ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 20/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អឺរ៉ុប

រដ្ឋាភិបាល​បារាំង​ចាប់សិក្សា​ពី​ផលប៉ះពាល់​របស់​បាតុកម្ម​អាវកាក់​លឿង ទៅលើ​សេដ្ឋកិច្ច

media  
ក្រុមអាវកាក់លឿង​ធ្វើ​បាតុកម្ម​នៅលើរុក្ខវិថី​Champs-Elyséeដ៏ល្បី​ឈ្មោះកណ្តាល​ក្រុង​ប៉ារីស ថ្ងៃទី ២៤​វិច្ឆិកា ២០១៨ © REUTERS/Benoit Tessier

ក្រសួង​សេដ្ឋកិច្ច​បារាំង នឹង​កោះប្រជុំ នៅថ្ងៃ​ចន្ទ​នេះ ជាមួយ​ភាគី​អ្នកតំណាង​ក្រុមហ៊ុន សភា​ពាណិជ្ជកម្ម ដើម្បី ធ្វើ​តុល្យការ​មួយ ស្តី​ពីផលប៉ះពាល់​នៃ​បាតុកម្ម​របស់​ចលនា​អាវលឿង ទៅលើ​ការលក់ដូរ​ទំនិញ ហើយ​និង​សកម្មភាព​សេដ្ឋកិច្ច​របស់​បារាំង។ នេះ​ជា​បញ្ជាក់​របស់​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​បារាំង លោក​Bruno Le Maire នៅ​មួយ​ថ្ងៃ​ក្រោយ ការផ្ទុះ​បាតុកម្ម​នៅទូទាំង​ប្រទេស​បារាំង ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​អាវកាក់​លឿង។ ក្រុមអាវកាក់លឿង ដែល​បាន​ប៉ះទង្គិច​ដ៏ហិង្សា ជាមួយ ប៉ូលិស កាលពី​ថ្ងៃសៅរ៍ បានអំពាវនាវ​សាជាថ្មី នៅ​ថ្ងៃ​អាទិត្យ ឲ្យ​មាន​បាតុកម្ម តវ៉ា នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​ក្រោយ ដើម្បី ប្រឆាំង​ការដំឡើង​តម្លៃ​ប្រេង ពន្ធ ហើយ​ទំនិញ​គ្រប់មុខ ក្នុង​ប្រទេស​បារាំង។

 

ចាប់តាំង​ពីការក​កើតមាន​មហាបាតុកម្ម ដើម្បី​ប្រឆាំង​នឹង​ប្រេងឡើងថ្លៃ ការដំឡើងពន្ធ ចលនា​អាវកាក់លឿង បាន​បិទខ្ទប់ ផ្លូវ​មិន​ឲ្យ​មាន​ចរាចរណ៍​ដឹកទំនិញ រារាំង មិន​ឲ្យ​បើកទ្វារ ហាង​លក់​ទំនិញ ឬ​អគារ​ពាណិជ្ជកម្ម។ សម្រាប់​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​បារាំង ការជួប​ប្រជុំ​នៅថ្ងៃ​ចន្ទ នឹងអនុញ្ញាត​ឲ្យ​គេ​ដឹង​ពី​ទំហំខូចខាត ផ្នែក​សេដ្ឋកិច្ច ដោយសារ​បាតុកម្ម​របស់​ចលនា​អាវកាក់លឿង។ ជាមួយគ្នានេះ ក្រសួង​នឹង​សុំ​ឲ្យ​ក្រុមហ៊ុន​ធានា​រ៉ាប់រ៉ង ឬ​ធនាគារ​វិនិយោគ​រដ្ឋ ជួយ ពាណិជ្ជករ ដែល​អាច​ខាតបង់ មិនអាច​លក់​ទំនិញ ដោយសារ​តែបាតុកម្ម រំខាន​របស់​ក្រុមអាវកាក់លឿង ជាពិសេស នៅក្នុង​រដូវបុ​ណ្យ​ចុងឆ្នាំនេះ។

នៅ​ថ្ងៃ​អាទិត្យ នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ចលនា​អាវកាក់លឿង បានអំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង សាជាថ្មី នៅ​ថ្ងៃសៅរ៍ ទី ១​ធ្នូ សប្តាហ៍ក្រោយ ដើម្បី​ដាក់​សម្ពាធលើ​រដ្ឋាភិបាល ឲ្យដំឡើង​ប្រាក់ខែ ហើយ​និង​បញ្ឈប់ ដំឡើង​ពន្ធ​លើ​ប្រេង។ “បើរដ្ឋាភិបាល​មិន​ព្រមធ្វើតាម នោះ បាតុកម្ម​តវ៉ា​នឹង​កើតមាន រហូត​ធ្វើឲ្យ​​ប្រធានាធិបតី​ម៉ាក្រុង​ចុះចេញ​ពីតំណែង” នេះ​ជាពាក្យ​ព្រមាន​របស់​ចលនា​អាវកាក់លឿង នៅលើគណនី​ហ្វេសប៊ុក​របស់ខ្លួន។ នៅក្នុង​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង​នៅទូទាំង​ប្រទេស​ដែល​មាន​មនុស្ស​ចូលរួម ១០៦ ៣០១នាក់ ប៉ូលិស​បាន​ចាប់ខ្លួន​មនុស្ស ១០៣នាក់ នៅក្រោយ​ការប៉ះទង្គិច​ដ៏ហិង្សា ដែល​បានធ្វើ​មនុស្ស​របួស ២៤នាក់។

នៅ​ថ្ងៃ​សៅរ៍ ប្រធានាធិបតី បារាំង លោកអេម៉ានុយអែល​ម៉ាក្រុង បាន​សរសេរ​ចាត់ទុក អំពើហិង្សា​ទៅលើ​ប៉ូលិស នៅក្នុង​ពេល​ប៉ះទង្គិចជាមួយ​ក្រុមអាវកាក់លឿង​ថា ជា​រឿងដ៏អាម៉ាស់។ តាម​វិមាន​ប្រធានាធិបតី លោក​ម៉ាក្រុង គ្រោង​នឹង​ថ្លែងសុន្ទរកថា ពន្យល់​ពី​ខ្សែបន្ទាត់​នយោបាយ​របស់លោក ទាក់ទង​នឹង​ការប្រើប្រាស់​ថាមពល​មិន​ចេះរីងស្ងួត ដើម្បី ទប់ទល់​ការប្រែប្រួល​អាកាសធាតុ។ បញ្ហា​ដំឡើង​ថ្លៃ​ពន្ធ​លើ​ប្រេងឥន្ធនៈ ដែល​ជាហេតុ​ធ្វើ​ឲ្យ​ប្រេង​ឡើងថ្លៃ​ខ្លាំង​នៅ​បារាំង ជាពិសេស​ប្រេងម៉ាសូត គឺ​ជា​ផ្នែក​មួយ នៃ​គោលនយោបាយ​របស់ក្រុងប៉ារីស ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការបញ្ចេញឧស្ម័ន​ផ្ទះកញ្ចក់។ នៅ​ថ្ងៃ​អង្គារ លោក​ម៉ាក្រុង​នឹង​ប្រកាស​ឲ្យ​ដំណើរការ​ផងដែរ ក្រុមប្រឹក្សា​ជាតិ​ដើម្បី​អាកាសធាតុ។

អតីត​រដ្ឋមន្រ្តី​បរិស្ថាន​បារាំង លោកស្រី Ségolène Royale នៅ​ថ្ងៃ​អាទិត្យ​បានអំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បារាំង ស្តាប់​កំហឹងតវ៉ា​របស់​ប្រជាជន និង​ត្រូវ​ធ្វើកំណែទម្រង់ លុបចោល​ទៅវិញ គោលនយោបាយ​ការដំឡើង​តម្លៃពន្ធ​លើ​ប្រេង។ សម្រាប់​លោកស្រី​Royale គេមិនអាច​ទាមទារ​ឲ្យ​ប្រជាជន​បារាំង​គិតគូរ ពី​បញ្ហា​ឡើង​កំដៅ​ផែនដី បានទេ នៅពេល​ដែល​ពួកគេ​កំពុង​ភ័យ រក​លុយ ទិញ​អង្ករច្រកឆ្នាំង​មិន​បាន នៅពេល​ដាច់ខែ​ម្តងៗ​ផងនោះ។

សម្រាប់​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​បារាំង រដ្ឋាភិបាល​នឹង​មិន​លះបង់​ចោល នយោបាយ​ដំឡើងពន្ធ ប្រេង ដែល​ត្រូវ​ចាប់ផ្តើម នៅ​ខែ មករា ឆ្នាំក្រោយ​នេះ​ទេ។ ប៉ុន្តែ ផ្ទុយទៅវិញ រដ្ឋាភិបាល​នឹង​អាច​ពិនិត្យ​មើល​គោលនយោបាយ អម លើកទឹកចិត្ត ជួយ​ហិរញ្ញវត្ថុ ដល់​អ្នកណា​ដែលលែង​ប្រើ​រថយន្ត​ប្រើប្រេងម៉ាស៊ូត ដែល​បញ្ចេញផ្សែងពុល​បំផ្លាញ​ខ្លាំង​បរិស្ថាន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ