ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​​បារាំង​ចោទ​ចលនា​ស្តាំនិយមជ្រុល​ជា​អ្នក​បង្ក​អំពើហិង្សា​នៅ​លើ​មហាវិថី​ហ្សង់អេលីហ្សេ?

ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​​បារាំង​ចោទ​ចលនា​ស្តាំនិយមជ្រុល​ជា​អ្នក​បង្ក​អំពើហិង្សា​នៅ​លើ​មហាវិថី​ហ្សង់អេលីហ្សេ?
 
ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​​បារាំង​ចោទ​ចលនា​ស្តាំនិយមជ្រុល​ជា​អ្នក​បង្ក​អំពើហិង្សា​នៅ​លើ​មហាវិថី​ហ្សង់អេលីហ្សេ? © REUTERS/Benoit Tessier

នៅ​ក្នុង​ប្រទេស​បារាំង បាតុកម្ម​របស់​ក្រុម​អាវកាក់លឿង​នៅ​លើ​មហាវិថី​ហ្សង់អេលីហ្សេ​នា​ថ្ងៃ​សៅរ៍ ទី២៤ វិច្ឆិកា​បាន​បិទបញ្ចប់​ដោយ​មាន​ការ​ផ្ទុះ​អំពើហិង្សា​យ៉ាង​ខ្លាំងក្លា​រវាង​កម្លាំង​ប៉ូលិស និង​បាតុករ។ មាន​មនុស្ស​ជាង ១០០នាក់​ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ព្រឹត្តិការណ៍​មួយ​នេះ​ត្រូវ​បាន​បណ្តាញ​សារព័ត៌មានជាតិ និង​អន្តរជាតិ​យក​ទៅ​ចុះ​ផ្សាយ​យ៉ាង​ព្រោងព្រាត។

ក្រោយ​ឧប្បត្តិហេតុ​ហិង្សា រដ្ឋាភិបាល​បាន​ទម្លាក់​កំហុស​លើ​គណបក្ស​ស្តាំនិយមជ្រុល​របស់​លោកស្រី​ម៉ារីន ឡឺពែន និង​ចលនា​ស្តាំនិយមជ្រុល។ ទន្ទឹម​គ្នា​នេះ រដ្ឋមន្រ្តី​មហាផ្ទៃ​លោក​គ្រីស្តូហ្វ កាស្តានែរ​បាន​ប្រដូច​ព្រឹត្តិការណ៍​មួយ​នេះ​ទៅ​នឹង​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​ក្នុង​ថ្ងៃទី៦ កុម្ភៈ ឆ្នាំ ១៩៣៤ និង​មាន​គម្រោង​រំលាយ​រចនាសម្ព័ន្ធ​របស់​ចលនា​ស្តាំនិយមជ្រុល។ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ចោទ​ចលនា​ស្តាំនិយមជ្រុល និង​ថា តើ​មាន​អ្វី​កើត​ឡើង​កាល​ពី​ជាង ៨០ឆ្នាំ​មុន?

មុន​នឹង​និយាយ​ដល់​ចលនា​ស្តាំនិយមជ្រុល និង​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃទី៦ កុម្ភៈ ១៩៣៤ ដែល​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ Christophe Castaner បាន​លើក​ឡើង យើង​គួរ​ចាប់​អារម្មណ៍​នូវ​កម្មវត្ថុ​នៃ​បាតុកម្ម​របស់​ពួក​អាវកាក់​លឿង​ជា​មុន​សិន។ កម្មវត្ថុ​អាទិភាព​របស់​ពួក​គេ គឺ​តវ៉ា​ប្រឆាំង​នឹង​ការ​ដំឡើង​ពន្ធ​លើ​ប្រេង និង​ទំនិញ​គ្រប់​មុខ​នៅ​ក្នុង​ប្រទេស​បារាំង​ពី​សំណាក់​រដ្ឋាភិបាល។ ក្បួន​បាតុកម្ម​របស់​ពួក​គេ​បាន​រៀបចំ​រៀងរាល់​ថ្ងៃ​សៅរ៍​ដោយ​ចាប់​ផ្តើម​លើកទី១ នៅ​ថ្ងៃ​សៅរ៍ ទី១៧ វិច្ឆិកា លើកទី២ នៅ​ថ្ងៃ​សៅរ៍ ទី២៤ វិច្ឆិកា និង​គ្រោង​រៀបចំ​នៅ​ថ្ងៃ​សៅរ៍ ទី១ ធ្នូ​ចុង​សប្តាហ៍​នេះ​ដោយ​មិន​ដឹង​ថា តើ​នឹង​មាន​គម្រោង​រៀបចំ​នៅ​ថ្ងៃ​សៅរ៍​បន្តបន្ទាប់​ទៀត​ឬ​អត់​ទេ។ នៅ​ក្នុង​ប្រទេស​បារាំង​ក៏​ដូច​ជា​ប្រទេស​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​ដែរ ពលរដ្ឋ​ដែល​មិន​សប្បាយចិត្ត​នឹង​ចំណាត់ការ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​រឿង​អ្វី​មួយ​តែង​សម្តែង​ចេញ​តាម​រយៈ​បាតុកម្ម ឬ​កូដកម្ម​អហិង្សា។

តែ​គេ​សង្កេត​ឃើញ​ជា​រួម​ថា បាតុកម្ម ឬ​កូដកម្ម​អហិង្សា​តែង​បាន​បង្កប់ និង​បញ្ចប់​ទៅ​ដោយ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​យ៉ាង​ហិង្សា​រវាង​កម្លាំង​ប៉ូលិស និង​ហ្វូង​បាតុករ។ ដូច្នេះ​គេ​អាច​និយាយ​បាន​ថា ព្រឹត្តិការណ៍​ហិង្សា​កាល​ពី​ថ្ងៃ​សៅរ៍ ទី២៤ វិច្ឆិកា​នៅ​លើ​មហាវិថី​ហ្សង់អេលីហ្សេ​ជា​រឿង​មិន​ភ្ញាក់ផ្អើល និង​ជា​អ្វី​ដែល​គ្រប់​គ្នា​បាន​រង់ចាំ​ទៀត​ផង។ បើ​អ៊ីចឹង ហេតុ​អ្វី​បាន​ជា​អំពើហិង្សា​មួយ​នេះ​បាន និង​កំពុង​បន្ត​ក្លាយ​ជា​ប្រធានរឿង​នៃ​ការ​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ ទៅ​មក​រវាង​រដ្ឋាភិបាល ក្រុម​គណបក្ស​ប្រឆាំង និង​ក្រុម​បាតុករ​អាវកាក់​លឿង​ខ្លាំង​ម្ល៉េះ។ តាម​ពិត​ទៅ និង​អ្វី​ដែល​គ្រប់​គ្នា​ចង់​ដឹង​នោះ​គឺ​ថា តើ​ក្រុម ឬ​ចលនា​ណា​ដែល​បាន​ស្ថិត​ពី​ក្រោយ​អំពើហិង្សា​នោះ?។ រដ្ឋាភិបាល​បាន​ឆ្លើយ​ដោយ​ចង្អុល​ចំ​មុខ​គណបក្សស្តាំនិយមជ្រុល​របស់​លោកស្រី​ម៉ារីន ឡឺពែន និង​ចលនា​ស្តាំនិយមជ្រុល។ ក្រៅ​ពី​នេះ ក៏​មាន​ការ​លើក​ឡើង​ពី​ពួក​ឆ្វេងនិយមជ្រុល​ដែរ។

ពិត​ណាស់​ថា គេ​មិន​អាច​ប្រដូច​គណបក្សស្តាំនិយមជ្រុល​របស់​លោកស្រី​ម៉ារីន ឡឺពែន​ទៅ​នឹង​ចលនា​ស្តាំនិយមជ្រុល​បាន​ទេ តែ​គេ​អាច​និយាយ​បាន​ថា គណបក្សស្តាំនិយមជ្រុល និង​ចលនា​ស្តាំនិយមជ្រុល​មាន​មនោគមវិជ្ជា​ស្រដៀង​គ្នា។តែ​គឺ​ចលនាស្តាំនិយមជ្រុល​ដែល​កំពុង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចាប់​អារម្មណ៍​ខ្លាំង និង​មាន​គម្រោង​រំលាយ​រចនាសម្ព័ន្ធ​របស់​វា​ចោល​តែ​ម្តង។ គឺ​ពួក​សកម្មជន​របស់​ចលនាស្តាំនិយមជ្រុល​នេះ​ឯង​ដែល​បាន​ចូល​បន្លំ​ខ្លួន​នៅ​ក្នុង​ហ្វូង​បាតុករ​អាវកាក់លឿង​ដើម្បី​បង្ក​ភាព​ចលាចល និង​អំពើហិង្សា។ ផ្ទាំងស៊ីប​អាទិភាព​នៃ​ការ​វាយប្រហារ​របស់​ពួក​ស្តាំនិយមជ្រុល គឺ​ស្ថាប័ន​របស់​រដ្ឋ។ ចូរ​កុំ​ភ្លេច​ថា មហាវិថី​ហ្សង់អេលីហ្សេ​មិន​ត្រឹម​ជា​មហាវិថី​ដ៏​ស្អាត​ជាង​គេ​នៅ​ក្នុង​លោក​ប៉ុណ្ណោះ​ទេ តែ​ក៏​ទីតាំង និង​ជា​និមិត្តរូប​មួយ​នៃ​អំណាច​របស់​បារាំង​ដែរ ព្រោះ​វា​ស្ថិត​មិន​ឆ្ងាយ​ពី​វិមាន​ប្រធានាធិបតី រដ្ឋសភាជាតិ និង​ក្រសួង​មហាផ្ទៃ។

អ៊ីចឹង​ហើយ​បាន​ជា​មាន​ការ​ប្រដូច​ព្រឹត្តិការណ៍​ថ្ងៃ ទី២៤ វិច្ឆិកា​នៅ​លើ​មហាវិថី​ហ្សង់អេលីហ្សេ​ទៅ​នឹង​ព្រឹត្តិការណ៍​កាល​ពី​ថ្ងៃទី៦ កុម្ភៈ ១៩៣៤។ លោក​រដ្ឋមន្រ្តី​មហាផ្ទៃ​ Christophe Castaner បាន​ទទួល​ស្គាល់​ថា រូបភាព​ដែល​បាន​កើត​ឡើង​ពេល​នេះ​ហាក់​មិន​សូវ​ខុស​គ្នា​ប៉ុន្មាន​នឹង​រូបភាព​កាល​ពី​ជាង ៨០ឆ្នាំ​មុន​ទេ។ តើ​មាន​ព្រឹត្តិការណ៍​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​ថ្ងៃទី៦ កុម្ភៈ ឆ្នាំ ១៩៣៤?។ គឺ​ក្បួន​បាតុកម្ម​ដែល​រៀបចំ​ដោយ​ពួក​ក្រុម​ជ្រុលនិយម ក្រុមជាតិនិយម ក្រុម​ស្នេហាជាតិ​វ័យក្មេង ចលនា​សាមគ្គីបារាំង រួម​ទាំង​ក្រុម​អតីត​យុទ្ធជន​នៃ​សហភាពជាតិ និង​សមាគមន៍​សាធារណរដ្ឋ។

កាល​ណោះ ក្បួន​បាតុកម្ម​របស់​ពួក​គេ​បាន​រៀបចំ​នៅ​លើ​ទីលាន Concorde ដែល​ស្ថិត​ពី​មុខ​រដ្ឋសភា​ជាតិ​ជាប់​នឹង​មហាវិថី​ហ្សង់អេលីហ្សេ ហើយ​ក៏​ស្ថិត​មិន​ឆ្ងាយ​ពី​វិមាន​ប្រធានាធិបតី​ដែរ។ គោលដៅ​របស់​ពួក​គេ គឺ​ប្រឆាំង​នឹង​ភាព​មិន​ដំណើរការ​របស់​ស្ថាប័ន និង​ភាព​អសមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច។ ក្បួន​បាតុកម្ម​ដែល​ពោរពេញ​ដោយ​អំពើ​ហិង្សា​កាល​ណោះ​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ១៥នាក់​ក្នុង​នោះ ១៤នាក់​ជា​បាតុករ និង១នាក់​ជា​ប៉ូលិស។ ព្រឹត្តិការណ៍​កាល​ណោះ​បាន​ដក់​ជាប់​នៅ​ក្នុង​ជីវិត​នយោបាយ​បារាំង​រហូត​មក​ដល់​សព្វថ្ងៃ។ ជាង ៨០ឆ្នាំ​ក្រោយ​មក ចលនា​បះបោរ​មួយ​នេះ​ហាក់​កំពុង​លេចរូបរាង​ជា​ថ្មី​នៅ​ក្នុង​សង្គម​បារាំង​នៃ​សាធារណរដ្ឋ​ទី៥ និង​ដែល​រដ្ឋាភិបាល​បាន​ប្រកាស​ត្រៀម​ខ្លួន​ដើម្បី​កម្ទេច​ចោល។ តែ​បញ្ហា​នៅ​ត្រង់​ថា គេ​ហាក់​ពិបាក​កំណត់​អត្តសញ្ញាណ និង​ប្រភព​របស់​ចលនា​មួយ​នេះ។

យ៉ាង​ណា​ក៏​ដោយ ក្រុម​អ្នក​វិភាគ​បាន​មើល​ឃើញ​ថា បារាំង​ប្រហែល​មិនមែន ឬ​មិន​អាច​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​រក​ព្រឹត្តិការណ៍​កាល​ពី​ជាង ៨០ឆ្នាំ​មុន​ទេ ព្រោះ​ទី១ បារាំង​សព្វថ្ងៃ​មិន​ដូច​បារាំង​កាល​ពី​ជាង ៨០ឆ្នាំ​មុន និង​ទី២ កាលៈទេសៈ​សព្វថ្ងៃ​ក៏​មិន​ដូច​នឹង​កាលៈទេសៈ​កាល​ពី​ជាង ៨០ឆ្នាំ​មុន​ដែរ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី និង​ដើម្បី​កុំ​ឲ្យ​ស្ថានការណ៍​កាន់​តែ​ធ្លាក់​ដុនដាប រដ្ឋាភិបាល​ត្រូវ​តែ​រួសរាន់​ស្រាយ​បញ្ហា​ឲ្យ​ឆាប់​កាល​ណា​ល្អ​កាល​នោះ។ ជម្រើស​ជា​បន្ទាន់នៅ​ចំពោះ​មុខ គឺ​ចាត់​តំណាង​ឲ្យ​ចរចា​ជាមួយ​ក្រុម​អ្នក​តំណាង​ពួក​អាវកាក់លឿង​ដែល​ពួក​គេ​បាន​ប្តេជ្ញា​នឹង​បន្ត​ការ​តស៊ូ​រហូត​មាន​ដំណោះស្រាយ​មួយ​សមរម្យ​ចំពោះ​ការ​ទាមទារ​របស់​ខ្លួន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង

    រដ្ឋាភិបាល​បារាំង​ចាប់សិក្សា​ពី​ផលប៉ះពាល់​របស់​បាតុកម្ម​អាវកាក់​លឿង ទៅលើ​សេដ្ឋកិច្ច

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    បារាំង៖ ចលនា​ “អាវកាក់​ពណ៌​លឿង” ប្តេជ្ញា​បន្ត​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ម៉ាក្រុង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ