បារាំង៖ប្រឈមនឹងចលនា « អាវកាក់លឿង » រដ្ឋាភិបាលថយក្រោយមួយជំហាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៤៧
នៅក្នុងប្រទេសបារាំង វិបត្តិនយោបាយ និងសង្គមកំពុងបន្តជាបច្ចុប្បន្នភាពយ៉ាងក្តៅគគុក។ តាំងពីជាង ៣សប្តាហ៍ ចលនា « អាវកាក់លឿង » បានធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលដែលគ្រោងដំឡើងពន្ធលើប្រេងចាប់ពីថ្ងៃទី១ មករា ឆ្នាំ ២០១៩។ តែអ្វីជាការកត់សម្គាល់ ក្បួនបាតុកម្មបានផ្ទុះចេញនូវអំពើហិង្សាយ៉ាងខ្លាំងក្លារវាងកម្លាំងប៉ូលិស និងពួកបាតុករ ពិសេសក្រុមជនឱកាសនិយមដែលចូលបន្លំដើម្បីវាយកម្ទេច និងដុតបំផ្លាញដូចបាតុកម្មក្នុងទីក្រុងប៉ារីសកាលពីថ្ងៃសៅរ៍ ទី១ ធ្នូ។ នៅថ្ងៃចន្ទ ទី៣ ធ្នូ លោកនាយករដ្ឋមន្រ្តីអេឌ័រ ហ្វីលីពបានទទួលជួបមេគណបក្សនយោបាយមកពីគ្រប់និន្នាការ ហើយគម្រោងជួបជាមួយក្រុមតំណាងអាវកាក់លឿងនាថ្ងៃអង្គារ ទី៤ ធ្នូត្រូវបានលុបចោលវិញ។ ទីបំផុតនៅថ្ងៃអង្គារ ទី៤ ធ្នូ រដ្ឋាភិបាលបានសម្រេចផ្អាកការអនុវត្តវិធានការមួយចំនួនរយៈពេល ៦ខែ ពិសេសផ្អាកដំឡើងពន្ធប្រេង។
គេអាចនិយាយបានទេថា ការដែលរដ្ឋាភិបាលយល់ព្រមផ្អាកការអនុវត្តវិធានការដំឡើងពន្ធពេលនេះជាជោគជ័យរបស់ចលនាអាវកាក់លឿង។ ចូរកុំភ្លេចថា គឺគម្រោងដំឡើងពន្ធប្រេងរបស់រដ្ឋាភិបាលចាប់ពីឆ្នាំក្រោយទៅដែលជាដើមចមនៃក្បួនបាតុកម្មរបស់ពួកអាវកាក់លឿងតាំងពីជាង ៣សប្តាហ៍កន្លងមក។ បន្ទាប់ពីបានជួបសន្ទនាជាមួយមេគណបក្សនយោបាយមកពីគ្រប់និន្នាការពេញមួយថ្ងៃចន្ទ ទី៣ វិច្ឆិកា លោកនាយករដ្ឋមន្រ្តីអេឌ័រ ហ្វីលីពបានប្រកាសវិធានការចំនួន ៣ ទី១ ផ្អាកដំឡើងពន្ធប្រេង ទី២ ផ្អាកនីតិវិធីត្រួតពិនិត្យបច្ចេកទេសយានយន្ត និងទី៣ ផ្អាកការឡើងថ្លៃតម្លៃភ្លើងអគ្គិសនី និងហ្គាស។
សំណួរដែលគ្រប់គ្នាកំពុងចោទសួរពេលនេះគឺថា តើការដែលរដ្ឋាភិបាលយល់ព្រមដើរថយក្រោយមួយជំហានពេលនេះ វាគ្រប់គ្រាន់ដើម្បីរំងាប់ភាពបះបោររបស់ពួកអាវកាក់លឿង ឬអត់។ ចម្លើយជាទូទៅគឺអត់ ព្រោះទី១ កាយវិការរបស់រដ្ឋាភិបាលពេលនេះហាក់នៅមិនទាន់គ្រប់គ្រាន់ និងទី២ កាយវិការរបស់រដ្ឋាភិបាលបានធ្លាក់មកដូចជាចង់យឺតពេលបន្តិច។ ចូរកុំភ្លេចថា វិធានការប្រកាសដោយលោកអេឌ័រ ហ្វីលីពពេលនេះគ្រាន់ជាវិធានការបណ្តោះអាសន្ន។ អ្វីដែលពួកអាវកាក់លឿងចង់បានពិតប្រាកដ មិនមែនផ្អាករយៈពេល ៦ខែ ឬ ៩ខែទេ តែលុបចោលទាំងស្រុងតែម្តង។ តែយ៉ាងណាក៏ដោយ ក្រុមអាវកាក់លឿង រួមទាំងក្រុមបក្សប្រឆាំងបានសាទរ និងចាត់ទុកកាយវិការរបស់រដ្ឋាភិបាលពេលនេះ ថាជាការបោះមួយជំហានទៅមុខដើម្បីបិទបញ្ចប់វិបត្តិដែលកំពុងអូសបន្លាយមួយនេះ។
ចលនាអាវកាក់លឿងបន្តការដាក់គំនាបលើរដ្ឋាភិបាល
អ្វីដែលរដ្ឋាភិបាលសង្ឃឹមទទួលបានវិញពីកាយវិការរបស់ខ្លួនពេលនេះ គឺគ្មានបាតុកម្មរបស់ពួកអាវកាក់លឿង ពិសេសរូបភាពបាតុកម្មក្នុងទីក្រុងប៉ារីសដូចកាលពីថ្ងៃសៅរ៍ ទី១ ធ្នូ។ តែបើតាមមើលទៅប្រហែលជាពិបាកបន្តិច ពិបាកព្រោះទី១ ពួកអាវកាក់លឿងចង់ឲ្យរដ្ឋាភិបាលលុបចោលទាំងស្រុងលើគម្រោងដំឡើងពន្ធទាំងអស់ និងទី២ ពួកគេបាន និងកំពុងទាមទារលើសពីអ្វីដែលខ្លួនបានទាមទារពីដំបូង។ អ្វីដែលពួកគេបានទាមទារបន្ថែមពេលនេះមានច្រើន ពិសេសឲ្យបញ្ចុះពន្ធលើទំនិញគ្រប់សារពើក្នុងគោលដៅជួយលើកដំកើងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋបារាំង។
ពលរដ្ឋបារាំងថ្នាក់មធ្យមដែលមានប្រាក់ខែទាបបានរអ៊ូរទាំពីជីវភាពរស់នៅប្រចាំថ្ងៃលំបាកលំបិន ដាច់ខែ ដាច់ខ្យល់។ សំណើសុំរដ្ឋាភិបាលឲ្យគិតគូរពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋថ្នាក់មធ្យមមិនមានតែពីពួកអាវកាក់លឿងទេ តែក៏ជាសំណើរបស់មេបក្សនយោបាយមកពីគ្រប់និន្នាការ និងពីក្រុមសហជីពមួយចំនួនដែរ។ ពួកអាវកាក់លឿងបានយល់ឃើញថា ដើម្បីឲ្យបុព្វហេតុរបស់ខ្លួនទទួលជោគជ័យ គឺមានតែបន្តការដាក់គំនាបបន្ថែមលើរដ្ឋាភិបាល ពោលមិនមែនដកថយទេ។ គេនៅមិនទាន់ដឹងថា តើនឹងមានគម្រោងបាតុកម្មរបស់ពួកអាវលឿងនៅថ្ងៃសៅរ៍ ទី៨ ធ្នូចុងសប្តាហ៍នេះឬអត់ទេ ហើយបើមាន តើនឹងមានទំហំ និងទ្រង់ទ្រាយយ៉ាងម៉េចដែរ។
ចលនាអាវកាក់លឿងជាចលនារប៉ាត់របាយ?
ទីបំផុត គម្រោងជំនួបរវាងលោកនាយករដ្ឋមន្រ្តីអេឌ័រ ហ្វីលីព និងក្រុមតំណាងចលនាអាវកាក់លឿងក្នុងថ្ងៃអង្គារ ទី៤ ធ្នូ ត្រូវបានលុបចោលវិញ។ គឺភាគីតំណាងឲ្យចលនាអាវកាក់លឿងដែលបានបញ្ជាក់ពីការមិនអាចចូលរួមបានដោយមូលហេតុសន្តិសុខ។ បន្ទាប់មក វិមានរដ្ឋាភិបាលក៏បានបញ្ជាក់ជាផ្លូវការពីការគ្មានជំនួបជាមួយក្រុមអ្នកតំណាងអាវកាក់លឿងដូចដែលបានគ្រោងទុក។ មូលហេតុសន្តិសុខដែលពួកអាវកាក់លឿងបានលើកឡើង គឺមានអ្នកតំណាងខ្លះរបស់ពួកគេបានទទួលការគំរាមកំហែងសម្លាប់។ គេនៅមិនទាន់អាចផ្ទៀងផ្ទាត់លើព័ត៌មានទាំងអស់នៅឡើយទេ។ តែមានហេតុផលចំនួនពីរដែលបានលើកឡើងពីការសម្រេចមិនចូលរួមរបស់ចលនាអាវកាក់លឿង ទី១ មកពីពួកគេមិនអាចឯកភាពគ្នាលើប្រធានរឿងដែលត្រូវជជែកតទល់ជាមួយលោកអេឌ័រ ហ្វីលីព និងទី២ មកពីពួកគេពិបាករកបានតំណាងពិតប្រាកដ និងផ្លូវការរបស់ខ្លួន។
គួររម្លឹកថា ចលនាអាវកាក់លឿងដែលបានធ្វើបាតុកម្មនៅសឹងគ្រប់ទីកន្លែងទូទាំងប្រទេសបារាំងតាំងពីជាង ៣សប្តាហ៍ត្រូវបានគេប្រដូចទៅនឹងចលនាពលរដ្ឋដែលគ្មានរចនាសម្ព័ន្ធ និងមេកើយច្បាស់លាស់ ពោលមិនដូចក្បួនបាតុកម្មដែលរៀបចំដោយក្រុមសហជីព។ នៅថ្ងៃសុក្រ ទី៣០ វិច្ឆិកា លោកអេឌ័រ ហ្វីលីពធ្លាប់បានជួបសន្ទនាជាមួយក្រុមអ្នកតំណាងអាវកាក់លឿងម្តងហើយ តែមានខ្លះមិនបានចូលរួមទេ។ នេះស បញ្ជាក់ឲ្យឃើញថា ក្រុមអ្នកតំណាងអាវកាក់លឿងខ្លះមិនត្រូវបានទទួលស្គាល់ដោយចលនាអាវកកាក់លឿងនៅទូទាំងប្រទេសបារាំងឡើយ។ រដ្ឋាភិបាលកំពុងបន្តចោទសួរថា តើខ្លួនត្រូវចរចាជាមួយអ្នកណាពិតប្រាកដ ព្រោះគេមិនអាចចរចាជាមួយពួកអាវកាក់លឿងម្នាក់ៗបានឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ