ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT

វិបត្តិអាវកាក់លឿង៖​រដ្ឋាភិបាល​បារម្ភ​ពី​អំពើហិង្សា​​កាន់​តែ​រីកធំ​ដែល​មិន​ពិបាកគ្រប់គ្រង

វិបត្តិអាវកាក់លឿង៖​រដ្ឋាភិបាល​បារម្ភ​ពី​អំពើហិង្សា​​កាន់​តែ​រីកធំ​ដែល​មិន​ពិបាកគ្រប់គ្រង
 
លោក​​ប្រធានាធិបតី​បារាំង​​ម៉ាក្រុង និង​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ក្នុង​ពេល​ចុះ​ពិនិត្យ​ស្ថានការណ៍ ក្រោយ​អំពើ​ហិង្សា​ថ្ងៃ​ទី១ ធ្នូ​​ក្នុង​ទីក្រុង​ប៉ារីស Thibault Camus/Pool via REUTERS

នៅ​ក្នុង​ប្រទេស​បារាំង វិបត្តិនយោបាយ និង​សង្គម​បាន និង​កំពុង​បន្ត​មាន​យ៉ាង​ពុះកញ្ជ្រោល។ បន្ទាប់​ពី​បាតុកម្ម​របស់​ចលនា​អាវកាក់លឿង​ដែល​កំពុង​បន្ត រដ្ឋាភិបាល​បាន​និង​កំពុង​ប្រឈម​នឹង​ការ​ងើប​បះបោរ​យ៉ាង​ហិង្សា​របស់​ពួក​សិស្ស និស្សិត​ដែល​ប្រឆាំង​តវ៉ា​នឹង​កំណែទម្រង់​លើ​វិស័យ​អប់រំ។ បន្ទាប់​ពី​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្រ្តី​អេឌ័រ ហ្វីលីព​ក្នុង​ថ្ងៃ​អង្គារ ទី៤ ធ្នូ ក្នុង​ការ​ផ្អាក​ដំឡើង​ពន្ធ​ប្រេង​សម្រាប់​រយៈពេល ៦ខែ​ក្នុង​ឆ្នាំ ២០១៩ លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស​ក្នុង​ថ្ងៃ​ពុធ ទី៥ ធ្នូ​ដោយ​សម្រេច​លុបចោល​ទាំង​ស្រុង​សម្រាប់​ពេញ​មួយ​ឆ្នាំ ២០១៩។

ទោះ​ជា​យ៉ាង​នេះ​ក្តី សម្បទាន​បន្ថែម​មួយ​នេះ​ហាក់​មិន​ទាន់​អាច​រំងាប់​ភាព​តានតឹង​របស់​ពួក​អាវកាក់លឿង​បាន​ទេ​ដោយ​ពួក​គេ​ត្រៀម​ធ្វើ​បាតុកម្ម​ជា​ថ្មី​នៅ​ថ្ងៃ​សៅរ៍ ទី៨ ធ្នូ។

គម្រោង​ដំឡើង​ពន្ធ​ប្រេង​ជា​ដើមចម​នៃ​បាតុកម្ម​របស់​ពួក​អាវកាក់លឿង​តាំង​ពី​ជាង ៣សប្តាហ៍។ បន្ទាប់​ពី​ការ​ថយ​ក្រោយ​មួយ​ជំហាន​របស់​លោក​នាយករដ្ឋមន្រ្តី​អេឌ័រ ហ្វីលីព​ក្នុង​ការ​ផ្អាក​ការ​ដំឡើង​ពន្ធ​ប្រេង​រយៈពេល ៦ខែ​នៃ​ឆ្នាំ ២០១៩ មក លោក​ប្រធានាធិបតី​ម៉ាក្រុង​បាន​ដក​ថយ​ដល់​ទៅ​ពីរ​ជំហាន ពោល​មិន​ដំឡើង​ពន្ធ​ប្រេង​សម្រាប់​ពេញ​មួយ​ឆ្នាំ ២០១៩។ តែ​អ្វី​ដែល​ចលនា​អាវកាក់លឿង​បន្ត​ទាមទារ​ចង់​បាន មិនមែន​ផ្អាក​រយៈពេល ៦ខែ​ក្នុង​ឆ្នាំ ២០១៩ ឬ​មួយ​ឈប់​ដំឡើង​ពេញ​មួយ​ឆ្នាំ ២០១៩ ទេ តែ​ឈប់​និយាយ​ពី​រឿង​ដំឡើង​ពន្ធ​ប្រេង​ជា​រៀង​រហូត។ គ្រប់​គ្នា​បាន​មើល​ឃើញ​ថា ភាព​រារែក អល់អែក និង​ស្ទើរស្ទាក់​របស់​រដ្ឋាភិបាល​ពេល​នេះ​ជា​រឿង​មួយ​គ្រោះថ្នាក់​ខ្លាំង​ណាស់។ គ្រោះថ្នាក់​ព្រោះ​វា​បាន​បញ្ឆេះ​កំហឹង​ពួក​អាវកាក់លឿង​ឲ្យ​ទាមទារ​លើស​ពី​អ្វី​ដែល​ពួក​គេ​បាន​ទាមទារ​ពី​ដំបូង។

ឥឡូវ​នេះ គេ​នាំ​គ្នា​និយាយ​ពី​ពន្ធ​លើ​ទ្រព្យសម្បតិ្ត​ចំពោះ​អ្នក​មាន​គ្រាក់ៗ​ដែល​លោក​ម៉ាក្រុង​បាន​លុប​ចោល។ ការ​លុប​ចោល​ដែល​លោក​ម៉ាក្រុង​បាន​លើក​យក​ហេតុផល​ទៅ​ពន្យល់​ថា ដើម្បី​បង្ខាំង​ទុក​អ្នក​មាន​គ្រាក់ៗ​ទាំង​នោះ​កុំ​ឲ្យ​យក​លុយ​ទៅ​ដាក់​ប្រទេស​ផ្សេង និង​ទុក​ឲ្យ​ពួក​គេ​ដាក់​លុយ​វិនិយោគ​ក្នុង​ស្រុក។ តែ​ពួក​អាវកាក់លឿង រួម​ទាំង​ថ្នាក់ដឹកនាំនយោបាយ​ផ្សេង​ទៀត​យល់​ថា វា​ជា​រឿង​អយុត្តិធម៌​ដែល​អ្នក​មាន​គ្រាក់ៗ​ទាំង​នោះ​មិន​បង់​ពន្ធ​លើ​ទ្រព្យសម្បត្តិ ហើយ​រដ្ឋ​បែរ​ជា​មក​សង្កត់ ក ពលរដ្ឋ​ក្រីក្រ និង​ពលរដ្ឋ​ថ្នាក់មធ្យម​ឲ្យ​បង់​ពន្ធ​ទៅ​វិញ។ ខណៈ​នេះ ការ​ទាមទារ​ជា​មូលដ្ឋាន​របស់​ពួកអាវលឿង​គឺ​អំណាច​ទិញ ពោល​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​គិតគូរ​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​បារាំង​ដែល​មាន​ចំណូល​តិចតួច និង​អ្នក​ចូលនិវត្តន៍​ដែល​ទទួល​បាន​ប្រាក់ឧបត្តម្ភ​តិចតួច។

រដ្ឋាភិបាល​កំពុង​ប្រឈម​នឹង​ការ​បះបោរ​របស់​សិស្ស និស្សិត

អ្វីៗ​ហាក់​ជាប់គាំង ព្រោះ​ពួកអាវកាក់លឿង​បាន​ត្រៀមខ្លួន​ចូល​ក្រុង​ប៉ារីស​ដើម្បី​ធ្វើ​បាតុកម្ម​ជា​ថ្មី​នៅ​ថ្ងៃ​សៅរ៍ ទី៨ ធ្នូ ដែល​ជា​សប្តាហ៍​ទី៤។ ក្រៅ​ពី​ពួក​អាវកាក់លឿង រដ្ឋាភិបាល​ក៏​កំពុង​ប្រឈម​នឹង​ការ​ងើបបះបោរ​របស់​ពួក​សិស្ស និស្សិត ហើយ​មាន​ក្រុមសហជីព​ខ្លះ​បាន​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​បាតុកម្ម​ពី​ក្រុម​អ្នកបើកឡាន​កាំមីញ៉ុង​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី៩ ធ្នូ​ដោយ​មិន​កំណត់​រយៈពេល។ រូបភាព​ប្រទេស​បារាំង​នៅ​ចុង​សប្តាហ៍​នេះ​ប្រហែល​មិន​ល្អ​ទេ​សម្រាប់​ពិភពលោក និង​អ្នក​ទេសចរណ៍​បរទេស។ អ្វី​ដែល​គ្រប់​គ្នា​បារម្ភ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់ គឺ​បាតុកម្ម​រួម​គ្នា​រវាង​ពួកអាវកាក់លឿង និង​ពួកសិស្ស និស្សិត។

ខណៈ​នេះ ក្បួនបាតុកម្ម​របស់​ពួក​សិស្ស និស្សិត​កំពុង​កើត​មាន​នៅ​តាម​វិទ្យាល័យ​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​បារាំង។ ក្រៅ​ពី​ការ​បិទខ្ទប់​ទ្វារ​ចូល​វិទ្យាល័យ ក៏​មាន​ការ​ដុត​ឡាន ដុត​ធុងសម្រាម រួម​ទាំង​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​មួយ​កម្លាំង​ប៉ូលិស​យ៉ាង​ហិង្សា។ ធ្ងន់ធ្ងរ​ជាង​នេះ ក្បួន​បាតុកម្ម​របស់​សិស្ស​វិទ្យាល័យ​បាន​ឆ្លង​រាល​ដាល​ដល់​និស្សិត​មហាវិទ្យាល័យ។ ខុស​ពី​ការ​ទាមទារ​របស់​ពួក​អាវកាក់លឿង សិស្ស និស្សិត​បាន​តវ៉ា​ប្រឆាំង​នឹង​កំណែទម្រង់​លើ​វិស័យ​អប់រំ​របស់​រដ្ឋាភិបាល។ តាម​ពិត​ទៅ កំណែទម្រង់​លើ​វិស័យ​អប់រំ​បាន​ធ្វើ​រួចរាល់​អស់​ហើយ តែ​ពួក​សិស្ស និស្សិត​បាន​ឆ្លៀត​ឱកាស​គាស់​ឡើង​វិញ​ក្នុង​ពេល​ដែល​មាន​បាតុកម្ម​របស់​ពួក​អាវកាក់លឿង។

អ្វី​ដែល​រដ្ឋាភិបាល​បារម្ភ​ខ្លាំង​ជាង​គេ​នៅ​ពេល​នេះ មិន​មែន​បាតុកម្ម​របស់​ពួក​អាវកាក់​លឿង​ទេ តែ​គឺ​ការ​ងើប​បះបោរ​របស់​សិស្ស និស្សិត ព្រោះ​សុទ្ធសឹង​ជា​ក្រុម​យុវជន​ឈាមរាវ​ដែល​មិន​ញញើត​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដើម្បី​សម្រេច​បាន​គោលដៅ​របស់​ខ្លួន​ដូច​នៅ​ក្នុង​បាតុកម្ម​នា​ជំនាន់​រដ្ឋាភិបាល​មុនៗ។ គួរ​បញ្ជាក់​ថា បាតុកម្ម​ដែល​ទទួល​បាន​ការ​អនុញ្ញាត​ជា​បាតុកម្ម​អហិង្សា តែ​ច្រើន​បង្កប់​ដោយ​អំពើហិង្សា​ដែល​បង្ក​ដោយ​ក្រុមជ្រុលនិយម និង​ក្រុម​កម្ទេច បំផ្លាញ លួច​ដូច​ករណី​បាតុកម្ម​កាល​ពី​ថ្ងៃ​សៅរ៍ ទី១ ធ្នូ នៅ​​មហាវិថី​ហ្សង់អេលីហ្សេ​កណ្តាល​បេះដូង​ក្រុង​ប៉ារីស។

វិបត្តិ​ទុំជោរ​ខ្លាំង​ដែល​ពិបាក​រក​ច្រកចេញ?

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​រដ្ឋាភិបាល​នឹង​ត្រូវ​ដោះស្រាយ​យ៉ាង​ណា​ចំពោះ​វិបត្តិ​ដែល​កំពុង​បន្ត​យ៉ាង​ក្តៅគគុក​នេះ​ទេ។ ទោះ​បី​មាន​ការ​ធ្វើ​សម្បទាន​មួយ​ចំនួន​ពី​រដ្ឋាភិបាល​ក៏​ដោយ​ក៏​ស្ថានការណ៍​ហាក់​មិន​ទាន់​ស្ងប់ស្ងាត់​ដែរ។ ពួក​អាវកាក់លឿង​បាន​និង​កំពុង​បន្ត​ទាមទារ​លើស​ពី​អ្វី​ដែល​ពួក​គេ​បាន​ទាមទារ​តាំង​ពី​ដំបូង​ទៅ​ទៀត។ ចំ​ពេល​ដែល​ស្ថានការណ៍​កំពុង​បន្ត​ជាប់គាំង​ជាមួយ​ពួក​អាវកាក់លឿង រដ្ឋាភិបាល​កំពុង​ប្រឈម​នឹង​ការ​ងើប​បះបោរ​របស់​ពួក​សិស្ស និស្សិត។ មាន​ការ​អំពាវនាវ​ពី​គ្រប់​មជ្ឈដ្ឋាន​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​ឲ្យ​បាន​លឿន​បំផុត​ចំពោះ​ការ​ទាមទារ​របស់​សិស្ស និស្សិត ពោល​កុំ​អូសបន្លាយ​ស្ថានការណ៍​មួយ​នេះ​ដូច​ពួក​អាវកាក់លឿង។

មេបក្ស​នយោបាយ​ពី​គ្រប់​និន្នាការ​នៅ​ក្នុង​សភា និង​ក្រៅ​សភា​ភាគច្រើន​បាន​អំពាវនាវ​រដ្ឋាភិបាល​ឲ្យ​ធ្វើ​សម្បទាន​ទាំង​ស្រុង​លើ​ការ​ទាមទារ​របស់​ពួក​អាវកាក់លឿង។ ចំណែក​គណបក្ស​ឆ្វេងនិយម​គ្រោង​ស្នើ​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​ដក​សេចក្តីទុកចិត្ត​ពី​រដ្ឋាភិបាល។ គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​មាន​សម្បទាន​ផ្សេង​ទៀត​ដែល​រដ្ឋាភិបាល​ត្រៀម​ផ្តល់​បន្ថែម ឬ​អត់​ទេ។ អ្វី​ដែល​គេ​ដឹង រដ្ឋាភិបាល​បាន​ត្រៀម​កម្លាំង​ប៉ូលិស​បន្ថែម ហើយ​អាច​ប្រើ​កម្លាំង​ទាហានជា​ជំនួយ​ផង​សម្រាប់​ការពារ​សុវត្ថិភាព​នៅ​ក្នុង​បាតុកម្ម​នា​ថ្ងៃ​សៅរ៍ ទី៨ ធ្នូ​ក្នុង​ទីក្រុង​ប៉ារីស៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • ទស្សនៈព្រឹត្តិការណ៍ពិភពលោក

    បារាំង៖ ស្វែងយល់​ពី​ប្រភព និង​កំហឹង​នៃ “ចលនា​អាវកាក់​ពណ៌​លឿង”

    ស្វែងយល់បន្ថែម

  • បារាំង៖ នាយករដ្ឋមន្ត្រី​ទៅសភា ប្រកាស​ពី​គោល​នយោបាយពន្ធ​ និង​ផលវិបាក​លើ​ជីវភាព

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    បារាំង៖​ប្រឈម​នឹង​ចលនា « អាវកាក់លឿង » រដ្ឋាភិបាល​ថយ​ក្រោយ​មួយ​ជំហាន

    ស្វែងយល់បន្ថែម

  • បារាំង

    បារាំង៖​នាយករដ្ឋមន្រ្តី​ទទួល​ជួប​តំណាង​ក្រុម​អាវកាក់លឿង និង​មេបក្សនយោបាយ​មក​ពី​គ្រប់​និន្នាការ

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ