អានតួអត្ថបទ
ប៉ូឡូញ-អាកាសធាតុ

ការប្រែប្រួល​អាកាសធាតុ៖ នៅពេល​ប្រទេស​មហាឧស្សាហកម្ម​ខ្លះ ហាក់​ចង់​ដោះដៃ ដូច​អាមេរិក

សន្និសីទ​អន្តរជាតិ​ស្តី​ពីអាកាសធាតុ​លើកទី ២៤ Cop 24 ត្រូវ​ចាប់ផ្តើមម​បើកទ្វារ ចាប់ ពី​ថ្ងៃអាទិត្យ​នេះ រហូត​ដល់​ថ្ងៃទី ១៤​ធ្នូ នៅ​ប្រទេស​ប៉ូឡូញ។ នៅពេល​ដែល​អ្នកជំនាញ​ខាងអាកាសធាតុ បាន​ព្រមាន​ពីការកើនឡើង​នៃ​កំដៅ​ផែនដី ៣អង្សា បន្ថែមទៀត ពីពេលនេះ រហូត​ដល់​ចុងសតវត្សរ៍ ប្រទេស​អ្នកមាន ហាក់​និយាយ​ចុងមាត់ ចុងក ក្នុងរឿង​គោរព​កិច្ចសន្យា ដើម្បី កាត់បន្ថយ ការបញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ ដែល​ជាប្រភព​ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ។ ប្រទេស​ក្រីក្រ​ឯណោះ​វិញ រង់ចាំ ជាមួយ ក្តីសង្ឃឹមតិចតួច ជំនួយ​បៃតង​ពី​ក្រុមប្រទេស​មហាឧស្សាហកម្ម ដែល​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ច្រើនរហូតមក។ 

រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​ធ្យូងថ្ម នៅ​ប្រទេស​ប៉ូឡូញ Belchatow ជារោងចក្រ​ប្រើធ្យូងថ្ម​ធំជាងគេ​នៅអឺរ៉ុប។ រូបថត​ថ្ងៃ​ទី២៨​វិច្ឆិកា ២០១៨
រោងចក្រ​អគ្គិសនី​ដើរដោយ​ថាមពល​ធ្យូងថ្ម នៅ​ប្រទេស​ប៉ូឡូញ Belchatow ជារោងចក្រ​ប្រើធ្យូងថ្ម​ធំជាងគេ​នៅអឺរ៉ុប។ រូបថត​ថ្ងៃ​ទី២៨​វិច្ឆិកា ២០១៨ © REUTERS/Kacper Pempel
ផ្សាយពាណិជ្ជកម្ម

គេ​ឃើញ​យ៉ាងច្បាស់ ជំហរ​ដ៏​រារែក​របស់​ប្រទេស​ឧស្សាហកម្ម នៅក្នុង​ការគោរព​អនុវត្ត​ធ្វើតាម​កិច្ចព្រមព្រៀង​ស្តីពី​អាកាសធាតុ ក្រុង​ប៉ារីស។ នៅថ្ងៃ​ម្សិលមិញ នៅក្នុង​សេចក្តី​ថ្លែងការណ៍​នៅក្រោយ​កិច្ចប្រជុំ G២០ នៅ​ប្រទេស​អាហ្សង់ទីន សមាជិក​របស់​ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម ទាំង​២០ ដែល​ជា​ហត្ថេលខី​នៃ​កិច្ចព្រមព្រៀង ស្តីពីអាកាសធាតុ (លើកលែង​តែ​អាមេរិក ដែល​ដកខ្លួន​ចេញ កាលពី​ឆ្នាំ ២០១៧) បាន​ត្រឹម​តែ​បញ្ជាក់​ថា គេនឹង​ចូលរួម​អនុវត្ត​ធ្វើ​តាមកិច្ចព្រមព្រៀង ប៉ុន្តែ មិន​បាន​លម្អិត​អ្វី​ច្រើន​នោះទេ។

នៅក្នុង​សន្និសីទ​របស់​អង្គការ​សហប្រជាជាតិ រយៈពេល ១២​ថ្ងៃ​ ដែល​ចាប់ផ្តើម​បើកធ្វើ​នៅ​ថ្ងៃអាទិត្យនេះ នៅប្រទេស​ប៉ូឡូញ ប្រទេសចំនួន ​២០០​នៅក្នុង​ពិភពលោក ត្រូវ​ពិភាក្សា ដើម្បី​ដាក់​ឲ្យ​អនុវត្ត​កិច្ចព្រមព្រៀង ក្រុង​ប៉ារីស ដែល​សំដៅ ទប់ទល់​កុំ​ឲ្យ​កំដៅលើផែនដី កើនឡើង ២អង្សាបន្ថែមទៀត​ពីពេលនេះ​រហូត​ដល់​ចុងសតវត្សរ៍​ទី​២១។ ជារួម គេត្រូវ​ផលិត​ឲ្យ​បាន​សៀវភៅ បទបញ្ជារ​មួយ ដែល​មាន​ចែង​តាំង​ពី​តម្លាភាព បរិមាណ​ឧស្ម័នកាបូនិក​ដែល​គេ​ត្រូវ​កាត់បន្ថយ ហើយ​និងថវិកា សម្រាប់​ជួយ​ប្រទេស​ក្រីក្រ ដែល​រង​ប៉ះពាល់​រួច​ហើយ ដោយសារ​ការប្រែប្រួល​អាកាសធាតុ។

បញ្ហា​ថវិកា ហើយ​និង​ការចូលរួម​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ជា​សំណួរ​ចោទចំបង​ដែល គេ​គេចវេស​មិន​ចង់​លើកនិយាយ។ ទៅតាមកិច្ចព្រមព្រៀង​ស្តីពីអាកាសធាតុ ក្រុង​ប៉ារីស ក្រុមប្រទេស​អ្នកមាន​បាន​សន្យា​ផ្តល់​វិភាគទាន ដល់​កញ្ចប់​ថវិកា​បៃតង ដែល​ត្រូវ​មាន​២០០ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ រហូត​ដល់​ឆ្នាំ ២០២០។ ប៉ុន្តែ តាម របាយការណ៍ របស់​អង្គការ​Oxfam​មានតែ​ថវិកា​តែ​ពាក់កណ្តាល​តែប៉ុណ្ណោះ ដែល​ត្រូវ​បាន​គេ​ផ្តល់​សម្រាប់​ជំនួយ​កញ្ចប់បៃតង។ ក្រុមប្រទេស​អ្នកមាន ប្រទេស​មហាឧស្សាហកម្ម​វាយតម្លៃថា ថវិកា​បៃតង គឺ​សម្រាប់ជួយ​ទ្រទ្រង់ ​សកម្មភាព គម្រោងការវិនិយោគ​ណា​ដែល​​ជួយ កាត់បន្ថយ​ការបញ្ចេញឧស្ម័ន​កាបូនិក ប៉ុន្តែ សម្រាប់​ប្រទេស​ក្រីក្រ ពួកគេ​សក្តិសម​នឹង​ទទួល​បាន​ជំនួយ ដោយសារ​តែជីវិត​រស់នៅ​របស់​ពួកគេ ត្រូវ​បាន​ប៉ះពាល់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ឬ​ការបញ្ចេញឧស្ម័ន​កាបូនិក​របស់​ក្រុមប្រទេស​អ្នកមាន។

នៅពេល​ដែល​ក្រុមប្រទេស​អ្នកក្រ និង​ក្រុមប្រទេស​មហាឧស្សាហកម្ម យល់មិនដូចគ្នា គេឃើញ​កើតមាន​ផងដែរ ការខ្វែងគំនិត​គ្នា​រវាង​ក្រុមប្រទេស​មហាឧស្សាហកម្ម ក្នុង​រឿង​កាត់បន្ថយ​ឧស្ម័នកាបូនិក ឧស្ម័ន​ផ្ទះកញ្ចក់ ដែលជា​ប្រភព​ធ្វើ​ឲ្យ​ផែនដី​ឡើងកំដៅ។ ប្រទេស​មួយចំនួន បាន​បដិសេធ មិនផ្លាស់ប្តូរ​ប្រភពថាមពល​របស់ខ្លួន ដើម្បី​ហេតុផល​ប្រយោជន៍​សេដ្ឋកិច្ច។ ជាក់ស្តែង ប៉ូឡូញ ដែល​ធ្វើ​ជា​ប្រទេស​ម្ចាស់ផ្ទះ​រៀបចំ​សន្និសីទ ស្តី​ពី​អាកាសធាតុ លើកនេះ នៅ​តែ​ការពារ​នយោបាយ ប្រើប្រាស់​ធ្យូងថ្ម ដើម្បី​ផលិត​ថាមពល​​ក្នុង​ស្រុក នោះបើទោះបី​ជា​ធ្យូងថ្ម បញ្ចេញឧស្ម័ន​កាបូនិក​ច្រើនជាងគេ​ក៏ដោយ។ នៅប្រេស៊ីល ជាទី ដែលមានការកាប់បំផ្លាញព្រៃ អាម៉ាហ្សូន ក្នុង​ទ្រង់ទ្រាយធំ មិន​​ធ្លាប់ មាន ប្រធានាធិបតី​ថ្មីរបស់​ប្រេស៊ីល ដែល​កោតសរសើរ​នយោបាយ​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ បាន​ប្រកាស​បដិសេធ​មិន​ទទួល​រៀបចំ សន្និសីទ​ស្តីពីអាកាសធាតុ លើកទី ២៥ ដែល​ត្រូវ​គ្រោងធ្វើ នៅឆ្នាំ ក្រោយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ