អានតួអត្ថបទ

អឺរ៉ុប​បង្ហាញ​ផែនការ​ប្រឆាំង​នឹង​ការផ្សាយ​ព័ត៌មាន​មិនពិត​តាម​អ៊ីនធ័រនែត

ខណៈ​ដែល​ការ​បោះឆ្នោត​សភា​​កាន់​តែ​ខិត​ជិត​មក​ដល់ នៅ​ថ្ងៃពុធ​នេះ គណៈកម្មការ​អឺរ៉ុប បាន​ចេញ​ផែនការ​សកម្ម​​បង្ការ​​​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត តាម​ប្រព័ន្ធ​អ៊ីនធ័រនែត។ ​អឺរ៉ុបបាន​អំពាវនាវ​ឱ្យ​ប្រទេស​ជា​សមាជិក​សហភាព​ ​និង​បណ្តាញ​​អ៊ីនធ័រនែត​ទាំងអស់ ដូច​ជា ហ្វេសប៊ូក ជា​ដើម ប្រមូល​ផ្តុំ​គ្នា​ប្រឈម​នឹង​ការ​គ្រោះ​ប្រឌិត​ព័ត៌មាន​ ដែល​ទំនង​ជា​មាន​ប្រភព​មក​ពី​រុស្ស៊ី។

អឺរ៉ុប​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​វិធានការ​ទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មានមិនពិត
អឺរ៉ុប​ត្រៀម​ដាក់​ឱ្យ​ដំណើរការ​វិធានការ​ទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មានមិនពិត Lionel BONAVENTURE / AFP
ផ្សាយពាណិជ្ជកម្ម

“ប្រព័ន្ធដាស់​​អាសន្ន” រវាង​ពី​ស្ថាប័ន​មួយ​ទៅ​ស្ថាប័ន​មួយ និង​រវាង​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយជា​សមាជិក​សហភាពអឺរ៉ុប​ នឹង​ត្រូវ​ចាប់​ដំណើរការ​ចាប់​ពី​ខែ​មីនា​ទៅ។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​អឺរ៉ុប​ដែល​អះអាង​ទៀតថា “ប្រព័ន្ធ​ដាស់​អាសន្ន” គឺ​កម្មវិធី​រក្សា​សន្តិសុខ​អ៊ីនធ័រនែត ដែល​ស្ថាប័ន ឬ​ប្រទេស​ជា​សមាជិក​អាច​ប្រើប្រាស់​វា សម្រាប់​​​​ចែកចាយ​ទិន្ន័យ​​ភ្លាមៗ នៅពេល​ឃើញ​មាន​​ការប៉ុនប៉ង​ចង់​​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត (ទាក់ទង​នឹង​ការ​បោះឆ្នោត​អឺរ៉ុប ខែ​ឧសភា ឆ្នាំ​២០១៩)ជា​យថាហេតុ​ណា​មួយ​កើត​ឡើង។

​ជា​ការ​ប៉ុន​ប៉ងផ្តល់​ព័ត៌មាន​មិន​ពិត ដើម្បី​​​ជ្រៀតជ្រែក ​​នៅ​​ក្នុង​ការ​បោះឆ្នោត​សភា​ /ប្រធានាធិបតី​ឬ​បោះឆ្នោត​ប្រជាមតិ​ផ្សេង ដែល​មាន​ប្រភព​មក​បរទេស និងជាក់ស្តែង​​មក​ពី​​រុស្ស៊ី​ជាចម្បង។ នេះ​​បើ​តាម​សេចក្តី​ថ្លែងការណ៍អឺរ៉ុប​ដដែល។

គណៈកម្មការ​អឺរ៉ុប ​ក៏​បាន​ប្រកាស​ដំឡើង​ថវិកា​ ទ្វេមួយ​ពីរ​សម្រាប់​ឆ្នាំ​២០១៩​នេះ ដោយ​បង្កើត​ឱ្យ​មានក្រុម​អ្នក​ទទួល​បន្ទុក​ប្រយុទ្ធ​ប្រឆាំង និង​បញ្ជ្រាប​ព័ត៌មាន​ដល់​សាធារណជន​ ទូទៅ អំពី​គ្រោះ​នៃ​ការ​ប្រឌិត​ព័ត៌មាន។

នៅ​ក្នុង​​វិធានការ​នេះ គណៈកម្មការ​អឺរ៉ុប ក៏​បាន​ស្នើ​សុំ​ឱ្យ​​​​ក្រុមហ៊ុន​អ៊ីនធ័រនែត​ធំៗ ដូច​ជា Facebook Twitter និង Google ដែល​បាន​ចុះហត្ថលេខា​លើ​​ក្រមប្រតិបត្តិ​កាលពី​ខែ​កញ្ញា ​ធ្វើ​របាយការណ៍​ប្រចាំ​ខែ​​ ក្នុង​មួយ​ខែម្តង ចាប់​ពី​ខែ​មករា ឆ្នាំ​២០១៩ទៅ ស្តី​អំពី​សកម្មភាព​ទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ លើ​ប្រព័ន្ធ​អ៊ីនធ័រណែត​របស់​ពួកគេ។ ក្រុម​ហ៊ុន​អ៊ីនធ័រនែត ត្រូវ​ចេះ​បែង​ចែង​ឱ្យ​ដាច់​រវាង​ខ្លឹមសារ​ផ្សាយ​ពាណិជ្ជកម្ម​ និង​ផ្សាយ​ព័ត៌មាន ដោយ​ត្រូវ​បិទ​គណនី​ក្លែងក្លាយ​​តែ​សកម្ម ឱ្យ​បាន​ឆាប់រហ័ស​បំផុត។ នេះ​ជាការ​ទាមទារ​របស់​អឺរ៉ុប ដោយ​រំលឹក​​ថា​​ ក្នុង​នាម​ជា​ហត្ថលេខី​លើ​ក្រមប្រតិបត្តិ​ ក្រុមហ៊ុន​អ៊ីនធ័រនែត​ទាំង​ឡាយ​ត្រូវ​មាន​នយោបាយ​ច្បាស់​លាស់​ស្តី​ពី​ការប្រើប្រាស់​ប្រព័ន្ធ​សង្គម​របស់​ខ្លួន ដោយ​​កំណត់​អត្តសញ្ញាណ​គណនីដែល​ធ្វើ​ការ​បង្ហោះ​ព័ត៌មាន​ជា​ស្វ័យប្រវត្តិ និង​សហការ​ជាមួយ​ភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត។ សូម​បញ្ជាក់​ថា ទាក់ទង​នឹង​ការ​ជ្រៀតជ្រែក​និង​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ ហ្វេសប៊ូក​ ជា​ផ្ទាំង​ស្ទីប​នៃ​ការ​រិះគន់​យ៉ាង​ខ្លាំង ព្រោះ​មិន​បាន​ទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បង្ខូច​ការ​ពិត​នៅក្នុងយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ បង្ក​ឡើង​ដោយ​រុស្ស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ