ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 15/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 15/11 12h00 GMT
អឺរ៉ុប

វេទិកា​ស្តីពី​សន្តិភាព៖​Handicap International រម្លឹក​ពី​​វាសនា​របស់​ក្រុម​ជនរងគ្រោះស៊ីវិល​ក្នុង​សង្រ្គាម

media  
នៅ​ក្នុង​វេទិកា​ស្តីពី​សន្តិភាពនៅ​ប្រទេស​បារាំង ​Handicap International រម្លឹក​ពី​​វាសនា​របស់​ក្រុម​ជនរងគ្រោះស៊ីវិល​ក្នុង​សង្រ្គាម STRINGER / AFP

នៅ​ក្នុង​ប្រទេស​បារាំង វេទិកា​ស្តីពី​សន្តិភាព​នឹង​ត្រូវ​បើក​ធ្វើ​ក្នុង​ទីក្រុង​ប៉ារីស​ពី​ថ្ងៃទី១១ ដល់​ថ្ងៃ​ទី១៣ វិច្ឆិកា។ នា​ឱកាស​នេះ អង្គការ​ក្រៅ​រដ្ឋាភិបាល​ឈ្មោះ​ជនពិការ​អន្តរជាតិ Handicap International បាន​អំពាវនាវ​ដល់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជោគវាសនា​របស់​ក្រុម​ជនរងគ្រោះ​ស៊ីវិល​ក្នុង​សង្រ្គាម។ ការ​អំពាវនាវ​របស់​ Handicap International ដែល​ទទួល​បាន​ការ​គាំទ្រ​ពី​អ្នកតំណាងរាស្រ្ត​បារាំង​ចំនួន ៩០នាក់​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​បារាំង​ក៏​ជា​ប្រទេស​សមាជិក​ម្នាក់​ដែរ​នៅ​ក្នុង​សម្ព័ន្ធមិត្ត​អន្តរជាតិ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ទីប្រជុំជន​កាន់កាប់​ដោយ​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម​ក្នុង​ប្រទេស​ស៊ីរី និង​អ៊ីរ៉ាក់។

នៅ​ក្នុង​ប្រទេស​យេម៉ែន ស៊ីរី អ៊ីរ៉ាក់ និង​អ៊ុយក្រែន​សព្វថ្ងៃ ជនរងគ្រោះ​ក្នុង​សង្រ្គាម​ចំនួន ៩០% ជា​ជនស៊ីវិល ពោល​គឺ​ច្រើន​ជាង​ក្នុង​សម័យ​សង្រ្គាមលោក​លើកទី១ ដែល​ជនរងគ្រោះ​ជា​ស៊ីវល​មាន​តែ ៤០% ប៉ុណ្ណោះ នេះ​ជា​ការ​រម្លឹក​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល Handicap International។ នៅ​ពី​មុខ​ក្រុម​សមាជិក​សភា​បារាំង​ចំនួន ២៧រូប​ដែល​បាន​ជួបជុំ​គ្នា​នៅ​ទីលាន​មុខ​រដ្ឋសភា​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ថ្ងៃ​ពុធ ទី៧ វិច្ឆិកា មន្រ្តី​អង្គការ Handicap International លោក Baptiste Chapuis បាន​ថ្លែង​សារ​ផ្ញើ​ទៅ​កាន់​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ដែល​នឹង​ចូលរួម​នៅ​ក្នុង​វេទិកា​ស្តីពី​សន្តិភាព​ពី​ថ្ងៃទី១១ ដល់​ថ្ងៃទី១៣ វិច្ឆិកា​ក្នុង​ទីក្រុង​ប៉ារីស។

លោក Baptiste Chapuis ចង់​ដាស់​ស្មារតី​ថ្នាក់ដឹកនាំ​ក្នុង​លោក​ថា ច្បាប់​អាវុធ​មិន​អាច​បន្ត​ធ្វើ​ជា​ច្បាប់​ផ្តាច់មុខ​នៅ​ក្នុង​ជម្លោះ​ទេ។ អ្វី​ដែល​មន្រ្តី​អង្គការ Handicap International រូប​នេះ​ចង់​និយាយ​នោះ​គឺ​ថា គេ​មិន​អាច​បន្ត​ប្រើ​អាវុធ​ដើម្បី​សម្លាប់​ជនស៊ីវិល​ស្លូតត្រង់​ទៀត​ឡើយ។ នៅ​ក្នុង​ន័យ​នេះ លោក Baptiste Chapuis បាន​អំពាវនាវ​ដល់​ប្រធានាធិបតី​បារាំង​លោក​ម៉ាក្រុង​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ស្តីពី​សន្តិភាព​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ជោគវាសនា​របស់​ក្រុម​ជនរងគ្រោះ​ស៊ីវិល​ក្នុង​សង្រ្គាម។ តំណាងរាស្រ្ត​ម្នាក់​បាន​បញ្ជាក់​នៅ​ក្នុង​ការ​ជួបជុំ​គ្នា​នោះ​ថា វា​សំខាន់​ខ្លាំង​ណាស់​ក្នុង​នាម​ជា​សមាជិកសភា​ម្នាក់​ដែល​ត្រូវ​ពញ្ញាក់ស្មារតី​រដ្ឋាភិបាល​បារាំង។

គោលដៅ គឺ​រុញ​បារាំង​ឲ្យ​ចូលរួម​នៅ​ក្នុង​ចលនា​ទាមទារ​ពេល​នេះ​ជាមួយ​នឹង ១២ប្រទេស​ផ្សេង​ទៀត​ក្នុង​លោក​ដើម្បី​ចេញ​សេចក្តីថ្លែងការណ៍​នយោបាយ​មួយ​ជា​លក្ខណៈ​អន្តរជាតិ​ប្រឆាំង​នឹង​ការ​ទម្លាក់គ្រាប់បែក​លើ​ជនស៊ីវិលស្លូតត្រង់។ ផ្អែក​តាម​អង្គការ Handicap International មាន​ពលរដ្ឋ​ប្រមាណ​កន្លះលាននាក់​បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​ប្រឆាំង​នឹង​ការ​ទម្លាក់គ្រាប់បែក​លើ​ជនស៊ីវិល ហើយ​តំណាងរាស្រ្ត​បារាំង ៩០រូប​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ចូលរួម​នៅ​ក្នុង​បុព្វហេតុ​នេះ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ