អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

រាជទាយាទ​អេមីរ៉ាតអារ៉ាប់រួម មិន​សូវ​ចេញ​មុខ តែ​មានអំណាច​​​ខ្លាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​ព័ត៌មាន​ច្រើននិយាយ​​អំពី​​រាជទាយាទ​អារ៉ាប៊ីសាអូឌីត ព្រះ​អង្គម្ចាស់ មូហាម៉េដ បេន សាល់ម៉ាន (Mohammed Ben Salman ឬ MBS)។ នៅ​ថ្ងៃ​នេះ រាជទាយាទ​មួយ​អង្គ​ទៀត ដែលក៏​មាន​ឥទ្ធិពល​ខ្លាំង​ជាងគេ​បំផុត​ម្នាក់​​ដែរ​​ក្នុង​ពិភពអារ៉ាប កំពុង​បំពេញ​ទស្សនកិច្ច​​នៅ​ប្រទេស​បារាំង។ ព្រះ​អង្គ​ម្ចាស់ ម៉ូហាម៉េដ បេន ហ្សាយ៉េដ (Mohammed Ben Zayed ឬ MBZ) រាជទាយាទ​និង​ជា​បុរស​ខ្លាំង​របស់​រាជាណាចក្រ អេមីរ៉ាតអារ៉ាប់រួម ​ត្រូវ​បាន​ប្រធានាធិបតី​បារាំង ទទួល​ជួប​នៅ​វិមាន​អេលីហ្សេ។ បារាំង​មាន​​ទំនាក់ទំនង​ស្អិត​ល្មួត​ខ្លាំងណាស់ ជាមួយ​អេមីរ៉ាតអារ៉ាប់រួម ដែលុ​មាន​​ ​តួនាទី​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​តំបន់ នា​ពេល​បច្ចុប្បន្ន​នេះ។ តើ​រាជទាយាន​អង្គ​នេះ​ជា​នរណា ? អេមីរ៉ាត​អារ៉ាប់​រួម​មាន​ទំនាក់ទំនង​យ៉ាង​ខ្លះ​ជាមួយ​បារាំង និង​ក្នុង​តំបន់ ?

រាជទាយាទ​អេមីរ៉ាតអារ៉ាប់រួម Mohammed ben Zayed
រាជទាយាទ​អេមីរ៉ាតអារ៉ាប់រួម Mohammed ben Zayed REUTERS/Muhammad Hamed
ផ្សាយពាណិជ្ជកម្ម

ក្នុង​វ័យ​ ៥៧​វស្សា ព្រះអង្គម្ចាស់​ ម៉ូហាម៉េដ បេន ហ្សាយ៉េដ មាន​នាម​ជា​រាជទាយាទ​របស់​អេមីរ៉ាតអារ៉ាប់រួម​មែន ប៉ុន្តែ​ដោយ​ជាក់​ស្តែង​ព្រះ​អង្គ​ជា​អ្នក​គ្រង​រាជបាត់​ទៅ​ហើយ ! ដ្បិត​ព្រះ​រៀម​ដែល​ជា​ស្តេច បាន​ដក​ខ្លួនពី​នយោបាយ​​ តាំង​ពី​ព្រះ​អង្គ​ធ្លាក់​មាន​​គ្រោះថ្នាក់​សរសៃ​ឈាម​ខួរក្បាល នៅ​ឆ្នាំ​២០១៤​មកម្ល៉េះ។ គ្រប់​កិច្ចការ​ដឹកនាំ​ប្រទេស​ស្ថិត​នៅ​លើ​ដៃ​ព្រះអង្គ​ម្ចាស់ មូហាម៉េដ បេន ហ្សាយ៉េដ ដែល​មាន​រហ័សនាម​ថា MBZ។

​MBZ មិន​សូវ​ចេញ​មុខ​ចេញ​មាត់​ដូច​​ព្រះ​អង្គ​ម្ចាស់​ មូហាម៉េដ បេន សាល់ម៉ាន ហៅMBS នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​ជិត​ខាង​ទេ។ ប៉ុន្តែ​ ម៉ូហាម៉េដ បេន ហ្សាយ៉េដ ជា​គំរូ​របស់​MBS។ នេះ​បើតាម​អ្នក​ស្រាវជ្រាវ Fatiha Dazi-Henni។ រាជទាយាទ​អារ៉ាប៊ីសាអូឌីត ចាត់​ទុក​រាជទាយាទអេមីរ៉ា​ជា​រៀម​ច្បង​ ជា​អ្នក​​បាន​ត្រួសត្រាយ​ផ្លូវ។​​ រាជទាយាទ​​ទាំងពីរ​ត្រូវ​ការ​គ្នា​ទៅ​វិញ​មក​ ! MBS ត្រូវ​ការ​បទ​ពិសោធ​របស់MBZ ហើយ​ម៉ូហាម៉េដ បេន ហ្សាយ៉េដ ត្រូវ​ការ​គាំទ្រ​ពី​ម៉ូហាមេដ បេន សាល់ម៉ាន ដើម្បី​សម្រេច​សុបិនរបស់​ខ្លួន។

រាជទាយាទ​ទាំងពីរ​អង្គ​បាន​ចង​​ភ្ជាប់​ទំនាក់ទំនង​អារ៉ាប៊ីសាអូឌីត និង​អេមីរ៉ាតអារ៉ាប់រួម ឱ្យ​ក្លាយ​ជា​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ។ ប៉ុន្តែ​មាន​អាទិភាព​ខុស​គ្នា ! អារ៉ាប៊ីសាអូឌីត ចង់​បង្ក្រាប​អ៊ីរ៉ង់ លើ​គ្រប់​វិស័យ​ ឯ​អេមីរ៉ាត ត្រូវ​ការ​ប្រយុទ្ធ​ប្រឆាំង​ជា​បឋម​រាល់​គ្រប់​ទម្រង់​នៃ​អ៊ីស្លាម។

អេមីរ៉ា ក៏​ដូច​ជា​អារ៉ាប៊ីសាអូឌីតជិត​ខាង ស្អប់​បដិវត្ត​អារ៉ាប​ឆ្នាំ​២០១១​ណាស់ ហើយ​​កំពុងធ្វើ​សកម្មភាព​​ប្រឆាំង​នឹង​បដិវត្ត​តំបន់​នេះ​។ ហេតុដូច្នេះ ហើយ​បាន​អេមីរ៉ាតអារ៉ាប់​រួម​​គាំទ្រ​អេហ្ស៊ីប​របស់លោក​​ប្រធានាធិបតី​ស៊ីស៊ី និង​រដ្ឋាភិបាល​លីប៊ី​ដឹកនាំ​ដោយ​ឧត្តមសេនីយ៍​Haftar។ ការ​ដាក់​កាតា​ឱ្យ​ឯកា​ ជា​ផែនការ​របស់​អេមីរ៉ាតអារ៉ាប់រួម​ ក្នុង​ការ​បំបាក់​ចលនា​អ៊ីស្លាម​ជ្រុលនិយម​Frères musulmans។ រាជទាយាទ​ MBZ ចាត់​ទុក​ទ្រឹស្តី​របស់​Frères musulmans ជា​មនោគមវិជ្ជា​បណ្តុះ​​​ភាព​ជ្រុល​និយម​ ដែល​ត្រូវ​កម្ចាត់​ឱ្យ​បាន។

ជា​ការពិត​ដែល​ថា​អេមីរ៉ាតអារ៉ាប់រួម​​ត្រូវ​បាន​មើល​ឃើញ​ជា​មហាអំណាច​យោធា​នៅ​ក្នុង​តំបន់ លូក​ដៃ​ក្នុង​សង្គ្រាមនៅ​លីប៊ី និង​ពិសេស​សង្គ្រាម​នៅ​យេម៉ែន ជាមួយ​អារ៉ាប៊ីសាអូឌីត ​ក្នុង​សម្ព័ន្ធ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ឧទ្ទាម​ហ៊ូទី។ ព្រះ​អង្គ​ម្ចាស់​ ម៉ូហាម៉េដ បេន ហ្សាយ៉េដ បានធ្វើ​ទំនើបកម្ម​កងយោធា​របស់​​រាជាណាចក្រ ក្នុ​ងមហិច្ឆតា​ឱ្យ​បាន​ក្លាយ​ជា​កងទ័ព​បង្គោល​ក្នុង​តំបន់។ មានទ័ព​ខ្លាំង និង​ស្ថិត​ក្នុងជំហរ​ធ្វើ​​សង្គ្រាម​​ជា​និច្ច អេមីរ៉ាតអារ៉ាប់រួម ត្រូ​វ​បាន​គេ​ផ្តល់​រហ័សនាម​ឱ្យ​ជា​ “Sparteបុរីយោធា​ដើមបូព៌ា​”។ Sparte ជា​បុរី​មួយ​ក្រិក​សម័យ​បូរាណ​ដែល​មាន​កងទ័ព​ឆ្នើម​ខ្លាំង​ក្រៃ។

មហាអំណាចដ៏​ពិត​ប្រាកដ​ក្នុង​​តំបន់​ អេមីរ៉ាតអារ៉ាប់រួម​និង​បារាំង​ មាន​ទំនាក់ទំនង​នឹង​គ្នា​ តាំងពី​យូរ​អង្វែង​មក​ផង និង​ជាទំនាក់ទំនង​ដ៏​រឹងមាំ​ទៀត។ ​មូលដ្ឋាន​ទ័ព​អចិន្ត្រៃយ៍​តែមួយ​គត់​របស់បារាំង​​ នៅ​តំបន់​ដើម​បូព៌ា ស្ថិត​​នៅ​អាប៊ូដាប៊ី​ គឺ​មូលដ្ឋាន​ អាល់ ដាហ្វ្រា Al Dhafra មាន​ទីតាំង​នៅ​​តាម​បណ្តោយ​ឆ្នេរ​​នៃ ឈូង​សមុទ្ទ​ពែក្ស ចម្ងាយ​មិន​ដល់ ២៥០​គីឡូម៉ែត្រ​ទេ ពី​ឆ្នេរ​អ៊ីរ៉ង់។

ជាង​នេះ​ទៅ​ទៀត អេមីរ៉ាតអារ៉ាប់រួម​ ជា​អតិថិជន​ដ៏​មហាស្មោះស្ម័គ្រ​របស់​បារាំង ក្នុង​វិស័យ​ឧស្សាហកម្ម​​សព្វាវុធ។ នៅ​ឆ្នាំ​២០១៧ អេមីរ៉ាតអារ៉ាប់រួម​ជា​អតិថិជន​ទី​បី​របស់​បារាំង​ដោយ​បាន​បញ្ជា​ទិញ​អាវុធ​ ក្នុង​តម្លៃ​ជាង​៧០០​លាន​អឹរ៉ូ។ នេះ​បើ​តាម​របាយការណ៍​​របស់​សភា​បារាំង​ស្តី​ពី​ការ​នាំ​ចេញ​អាវុធ។ អាវុធ​បារាំង​លក់​ឱ្យ​អេមីរ៉ាអារ៉ាប់​រួម​ ត្រូវ​បាន​ជា​លើក​យក​មក​​​ជជែកដេញ​ដោល​​ជា​ញយ​ដង ដោយ​ហេតុ​តែ​អាវុធ​ទាំង​នោះ​ត្រូវ​បាន​យក​ទៅ​ប្រើ​ប្រាស់​នៅក្នុង​ជម្លោះ​នៅ​យេម៉ែន។

ចំណង​មិត្ត​ភាព​បារាំង​និងអេមីរ៉ាតអារ៉ាប់​រួម ត្រូវបាន​រិត​បន្តឹង និង​ប្រទាក់​គ្នា​កាន់​តែ​ខ្លាំង​ ​នៅ​ក្នុងវិស័យ​ផ្សេង​ទៀត ដែល​មិនមែន​ជា​យោធា​សោះ ! សាកលវិទ្យាល័យបារាំង​ La Sorbonne ដ៏​មាន​កត្តិនាម​ និង​សារមន្ទីរ​Louvres ​ដ៏​ល្បី​រន្ទឺ​ បាន​បែក​មែក​សាខា​ទៅ​តាំង​ទី​នៅ​រាជធានី អាប៊ូដាប៊ី។ ដំណើរ​ទស្សនកិច្ច​ជា​លើក​ដំបូង​របស់​ប្រធានាធិបតី​បារាំង​ អេម៉ាណុយអែល ម៉ាក្រុង ទៅ​កាន់​​ពិភព​អារ៉ាប​ ឧទ្ទិស​ជាពិសេស​ដល់​ការ​សម្ពោធ​សារមន្ទីរ​Louvres ​នៅ​អេមីរ៉ាតអារ៉ាប់រួម​នេះ​ឯង កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៧ មួយ​ឆ្នាំគត់​មុន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ