អានតួអត្ថបទ

បារាំង៖​វិមាន​អេលីហ្សេ​ជា​ផ្ទាំងស៊ីប​របស់​ចលនា « អាវកាក់លឿង » ក្នុង​ថ្ងៃសៅរ៍ ទី៨ ធ្នូ?

នៅ​ក្នុង​ប្រទេស​បារាំង ក្តីបារម្ភ​កំពុង​កើត​មាន​យ៉ាង​ផុសផុល​ជុំវិញ​គម្រោង​បាតុកម្ម​ជា​ថ្មី​របស់​ចលនា​អាវកាក់លឿង​នៅ​ថ្ងៃ​សៅរ៍ ទី៨ ធ្នូ​ក្នុង​ទីក្រុង​ប៉ារីស។ អ្វី​ដែល​វិមាន​ប្រធានាធិបតី និង​រដ្ឋាភិបាល​បារម្ភ​ខ្លាំង​ជាង​គេ គឺ​ការ​ចូល​រួម​របស់​ក្រុម​ជ្រុលនិយម​ជា​ច្រើនពាន់នាក់​នៅ​ក្នុង​ក្បួនបាតុកម្ម​ដើម្បី​កម្ទេចបំផ្លាញ និង​សម្លាប់។ ទន្ទឹម​គ្នា​នេះ ការ​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់ និង​ការ​ទទួល​ខុសត្រូវ​កំពុង​បន្ត​កើត​មាន​ពី​គ្រប់​មជ្ឈដ្ឋាន ពិសេស​ពី​មជ្ឈដ្ឋាន​អ្នកនយោបាយ​គ្រប់ជាន់ថ្នាក់។

​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ​ជា​ផ្ទាំងស៊ីប​របស់​ចលនា « អាវកាក់លឿង » ក្នុង​ថ្ងៃសៅរ៍ ទី៨ ធ្នូ ឬ?
​វិមាន​ប្រធានាធិបតី​បារាំង​អេលីហ្សេ​ជា​ផ្ទាំងស៊ីប​របស់​ចលនា « អាវកាក់លឿង » ក្នុង​ថ្ងៃសៅរ៍ ទី៨ ធ្នូ ឬ? RFI / Tiếng Việt
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​គម្រោង​បាតុកម្ម​របស់​ចលនា​អាវកាក់លឿង​ក្នុង​ថ្ងៃ​សៅរ៍ ទី៨ ធ្នូ​នឹង​មាន​ទំហំ​ប៉ុនណា និង​មាន​ដំណើរការ​ទៅ​យ៉ាង​ដូចម្តេច​ទេ តែ​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ Christophe Castaner បាន​ប្រាប់​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​នឹង​កែន​ប្រមូល​កម្លាំង​ប៉ូលិស និង​កម្លាំង​ប៉េអឹម​ទាំង​អស់​ដែល​មាន​ក្នុង​ដៃ និង​ព្រមាន​ទុក​ជា​មុន​ពី​ការ​ចាប់​ខ្លួន​ជន​ប្រើ​អំពើហិង្សា ឬ​ជន​បំផ្លិចបំផ្លាញ។ ទន្ទឹម​គ្នា​នេះ ប្រភព​ពី​កម្លាំង​រក្សា​សណ្តាប់ធ្នាប់​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​គម្រោង​ប្រើ​កម្លាំង​ទាហាន​ជា​ជំនួយ​បន្ថែម​ដើម្បី​ការពារ​ទីតាំង​រដ្ឋបាល និង​ស្ថាប័ន​រដ្ឋ ពិសេស​កម្លាំង​ទាហាន​សង់ទីនែល​ដែល​ធ្លាប់​ប្រើ​ដើម្បី​ប្រឆាំង​ភេរវនិយម​ក្នុង​ពេល​ប្រទេស​ស្ថិត​ក្នុង​ភាព​អាសន្ន។

វិមាន​អេលីហ្សេ​ដែល​បាន​ស្រង់​ព័ត៌មាន​ពី​ក្រសួង​ស៊ើបការសម្ងាត់​ឲ្យ​ដឹង​ថា ក្រៅ​ពី​បាតុករ​អាវកាក់លឿង អាចនឹង​មាន​មនុស្ស​ជា​ច្រើន​ពាន់នាក់​ផ្សេង​ទៀត​ចូល​ក្រុង​ប៉ារីស​ក្នុង​ថ្ងៃ​សៅរ៍ ទី៨ ធ្នូ​ដើម្បី​កម្ទេចបំផ្លាញ និង​សម្លាប់។ មាន​ទីតាំង​សំខាន់​ចំនួន ៣ ដែល​ត្រូវ​ការពារ​ខ្លាំង​ជាង​គេ​សម្រាប់​ថ្ងៃ​បាតុកម្ម គឺ​វិមាន​ប្រធានាធិបតី​អេលីហ្សេ រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ។ នៅ​ក្នុង​កម្មវិធី​តស៊ូមតិ​រៀបចំ​ដោយ​កាណាល់​ទូរទស្សន៍​មួយ​នា​យប់​ថ្ងៃ​ពុធ ទី៥ ធ្នូ អ្នកតំណាង​អាវកាក់លឿង​ម្នាក់​លោក Eric Drouet បាន​បញ្ជាក់​ពី​បំណង​ចង់​ជ្រៀត​ចូល​ក្នុង​វិមាន​អេលីហ្សេ​នៅ​ថ្ងៃ​បាតុកម្ម​ក្នុង​ថ្ងៃ​សោរ៍ ទី៨ធ្នូ។

សញ្ញា​នៃ​ក្តីបារម្ភ​បាន​កើត​មាន​ដល់​ថ្នាក់ដឹកនាំកំពូល​ដោយ​លោក​ប្រធានាធិបតី​ម៉ាក្រុង​បាន​សំណូមពរ​​ដល់​កម្លាំង​នយោបាយ​គ្រប់​និន្នាការ ក្រុម​សហជីព និង​ក្រុមនិយោជក​ទាំង​អស់​ចូលរួម​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់។ សម្រាប់​លោក​ម៉ាក្រុង ការ​បិតមាត់​នៅ​ស្ងៀម​ប្រៀបដូច​ជា​ការ​យុបឃិត​ជាមួយ​ក្រុម​ដែល​ស្វែក​រក​ការ​វាយប្រហារ​លើ​សាធារណរដ្ឋ។ តើ​លោក​ម៉ាក្រុង​កំពុង​ច្រាសច្រាល​ឬ?។ អត់​ទេ តែ​លោក​បារម្ភ នេះ​ជា​ប្រតិកម្ម​របស់​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​លោក Didier Guillaume តាម​វិទ្យុ​មួយ​ក្នុង​ស្រុក។

លោក Alain Juppé អតីត​នាយករដ្ឋមន្រ្តី និង​ជា​ចៅហ្វាយ​ខេត្ត Bordeaux បាន​មើល​ឃើញ​ថា អំពើហិង្សា​កំពុង​មាន​នៅ​ក្នុង​សម្តី និង​គ្រប់​ទង្វើ​ទាំង​អស់ ហើយ​ការ​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​នឹង​បង្ក​ឲ្យ​មាន​ហានិភ័យ​គ្រប់​គ្នា។ សម្រាប់​លោក Juppé ភាគី​នីមួយៗ​គួរ​និយាយ​គ្នា ពោល​មិន​ត្រូវ​ជេរប្រមាថ​ដាក់​គ្នា​ឡើយ។ ចំណែក​អតីត​ប្រធានាធិបតី​លោក​ហ្រ្វង់ស័រ ហូឡង់​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ថ្លឹងថ្លែង និង​ឲ្យ​បដិសេធ​រាល់​អំពើហិង្សា​គ្រប់​រូបភាព៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ