ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 10/12 12h00 GMT
អឺរ៉ុប

នាយករដ្ឋមន្ត្រី​អង់គ្លេស ៖ "បើទម្លាក់ខ្ញុំ​ពេលនេះ អង់គ្លេស​នឹង​ក្រ​បាន​ចេញ​ពី​អឺរ៉ុប"

media  
លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស Theresa May Matt Dunham / POOL / AFP

លោកស្រី តេរ៉េសា ម៉េ Theresa May នាយករដ្ឋមន្ត្រី​អង់គ្លេស បាន​ប្រកាស​ព្រមាន​នៅ​ថ្ងៃអាទិត្យ​នេះ ថា ប្រសិន​បើ​​សភា​​បោះឆ្នោត​ដក​ទំនុក​ចិត្ត​ពី​​លោកស្រី​ មិន​ឱ្យ​កាន់​តំណែង​ជាប្រមុខ​រដ្ឋាភិបាល​បន្ត​ទៅ​ទៀត​មែន នោះអង់គ្លេស​ទំនងជា​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​ធំ​មួយ។ នោះ​គឺ​អង់គ្លេស​​ជា​មិន​អាច​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប តាម​កាល​កំណត់​បាន​ឡើយ។

៧​ថ្ងៃ​ខាង​មុខ​ជា​ពេលវេលា​ដ៏​សំខាន់​នៃ​អនាគត​អង់គ្លេស ! ការ​ប្តូរក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋាភិបាលនៅវេលានេះ មិន​បាន​​សម្រួល​ការចរចា​ទេ ! តែ​ជា​​ហានិភ័យ​អូសបន្លាយ​ពេល​វេលា​ដើរ​ចេញ​ពី​អឺរ៉ុប​ ឬ​ធ្វើ​ឱ្យ​អង់គ្លេស​លែង​អាច​​បំបែកចេញ​ពី​អឺរ៉ុប​បាន​ផង ! នេះ​ជា​ប្រសាសន៍​របស់​លោកស្រី នាយករដ្ឋមន្ត្រី​ ទៅ​កាន់​ទូរទស្សន៍​Sky News ដោយ​បាន​អះអាង​ បន្ថែម​ទៀតថា ក្នុង​ពេល​កំពុង​និយាយ​គ្នា​នេះ ការ​ចរចា​កំពុង​បន្ត​ធ្វើ ហើយ​លោកស្រី​គ្រោង​នឹង​ទៅ​ជួប​​​ប្រធាន​គណៈកម្មការ​អឺរ៉ុប​ផង និង​មេដឹកនាំ​ប្រទេស​ជា​សមាជិក​អឺរ៉ុប​ផ្សេង​ទៀត ដែលទៅ​ប្រជុំ​​គ្នានៅ​ព្រុចសែល នៅ​ថ្ងៃទី ២៥​វិច្ឆកា ខាង​មុខ។

ប្រសាសន៍​របស់​​លោកស្រី​នាយក​រដ្ឋមន្ត្រី ធ្វើ​ឡើង​ក្រោយ​ពី​អង់គ្លេសធ្លាក់​ក្នុង​​វិបត្តិ​នយោបាយ​យ៉ាង​ខ្លាំង។ កាលពី​ថ្ងៃព្រហស្បតិ៍ បន្ទាប់​ពីរក​ឃើញ​គម្រោង​កិច្ចព្រមព្រៀង​ ​ជាមួយ​នឹង​សហភាព​អឺរ៉ុប ​​មាន​រដ្ឋមន្ត្រី​ជា​ច្រើន​រូប បាន​លា​លែង​ចេញ​ពី​តំណែង ក្នុង​នោះ​មាន​ម្នាក់​ជា​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ចរចា​Brexitដើរ​ចេញ​ពី​អឺរ៉ុប។ សមាជិក​សភា​​ជា​អ្នក​អភិរក្សនិយម ស្អប់​អឺរ៉ុប ជាង​២០​រូបបាន​ដាក់​ញត្តិ​ចាប់​ថ្នាក់ ប្រឆាំង​នឹង​លោកស្រី​នាយក​រដ្ឋមន្ត្រីទៀត។ បើ​​មាន​​ញត្តិ​ចាប់​ថ្នាក់ឡើង​ដល់​ ចំនួន ៤៨ សភា​នឹង​រៀប​ចំ​បោះឆ្នោត​ស្វែង​រក​ទំនុក​ចិត្ត​​ជា​ថ្មី​លើ​រដ្ឋាភិបាល។ លោកស្រី​ ម៉េ អាច​នឹង​ត្រូវ​ធ្លាក់​ពី​តំណែង​ប្រសិន​បើ​សមាជិក​សភា​១៥៨​លើ​៣១៥​បោះឆ្នោត​គាំទ្រ​ញត្តិ​ចាប់​ថ្នាក់។

នៅ​ក្នុង​បទ​សម្ភាសន៍ ផ្សាយ​ដោយ​កាសែត​ The Sun​ នៅថ្ងៃអាទិត្យ​នេះ ​ លោកស្រី​បាន​គូស​បញ្ជាក់​ថា​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​អំពី​កិច្ចព្រមព្រៀង​ដែល​លោកស្រី​បាន​ចរចា​ទេ ហើយ​ចំនួន​ញត្តិ​ចាប់​ថ្នាក់​ប្រឆាំង​លោកស្រី​ក៏​ទំនង​ជា​មិន​អាច​គ្រប់​ចំនួន​​នឹង​ទម្លាក់​លោកស្រី​ឡើយ។

សារព័ត៌មាន​​អង់គ្លេស​ជា​ច្រើន​បាន​ពាំ​ពាក្យ​ថា​មាន​រដ្ឋមន្ត្រី​ជា​ច្រើន​បាន​សាកល្បង​ដាក់​គំនាប​លើ​លោកស្រី​នាយក​រដ្ឋមន្ត្រី​​ដើម្បី​កែ​ប្រែ​កិច្ចព្រមព្រៀង។ ហើយ​មាន​ឥស្សរជន​គ្រាក់ៗ​របស់​បក្ស​អភិរក្ស​និយម​ជា​ច្រើន​រូប​កំពុង​ត្រៀម​ខ្លួន​យ៉ាង​សកម្ម​ ដើម្បី​យក​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​។ កង​កម្លាំ​ងរក្សា​សន្តិសុខ​ក៏​ស្ថិត​ក្នុង​ស្ថានភាព​ត្រៀម​ចេញ​ពង្រាយ​ពេញ​ផ្ទៃ​ប្រទេស​ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ផង ក្នុង​ករណី​គ្មាន​កិច្ចព្រមព្រៀង​Brexit៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ