ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

ប្រមុខរដ្ឋាភិបាល​អាល្លឺម៉ង់​គាំទ្រ​បារាំង ​ចង់​ឱ្យ​អឺរ៉ុប​​មាន​កងទ័ពរួម​ដែរ

media  
លោកស្រី​ប្រមុខ​រដ្ឋាភិបាលអាល្លឺម៉ង់ Angela Merkel និង​ប្រធានាធិបតី​បារាំង Emmanuel Macron REUTERS/Gonzalo Fuentes/Pool

នៅ​ថ្ងៃអង្គារ​ទី ១៣​វិច្ឆិកា នេះ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ Angela Merkel បាន​ប្រកាស​គាំទ្រ​សេចក្តី​អំពាវនាវ​​របស់​ប្រធានាធិបតី​បារាំង កាលពី​សប្តាហ៍​មុន ចង់​បង្កើត​កងទ័ព​អឺរ៉ុប​រួម​​ ដើម្បី​ការពារ​អឺរ៉ុប​ខ្លួនឯង។ ការ​ប្រកាស​ជំហរ​របស់​អាល្លឺម៉ង់​នេះ ធ្វើ​ឡើង​ក្នុង​ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​សម្តែង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង និង​បាន​បង្ហោះ​សារ​វាយប្រហារ​លោក​ម៉ាក្រុង​ យ៉ាង​ធ្ងន់ៗ។

នៅក្នុង​សុន្ទរកថា​ទៅ​កាន់​អង្គ​សភា​អឺរ៉ុប ដើម្បី​បង្ហាញ​ទស្សនៈ​វិស័យ​អាល្លឺម៉ង់​ចំពោះ​អឺរ៉ុប លោកស្រី មែរកិល បាន​អំពាវនាវ​ឱ្យ​​​អឺរ៉ុបរៀប​ចំបង្កើត​ឱ្យ​មាន​កងទ័ព​រួម​ នាពេល​អនាគត។ លោកស្រី​មិន​បាន​លម្អិត​ថា​តើ​ ​កងទ័ព​អឺរ៉ុប​នឹង​ត្រូវ​បង្កើត​ឡើង​នៅពេលណា​ និង​មានទម្រង់​យ៉ាង​ដូចម្តេច​ទេ។ ប៉ុន្តែ​លោកស្រី​បាន​រំលឹក​អំពី​ការ​ចង់​​មាន​ស្ថាប័ន​ ក្រុមប្រឹក្សាសន្តិសុខ​អឺរ៉ុប សហការ​​ជាមួយ​​ប្រធាន​ផ្លាស់វេន​សហភាព​អឺរ៉ុប ដែល​អាច​​សម្រេចការណ៍​ធំៗឱ្យ​​បាន​ឆាប់​រហ័ស។ សម្រាប់​លោកស្រី អឺរ៉ុប​គួរ​តែ​​ដោយ​បោះបង់​ចោល​គោលការណ៍​​​អនុម័ត​​​ជា​ឯកច្ឆន្ទ​ តាម​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​អាច​ធ្វើ​សេចក្តី​សម្រេច​បាន​លឿន។​

លោកស្រី​ មែរកិល ក៏​បាន​​រំលឹកប្រសាសន៍​របស់​​លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ Jean Claude Juncker កាលពី​បួន​ឆ្នាំ ដែល​ថា ​ការ​បង្កើត​កងទ័ពអឺរ៉ុប​រួម​មួយ ជា​​សារ​ប្រាប់​ពិភពលោក​ទាំង​មូល​ ថាលែង​មាន​សង្គ្រាម​ហើយ​ ​ក្នុង​រង្វង់​សមាជិកសហភាព​អឺរ៉ុប។ កងទ័ព​អឺរ៉ុប ​មិនប្រឆាំង​​នឹ​ងអូតង់​ទេ ! គ្មាន​នរណា​ប៉ះពាល់​ទំនាក់ទំនង​ជា​ប្រពៃណី​របស់​អឺរ៉ុប​ជាមួយ​អូតង់​ឡើយ ! ផ្ទុយ​ទៅ​វិញ​វា​គឺ​​ជា​សេវា​បន្ថែម​ដើម្បីការពារ​ខ្លួន​។ នេះ​ជា​ការ​អះអាង​បន្ថែម​របស់​លោកស្រី​មែរកិល ដើម្បី​បញ្ចៀស​ពាក្យ​រិះគន់។

ជំហរ​របស់​លោកស្រី​មែលកិល​នេះ​ ជា​ការ​គាំទ្រ​បារាំងដែល​មិន​អាច​ខ្វះ​បាន ! ព្រោះ​ថ្វី​បើ​បាន​បង្ហាញ​មុខ​រួម​គ្នា​កាលពី​ពីរ​ថ្ងៃ​មុន​នៅ​ទីក្រុង​ប៉ារីស ដើម្បី​ប្រារព្ធ​ខួប​១០០​ឆ្នាំ​នៃ​ការ​បញ្ចប់​សង្គ្រាម​លោក​លើក​ទីមួយ​មែន តែ​លោក​ត្រាំ បាន​និង​កំពុង​ សម្តែង​ការ​ប្រឆាំង​យ៉ាង​ខ្លាំង នឹង​​ប្រធានាធិបតី​បារាំង។ ​សម្រាប់​លោក​ត្រាំ សំណើ​របស់​ប្រធានាធិបតី​បារាំង ចង់ឱ្យ​​អឺរ៉ុប​បង្កើត​កងទ័ព​រួម ដើម្បី​ការពារ​ខ្លួន ពីការ​គំរាម​កំហែង​មក​ពី​ចិន ពី​រុស្ស៊ី រាប់​ទាំង​សហរដ្ឋ​អាមេរិក​មួយទៀត គឺ​ការ​ប្រមាថ​អាមេរិក។ នៅ​ថ្ងៃអង្គារ​ម្សិលមិញ លោក​ត្រាំ បាន​បង្ហោះ​សារ ដោយ​មិន​ខ្វល់​ពី​បែបបទ​​ការទូត ​វាយប្រហារ​លោក​ម៉ាក្រុង យ៉ាង​ខ្លាំង​៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ