អូតង់ធ្វើសមយុទ្ធយក្ស បង្ហាញធ្មុងដាក់រុស្ស៊ី ?!
នៅថ្ងៃព្រហស្បតិ៍នេះ អូតង់ បានចាប់ផ្តើមបើកសមយុទ្ធ នៅប្រទេសន័រវែស។ ជាសមយុទ្ធ ទ្រង់ទ្រាយដ៏ធំបំផុត មិនធ្លាប់មានធ្វើមកសោះគិតចាប់តាំងពីសង្គ្រាមត្រជាក់បានបិទបញ្ចប់ទៅ។ តើអ្វីទៅកម្មវត្ថុនៃសមយុទ្ធ ? គឺអូតង់ចង់រំលឹកប្រាប់រុស្ស៊ីថា អង្គការសម្ព័ន្ធអាត្លង់ទិក មានសាមគ្គីភាពគ្នាជានិច្ច បើទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសាបព្រោះភាពមន្ទិលសង្ស័យលើអូតង់ខ្លះៗក៏ដោយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ទាហាន ៥ម៉ឺននាក់ (១៤០០០នាក់ជាទាហានអាមេរិក) រថយន្ត១ម៉ឺនគ្រឿង នាវា៦៥គ្រឿង យន្តហោះ២៥០គ្រឿងមកពី៣១ប្រទេស (២៩ជាសមាជិកអូតង់ + ស៊ុយអែត និងហ្វាំងឡង់)កំពុងបង្ហាញខ្លួនក្នុងសមយុទ្ធ Trident Juncture 18 ជួយសង្គ្រោះប្រទេសជាសមាជិករបស់សម្ព័ន្ធអាត្លង់ទិកមួយរងការឈ្លានពានពីសត្រូវ រហូតដល់ថ្ងៃទី ១វិច្ឆកា នៅក្នុងទឹកដីប្រទេសន័រវែស។ រុស្ស៊ីពីរនាក់ និងបៀឡារុស្ស៊ីពីរនាក់ ត្រូវបានអញ្ជើញមកចូលជាអ្នកសង្កេតការណ៍។
សមយុទ្ធនេះជាសារដ៏ច្បាស់លាស់មួយសម្រាប់ប្រទេសជាសមាជិកនិងគូសត្រូវថាអូតង់ មិនស្វែងរកការប្រឈមមុខណាមួយទេ តែអូតង់ត្រៀមជាស្រេចនឹងការពារសម្ព័ន្ធមិត្តរបស់ខ្លួនប្រឆាំងនឹងការគំរាមពីខាងក្រៅ។ បើតាមបអគ្គលេខាអង្គការ បរិបទសន្តិសុខអឺរ៉ុបបានធ្លាក់ចុះគួរឱ្យកត់សម្គាល់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ចុះតើគូប្រជែងជាយថាហេតុនោះជានរណា ? អូតង់មិនបានដៅឈ្មោះទេ ប៉ុន្តែទំនងជារុស្ស៊ីហើយ ! រុស្ស៊ីបានបង្កើនមហិទ្ធិរិទ្ធយោធារបស់ខ្លួនយ៉ាងខ្លាំងនិងមានព្រំដែនរួមជាមួយន័រវេសប្រវែងដល់ទៅ១៩៨គីឡូម៉ែត្រ នៅភាគខាងជើងបំផុត។ ក្រោយពីបានក្តោបយកតំបន់គ្រីមេមក យោធារុស្ស៊ីបានចូលរួមបង្កអស្ថិរភាពនៅភាគខាងកើតអ៊ុយក្រែន និងបានបង្កើនសមត្ថភាពនៅក្នុងមហាសមុទ្ទទឹកកកអាកទិក ព្រមទាំងបានធ្វើសមយុទ្ធទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិយោធារុស្ស៊ី កាលពីខែកញ្ញា នៅភាគខាងកើតប្រទេស។
ចំណែកខាងរុស្ស៊ីវិញ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំក្រុងអូស្លូ បានចាត់ទុកសមយុទ្ធTrident ថាលំហាត់សឹកប្រឆាំងនឹងរុស្ស៊ីតែម្តង។ ទោះបីអូតង់ខំបញ្ជាក់ថាលំហាត់ការពារខ្លួនក្តី ក៏សម្រាប់រុស្ស៊ី សកម្មភាពនេះជាការបង្កហេតុ។
តាំងពីជាច្រើនខែមកហើយ ម៉ូស្គូ ខឹងសម្បារនឹងការពង្រឹងវត្តមានទ័ពអូតង់ (ទាហានអង់គ្លេសនិងអាមេរិក)នៅក្នុងតំបន់ ក្បែរព្រំទល់រុស្ស៊ី ដោយបានបរិហារសកម្មភាពគ្មានទំនួលខុសត្រូវនេះនឹងនាំមកនូវអស្ថិរភាពនយោបាយ យោធា និងដំឡើងសម្ពាធតានតឹង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ