ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT

បារាំង​ចង់​ជំរុញ​ឱ្យ​មាន​ការចរចា​បង្កើត​ក្រម​ប្រតិបត្តិ​អ៊ីនធ័រនែត

បារាំង​ចង់​ជំរុញ​ឱ្យ​មាន​ការចរចា​បង្កើត​ក្រម​ប្រតិបត្តិ​អ៊ីនធ័រនែត
 
បារាំង​អំពាវនាវ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទប់​ស្កាត់​ការ​វាយប្រហារ​អ៊ីនធ័រនែត Image Credit by = http://abr.ai/2erDf7e

វេទិកា​ស្តី​ពី​អភិបាល​កិច្ច​អ៊ីនធ័រនែត ត្រូវ​រៀប​ចំ​ធ្វើ​ជា​លើក​ទី​១៣ ចាប់​ពី​ថ្ងៃចន្ទ​​ទី ១២ ដល់​ថ្ងៃទី ១៤ វិច្ឆិកា​នេះ នៅទីស្នាក់ការ​អង្គការ​យូណេស្កូ ក្រុង​ប៉ារីស ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី​បារាំង អេម៉ាណុយអែល ម៉ាក្រុង Emmanuel Macron និង​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ Antonio Guterres។ បារាំង​ចង់​ប្រើ​ឱកាសនេះ​​សម្រាប់​អំពាវនាវ​ដល់​ពិភពលោក​ទាំង​មូល​ឱ្យ​ត្រលប់​មក​ចូល​តុ​ចរចា​ដើម្បី​បង្កើត​ក្រម​ប្រតិបត្តិ​ជា​លក្ខណៈ​អន្តរជាតិស្តីពី​សន្តិសុខតាម​ប្រព័ន្ធ​​អ៊ីនធ័រនែត។

វេទិកា​ស្តី​អំពី​អភិបាល​កិច្ច​នៃ​អ៊ីនធ័រនែត លើក​ទី​១៣ បាន​ចាប់​បើក​ ក្រោម​ប្រធានបទ “Internet of Trust” អ៊ីនធ័រនែត​ប្រកប​ដោយ​ទំនុកចិត្ត។ វេទិកា​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ជា​លើក​ដំបូង សម្រាប់​រយៈ​ពេល​តែ​៥​ឆ្នាំ នៅ​ឆ្នាំ​២០០៥ ដោយ​អង្គការ​សហប្រជាជាតិ​ តាម​រយៈ​ជំនួប​កំពូល​សមាគម​ព័ត៌មាន​វិទ្យា​​ពិភពលោក នៅ​ក្រុង​ទុយនី ប្រទេស​ទុយនីស៊ី។ តែ​នៅឆ្នាំ​២០១៥ ​មហាសន្និបាតអង្គការ​សហប្រជាជាតិ​​​បាន​អនុម័ត​បន្ត​សុពលភាព​វេទិកា​​ទៀត។

ជា​ការ​​ជជែក​ពិភាក្សាអំពី​​សំណើផ្សេងៗ​ទាក់​ទង​នឹង​វិន័យ​ និន្នការពិភពលោក និង​ហានិភ័យ​ជា​សក្តានុពល​បង្ក​ឡើង​ដោយ​អ៊ីនធ័រនែត​ ព្រមទាំង​ទម្លាប់​ល្អ​និង​អាក្រក់​នៃការប្រើ​បណ្តាញ​នេះ វេទិកាស្តី​អំពីអភិបាលកិច្ច​អ៊ីនធ័រនែត ជាអ្នក​សម្រួល​ទំនាក់ទំនង​ និង​​ការ​ផ្តោះ​ប្តូរ​រវាង​រដ្ឋាភិបាល​ និង​អង្គការ​អន្តររដ្ឋាភិបាល​ ក្រុមហ៊ុន​ឯកជន សហគមន៍​អ្នក​បច្ចេកទេស និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ដោះស្រាយ​ចំណោទ​នយោបាយ​សាធារណៈ​ពាក់ព័ន្ធ​នឹង​អភិបាល​កិច្ច​បណ្តាញ​អ៊ីនធ័រនែត។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ចង់​ប្រើ​​​ឱកាស​នេះសម្រាប់​ផ្តល់​ទស្សនៈ​វិស័យ​បារាំង​និងអឺរ៉ុប​ ស្តី​អំពី​យុទ្ធសាស្ត្រ​អន្តរជាតិ​ដើម្បី​ការពារ​ប្រព័ន្ធ​ឌីជីថល និង​សម្រាប់​បំផុស​ផ្តល់​សន្ទុះ​ថ្មី​ដល់​ការ​ចរចា​បង្កើត​ក្រម​ប្រតិបត្តិ​អន្តរជាតិ​ដើម្បី​សន្តិសុខ​​តាម​ប្រព័ន្ធ​​អ៊ីនធ័រនែត​ ឡើង​វិញ។ ការចរចា​បង្កើត​ក្រម​ប្រតិបត្តិ​នេះ​ត្រូវ​ជាប់​គាំង​តាំ​ងពី​ឆ្នាំ​២០១៧​មក បន្ទាប់​ពី​ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ ត្រូវ​ប្រឈម​នឹង​ភាព​ខ្វែង​គំនិត​គ្នា​រវាង​ក្រុមប្រទេស​​មហាអំណាច។

សេចក្តី​អំពាវនាវរបស់​បារាំង​

វិមាន​ប្រធានាធិបតី​បារាំង​បាន​បង្ហើប​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា បារាំង​ចង់​ស្នើ​ឱ្យ​ បង្កើត​បែបបទ​នៃ​ការ​រៀប​ចំ​ បណ្តាញ​​អ៊ីនធ័រនែត​ពិភពលោក ដែល​ផ្តោត​ជា​សំខាន់​ទៅ​ការ​កិច្ចសហប្រតិបត្តិការ​​របស់​ដៃគូ​ឯកជន​។ ព្រោះ​ពេល​នេះ បណ្តាញ​អ៊ីនធ័រនែត មាន​តែ​អ្នក​ចាត់​ចែង​តែ​គ្មាន​ការ​គ្រប់គ្រងទេ ! ស្ថានភាព​បែប​នេះ ជា​តំណាង​ហានិភ័យ​ខ្ពស់នាំ​ឱ្យ​បណ្តាញ​ដែលផ្តល់​សេរីភាព បើក​ចំហ និង​គួរ​ឱ្យ​ទុក​ចិត្ត អាច​ក្លាយ​ទៅ​ជាឋាន​ល្ហល្ហេវ​គ្មាន​ទិស​តំបន់​ទៅ​វិញ។

នៅ​ក្នុង​​​សេចក្តី​អំពាវនាវ បារាំង​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​បញ្ចេញ​សកម្មភាព​រួម​គ្នា​ក្នុង​ទប់​ស្កាត់​សកម្មភាព​សង្ស័យ​ដែល​បង្ក​ការ​ខូចខាត​​ខ្លាំង​ជា​ស្វ័យ​ប្រវត្តិ ឬ​ដោយ​គ្មានការ​​ពិចារណា​។

បារាំង​ហៅ​គ្រប់​ភាគី​​​ពាក់ព័ន្ធ (​រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន​ក្នុង​វិស័យបច្ចេកវិទ្យា ឬ​សង្គម​ស៊ីវិល​) ត្រូវ​ចុះ​ហត្ថលេខា​ សន្យា​គាំទ្រ​ឱ្យ​មាន​សន្តិសុខ​អ៊ីនធ័រនែត​ ដោយ​ចំហ ដោយ​ប្រាកដ​ ប្រកប​ដោយ​លំនឹង​និង​សន្តិភាព។

ក្រុម​អ្នក​ហត្ថលេខី​ ត្រូវ​សន្យា​អភិវឌ្ឍ​សមត្ថភាព​ការ​ពារ​​មិន​ឱ្យ​អ្នក​ប្រើ​ប្រាស់​អ៊ីនធ័រនែត​បរទេស​អាច​ចូល​ជ្រៀត​ជ្រែក​ ទៅ​រំខាន​ដំណើរ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​មួយ។ សំណើ​របស់​បារាំង​ក៏​ទាមទារ​​ផង​ដែរ​ឱ្យ​ដៃគូ​អ៊ីនធ័រនែតឯកជនទាំងឡាយ​ ​ទប់​ស្កាត់​កុំ​ឱ្យ​​មាន​សកម្មភាពសង​សឹក​គ្នា ដោយ​​ការ​វាយប្រហារ​អ៊ីនធ័រនែត​​ទល់​នឹ​ងការ​វាយប្រហារ​អ៊ីនធ័រនែត​តប​វិញ​ ព្រោះទង្វើ​បែប​នេះ​នឹងអាច​ធ្វើ​ឱ្យ​មាន​ភាព​ចម្រូង​ចម្រាស​ជា​ទូទៅ។

ចិន​ អាមេរិក​ រុស្ស៊ី អវត្តមាន

​​លោក​ប្រធានាធិបតី​ម៉ាក្រុង នឹង​ត្រូវ​បង្ហើប​បង្ហាញ​អំពី​ចំនួន​ប្រទេស​​និង​ឈ្មោះ​​ពិត​ប្រាកដ​នៃ​អ្នក​ដែល​ព្រមព្រៀង​ចុះ​ហត្ថលេខា​លើ​សេចក្តី​អំពាវនាវ​ផ្តួច​ផ្តើម​ដោយ​បារាំង នៅ​ក្នុង​ពេល​ថ្លែង​សុន្ទករថា​បើក​វេទិកា​ស្តី​ពី​អភិបាលកិច្ច​អ៊ីនធ័រនែត​ រសៀល​នេះ ដែល​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ក៏​បង្ហាញ​វត្តមាន​ក្បែរ​លោក​ប្រធានាធិបតី​បារាំង​ដែរ។

អ្វី​ដែល​ច្បាស់ គឺក្រុម​ប្រទេស​ហត្ថលេខី​ភាគី​ភាគ​ច្រើន​ជា​រដ្ឋ​នៅ​អឺរ៉ុប និង​​បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​អំពាវនាវ​របស់​បារាំង​រួច​ហើយ ចំណែក​ឯ​​ ចិន ​សហរដ្ឋ​អាមេរិក​ និង​រុស្ស៊ី គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រទេស​ហត្ថលេខី​ទេ ! តែ​ជា​សំណាង​ល្អ ក្រុមហ៊ុន​​យក្ស​របស់​អាមេរិក Microsoft និង​Internet Society ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ការពារ​បម្រើបម្រាស់​អ៊ីនធ័រនែត​មាន​សន្តិសុខ និង​បើក​ចំហ​ដល់​គ្រប់​មហាជន​ទូទៅ បាន​គូសបញ្ជាក់​ថា​ពួក​គេ​ទាំង​ពីរ​នឹង​ចុះ​ហត្ថលេខា​លើ​សេចក្តី​អំពាវនាវ​របស់​បារាំង។

ប្រធាន​ក្រុមហ៊ុន Microsoft ប្រចាំ​ទីក្រុង​ប៉ារីស បាន​អះអាង​​ថា​ការវាយប្រហារ​​តាម​អ៊ីនធ័រនែត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះបាន​ដាស់​ស្មារតី​គ្រប់​គ្នា​ឱ្យ​យល់​អំពី​កំរិត​នៃ​គ្រោះ​ថ្នាក់​​របស់​បណ្តាញអ៊ីនធ័រនែត​ដ៏​ចាំ​បាច់​សម្រាប់​ពិភពលោក​បច្ចុប្បន្ន​និ​ងអនាគត។ សេចក្តី​អំពាវនាវ​របស់​បារាំង​ដែល​មាន​បំណង​ចង់​ជំរុញ​ឱ្យ​មាន​ការ​ចរចា​បង្កើត​ក្រមប្រតិបត្តិ​សន្តិសុខ​អ៊ីនធ័រនែត​ឡើង​វិញ គឺ​ជា​របត់​ថ្មី​​នៃ​ការ​ប្រឈម​នឹង​ការ​​​គំរាម​កំហែង​សន្តិសុខ​អ៊ីនធ័រនែត​នៅ​លើ​ពិភពលោក។ ការ​វាយប្រហារ​អ៊ីនធ័រនែត​មាន​ទ្រង់ទ្រាយកាន់​តែ​ធំៗ​ឡើងៗ បង្ក​ឱ្យមនុស្​ប្រមាណ​ជិត​១ពាន់​លាន​នាក់​រងគ្រោះ ដោយ​ក្រុម ​WannaCry របស់​កូរ៉េខាង​ជើង និង​ NotPetya របស់​រុស្ស៊ី ព្រមទាំង​ការ​វាយប្រហារ​រំខាន​ដល់​ការ​បោះឆ្នោត​​របស់​ប្រទេស​ផ្សេង​ទៀត។ នេះ​បើ​តាម​ការ​រំលឹក​របស់​តំណាង​Microsoft។

សេចក្តី​អំពាវនាវ​របស់​លោកប្រធានាធិបតី​បារាំង បាន​អង្រួញ​វេទិកា​ប្រចាំ​ឆ្នាំ​លើក​នេះ ឱ្យ​មាន​អត្ថន័យ​កាន់​តែ​ខ្លាំង ជា​ពិសេស​ក្នុង​ខណៈ​ដែល​ប៉ារីស​កំពុង​ទទួល​ជំនួប​ប្រជុំផ្សេង​ទៀត ​ស្តី​ពី​បញ្ហា​ទាក់ទង​នឹង​វិស័យ​អ៊ីនធ័រនែត​នេះ។ ​បារាំង​សង្ឃឹម​ថា វេទិកា​ស្តីពី​អភិបាលកិច្ច​អ៊ីនធ័រនែត​នឹង​រៀប​ចំ​ជំនួប​ថ្មី​ ដើម្បី​ដាក់​ឱ្យ​ដំណើរ​ការ​សេចក្តី​អំពាវនាវ​របស់​ខ្លួន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង

    អ្នកជំនាញ​ប្រមូលផ្តុំគ្នា​ដើម្បី ស្វែងរក​របាំង​ការពារ​ខ្លួន​ពី​ចោរអ៊ីនធ័រនែត

    ស្វែងយល់បន្ថែម

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    ការវាយប្រហារ​អ៊ីនធ័រនែត ៖ អ្វី​ដែល​គួរ​ខ្លាច​នៅ​ឆ្នាំ​២០១៨ !

    ស្វែងយល់បន្ថែម

  • សន្តិសុខអ៊ីនធ័រនែត

    អ្នកជំនាញ​ស្នើ​ឲ្យ​បង្កើត​អង្គការឯកជន​មួយ​ដើម្បី​អង្កេត និង​វែកមុខ​ក្រុម​ចោរ​​វាយប្រហារ​តាម​អ៊ីនធ័រនែត

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    ​ការ​វាយប្រហារ​អ៊ីនធ័រនែត​កំរិត​ពិភពលោកទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន

    ស្វែងយល់បន្ថែម

  • ចិន​អនុម័ត​​ច្បាប់​សន្តិសុខ​អ៊ីនធ័រនែត ដើម្បីងាយ​​​​ត្រួត​ពិនិត្យអ្នក​ប្រើប្រាស់

    ស្វែងយល់បន្ថែម

  • ជប៉ុន

    រដ្ឋាភិបាល​ជប៉ុន​រងគ្រោះ​ដោយ​ការវាយ​ប្រហារ​តាមអ៊ីនធ័រនែត​ជាង ២ពាន់​លាន​ដង ក្នុង​ឆ្នាំ ២០១៤

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ