ្នាំ​១៩៩៨​ មិន​គួរ​ណា​នឹង​វិលត្រលប់​មក​ជា​បញ្ហា​វិញ​ទេ។ នៅ​ក្នុង​កិច្ចព្រមព្រៀង​ជា​គោល​ការណ៍ កាលពី​ខែ​ធ្នូ ២០១៧ អង់គ្លេស​និ​ងអឺរ៉ុប​បាន​សន្យា​ថា​នឹងមិន​គូស​បន្ទាត់​ព្រំដែន​ ខណ្ឌ​ចែក​ប្រទេស​អៀរឡង់ និង​ខេត្ត​អៀរឡង់​ខាង​ជើង ដែល​បាន​ក្លាយ​មក​ខេត្ត​របស់​អង់គ្លេស​តាំង​ពី​ឆ្នាំ​១៩២២​មក​ទេ​ ដើម្បី​​កុំ​ឱ្យ​ប្រវត្តិ​​ចាស់​ឱ្យ​រស់​ឡើង​វិញ។ តែ​ដល់​ពេល​ចរចា​លម្អិត​ជាក់​ស្តែង គឺ​លំបាក​ហួស​ពី​ការ​ស្មាន។ កិច្ចព្រមព្រៀង​សន្តិភាព​អៀរឡង់​ឆ្នាំ​១៩៩៨ ហាក់​ដូច​ជា​មិន​ស៊ី​គ្នា​នឹង​ដំណើរ​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស​សោះ។

សំណើ​របស់​សហភាព​អឺរ៉ុប

ដើម្បី​បញ្ចៀស​កុំឱ្យ​មាន​ព្រំដែន សហភាព​អឺរ៉ុប ចង់​ផ្តល់​លក្ខន្តិកៈ​ពិសេស​ដល់​អៀរឡង់​ខាងជើង​ ដោយ​បាន​​ស្នើ​ដំណោះស្រាយអន្តរកាល​​មួយ​ដែល​មាន​ឈ្មោះ ថា Backstop ជា​ភាសា​អង់គ្លេស ឬ​សំណាញ់​សន្តិសុខ សម្រាប់​​រយៈ​ពេល​​ពីរ​ឆ្នាំ​ពោល​គឺ​រហូត​ដល់​ឆ្នាំ​២០២០។ តាម​រយៈ​វិធានការនេះ​​ ​ខេត្ត​​អៀរឡង់​ខាង​ជើងរបស់​អង់គ្លេស​ បន្ត​ស្ថិត​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុប​ មានសិទ្ធិ​ក្នុង​ទីផ្សារ​រួម និង​​សម្រប​ខ្លួន​តាម​ច្បាប់​ក្បួន​និង​បទដ្ឋាន​របស់​អឺរ៉ុប រហូត​ទល់​នឹង​ពេល​​​រក​ឃើញ​កិច្ចព្រមព្រៀង​ផ្តោះប្តូរពាណិជ្ជកម្ម​​សេរី​បង្ហើយ (គ្មានពេលកំណត់)។ ក្នុង​ករណីមួយ​​នេះ ការ​ត្រួត​ពិនិត្យ​ពន្ធគយ​ ត្រូវ​ធ្វើ​នៅ​ព្រំដែនទឹក​​ខណ្ឌ​ចែក​កោះ​អៀរឡង់ និង​កោះ​អង់គ្លេស។

ប៉ុន្តែ​លោកស្រី​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​បាន​បដិសេធ ! ដោយ​យល់​ថា​ជម្រើស​បែប​នេះ​អាច​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អធិបតេយ្យភាពអង់គ្លេស។ ព្រោះ​បើ​ឱ្យខេត្ត​​អៀរឡង់ខាង​ជើង​មាន​លក្ខន្តិកៈពិសេស​ជាមួយ​អឺរ៉ុប នោះ​ប្រៀប​ដូច​ជា​បណ្តោយ​ឱ្យ​អៀរ​ឡង់​ខាង​ជើង​បាន​ទៅ​បង្រួបបង្រួម​ជាមួយ​ប្រទេស​អៀរឡង់ ដោយ​ជាក់ស្តែង​ ! នេះ​ជា​សេណារីយោ​ដ៏​អាក្រក់​បំផុត សម្រាប់​​លោកស្រី តេរ៉េហ្សា មេ។ ឡុងដ៍​ពិត​ជា​មិនអាច​ទទួល​យក​បាន​ឡើយ ! ​ព្រោះ​សូម​កុំ​ភ្លេច​ថា​អៀរឡង់​ខាង​ជើង​បាន​បោះឆ្នោត ប្រជាមតិ​ប្រឆាំង ​Brexit ក្នុ​ងសំឡេង​ដល់​ទៅ​៥៦%ឯណោះ។

សំណើ​អង់គ្លេស

ផ្ទុយ​ទៅ​វិញ​ លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​សុំ​អនុវត្ត​វិធានការ ​Backstop ជា​ទូទៅ​តែម្តង លើ​ផ្ទៃ​​ប្រទេស​អង់គ្លេស​ទាំង​មូល និងក្នុង​រយៈ​ពេល​មួយ​មានកំណត់។ លោកស្រី​យល់​ថា នៅ​ពេល​ចរចា​​​បង្កើត​តំបន់​ផ្តោះប្តូរ​សេរី​ រវាង​អង់គ្លេស​និង​អឺរ៉ុប នាពេល​ខាង​មុខ​ នឹង​អាច​ដោះស្រាយ​បញ្ហា​អៀរឡង់​នេះ​បាន​ហើយ។

ប៉ុន្តែបើ​អង់គ្លេស​ចង់​បែក​ចិត្ត​ហើយ រឿង​អ្វី​ត្រូវ​បាន​ផល​ចំណេញ​ពី​ទីផ្សារ​អឺរ៉ុប​នេះ​ទៀត !​ សំណើរបស់​លោកស្រី​មេ ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ការ​ប៉ុនប៉ង​ជ្រៀត​ចូល​យក​ផល​ពី​ទីផ្សារ​រួម​ និង​ប្រព័ន្ធ​ពន្ធគយ​អឺរ៉ុប ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។ ម្យ៉ាង​ទៀត សម្រាប់​អឺរ៉ុប​ការ​ចរចា​បង្កើត​តំបន់​ពាណិជ្ជកម្ម​ ជា​ចំណែក​មួយ​នៃ​ទំនាក់ទំនង​អនាគត​រវាង​អង់គ្លេស​និង​សហភាព​អឺរ៉ុប ដែល​បាន​ព្រមព្រៀង​គ្នា​រួច​ហើយ ថា​នឹង​លើក​ទៅ​ជជែក​នៅ​ពេល​ក្រោយ។

ពន្យារ​ពេល​អន្តរកាល ១ឆ្នាំ

​ពេល​វេលា​កាន់​តែ​ខោច​មែនទែន​ហើយ​ ! នៅ​សល់​តែ​៦​ខែ​ទៀតប៉ុណ្ណោះ អង់គ្លេស​នឹង​ត្រូវ​ដាច់​ចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ​ ! ស្ថានភាពពេល​នេះ​​កាន់​តែ​ផុយស្រួយ​ខ្លាំង​បំផុត ជាពិសេស​សម្រាប់​​លោកស្រីនាយក​រដ្ឋមន្ត្រី​អង់គ្លេស។ ព្រោះ​លោកស្រីចង់នាំ​អង់គ្លេស​ឱ្យ​ដើរ​ចេញ​ពីអឺរ៉ុប​ជាមួយ​​កិច្ចព្រមព្រៀង​​ផង និង​ត្រូវ​ការ​ការគាំទ្រ​ពី​​បក្ស​អៀរឡង់​ខាង​ជើង​ទៀត។ ជាបក្សដ៏​តូច​មែន​ តែ​​​ជា​សំឡេង​ដ៏​ចាំ​បាច់ សម្រាប់​ទ្រទ្រង់​លោកស្រី​ មេ​ ឱ្យ​មាន​សំឡេង​ភាគ​ច្រើន​នៅ​ក្នុង​សភា​។ បក្ស​អៀរឡង់​ខាង​ជើង​នេះ​ប្រឆាំង​ដាច់​ខាត​រាល់​គ្រប់​លក្ខន្តិកៈ​ពិសេសសម្រាប់​ខេត្ត។

ឯ​ចំណែក​ខាង​អឺរ៉ុប​វិញ ប្រធាន​ក្រុម​ប្រឹក្សា​​អឺរ៉ុប បន្ថែម​សម្ពាធ​លើ​ស្មា​លោកស្រី​មេ ឱ្យ​ផ្តល់​សំណើ​ថ្មី​ ជាក់ស្តែង បើ​មិន​ចង់​បែក​បាក់​គ្នា​ដោយ​គ្មានកិច្ចព្រមព្រៀង។ ​​ ខាង​បារាំង ​ត្រៀម​ខ្លួន​នឹង​លែងលះ​ឆៅ​ជាមួយ​អង់គ្លេស​។ ប៉ុន្តែ​គេមិន​ដឹង​ថា​នេះ​ជា​សិល្ប៍​វិធី​ក្នុង​ការ​ដាក់​គំនាប​លើ​លោកស្រី​មេ មុន​ពេល​លោកស្រី​មកជួប​ប្រមុខ​ដឹកនាំ​អឺរ៉ុប​ទាំង​២៧​នៅ​រសៀលនេះ​​ឬ​យ៉ាង​ណា​ទេ។ ​​អ្នកទទួល​បន្ទុក​ចរចារបស់​អឺរ៉ុប​ក៏​ហាក់​​​បណ្តោយ​តាម​ពេលវេលា តែ​​បាន​ផ្តល់​សំណើ​ ពន្យារ​ពេល​អន្តរកាល មួយ​ឆ្នាំ​បន្ថែម​ទៀត សម្រាប់​មាន​ពេល​​ចរចា​រឿង​ព្រំដែន​អៀរឡង់ ហើយ​ក្នុ​ងអំឡុង​ពេល​អន្តរកាល​ដល់​ឆ្នាំ​២០២១ អៀរឡង់​ខាង​ជើង​ ត្រូវ​ស្ថិត​ក្រោម​ច្បាប់​អឺរ៉ុប មិន​ក្នុង​រយៈ​ពេល​គ្មាន​កំណត់​ដូច​សំណើដំបូង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ