វិបត្តិអាវកាក់លឿង៖រដ្ឋាភិបាលប្រកាសវិធានការសន្តិសុខពិសេសសម្រាប់ថ្ងៃបាតុកម្ម ទី៨ ធ្នូ
នៅក្នុងប្រទេសបារាំង លោកនាយករដ្ឋមន្រ្តីអេឌ័រ ហ្វីលីពបានប្រកាសឲ្យដឹងពីវិធានការសន្តិសុខពិសេសដើម្បីប្រឈមទប់នឹងបាតុកម្មរបស់ចលនាអាវកាក់លឿងក្នុងថ្ងៃសៅរ៍ ទី៨ ធ្នូ។ វិធានការសន្តិសុខពិសេសនោះនឹងមានការដាក់ពង្រាយកម្លាំងប៉ូលិស និងប៉េអឹមដល់ទៅ ៨៩ ០០០នាក់នៅទូទាំងប្រទេសបារាំង រួមទាំងការប្រើរថពាសដែករបស់ប៉េអឹមប្រមាណជា ១២គ្រឿងផង។ គ្រាន់តែក្នុងទីក្រុងប៉ារីសមួយនឹងមានដាក់កម្លាំងប៉ូលិស និងប៉េអឹមចំនួន ៨ ០០០នាក់។ លោកហ្វីលីពបានបញ្ជាក់ថា រដ្ឋាភិបាលប្តេជ្ញាធ្វើអ្វីៗគ្រប់យ៉ាងទាំងអស់ដើម្បីធានាសន្តិសុខដល់ពលរដ្ឋ ការពារសាធារណរដ្ឋ និងគ្រប់ស្ថាប័នទាំងអស់។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០១:៤៣
« នេះមិនមែនជាលើកទី១ ទេដែលមានកំហឹងផ្ទុះឡើងនៅក្នុងប្រទេសរបស់យើង។ តែវាបានផ្ទុះឡើងក្រោមទ្រង់ទ្រាយមួយប្លែកខុសពីសព្វមួយដង។ យើងមិនបានព្រងើយកន្តើយ និងមើលស្រាលចំពោះកំហឹងនេះទេ ហើយយើងបានផ្តើមកិច្ចចរចា និងចាត់វិធានការមួយចំនួនដើម្បីកាត់បន្ថយភាពតានតឹង។ តែស្របពេលគ្នានេះ យើងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាសន្តិសុខដល់ពលរដ្ឋបារាំង និងធ្វើអ្វីៗគ្រប់បែបយ៉ាងទាំងអស់ដើម្បីធ្វើយ៉ាងណាឲ្យគ្រប់ស្ថាប័នរបស់យើង របៀបដែលយើងរស់នៅ សុវត្ថិភាពទ្រព្យសម្បត្តិ និងមនុស្សមិនត្រូវបានទទួលការគំរាមកំហែងឡើយ។
គឺនៅក្នុងន័យនេះហើយបានយើងដាក់ចេញនូវផែនការពិសេសមួយដោយកែនប្រមូលកម្លាំងប៉ូលិស និងប៉េអឹមសម្រាប់ធានាសន្តិសុខក្នុងថ្ងៃសៅរ៍ ទី៨ ធ្នូ។ នៅក្នុងផែនការសន្តិសុខនោះ យើងនឹងប្រើរថពាសដែករបស់ប៉េអឹមប្រមាណជា ១២គ្រឿង ព្រោះមានក្រុមមនុស្សខ្លះមិនមែនមកចូលរួមដើម្បីធ្វើបាតុកម្មទេ តែមកដើម្បីកម្ទេច និងបំផ្លាញ ហើយយើងនឹងមិនទុកបណ្តោយឲ្យក្រុមមនុស្សប្រភេទនេះធ្វើអ្វីស្រេចតែនឹងចិត្តឡើយ។
យើងនឹងដាក់ពង្រាយកម្លាំងប៉ូលិស និងប៉េអឹមនៅទូទាំងប្រទេសសរុបដល់ទៅ ៨៩ ០០០នាក់ ពោលមិនមែន ៦៥ ០០០នាក់ដូចកាលពីថ្ងៃសៅរ៍ ទី១ ធ្នូទេ។ គ្រាន់តែក្នុងទីក្រុងប៉ារីសមួយ យើងនឹងប្រើកម្លាំងប៉ូលិស និងប៉េអឹមចំនួន ៨ ០០០នាក់។ នេះពិតជាផែនការសន្តិសុខយ៉ាងពិសេសមួយព្រោះជាថ្មីម្តងទៀត យើងមិនចង់ឃើញសាធារណរដ្ឋ ស្ថាប័ន និងសន្តិសុខរួមទទួលការគំរាមកំហែងឡើយ »៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ