ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

កំណែ​​​ទម្រង់​រយៈ​​​ពេល​​​វែង​​​និង​​​ប្រជាប្រិយភាព​​​របស់​​​ប្រធានាធិបតី​​​បារាំង​​​

កំណែ​​​ទម្រង់​រយៈ​​​ពេល​​​វែង​​​និង​​​ប្រជាប្រិយភាព​​​របស់​​​ប្រធានាធិបតី​​​បារាំង​​​
 
ប្រធានាធិបតីបារាំង​លោក Macron​​ រដមន្ត្រី​​ក្រសួង​​មហាផ្ទៃ​​​លោក ​​Cristophe Castaner ​​ប្រមុខ​នគរបាល​បារាំង​ Michel Delpuech​​ អញ្ជើញ​​ទៅ​សួរ​សុខទុក្ខ​​ក្រុម​អ្នក​លត់​ភ្លើង​​​និង​​​មន្ត្រី​​ប៉ូលិស​​​បន្ទាប់ពី​មហា​បាតុកម្ម​​នៅ​​ប៉ារីស​​រួចមក​​​​​​ Thibault Camus/Pool via REUTERS

វាជា​លើ​ក​ដំបូង ក្នុងប្រវត្តិសាស្ត្រ​បារាំង ដែល​មាន​ប្រធានាធិបតីវ័យ​ក្មេង​បំផុត ក្រោយ​សករាជរបស់​ អធិរាជបារាំង ណាប៉ូ ឡេអុង។ ជាង​មួយឆ្នាំកន្លះ​ក្នុង​តំណែងរបស់​ខ្លួន លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ត្រូវ​បាន​មើល​ឃើញ​ថា មាន​ភាព​​សកម្ម​ខ្លាំង​ ក្នុង​ការ​ធ្វើ​កំណែ​ទម្រង់​នានា ដើម្បី​ធ្វើ​ឱ្យ​សេដ្ឋកិច្ចបារាំងមានភាព​ប្រកួត​ប្រជែង​​ជាងមុន និងដើម្បី​ដើរឱ្យទាន់សភាពការណ៍របស់ពិភពលោក។

វា​ជា​កំណែ​ទម្រង់ ដែល​ទទួល​រង​ការ​ប្រឆាំង​យ៉ាងខ្លាំង ពីប្រជាជន​បារាំង​ រហូត​ដល់ ប្រជាប្រិយភាព​​របស់គាត់​បានបន្តធ្លាក់ចុះ។ នៅទីបញ្ចប់ តើលោក​ម៉ាក្រុង​អាច​នឹង​ជម្នះធ្វើកំណែទម្រង់វះកាត់សង្គមបានជោគជ័យ ​ឬ​យ៉ាង​ណា?

ក្នុង​កំឡុង​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ ប្រជាប្រិយភាព​របស់​ប្រធានា​ធិបតី​បារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាន​បន្ត​ធ្លាក់​ចុះ។ គិត​ត្រឹម​ខែ​​វិច្ឆិកានេះ បើ​យោង​តាម​ការ​ស្ចង់មតិ ​ចេញ​ផ្សាយ​ដោយទស្សនាវដ្ដី Journal du Dimanche ដែល​បាន​ស្ទង់​មតិ​លើ​ពលរដ្ឋ​បារាំងចំនួន ប្រមាណ ១៩០០នាក់ ក្រោយចលនា​បាតុកម្ម​របស់​ក្រុម​អាវកាក់​ពណ៌លឿង ប្រឆាំង​នឹង​ការ​ដំឡើង​ថ្លៃ​ប្រេង​ឥន្ធនៈ​ គេ​អង្កេត​ឃើញ​ថា ប្រជាប្រិយភាព​របស់​លោកម៉ាក្រុង បាន​ធ្លាក់​ បួនភាគរយ​បន្ថែម​ទៀត ឬធ្លាក់​​មកទាប​ជាង​ ២៥ភាគ​រយ​ ពោល​គឺ​មាន​មិន​ដល់ ម្នាក់​ផង​ក្នុង​ចំណោមពលរដ្ឋ​បារាំង បួននាក់​ ដែល​បន្ត​គាំទ្រ​នយោបាយ​របស់​លោក ម៉ាក្រុង ។

យោង​តាម​អ្នក​ឃ្លាំ​មើល​សង្គម​ ភាព​មិន​ពេញ​ចិត្ត​នេះ​អាស្រ័យ​យ៉ាង​ខ្លាំង​ទៅ​នឹង ការ​ធ្វើ​​​កំណែ​ទម្រង់​យ៉ាង​ស៊ីជម្រៅ​ លើ​វិស័យ​ចម្បងៗ របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​។ គិត​មក​ដល់​ពេល​នេះ លោកម៉ាក្រុង បានឡើងកាន់តំណែងជាប្រធានាធិបតីបារាំង អស់រយៈ​ពេល​ជិត មួយឆ្នាំកន្លះ​ហើយ។ ប្រធានាធិបតីវ័យក្មេង​បារាំងរូបនេះ ត្រូវបានគេមើល​ឃើញ​​ថា មាន​​ភាព​សកម្ម​ខ្លាំង ក្នុងការធ្វើកំណែទម្រង់នានា។

ក៏ប៉ុន្តែ មាន​មតិ​មហាជន​​​យ៉ាង​ច្រើន យល់​ថា កំណែទម្រង់​របស់​លោក​ ម៉ាក្រុង ធ្វើ​ឡើង​ដើម្បីតែជួយអ្នក​មាន​ និង​មិន​ខ្វល់​ខ្វាយអំពីសុខទុក្ខ​ ប្រជាជនដែលមានជីវភាព​មធ្យម​ ឬក្រីក្រ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កំណែ​ទម្រង់​ចម្បងៗ ដែល​បាន​អនុវត្ត​កន្លង​មក​ របស់​លោក​ម៉ាក្រុង ​រួមមាន កំណែ​ទម្រង់លើ​វិស័យ​អប់រំ កំណែ​ទម្រង់​លើ​វិស័យ​ដឹក​ជញ្ជូន​សាធារណៈ កំណែ​ទម្រង់​លើ​ច្បាប់ការងារបារាំង កំណែ​ទម្រង់​ពន្ធដារ និង​កំណែ​ទម្រង់​​លើ​វិស័យ​គាំពារ​សង្គម ជាដើម។ ហើយ​​ក្នុងពេល​ថ្មីៗនេះ គឺការដំឡើង​ថ្លៃ​​ប្រេង​ឥន្ធនៈ។ សរុប​ជារួម វាគឺ​ជា​កំណែ​ទម្រង់ ​ដែល​មាន​បំណង​ធ្វើ​ឱ្យ ​សេដ្ឋកិច្ចបារាំង​មាន​ភាព​ប្រកួត​ប្រជែង​ជាង​មុន​ ធៀប​នឹង​ទីផ្សារ​ពិភពលោក និង​ដើម្បី​​ធ្វើ​ឱ្យ​ប្រជាជន​បារាំង​ ​ត្រូវ​បង្ខំចិត្ត​ខិតខំ​ធ្វើការ​ច្រើន​ជាង​មុន​ ដើម្បី​ដើរ​តាមឱ្យ​ទាន់​សភាព​ការណ៍​របស់​ពិភពលោក។

ផ្នែកតាម​ការ​អនុវត្ត​ជាក់ស្ដែង គេ​អង្កេត​ឃើញ​ជា​រឿយៗ ​ក្នុង​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យនិយម ថា ប្រជា​ប្រិយភាព​របស់​អ្នក​ដឹក​នាំ​តែង​តែ​ធ្លាក់​ចុះ នៅ​ពេល​ដែល​រដ្ឋាភិបាល​ព្យាយាម​ធ្វើ​កំណែ​ទម្រង់​​ស៊ី​ជម្រៅណា​មួយ ​ សម្រាប់​ប្រយោជន៍ជាតិ ជាពិសេស​​គឺ ​ការ​កែប្រែសង្គម​ ​ដែល​ពាក់ព័ន្ធ​នឹង​ការ​កាត់​បន្ថយ​របបគាំពារ​សង្គម​។ ក្នុង​ស្ថាន​ភាពនេះ ដើម្បី​ទទួល​បាន​សម្លេង​ឆ្នោត​ពីប្រជាពលរដ្ឋ​​ភាគច្រើន រដ្ឋាភិបាល​​មួយ​​​នឹង​សន្យា​ធ្វើ​អ្វីៗបន្ថែម​ ជាពិសេស ​ការ​អនុវត្ត​នយោបាយ​រយៈពេល​ខ្លី ដែល​អាច​ចេញ​​ជា​លទ្ធផល​ភ្លាមៗ។

ហើយ​ដើម្បីអាច​យក​ឈ្នះ​គូប្រជែង​របស់​ខ្លួន​នៅការ​បោះឆ្នោត​​​បន្ទាប់ គេ​ចាំបាច់​ត្រូវ​បន្ត​សន្យា​ផ្តល់​នូវនយោបាយ​របៀបនេះ​ ​ជាបន្ត​បន្ទាប់។ វា​ជា​ការសន្យា​មួយដែល​គ្មាន​ទីបញ្ចប់។ ក្នុងល័ក្ខខ័ណ្ឌ​នេះ បេក្ខ​ជន​ប្រធានាធិបតី​មួ​យ​នឹង​មិន​ត្រូវ​បាន​បោះឆ្នោត ​ផ្តល់​សេចក្តី​ទុក​ចិត្ត ​ដោយ​ប្រជាពលរដ្ឋ​ភាគច្រើន​នោះ​ទេ ប្រសិន​បើ​គាត់​មាន​បំណង​អនុវត្ត​នយោបាយរយៈពេល​វែង ឬ​វា​ប្រៀប​បាន​ជាមួយ​​ការវះកាត់ និងដាក់​ថ្នាំ​ព្យាបាល​​ជម្ងឺសង្គម​ដ៏​ល្វីងជូរជត់។

នៅ​ចុង​បញ្ចប់ ផលវិបាកផ្សេង​ៗ​ដូចជា ការកើន​ឡើង​បំណុល​សាធារណៈ ឱនភាព​ថវិកា​ជាតិ អត្រា​និកម្មភាព​កើន​ឡើង នឹង​ក្លាយ​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ក្រោយៗ និង​មនុស្ស​ជំនាន់​ក្រោយដែល​ត្រូវ​បង់​ពន្ធ​បន្ថែម។ ទោះ​ជាយ៉ាងណា ស្ថាន​ភាព​អាច​នឹង​មាន​ភាព​ប្រែប្រួលខ្លះ សម្រាប់​ប្រទេស​ដែល​មាន​អាណត្តិ​ដឹកនាំ ដូចជាករណី​នៅ​បារាំង​ ​ដែល​ប្រធានាធិបតី​អាច​ដឹកនាំ​បានត្រឹម​តែពីរអាណត្តិ។ ​

ក្នុងល័ក្ខខ័ណ្ឌ​នេះ ប្រធានាធិបតី​ដែល​បាន​ជាប់​ឆ្នោត​នៅអាណត្តិ​ទីពីរ​នឹង​ខិតខំ​អនុវត្ត​នយោបាយ​រយៈពេល​វែង ដើម្បី​ប្រយោជន៍​ជាតិ​ ព្រោះ​ខ្លួន​មិន​ចាំបាច់​ត្រូវ​ខ្វល់​ខ្វាយ​ចង់​បាន​សម្លេង​ឆ្នោត​អ្វីទៀត​ទេ នៅ​អាណត្តិបន្ទាប់។ ក៏ប៉ុន្តែ តើ​ប្រធានាធិបតី​ដែល​ចង់​កែប្រែសង្គម​យ៉ាង​ស៊ី​ជម្រៅ តាំង​ពីអាណត្តិដំបូង ដូច​លោក​ម៉ាក្រុង អាច​នឹង​ជាប់​ឆ្នោត​ ឬក៏អត់ ​នៅ​អាណត្តិ​ទីពីរ?

យោង​តាម​អ្នក​ជំនាញ​ខ្លះ ការ​ធ្លាក់​ចុះ​ប្រជាប្រិយភាព​របស់​លោកម៉ាក្រុង​ វា​ជារឿង​ល្អ​ទៅវិញ​ទេ ព្រោះ​វាបាន​បង្ហាញថា លោក​ម៉ាក្រុង​បាន​និងកំពុងជម្នះធ្វើ​កំណែ​ទម្រង់​វះកាត់សង្គម សម្រាប់​រយៈពេល​វែង ដោយ​មិន​ខ្លាច​ ការ​ប្រឆាំង​របស់​ពលរដ្ឋបារាំង។ នៅ​ចុង​ក្រោយ បើ​គាត់​អាច​ធ្វើ​បាន​មែន នោះ​សង្គមបារាំង​​នឹងមាន​ភាព​ល្អប្រសើរ​ឡើង។​ ទោះ​ជា​យ៉ាង​ណា ការសាងទំនុក​ចិត្ត​ លើ​កំណែ​ទម្រង់​ណាមួយ​ជារឿង​ចម្បង។ នៅ​ពេល​ដែល​អ្នក​អាច​គោរពការ​សន្យា​លើ​ក​ទីមួយ​បាន​ហើយ នោះ​ពល​រដ្ឋ​នឹង​ផ្តល់ទំនុក​ចិត្ត​លើ​អ្នក​កាន់តែ​ស្រួល​សម្រាប់​ការ​សន្យាលើក​ទីពីរ និងជា​បន្តបន្ទាប់៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ