ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

ថ្នាក់​ឧត្តម​សិក្សា​និង​ភាព​ប្រកួតប្រជែង​របស់​បា​រាំង​លើ​ពិភពលោក​

ថ្នាក់​ឧត្តម​សិក្សា​និង​ភាព​ប្រកួតប្រជែង​របស់​បា​រាំង​លើ​ពិភពលោក​ និស្សិត​នៃសាលាជាន់ខ្ពស់ជាតិ​​បារាំង​ផ្នែកគីមី , ជីវសាស្ត្រ​ , គីមី, និង​ រូបវិទ្យា​​ នៅខេត្ត Bordeaux​ RFI/Sayouba Traoré

    ប្រតិកម្ម​ជាបន្តបន្ទាប់​ ទាំង​ស្រប និង​ប្រឆាំង​ ត្រូវ​បាន​ធ្វើ​ឡើង ក្រោយ​ការ​ប្រកាស​ដាក់​ចេញ​នូវ​គោល​នយោបាយ​ថ្មី របស់​រដ្ឋាភិបាល​បារាំង ដែល​នឹងបង្កើន​ថ្លៃ​សិក្សា ជាងដប់​ដង លើស​​​ពីមុន ចំពោះ​​និស្សិត​បរទេស មិន​មែន​មក​ពីតំបន់​អឺរ៉ុប។ ផ្អែក​តាម​រដ្ឋាភិបាល យុទ្ធសាស្រ្ដ​ថ្មី​នេះ មាន​គោល​​ដៅ ធ្វើ​កំណែ​ទម្រង់ និង​ទំនើប​កម្ម​ថ្នាក់ឧត្តមសិក្សាបារាំង ដើម្បី​​បង្កើន​ភាពប្រកួតប្រជែងរបស់ប្រព័ន្ធ​អប់រំបារាំង និង​ដើម្បី​​ទាក់ទាញបន្ថែមទៀត​និស្សិត​បរទេស។

    កាល​ពី​ថ្ងៃ​ច័ន្ទសប្តាហ៍មុន រដ្ឋាភិបាល​បារាំង តាម​រយៈ​លោក​នាយករដ្ឋ​មន្រ្ដី Édouard Philippe បាន​ប្រកាស​ដាក់​ចេញ​នូវ យុទ្ធ​សាស្រ្ដ​ថ្មី ដើម្បី​ធ្វើការ​ទាក់​ទាញបន្ថែម​ទៀត និស្សិត​បរទេស​ ដែល​មក​សិក្សា​នៅ​ប្រទេស​បារាំង ក្រោម​គោល​នយោបាយ​មួយ មាន​​ឈ្មោះ​ថា “ស្វាគមន៍​មក​កាន់​បារាំង ឬ Bienvenue en France”។

              សម្រាប់​ពេល​បច្ចុប្បន្ន ​បារាំង​ទទួល​ស្វាគមន៍​និស្សិតបរទេស ប្រមាណ ៣២០ពាន់​នាក់ ក្នុង​ចំណោម​និស្សិត​បរទេសទាំង​ ៤,៨លាន​នាក់ ទូទាំង​សាកល​លោក។ បារាំង​​ជា​ប្រទេស​​លំដាប់​ខ្ពស់​បំផុត​ទីបួន ​លើ​ពិភពលោក និង​ជា​ប្រទេស​មិន​និយាយ​ភាសា​អង់គ្លេស​​​ទីមួយ ដែល​មាន​និស្សិត​បរទេស​ច្រើន​បំផុត តាម​ពីក្រោយ ​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អូស្រ្ដាលី។ ផ្អែក​លើ​​គោល​នយោបាយ​ថ្មីនេះ បារាំង​មាន​បំណងចង់​ឱ្យ​និស្សិត​បរទេស​ រួម​ចំណែក​ផ្តល់ហិរញ្ញប្បទាន ដើម្បី​លើក​កម្ពស់​ប្រព័ន្ធអប់រំ​បារាំង និង​​​ដើម្បីទាក់​ទាញ​និស្សិត​បរទេស​ឱ្យ​ដល់ប្រមាណ ៥០០ពាន់​នាក់ កំឡុង​ពេល​​ដប់​ឆ្នាំ​ខាង​មុខ ពោល​គឺ​ឆ្នាំ​២០២៧។

    ដើម្បីធ្វើ​រឿង​នេះ​បាន​ លោកនាយករដ្ឋ​មន្រ្ដី Édouard Philippe បាន​បង្ហាញ​ផែន​ការ​យុទ្ធសាស្រ្​ដ ដោយនៅ​ឆ្នាំ​បន្ទាប់​ និស្សិត​បរទេស​ មក​ពីក្រៅ​តំបន់​អឺរ៉ុប​ នឹង​ត្រូវ​បង់​ថ្លៃ​សិក្សាចំនួន ២៧៧០អឺរ៉ូ ជំនួស​​ថ្លៃ​សិក្សាបច្ចុប្បន្ន​ ចំនួន ១៧០អឺរ៉ូ សម្រាប់​ថ្នាក់​បរិញ្ញប័ត្រ និង​ចំនួន​ ៣៧៧០អឺរ៉ូ សម្រាប់​ថ្នាក់​អនុបណ្ឌិត និង​បណ្ឌិត ដែល​បច្ចុប្បន្ន និស្សិត​ត្រូវ​បង់ថ្លៃដូចគ្នា​នឹង​និសិ្សត​បារាំង​ផ្សេង​ទៀត ត្រឹម​តែ ២៤៣អឺរ៉ូ ប៉ុណ្ណោះ។

              លោក​នាយក​រដ្ឋ​មន្ត្រី​បានក៏​បានបញ្ជាក់ផងដែរថា វា “មិន​សម​ហេតុផល” និង “មិន​យុត្តិ​ធម៌” ទេ សម្រាប់​ស្ថានភាព ដែល​​​និស្សិត​បរទេស​ មិន​មែន​មក​ពី​អឺរ៉ុប ​ត្រូវ​បង់​ថ្លៃ​សិក្សា​ដូចគ្នា ទៅ​នឹង​និស្សិត​បារាំង ព្រោះ​ថា ឪពុក​ម្ដាយ​របស់​និស្សិត​បារាំង​​ ចាំ​បាច់​ត្រូវ​ធ្វើការ​ និង​បង់​ពន្ធ​សម្រាប់​វិស័យ​អប់រំ​ទាំងមូល អស់​រាប់​សិប​ឆ្នាំ មក​ហើយ។ បន្ថែម​ពី​លើនេះ បើយោងទៅតាមរដ្ឋាភិបាល ថ្លៃ​សិក្សា​ដែល​និស្សិត​បរទេសត្រូវ​បង់​នេះ ស្មើ​ត្រឹម​តែមួយភាគបីប៉ុណ្ណោះ នៃការចំណាយសរុប។

              ទោះ​ជាយ៉ាង​ណា រដ្ឋាភិបាលបាន​សន្យា ជួយសម្រួលដល់​ភាព​ងាយ​ស្រួល​ ក្នុង​ការទទួលបានទិដ្ឋាការ (Visa) ការទទួល​បាន​បណ្ណស្នាក់នៅ (Titre de séjour) ការ​ធ្វើ​ឱ្យ​ប្រសើរឡើងនូវល័ក្ខខ័ណ្ឌទទួលស្វាគមន៍និស្សិត​ ភ្លាមៗ នៅពេលពួកគេ​ដាក់​ជើង​ជាន់​​លើ​​ទឹកដីបារាំង និង​ការ​បើក​សាខាព័ត៌​មាន​បារាំងនៅបរទេស ដែលគេ​ស្គាល់​ថា Campus France។ បន្ថែម​ពីលើ​នេះ កំណែ​ទម្រង់​នេះ​ក៏នឹង​អាច​បង្កើន​ចំនួន​​អាហារូបករណ៍ និង​ការ​លើកលែងការបង់ថ្លៃសិក្សា ដល់​និស្សិត​ប្រមាណ ១៥ពាន់​នាក់ ​នៅ​ពេល​ខាង​មុន ដែល​​ភាគច្រើនមកពីប្រទេសកំពុងអភិវឌ្ឍន៍ តែ​បច្ចុប្បន្ន​មាន​ត្រឹម​តែ ៧ពាន់​​នាក់​ប៉ុណ្ណោះ។

    ក្រោយ​ការ​ប្រកាសអំពី​យុទ្ធសាស្រ្ដ​ថ្មីនេះ ប្រតិកម្ម​ប្រឆាំងជាបន្តបន្ទាប់ បាន​លេច​ចេញ​ជារូបរាងឡើង ពីសំណាក់​សមាគម​និស្សិត​ នៃបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ជា​ពិសេស​ ពី​តំបន់អាហ្វ្រិក ដោយ​ពួកគេ​បាន​លើក​ឡើង​ថា ផែនការ​នេះ​ជា​ផែនការ​រើស​អើង និង​វា​មិន​បាន​​លើកកម្ពស់ភាពទាក់ទាញរបស់​ថ្នាក់​ឧត្តម​សិក្សា​បារាំងអ្វី​ទេ ប៉ុន្តែ​វា​បាន​បិទទ្វារ​បារាំង​ ទៅវិញ​ទេ។ ជាក់​ស្ដែង និស្សិតអាហ្រ្វិកដែល​កំពុង​សិក្សា​នៅ​ប្រទេស​បារាំង​បច្ចុប្បន្ន តំណាង​ប្រមាណ ជិតពាក់កណ្តាលនៃនិស្សិតបរទេសសរុប។

              ទោះ​ជាយ៉ាង​ណា មាន​មតិ​ខ្លះ​ផ្សេង​ទៀត​ ក៏​បាន​បង្ហាញ​ជំហរ​គាំទ្រ​ផង​ដែរ លើ​យុទ្ធសាស្រ្ដ​របស់​រដ្ឋាភិបាល ដោយ​លើ​ក​ហេតុ​ផល​ថា បើប្រៀប​ធៀប​ទៅ​នឹង​​វិស័យ​អប់រំ ​នៅ​បណ្តា​ប្រទេស​និយាយ​ភាសា​អង់គ្លេស ដូចជា សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់គ្លេស ភាពទាក់ទាញ​​របស់​ប្រព័ន្ធ​អប់រំ​បារាំង​ នៅ​មាន​កម្រិត​ទាប​ជាង ដែល​វា​ទាមទារ​ឱ្យ​មាន​ការ​ធ្វើ​កំណែ​ទម្រង់​ និង​ទំនើប​កម្ម​បន្ថែម។ ហើយ​ដើម្បី​អាច​ធ្វើ​រឿង​នេះ​បាន​​ ការ​បង្កើន​ថ្លៃ​សិក្សា​ជា​រឿង​ចាំបាច់​ដែល​ត្រូវ​ធ្វើ ព្រោះ​ថា ថ្លៃ​សិក្សា​បច្ចុប្បន្ន​នៅ​បារាំង​ បើ​ទោះ​ជា​ត្រូវ​បាន​បង្កើន​ជាងដប់ដង​ក៏​ដោយ ក៏​ប៉ុន្តែ វា​នៅ​មាន​ទំហំ​ទាប​ណាស់​ ធៀប​នឹង​ថ្លៃ​សិក្សា​នៅ​សហរដ្ឋអាមេរិក និង​ចក្រភព​អង់គ្លេស ដែល​និសិ្សត​បរទេស ត្រូវ​ចំណាយ រហូត​រាប់​សិប​ម៉ឺន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំៗ។

    ផ្អែក​តាម​អ្នក​ឃ្លាំ​មើល​ដដែល គោល​នយោបាយ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ ស្រប​ពេល​ដែល​កំណើន​និស្សិត​ពីតំបន់​អាស៊ី ជាពិសេស​ពី ​ប្រទេស​ចិន ជប៉ុន ឥណ្ឌា កូរ៉េ​ខាង​ត្បូង និង​អាស៊ាន ដែល​មាន​បំណងធ្វើ​ដំណើរ ​មក​សិក្សា​នៅ​បស្ចិម​លោក ចេះ​តែ​បន្ត​កើន​ឡើង ខណៈ​បំណង​រឹតត្បិត​របស់​សហរដ្ឋអាមេរិកលើ​និសិ្ស​តចិន ត្រូវ​បាន​ព្រមាន​ ជាបន្ត​បន្ទាប់​ ដោយ​រដ្ឋបាល​ក្រុង​វ៉ាស៊ីន​តោន៕

    1. 1
    2. 2
    3. 3
    4. ...
    5. បន្ទាប់ >
    6. ចុងក្រោយ >
    កម្មវិធីផ្សាយផ្សេងទៀត
     
    សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ