ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/01 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/01 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 17/01 12h00 GMT
អឺរ៉ុប

ឃាតកម្ម​លើ​អ្នកកាសែត៖ អារ៉ាប៊ី​សាអូឌីត​រង​ការរិះគន់ នៅ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អ.ស.ប

media ប្រធាន​គណៈកម្មការសិទ្ធិមនុស្ស​អារ៉ាប៊ី សាអូឌីត លោក​Bandar al Aibanឡើង​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​របស់​ប្រទេសលោក នៅក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ ថ្ងៃទី ៥​វិច្ឆិកា ២០១៨ ©REUTERS/Denis Balibouse

ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ បាន​បើក​ការពិភាក្សា​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ពី​បញ្ហា​សិទ្ធិ​មនុស្ស នៅ​ប្រទេស​អារ៉ាប៊ី សាអូឌីត។ ​គណៈប្រតិភូ​អារ៉ាប៊ី សាអូឌីត ព្យាយាម​លើកឡើង​ពី​ការវិវឌ្ឍ ប្រសើរ​ឡើង​នៃ​ស្ថានភាព​សិទ្ធិមនុស្ស ដូចជា​ការបើកសិទ្ធិ​ឲ្យ​មនុស្ស​ស្រី អាច​បើកបរ​រថយន្ត ដូច​មនុស្ស​ប្រុស។ ​ប៉ុន្តែ ផ្ទុយទៅវិញ ទីក្រុង​រីយ៉ាដ​រងការរិះគន់​ពីគ្រប់​ទិស ជាពិសេស​ក្រុមប្រទេស​លោកខាងលិច ដែល​កំពុង​ដាក់គំនាប​លើ​អារ៉ាប៊ី សាអូឌីត ក្នុង​សំណុំរឿង​ឃាតកម្ម​លើ​អ្នកកាសែតKhashoggi ហើយ​និង​ការធ្វើ​សង្រ្គាម​បង្ហូរឈាម នៅ​ក្នុង​ប្រទេស​យេម៉ែន។

 

ទៅតាម​ការគ្រោងទុក អារ៉ាប៊ី សាអូឌីត​បាន​ឡើង​ការពារ​របាយការណ៍​សិទ្ធិមនុស្ស​របស់​ខ្លួន នៅ​ចំពោះមុខ ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺណែវ។ នៅក្នុង​កាលៈទេសៈ ដែល​អារ៉ាប៊ី សាអូឌីត​កំពុង​រង​ការរិះគន់ ដោយសារ​តែ​សំណុំរឿង​ឃាតកម្ម​ទៅលើ​អ្នកកាសែត Khashoggi ការពិភាក្សា​ស្តីពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​មហាសេដ្ឋី​ប្រេង ធ្វើឡើង ក្នុង​បរិយាកាស​ដ៏តានតឹង​បំផុត។

នៅចំពោះមុខ​ក្រុម​ការងារ​របស់​ក្រុមប្រឹក្សា​ត្រួតពិនិត្យ ឡើង​វិញ ពី​សិទ្ធិមនុស្ស ជាសកល ដែល​ត្រូវ​ធ្វើឡើង ក្នុង​រយៈពេល៤ឆ្នាំ របស់​អង្គការ​សហប្រជាជាតិ ហៅកាត់​ថា UPR គណៈប្រតិភូ អារ៉ាប៊ី សាអូឌីត ព្យាយាម​លើកឡើង​ពី​ការប្រឹងប្រែង​របស់​រាជាណាចក្រ ក្នុង​ការការពារ និង​ជំរុញ​ផ្នែក​សិទ្ធិមនុស្ស ដូចជា​ការអនុញ្ញាត​ឲ្យ​ស្រ្តី​អាច​បើកបរ​រថយន្ត​ដូចបុរស​ជាដើម។ ក្នុង​សំណុំរឿង​សម្លាប់​អ្នកកាសែត ដែល​ធ្លាប់​រិះគន់​រាជបុត្រ​ស្នងរាជ្យ​វិញ ភាគី​អារ៉ាប៊ី សាអូឌីត បាន​ត្រឹម​តែ​និយាយ​ចុង​មាត់ ចុង​ក ប៉ុណ្ណោះ ដោយ​សន្យា​ថា នឹង​បើក​ការស៊ើបអង្កេត​ដោយ​យុត្តិធម៌​បំផុត ដើម្បី​កាត់ទោស​រាល់​អ្នកដែល​ជាប់​ពាក់ព័ន្ធ។

សម្រាប់​ឯកអគ្គរាជទូត​អង់គ្លេស ប្រចាំ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស អង់គ្លេស​​ព្រួយបារម្ភ​មែនហើយ​ពី​ការធ្លាក់ចុះ នៃ​បញ្ហា​សិទ្ធិមនុស្ស ដូចជា​ការចាប់​ សកម្មជន​សិទ្ធិ​មនុស្ស ដាក់​ពន្ធនាគារ ការអនុវត្ត​ទោស​ប្រហារជីវិត​ទៅលើ​មនុស្ស​អាយុ ក្រោម​១៨ឆ្នាំ ឬ ការប្រើ​ច្បាប់​ភេរវកម្ម​សម្រាប់​ចាប់​ក្រុមប្រឆាំង​ជាដើម។ ប៉ុន្តែ គឺ​សំណុំរឿង សម្លាប់ អ្នកកាសែត អារ៉ាប៊ី សាអូឌីត នៅក្នុង​ទឹកដី តួកគី ដែល​ជា​កង្វល់​ធំជាងគេ។

នៅក្នុង​ការពិភាក្សា​កន្លះថ្ងៃ ក្រុមប្រទេស​ជា​ច្រើន​បរិហារ​ថ្កោលទោស ទៅលើ​ការសម្លាប់​ដោយ​គិតទុកមុន លើ​អ្នកកាសែត លោក​Jamal Khashoeggi។ គេ​បានទាមទារ​ផងដែរ ឲ្យ​អារ៉ាប៊ី សាអូឌីត ធ្វើការ​ស៊ើបអង្កេត​ដោយ​មាន​តម្លាភាព និង​គួរឲ្យ​ជឿជាក់​មួយ។ ប្រទេស​កូស្តារីកា ឬ​អ៊ីស្លង់​ជាដើម ទាមទារ​ឲ្យ​មាន​ការស៊ើបអង្កេត​ថ្នាក់​អន្តរជាតិ​លើ​ករណីធ្វើ​ឃាត​លើ​អ្នកកាសែត​អារ៉ាប៊ី សាអូឌីត។ ការពិភាក្សា​សួរដេញដោល​ពីសំណុំរឿង​ឃាតកម្ម​លើ​អ្នកកាសែត​ធ្វើឡើង នៅចំថ្ងៃ​តែមួយ ដែល​អាជ្ញាធរ​តួកគី​បាន​ចោទ​អារ៉ាប៊ីសាអូឌីត ថា​បាន​បញ្ជូន​មន្រ្តី​ជំនាញ សារធាតុ​គីមី ២នាក់ ទៅ​តួកគី ដើម្បី លុបបំបាត់​ដាន ឃាតកម្ម​នៅក្នុង​ស្ថានកុងស៊ុល នៅទីក្រុង​អ៊ីស្តង់ប៊ូល។

ក្រៅតែ​ពីសំណុំរឿង​ឃាតកម្ម​លើ​អ្នកកាសែត កិច្ចប្រជុំ​របស់​ក្រុមការងារ​ត្រួតពិនិត្យ ឡើងវិញ ពី​បញ្ហា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ផ្តោត​សំខាន់​ផងដែរ លើ​ការអនុវត្ត​ទោស​ប្រហារ​ជីវិត ការរំលោភ​សិទ្ធិស្រ្តី ហើយ​និង តួនាទី​របស់​អារ៉ាប៊ី សាអូឌីត ដែល​កំពុង​ដឹកនាំ​ធ្វើ​សង្រ្គាម​នៅ​ក្នុង​ប្រទេស​យេម៉ែន ជាទី ដែល សង្រ្គាម​បាន​សម្លាប់​មនុស្សជិត ១ម៉ឺននាក់ និង​ធ្វើ​ឲ្យ​ប្រជាជន​យេម៉ែន​រាប់លាន​នាក់ រងគ្រោះ​អត់ឃ្លាន។ អារ៉ាប៊ី សាអូឌីត វិញ ដែល​រងការរិះគន់​ខ្លាំង​ដោយសារ​រឿងនេះ នេះ​បាន​និយាយ​ការពារ​ថា ខ្លួន​បាន​ចំណាយ​លុយ​ជាង ១១​ពាន់​លាន​ដុល្លារ សម្រាប់​ជួយ​ការពារ​អំណាច​របស់​ប្រធានាធិបតី យេម៉ែន ដែល​ពេលនេះ កំពុង​ប្រយុទ្ធ ធ្វើ​សង្រ្គាម ជាមួយ​ពួក​ឧទ្ទាម ហ៊ូទីស គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់៕

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ