អឺរ៉ុបបង្ហាញផែនការប្រឆាំងនឹងការផ្សាយព័ត៌មានមិនពិតតាមអ៊ីនធ័រនែត
ខណៈដែលការបោះឆ្នោតសភាកាន់តែខិតជិតមកដល់ នៅថ្ងៃពុធនេះ គណៈកម្មការអឺរ៉ុប បានចេញផែនការសកម្មបង្ការការផ្សព្វផ្សាយព័ត៌មានមិនពិត តាមប្រព័ន្ធអ៊ីនធ័រនែត។ អឺរ៉ុបបានអំពាវនាវឱ្យប្រទេសជាសមាជិកសហភាព និងបណ្តាញអ៊ីនធ័រនែតទាំងអស់ ដូចជា ហ្វេសប៊ូក ជាដើម ប្រមូលផ្តុំគ្នាប្រឈមនឹងការគ្រោះប្រឌិតព័ត៌មាន ដែលទំនងជាមានប្រភពមកពីរុស្ស៊ី។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
“ប្រព័ន្ធដាស់អាសន្ន” រវាងពីស្ថាប័នមួយទៅស្ថាប័នមួយ និងរវាងពីប្រទេសមួយទៅប្រទេសមួយជាសមាជិកសហភាពអឺរ៉ុប នឹងត្រូវចាប់ដំណើរការចាប់ពីខែមីនាទៅ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់គណៈកម្មការអឺរ៉ុបដែលអះអាងទៀតថា “ប្រព័ន្ធដាស់អាសន្ន” គឺកម្មវិធីរក្សាសន្តិសុខអ៊ីនធ័រនែត ដែលស្ថាប័ន ឬប្រទេសជាសមាជិកអាចប្រើប្រាស់វា សម្រាប់ចែកចាយទិន្ន័យភ្លាមៗ នៅពេលឃើញមានការប៉ុនប៉ងចង់ផ្សព្វផ្សាយព័ត៌មានមិនពិត (ទាក់ទងនឹងការបោះឆ្នោតអឺរ៉ុប ខែឧសភា ឆ្នាំ២០១៩)ជាយថាហេតុណាមួយកើតឡើង។
ជាការប៉ុនប៉ងផ្តល់ព័ត៌មានមិនពិត ដើម្បីជ្រៀតជ្រែក នៅក្នុងការបោះឆ្នោតសភា /ប្រធានាធិបតីឬបោះឆ្នោតប្រជាមតិផ្សេង ដែលមានប្រភពមកបរទេស និងជាក់ស្តែងមកពីរុស្ស៊ីជាចម្បង។ នេះបើតាមសេចក្តីថ្លែងការណ៍អឺរ៉ុបដដែល។
គណៈកម្មការអឺរ៉ុប ក៏បានប្រកាសដំឡើងថវិកា ទ្វេមួយពីរសម្រាប់ឆ្នាំ២០១៩នេះ ដោយបង្កើតឱ្យមានក្រុមអ្នកទទួលបន្ទុកប្រយុទ្ធប្រឆាំង និងបញ្ជ្រាបព័ត៌មានដល់សាធារណជន ទូទៅ អំពីគ្រោះនៃការប្រឌិតព័ត៌មាន។
នៅក្នុងវិធានការនេះ គណៈកម្មការអឺរ៉ុប ក៏បានស្នើសុំឱ្យក្រុមហ៊ុនអ៊ីនធ័រនែតធំៗ ដូចជា Facebook Twitter និង Google ដែលបានចុះហត្ថលេខាលើក្រមប្រតិបត្តិកាលពីខែកញ្ញា ធ្វើរបាយការណ៍ប្រចាំខែ ក្នុងមួយខែម្តង ចាប់ពីខែមករា ឆ្នាំ២០១៩ទៅ ស្តីអំពីសកម្មភាពទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ លើប្រព័ន្ធអ៊ីនធ័រណែតរបស់ពួកគេ។ ក្រុមហ៊ុនអ៊ីនធ័រនែត ត្រូវចេះបែងចែងឱ្យដាច់រវាងខ្លឹមសារផ្សាយពាណិជ្ជកម្ម និងផ្សាយព័ត៌មាន ដោយត្រូវបិទគណនីក្លែងក្លាយតែសកម្ម ឱ្យបានឆាប់រហ័សបំផុត។ នេះជាការទាមទាររបស់អឺរ៉ុប ដោយរំលឹកថា ក្នុងនាមជាហត្ថលេខីលើក្រមប្រតិបត្តិ ក្រុមហ៊ុនអ៊ីនធ័រនែតទាំងឡាយត្រូវមាននយោបាយច្បាស់លាស់ស្តីពីការប្រើប្រាស់ប្រព័ន្ធសង្គមរបស់ខ្លួន ដោយកំណត់អត្តសញ្ញាណគណនីដែលធ្វើការបង្ហោះព័ត៌មានជាស្វ័យប្រវត្តិ និងសហការជាមួយភ្នាក់ងារប្រយុទ្ធប្រឆាំងនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត។ សូមបញ្ជាក់ថា ទាក់ទងនឹងការជ្រៀតជ្រែកនិងផ្សាយព័ត៌មានក្លែងក្លាយ ហ្វេសប៊ូក ជាផ្ទាំងស្ទីបនៃការរិះគន់យ៉ាងខ្លាំង ព្រោះមិនបានទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានបង្ខូចការពិតនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ បង្កឡើងដោយរុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ