ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 13/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 13/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 13/12 12h00 GMT
អឺរ៉ុប

ក្រុមប្រទេស​ផលិតប្រេង​សម្រេច​កាត់បន្ថយ​ការបូមប្រេង ដើម្បី ធ្វើ​ឲ្យ​ប្រេងឡើងថ្លៃ​វិញ

media  
អាជីវកម្ម​បូមប្រេង​នៅ​ប្រទេស​ចិន​ នៅ​ថ្ងៃ​ទី ៧ ធ្នូ ២០១៨ ©REUTERS/Stringer

នៅក្នុង​កិច្ចប្រជុំក្នុង​ទីក្រុង​វីយ៉ែន ប្រទេស​អូទ្រីស កាលពី​ថ្ងៃសុក្រ​ទី​៧​ធ្នូ ក្រុមប្រទេស​ផលិតប្រេង បាន​ព្រមព្រៀង​គ្នា​កាត់បន្ថយ​ការបូមប្រេង​ប្រមាណ ១លាន​ពីរសែន បារីល នៅក្នុង​មួយ​ថ្ងៃ។ ការសម្រេច​យ៉ាងដូច្នេះ​របស់​អង្គការ​OPEC និង​ប្រទេស​ដៃគូ​ផលិតប្រេង បាន​ធ្វើ​ឲ្យ​តម្លៃប្រេងឆៅ នៅ​លើ​ទីផ្សារ​អន្តរជាតិ បាន​កើនឡើង​វិញបន្តិច ប្រមាណ ៦៣​ដុល្លារ ក្នុង​មួយបារីល។

 

ក្រុមប្រទេស​ផលិត​ប្រេង OPEC ហើយ​និង​ប្រទេស​ដៃគូ ដែល​ដឹកនាំ​ដោយ​ប្រទេស​រុស្ស៊ី នៅ​ទីបំផុតទៅ បាន​យល់ព្រមព្រៀង គ្នា ថា នឹង​សម្រេច​កាត់បន្ថយ​ការផលិតបូមប្រេង ប្រមាណ ១លាន ២សែន​បារីល ក្នុង​មួយថ្ងៃ។ ទៅតាម​ការសេចក្តីប្រកាស​រួម​របស់​ក្រុមប្រទេស​ផលិតប្រេង​ទាំង​២៤ របស់​OPEC និង​ប្រទេស​ដៃគូ​ផលិតប្រេង វិធានការ​កាត់បន្ថយ​ការបូមប្រេង​ដែល​ចាប់​អនុវត្ត ពី​ខែ​មករា រហូត​ដល់​ពាក់កណ្តាល​ឆ្នាំ​ក្រោយ មាន​ទិសដៅ សំខាន់ ជួយ​ជំរុញ​ឲ្យ​តម្លៃប្រេង​ឆៅ​ឡើងថ្លៃ​ឡើងវិញ។

ប្រេងឆៅ​ធ្លាក់​ចុះ​ថ្លៃ គឺ​បាន​ផ្តល់​ប្រយោជន៍​ច្រើន ដល់​អ្នកប្រើប្រាស់ ហើយ​និង​រដ្ឋបាល​របស់លោកដូណាល់ ត្រាំ ​ដែល​ចង់​សម្រាល​បន្ទុក​របស់​អ្នកប្រើប្រាស់​អាមេរិកាំង។ ប៉ុន្តែ សម្រាប់​ក្រុមប្រទេស​ផលិតប្រេង ដែល​មាន​សេដ្ឋកិច្ច​ពឹងផ្អែក​ខ្លាំង លើ​ការផលិត និង​នាំចេញ​ប្រេង ដូចជា​អារ៉ាប៊ី សាអូឌីត ឬ​ក៏​រុស្ស៊ី​ជាដើម មិន​សូវ​ជា​ពេញចិត្ត និង​ចង់​កែប្រែ​គោលនយោបាយ​ផលិតប្រេង​ឡើងវិញ។

សូមបញ្ជាក់ថា កាល​ពី​ពាក់កណ្តាល​ឆ្នាំ​នេះ ក្រុមប្រទេស​ផលិតប្រេង OPEC នាំមុខ​ដោយ​អារ៉ាប៊ី សាអូឌីត បាន​សម្រេច​បង្កើន​ការផលិតប្រេង ទៅ​តាម​ការដាក់​សម្ពាធ​របស់​អាមេរិក ដែល​ចង់​ឃើញ​តម្លៃប្រេង​ធ្លាក់ចុះ​ថ្លៃ បន្ទាប់​ពីប្រេងឆៅ បាន​កើនឡើង​ដល់​តម្លៃ ៨០ដុល្លារ ក្នុង​មួយ​បារីល។ រុស្ស៊ី​កាលណោះ ដែល​ជាប្រទេស​នាំចេញ​ប្រេង​ធំទី ២ ក្នុង​ពិភពលោក ក៏បាន​ព្រមព្រៀង ឲ្យ​មាន​ការបង្កើន​ការផលិត​ប្រេង ឡើង​វិញ ទៅ​តាម​ការទាមទារ​របស់​អ្នកវិនិយោគ​ប្រេងរុស្ស៊ី។ ក្រុមប្រទេស​ផលិតប្រេង បាន​សម្រេច​បង្កើន​ការផលិត​ប្រេង​បន្ថែម ក្នុង​គោលដៅ​ទប់ទល់​ការខ្វះខាតប្រេង នៅទីផ្សារ​អន្តរជាតិ នៅក្រោយ​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​ទៅលើ​អ៊ីរ៉ង់។ ប៉ុន្តែ នៅទីបំផុត ការសម្រេច​លើកលែង របស់​អាមេរិក សម្រាប់​ប្រទេស​ទិញ​នាំចូល​ប្រេង​ពី​អ៊ីរ៉ង់ ដូចជា​ចិន ឥណ្ឌា និង​ជប៉ុន ដែល​ជាប្រទេស​ទិញប្រេង​ច្រើនជាងគេ​ក្នុង​ពិភពលោក បាន​ធ្វើ​ឲ្យ​បរិមាណ​ប្រេង មាន​ច្រើន​ជាង តម្រូវការ​ប្រេង នៅ​ទីផ្សារ ដែល​កំពុង​ហាក់ នៅ​ទ្រឹង ដោយសារ​តែ​សេដ្ឋកិច្ច។

ក្នុង​រយៈពេល​ពីខែ​ចុងក្រោយនេះ តម្លៃប្រេង​ឆៅ បាន​ធ្លាក់ចុះថ្លៃ ដល់​ទៅ ៣០ភាគរយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុមប្រទេស​ផលិតប្រេង សម្រេច កាត់បន្ថយ បរិមាណ​ផលិតប្រេង​សាជាថ្មី​ម្តងទៀត។ អស់​មួយ​សប្តាហ៍​មក​នេះ ក្រុមប្រទេស​ផលិតប្រេង​បាន​ជជែក ផ្តោតសំខាន់​ទៅលើ​កូតា ដែល​ប្រទេស​នីមួយៗ​ត្រូវ​ចូលរួម​កាត់បន្ថយ ព្រោះថា ទាំង​រុស្ស៊ី និង​ប្រទេស​ផលិតប្រេង​ដទៃទៀត គ្មាន​ចេតនា ចង់​បន្ថយ​ការផលិត​បូមប្រេង​របស់ខ្លួន​នោះទេ។ ប៉ុន្តែ ទៅតាម​កិច្ចព្រមព្រៀង​នៅថ្ងៃ​សុក្រ គេ​បាន​ព្រមព្រៀង​គ្នាថា ប្រទេស​សមាជិក​របស់​OPEC នឹង​កាត់បន្ថយ​ការផលិត​បូម​ប្រេងសរុប ៨សែនបារីល ចំណែក​រុស្ស៊ី និងសម្ព័ន្ធមិត្តរបស់ខ្លួន​ត្រូវ​កាត់បន្ថយ ការបូមប្រេង ៤សែនបារីល។ ការសម្រេច​កាត់​បន្ថយ​​ការផលិត​ប្រេងរបស់​អារ៉ាប៊ី សាអូឌីត​​កំពុង​ដើរផ្ទុយពីការចង់បាន​របស់​ប្រធានាធិបតី អាមេរិក លោកដូណាល់ ត្រាំ។ វិធានការ​នេះ​នឹង​អាច​ធ្វើឲ្យ​រដ្ឋបាល​លោកដូណាល់​ត្រាំ កាន់តែ​អាក់អន់​ចិត្ត ជាពិសេស នៅក្នុង​កាលទេសៈ​ដែល​អាមេរិក និង​អារ៉ាប៊ី សាអូឌីត កំពុងតែ​តានតឹង​នឹង​គ្នា ដោយសារ​សំណុំរឿង​ឃាតកម្ម​ទៅលើ​អ្នកកាសែត អារ៉ាប៊ី សាអូឌីត លោកJamal Khashoggi៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ