អានតួអត្ថបទ
បារាំង

វិបត្តិ​អាវកាក់លឿង៖​រដ្ឋាភិបាល​ប្រកាស​វិធានការ​សន្តិសុខពិសេស​សម្រាប់​ថ្ងៃ​បាតុកម្ម ទី៨ ធ្នូ

នៅ​ក្នុង​ប្រទេស​បារាំង លោក​នាយករដ្ឋមន្រ្តី​អេឌ័រ ហ្វីលីព​បាន​ប្រកាស​ឲ្យ​ដឹង​ពី​វិធានការ​សន្តិសុខពិសេស​ដើម្បី​ប្រឈម​ទប់​នឹង​បាតុកម្ម​របស់​ចលនា​អាវកាក់លឿង​ក្នុង​ថ្ងៃ​សៅរ៍ ទី៨ ធ្នូ។ វិធានការ​សន្តិសុខពិសេស​នោះ​នឹង​មាន​ការ​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​ប៉េអឹម​ដល់​ទៅ ៨៩ ០០០នាក់​នៅ​ទូទាំង​ប្រទេស​បារាំង រួម​ទាំង​ការ​ប្រើ​រថពាសដែក​របស់​ប៉េអឹម​ប្រមាណ​ជា ១២គ្រឿង​ផង។ គ្រាន់​តែ​ក្នុង​ទីក្រុង​ប៉ារីស​មួយ​នឹង​មាន​ដាក់​កម្លាំង​ប៉ូលិស និង​ប៉េអឹម​ចំនួន ៨ ០០០នាក់។ លោក​ហ្វីលីព​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ប្តេជ្ញា​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ទាំង​អស់​ដើម្បី​ធានា​សន្តិសុខ​ដល់​ពលរដ្ឋ ការពារ​សាធារណរដ្ឋ និង​គ្រប់​ស្ថាប័ន​ទាំង​អស់។

លោកនាយករដ្ឋមន្រ្តីបារាំង​អេឌ័រ ហ្វីលីព
លោកនាយករដ្ឋមន្រ្តីបារាំង​អេឌ័រ ហ្វីលីព Captura de vídeo
ផ្សាយពាណិជ្ជកម្ម

« នេះ​មិនមែន​ជា​លើកទី១ ទេ​ដែល​មាន​កំហឹង​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស​របស់​យើង។ តែ​វា​បាន​ផ្ទុះ​ឡើង​ក្រោម​ទ្រង់ទ្រាយ​មួយ​ប្លែក​ខុស​ពី​សព្វ​មួយ​ដង។ យើង​មិន​បាន​ព្រងើយកន្តើយ និង​មើលស្រាល​ចំពោះ​កំហឹង​នេះ​ទេ ហើយ​យើង​បាន​ផ្តើម​កិច្ចចរចា និង​ចាត់​វិធានការ​មួយ​ចំនួន​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង។ តែ​ស្រប​ពេល​គ្នា​នេះ យើង​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ធានា​សន្តិសុខ​ដល់​ពលរដ្ឋ​បារាំង និង​ធ្វើ​អ្វីៗ​គ្រប់បែប​យ៉ាង​ទាំង​អស់​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​គ្រប់​ស្ថាប័ន​របស់​យើង របៀប​ដែល​យើង​រស់នៅ សុវត្ថិភាព​ទ្រព្យសម្បត្តិ និង​មនុស្ស​មិន​ត្រូវ​បាន​ទទួល​ការ​គំរាមកំហែង​ឡើយ។

គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ​បាន​យើង​ដាក់​ចេញ​នូវ​ផែនការ​ពិសេស​មួយ​ដោយ​កែន​ប្រមូល​កម្លាំង​ប៉ូលិស និង​ប៉េអឹម​សម្រាប់​ធានា​សន្តិសុខ​ក្នុង​ថ្ងៃ​សៅរ៍ ទី៨ ធ្នូ។ នៅ​ក្នុង​ផែនការ​សន្តិសុខ​នោះ យើង​នឹង​ប្រើ​រថពាសដែក​របស់​ប៉េអឹម​ប្រមាណ​ជា ១២គ្រឿង ព្រោះ​មាន​ក្រុម​មនុស្ស​ខ្លះ​មិនមែន​មក​ចូលរួម​ដើម្បី​ធ្វើ​បាតុកម្ម​ទេ តែ​មក​ដើម្បី​កម្ទេច និង​បំផ្លាញ ហើយ​យើង​នឹង​មិន​ទុក​បណ្តោយ​ឲ្យ​ក្រុម​មនុស្ស​ប្រភេទ​នេះ​ធ្វើ​អ្វី​ស្រេច​តែ​នឹង​ចិត្ត​ឡើយ។

យើង​នឹង​ដាក់​ពង្រាយ​កម្លាំង​ប៉ូលិស និង​ប៉េអឹម​នៅ​ទូទាំង​ប្រទេស​សរុប​ដល់​ទៅ ៨៩ ០០០នាក់ ពោល​មិនមែន ៦៥ ០០០នាក់​ដូច​កាល​ពី​ថ្ងៃ​សៅរ៍ ទី១ ធ្នូ​ទេ។ គ្រាន់​តែ​ក្នុង​ទីក្រុង​ប៉ារីស​មួយ យើង​នឹង​ប្រើ​កម្លាំង​ប៉ូលិស និង​ប៉េអឹម​ចំនួន ៨ ០០០នាក់។ នេះ​ពិត​ជា​ផែនការ​សន្តិសុខ​យ៉ាង​ពិសេស​មួយ​ព្រោះ​ជា​ថ្មី​ម្តង​ទៀត យើង​មិន​ចង់​ឃើញ​សាធារណរដ្ឋ ស្ថាប័ន និង​សន្តិសុខ​រួម​ទទួល​ការ​គំរាមកំហែង​ឡើយ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ