អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បានអាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ នៅថ្ងៃ​សៅរ៍​ម្សិលមិញ​បាន​ប្រកាស​ដក​អាមេរិក ចេញ​ពី​សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ ដែល​អាមេរិក និងសហភាព​សូវៀត​បាន​ចុះ​ហត្ថលេខារួម​គ្នា កាលពី​៣៩​ឆ្នាំមុន។ អាមេរិក​ធ្លាប់​បាន​ចោទ​ប្រកាន់​រុស្ស៊ី រហូតមក​ថា បាន​រំលោភ​សន្ធិសញ្ញា​ដោយ​បាន​ល្មើស ផលិត​មីស៊ីល​បាញ់​ក្នុង​រយៈចម្ងាយ​មធ្យម ដែល​ជាគ្រោះថ្នាក់ គំរាមកំហែង​សន្តិសុខ​របស់​ប្រទេស​នៅ​អឺរ៉ុប​ខាងលិច។

នៅថ្ងៃទី ២០​តុលា ២០១៨ ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​ស្តីពី​នុយក្លេអ៊ែរ​ ស្តីពី រយៈចម្ងាយ​មធ្យមដែល​អាមេរិក​ចុះទ្វេភាគី​ជាមួយ​រុស្ស៊ី
នៅថ្ងៃទី ២០​តុលា ២០១៨ ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ ប្រកាស​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​ស្តីពី​នុយក្លេអ៊ែរ​ ស្តីពី រយៈចម្ងាយ​មធ្យមដែល​អាមេរិក​ចុះទ្វេភាគី​ជាមួយ​រុស្ស៊ី © REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

លោក​ប្រធានាធិបតី​ដូណាល់ ត្រាំ នៅ​ថ្ងៃ​សៅរ៍ ម្សិលមិញ បាន​ប្រកាស​ដកអាមេរិក​ចេញពីសន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ រយៈចម្ងាយ​មធ្យម ក្នុង​ហេតុផល​ថា រុស្ស៊ី​បាន​រំលោភ ​កិច្ចព្រមព្រៀង តាមរយៈ​ការលួច​ផលិត​មីស៊ីល​បាញ់​បាន​ចម្ងាយ​មធ្យម ដែល​អគ្គលេខាធិការ​របស់​អង្គការ​អូតង់​ឲ្យ​ឈ្មោះ​ថា SSC -8។

នៅ​ឆ្នាំ ២០១៧ កាសែត​New York Times ធ្លាប់​បាន​ចុះផ្សាយ​ថា រុស្ស៊ី​បាន​ធ្វើ​តេស្ត​បាញ់​សាកល្បង​បាន​សម្រេច មីស៊ីល ដែល​តាមពិត ត្រូវ​ហាមប្រាម​ដោយ​សន្ធិសញ្ញា ស្តីពី​អាវុធ​នុយក្លេអ៊ែរ​រយៈ​ចម្ងាយ​មធ្យម​នេះ។ តាម​កាសែត ដែល​បាន​ដកស្រង់​សំដី​មន្រ្តី​ស៊ើបការណ៍​សម្ងាត់​អាមេរិក រុស្ស៊ី​នៅ បាន​ពង្រាយ​មីស៊ីល​ដែល​អាច​បាញ់​បាន​រយៈចម្ងាយ​មធ្យម នៅក្នុង​ទឹកដី ប្រទេស​អឺរ៉ុប​ណាមួយ ដែល​ជាសម្ព័ន្ធមិត្ត​របស់​រុស្ស៊ី។

ការប្រកាសរបស់​លោកដូណាល់ ត្រាំ ដក​អាមេរិក​ចេញពីសន្ធិសញ្ញា ធ្វើឡើង នៅចំ​ពេល​ដែល​ទីប្រឹក្សា​ផ្នែក​សន្តិសុខ​ជាតិ​របស់​លោកដូណាល់ ត្រាំ គឺ​លោក ចន បុលតុន ត្រូវ​បំពេញ​ទស្សនកិច្ច​នៅ​ទីក្រុង​ម៉ូស្គូ។ គេជឿថា គឺ លោក​ចន បុលតុននេះ​ម្តង ដែល​ជា​ជំរុញ​ឲ្យ​លោក​ដូណាល់ ត្រាំ ដក​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី។

អនុរដ្ឋមន្រ្តី​ការបទេស​រុស្ស៊ី​លោក Sergueï Riabkov បាន​ចាត់ទុក​ការប្រកាស​ដកខ្លួនអាមេរិក​ចេញពី​សន្ធិសញ្ញា​ស្តីពី​នុយក្លេអ៊ែរ រយៈចម្ងាយ​មធ្យម នេះ​ថា ជា​យុទ្ធសាស្រ្ត​ដាក់គំនាប​របស់​អាមេរិក ក្នុង​ពេល​ចរចា ជាមួយ​រុស្ស៊ី។ ប៉ុន្តែ លោក​បានបញ្ជាក់ថា រុស្ស៊ីវិញ គឺ​មិន​ចុះចាញ់​ការសម្លុតគំរាមកំហែង​របស់​អាមេរិកនោះ។

សន្ធិសញ្ញា​ស្តី​ពី​អាវុធ​នុយក្លេអ៊ែរ​រយៈចម្ងាយមធ្យម ជា​សន្ធិសញ្ញា​ទ្វេភាគី អាមេរិក និងរុស្ស៊ី ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ប្រធានាធិបតី​អាមេរិក លោក​Ronald Reagan និង​មេដឹកនាំ​សហភាព​សូវៀត លោកMikhaïl Gorbatchev កាលពី​ឆ្នាំ ១៩៨៧។ សន្ធិសញ្ញា​នេះមួយ​បាន​ជួយ​បិទ​បញ្ចប់​ភាពតានតឹង ការប្រឈមមុខ​ដាក់គ្នា ខាង​ផ្នែក​យោធា របស់​ភាគីទាំងពីរ ក្នុង​សម័យ​សង្រ្គាម​ត្រជាក់ និង​បាន​ជួយ​ទប់​ស្កាត់​ មិន​ឲ្យ​មាន​ការពង្រាយ​មីស៊ីល​របស់​សហភាព​សូវៀត ដែល​មាន​ផ្ទុកក្បាលគ្រាប់​នុយក្លេអ៊ែរ បែរ​សំដៅ រដ្ឋធានី​របស់​អឺរ៉ុប នៅ​ទសវត្សរ៍ ឆ្នាំ ១៩៨០។

សន្ធិសញ្ញា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ រយៈចម្ងាយ​មធ្យម មាន​គោលដៅ​ហាម​មិន​ឲ្យ​ភាគី​អាមេរិក និង​រុស្ស៊ី ផលិត ប្រើ មីស៊ីល ទាំងឡាយ​ណា ដែល​អាច​បាញ់​បាន​ក្នុង​ចម្ងាយ ចាប់​ពី ៥០០​ទៅ ៥០០០គីឡូម៉ែត្រ ពោល​គឺ​មិនថា មីស៊ីល​ដែល​អាច​ផ្ទុកក្បាល​គ្រាប់នុយក្លេអ៊ែរ ឬ​មីស៊ីល​សម្រាប់​ធ្វើ​សង្រ្គាម នោះទេ។ តាំង​ពី​សន្ធិសញ្ញា បាន​ចូល​ជាធរមាន នៅ​ឆ្នាំ ១៩៨៨ រហូត​មក​ដល់​ឆ្នាំ ១៩៩១ ភាគី​ហត្ថលេខី​ទាំងពីរ បាន​បំផ្លាញ មីស៊ីល​បាញ់​បាន​ចម្ងាយ​មធ្យម របស់​ខ្លួន ប្រមាណ ២៧០០​ដើម ដែលនៅ​ក្នុង​នោះ មាន ១៧០០​ដើម​ជា​របស់​ភាគីរុស្ស៊ី។

នៅ​ឆ្នាំ ២០១៤ លោកប្រធានាធិបតី​អូបាម៉ា​ធ្លាប់​បាន​គំរាម​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា  ម្តងហើយ​ដែរ ប៉ុន្តែ ដោយសារ​តែ​ប្រទេស​សម្ព័ន្ធមិត្ត​អឺរ៉ុប ទាមទារ​ខ្លាំង​ពេក លោកអូបាម៉ា​ក៏​បាន​បន្ធូបន្ថយ​មកវិញ និង​បាន​ទាមទារ​ឲ្យ​រុស្ស៊ី បញ្ឈប់​ជា​បន្ទាន់​ការផលិត​មីស៊ីល​បាញ់បាន​រយៈ​ចម្ងាយ​មធ្យម។ ភាគី​អឺរ៉ុប កាលណោះ បាន​អះអាងថា ការដកខ្លួន​របស់​អាមេរិក​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ជាមួយ​រុស្ស៊ី នឹង​រឹតតែ​ជំរុញ​ឲ្យ​មាន​ការប្រកួតប្រជែង​សព្វាវុធ​នុយក្លេអ៊ែរ​កាន់តែខ្លាំង ហើយ​កាន់តែ​គ្រោះថ្នាក់​សម្រាប់​ពិភពលោក។

អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា ដើម្បី​កុំឲ្យ​ចាញ់​ចិន

អ្នកវិភាគ​មួយចំនួន​វាយតម្លៃថា រដ្ឋបាល​លោកដូណាល់ ត្រាំ ដឹងហើយ​ថា រុស្ស៊ី បាន​លួចផលិត​មីស៊ីល​ចម្ងាយ​មធ្យម បាន​សម្រេច​តាំងពីយូរហើយ។ ប៉ុន្តែ លោក​ដូណាល់ ត្រាំ បានសម្រេច​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​ស្តីពី អាវុធនុយក្លេអ៊ែរ​ចម្ងាយមធ្យម នៅពេលនេះ គឺ​មិនមែន​ដោយសារ​តែ​រុស្ស៊ី​នោះទេ ប៉ុន្តែ គឺ​ដោយសារ​តែ​ចិន​ទៅវិញទេ។ ចិន​ដែល​មិនត្រូវ​បាន​ចងដៃ ដោយ​សន្ធិសញ្ញា​ស្តីពីនុយក្លេអ៊ែរ ចម្ងាយមធ្យម បាន​បង្កើន​ការផលិត​មីស៊ីល​បាញ់​រយៈចម្ងាយ​មធ្យម កាន់តែ​ច្រើន និង​បាន​បែរតម្រង់​រួចហើយ សម្រាប់​ទីតាំង​យោធា​យុទ្ធសាស្រ្ត​របស់​អាមេរិក នៅ​តំបន់អាស៊ី ប៉ាស៊ីហ្វិក។

សូមអាន៖លោកដូណាល់ ត្រាំ​ចង់​ឲ្យ​សព្វាវុធ​នុយក្លេអ៊ែរ​អាមេរិក​​ នាំមុខគេ

សម្រាប់អ្នកវិភាគ​មួយចំនួន រុស្ស៊ី​បាន​ផលិត​មីស៊ីល​ចម្ងាយ​មធ្យម ដោយ​រំលោភ​កិច្ចព្រមព្រៀង​ជាមួយ​អាមេរិក ក៏ដោយសារ​តែ​រុស្ស៊ី ឃើញ​ចិនអាច​ផលិត​បាន​ដោយ​សេរី មីស៊ីល ដែល​អាច​គ្រោះថ្នាក់ផងដែរ សម្រាប់​សន្តិសុខ​របស់​រុស្ស៊ី តំបន់​ជាប់​ជាមួយ​ប្រទេស​ចិននោះ

រុស្ស៊ី៖ ការដកខ្លួន​របស់​អាមេរិក​គឺ​ជា​ជំហាន​ដ៏គ្រោះថ្នាក់

សម្រាប់​អនុរដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី ការដកខ្លួន​អាមេរិក​ចេញពី​សន្ធិសញ្ញា នុយក្លេអ៊ែរ​ជាមួយ រុស្ស៊ី​គឺ​ជា​ជំហាន​មួយ​ដ៏គ្រោះថ្នាក់។ សម្រាប់មន្រ្តី​រុស្ស៊ី រុស្ស៊ី​បាន​គោរព​យ៉ាងទៀងទាត់ ពោល គឺ​មិន​បាន​រំលោភ​សន្ធិសញ្ញា​ដូចការចោទប្រកាន់នោះទេ។ ប៉ុន្តែ គឺភាគី​អាមេរិក​ទេ ដែល​បាន​រំលោភ​កិច្ចព្រមព្រៀង កន្លងមក តាមរយៈ​ការផលិត​មីស៊ីល​រយៈចម្ងាយមធ្យម សម្រាប់​ធ្វើ​ជា​ខែលមីស៊ីល និង​ដាក់​ពង្រាយ នៅ​ក្នុង​ប្រទេស​អឺរ៉ុប ដូចជា​នៅ​ប៉ូឡូញ ដែល​អាច​គំរាម​គ្រប់​ពេលវេលា សន្តិសុខ​រុស្ស៊ី។

សម្រាប់​សមាជិក​ព្រឹទ្ធសភា​រុស្ស៊ី អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញាស្តីពីអាវុធ​នុយក្លេអ៊ែររយៈចម្ងាយមធ្យម គឺ​ស្តែង​ឲ្យ​ឃើញ​ពី​ចេតនា​ធំទី ២​របស់​អាមេរិក​ដែល​ចង់​គំរាមកំហែង​ស្ថិរភាព​ពិភពលោក។ នៅ​ឆ្នាំ ២០០១ អាមេរិក​របស់​លោកប្រធានាធិបតី​ប៊ូស​ធ្លាប់​បាន​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា​ដែល​ហាមឃាត់​ការផលិត​មីស៊ីល ប្រឆាំង​មីស៊ីល​អន្តរទ្វីប ឬ​ដែល​គេ​ហៅឈ្មោះ​ម្យ៉ាងថា ប្រព័ន្ធ​ខែលមីស៊ីល។

អាមេរិក​ដកខ្លួន​ចេញពី​សន្ធិសញ្ញា ដើម្បី អាច​ផលិត​មីស៊ីល?

ការប្រកាស​ដកខ្លួន​របស់​អាមេរិក​ចេញពី​សន្ធិសញ្ញា​នុយក្លេអ៊ែរ​ទ្វេភាគី​ជាមួយ​រុស្ស៊ី ប្រាកដណាស់​នឹង​ជំរុញ​ឲ្យ​មាន​ការប្រកួតប្រជែង សព្វាវុធ  នៅក្នុង​ពិភពលោក​កាន់តែ​ខ្លាំង។ នៅពេល​ប្រកាស​ដកអាមេរិក​ចេញ​ពី​សន្ធិសញ្ញា លោកដូណាល់ ត្រាំ បាន​បញ្ជាក់​ហើយថា បើសិនរុស្ស៊ី អាច​ផលិត​មីស៊ីល​រយៈចម្ងាយមធ្យម ផ្ទុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ នោះ​អាមេរិក​មិនអាច​នៅ​ឈរ​ឱបដៃ គោរពតាម​កិច្ចព្រមព្រៀង​តែម្នាក់ឯងទេ។ អាមេរិកនឹង​ដកខ្លួន​ចេញ​ពី​សន្ធិសញ្ញា ដើម្បី​មាន​សិទ្ធិ​ផលិត​មីស៊ីល​ចម្ងាយ​មធ្យមដែរ។

នៅ​ភាគី​រុស្ស៊ី វិញ អនុរដ្ឋមន្រ្តី​ការបរទេស​រុស្ស៊ី បានវាយបក វិញ​ដែរថា បើសិន​អាមេរិក នៅតែ​សម្រេចចិត្ត​ឯកតោភាគី ដក​ខ្លួន​ចេញពី​សន្ធិសញ្ញា​អន្តរជាតិ នោះ រុស្ស៊ី គ្មាន​ ជំរើស​អ្វីផ្សេង ក្រៅតែ ចាត់វិធានការ​ទប់ទល់​វិញ ដែលនៅក្នុង​នោះ​មានផងដែរ ខាងបច្ចេកវិទ្យា​យោធា។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ