ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/03 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/03 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/03 12h00 GMT

បារាំង៖អនាគត និង​ភាព​ដែល​មិន​អាច​ទៅ​រួច​ក្នុង​កំណែទម្រង់​សង្គម​សេដ្ឋកិច្ច

បារាំង៖អនាគត និង​ភាព​ដែល​មិន​អាច​ទៅ​រួច​ក្នុង​កំណែទម្រង់​សង្គម​សេដ្ឋកិច្ច
 
ក្រុម​បាតុករ​អាវកាក់លឿង​ក្នុង​ទីក្រុងប៉ារីស ប្រទេស​បារាំង ថ្ងៃទី៨ ធ្នូ ២០១៨ REUTERS/Benoit Tessier

ត្រឹមប្រហែល ៦ទសវត្សរ៍ចុងក្រោយ សេដ្ឋកិច្ចបារាំង​បាន​បន្ត​ធ្លាក់​ចុះ​យ៉ាង​សន្សឹមៗ ពីលេខ២ មកលេខ៧ ក្នុង​ចំណោម​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ចលើ​លោក។ ក្រោយ​សង្គ្រាម​លោក​លើក​ទី២ បារាំង ក៏​ដូចជា​ប្រជាជាតិ​អឺរ៉ុប​ផ្សេង​ទៀត​ បាន​ទទួល​យក​គំរូ​អភិវឌ្ឍ​សេដ្ឋកិច្ច​បែប​រដ្ឋ​សង្គម​កិច្ច​ វាជាគំរូសេដ្ឋកិច្ចមួយ ដែលមានយន្តការរក្សាសុខុមាលភាពសង្គម សមធម៌ និងការកាត់បន្ថយគម្លាតរវាងអ្នកឈ្នះ និងអ្នកចាញ់ ឬអ្នកមាន និងអ្នកក្រ។

ទោះ​ជា​យ៉ាង​ណា នៅ​ពេល​ដែល​ពិភព​លោកកាន់​តែ​ប្រែប្រួល ​ជា​ពិសេស ក្នុង​យុគសម័យ​នៃសាកលភាវូបនីយកម្ម សង្គម​បារាំង​ទាម​ទារ​នូវ​ការ​កែ​ប្រែ​ខ្លួន ឬ​​ ​ការ​ធ្វើ​កំណែទម្រង់យ៉ាង​ស៊ី​ជម្រៅ ដើម្បីអាច​បន្ត​រក្សា​ថាម​ពល​សេដ្ឋកិច្ច​ ក៏​ដូចជា​ស្ដង់ដាររស់​នៅ​ខ្ពស់​ ដូច​ពីអតីតកាល​។

កាល​ពី​១៥​​ឆ្នាំ ក្រោយ​សង្គ្រាម​លោក​លើកទីពីរ ពោល​គឺ​នៅ​កំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៦០ បារាំងជាប្រទេស​មហា​អំណាច​មួយ ​​ ដែល​​មាន​ទំហំ​សេដ្ឋកិច្ច​​ធំ​បំផុតឈរលំដាប់​ទី២ នៅ​ពីក្រោយ​ប្រទេស​មហាអំណាច​តែមួយ​គត់​គឺ ​សហរដ្ឋ​អាមេរិក។ ពេល​វេលា​ចេះ​តែរំកិល​ទៅមុខ ការវិវត្ដន៍របស់​សង្គម និង​ពិភព​លោក​ទាំង​មូល​ ប្រែប្រួល​មិន​ឈប់​ឈរ។ ប្រហែល ៦ទសវត្សរ៍​ក្រោយមក ចំណាត់​ថ្នាក់​នៃ​សេដ្ឋកិច្ច​បារាំងជារួម បានបន្ត​​ធ្លាក់​ចុះ ​យ៉ាង​សន្សឹមៗ មក​នៅ​ត្រឹម​លេខ៧ នៅ​ពីក្រោយ​ទាំង​​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ថ្មីថ្មោងពីតំបន់​អាស៊ី គឺឥណ្ឌា និង​អ្នក​ជិត​ខាង​របស់​ខ្លួន គឺ​អាល្លឺម៉ង់ និង​ចក្រភពអង់គ្លេស។

យោង​តាម​អ្នក​ជំនាញ​ភ្នែកមុតខ្លះ ដូចជា លោក​ លី ក្វាន់​យូ (អតីតបិតាសិង្ហបុរី) លោក Henry Kissinger (អតីតសាស្រ្ដាចារ្យ​សាកល​វិទ្យាល័យ Harvard) ឬ​ លោក Joseph Stiglitz (ម្ចាស់ពានរង្វាន់ណូលបែលសេដ្ឋកិច្ច) កង្វះថាមពលក្នុងសេដ្ឋកិច្ច ដែល​បណ្តាល​ឱ្យ​មាន​ការ​ធ្លាក់​ចុះ ភាពប្រកួតប្រជែងអន្តរជាតិ​ ឬ​ភាព​ទាក់​ទាញ​សេដ្ឋកិច្ច​ជារួម​របស់​បារាំង ឬ​​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អឺរ៉ុប អាស្រ័យ​យ៉ាង​ចម្បង​ទៅនឹង​ច្បាប់ការងារ​ដ៏តឹងតែង និង​ការ​ចំណាយ​សង្គម​ដ៏​ច្រើន​លើស​លប់​របស់​រដ្ឋាភិបាល ដែល​កើត​មានឡើង​​ក្នុង ​រដ្ឋសង្គមកិច្ច។ វា​ជាគំរូ​ម៉ូឌែល​សេដ្ឋកិច្ចមួយ​ ដែល​មាន​យន្តការរក្សាសុខុមាលភាពសង្គម និងសមធម៌ ក្នុងវត្ថុបំណងដើម្បីជួយគាំពារអ្នកអត់ការងារធ្វើ មនុស្សឈឺ និងមនុស្សចាស់ និង​ការ​កាត់​បន្ថយគម្លាត​រវាង​អ្នក​ឈ្នះ​ និងអ្នក​ចាញ់ ឬ​អ្នក​មាន​ និង​អ្នក​ក្រ។

អស់រយៈពេលជាច្រើនឆ្នាំ អឺរ៉ុបអាចទ្រាំទ្រគោលនយោបាយទាំងនេះបាន។ ប៉ុន្តែគ្មានអ្វីនៅស្ថិតស្ថេរជាអមតនោះទេ។ ពិភពលោកក្រោយមកបានផ្លាស់ប្ដូរ នៅពេលសកលភាវូបនីយកម្មកាន់តែកើនឡើង កម្មករអឺរ៉ុបដែលមានជំនាញបច្ចេកទេសទាបចាប់ផ្ដើមមើលឃើញថា ខ្លួនកាន់តែមានភាពលំបាកខ្លាំងក្នុងការប្រកួតប្រជែង មិនមែនត្រឹមតែជាមួយពលរដ្ឋអឺរ៉ុបគ្នាឯងនោះទេ តែជាមួយជប៉ុន ហើយក្រោយមកជាមួយចិន និងឥណ្ឌា ថែមទៀតផង។ ការនាំចេញពីអឺរ៉ុបទៅកាន់ពិភពលោកបានធ្លាក់ចុះ និងចង្វាក់ផលិតកម្មនៃឧស្សាហកម្មរបស់ខ្លួនបានផ្លាស់ទីទៅប្រមូលផ្ដុំនៅតំបន់អាស៊ី។ ជាលទ្ធផល ប្រាក់បៀវត្សរបស់កម្មករអឺរ៉ុបក៏ត្រូវបានធ្លាក់ចុះផងដែរ។ ប្រសិនបើគ្មានវត្តមានរបស់ចិន ឥណ្ឌា និងជប៉ុន រដ្ឋសង្គមកិច្ចរបស់អឺរ៉ុបប្រហែលជាអាចបន្តស្ថិតស្ថិរយូរជាងនេះ។ ប៉ុន្តែដោយសារ វត្តមាននៃការរីកចម្រើនរបស់ប្រទេសទាំងនោះ បញ្ហាដែលរដ្ឋសង្គមកិច្ចអាចត្រូវប្រឈមនឹងមិនចំណាយពេលយូរនោះទេ។

ជាអកុសល ច្បាប់និងនយោបាយមិនងាយផ្លាស់ប្ដូរដោយងាយស្រួល តាមកាលៈទេសៈសកលនោះទេ។ គម្រោងគាំពារក្នុងរដ្ឋសង្គមកិច្ចដែលត្រូវបានដាក់ចេញហើយ ពិតជាពិបាកលុបបំបាត់ចេញវិញខ្លាំងណាស់។ ការដាក់ចេញនូវនយោបាយកំណែទម្រង់ដោយរដ្ឋាភិបាលណាមួយនឹងត្រូវបានទទួលរងនូវការដាក់ពិន័យយ៉ាងខ្លាំងក្លាពីអ្នកបោះឆ្នោត។ ជា​ការ​ពិត មាន​អ្នក​ដឹកនាំ​អឺរ៉ុប​ច្រើន​នាក់រួច​មក​ហើយ ដែល​​បាន​ព្យាយាមធ្វើកំណែទម្រង់នយោបាយក្នុងអាណត្តិរបស់ខ្លួន តែនៅចុងបញ្ចប់ ពួកគេនឹងត្រូវប្រឈមនឹងអ្នកបោះឆ្នោត ដែលមិនមានបំណងបោះបង់ចោលនូវអ្វីដែលពួកគេធ្លាប់បានទទួល ជាអត្ថប្រយោជន៍រាប់សិបឆ្នាំមកហើយ។ បញ្ហាសង្គមបែបនេះបានប្រែក្លាយជាកាន់តែលំបាក និងមិនអាចកែប្រែបានសម្រាប់ពលរដ្ឋភាគច្រើនក្នុងបណ្ដាប្រទេសអឺរ៉ុបទាំងនោះ។

យោងតាមស្ថិតិរបស់អង្គការOECD បណ្តាប្រទេសនៅអឺរ៉ុបជាមធ្យមត្រូវចំណាយច្រើនជាង២៣%នៃផលិតផលក្នុងស្រុកសរុបលើការចំណាយសង្គមរបស់រដ្ឋាភិបាល។ តួលេខនេះកាន់តែមានកម្រិតខ្ពស់ជាងនេះទៅទៀតក្នុងប្រទេសខ្លះ អាចមានដល់២៥%ក្នុងប្រទេសអ៊ីតាលី និង២៨%ក្នុងប្រទេសបារាំង។ ទោះជាយ៉ាងណា ឥទ្ធិពលអាក្រក់បំផុតនៃប្រព័ន្ធរដ្ឋសង្គមកិច្ចមិនស្ថិតនៅលើ “សភាពនៃភាពមិនបត់បែន” នោះទេ តែបញ្ហាស្ថិតលើឥទ្ធិពលអវិជ្ជមាននៃ “ការលើកទឹកចិត្តមនុស្សឱ្យខិតខំប្រឹងប្រែងធ្វើការដើម្បីខ្លួនឯង”។ ប្រសិនបើប្រព័ន្ធការពារសង្គមត្រូវបានបង្កើតឡើងបែបនេះ ហើយអ្នកនឹងទទួលបានអត្ថប្រយោជន៍ស្មើគ្នា ទោះជាអ្នកប្រឹងប្រែងធ្វើការ ឬអត់ក៏ដោយ សំណួរគឺថាហេតុអ្វីអ្នកចាំបាច់ត្រូវខិតខំធ្វើការ? អ្នកគ្មានទឹកចិត្តខិតខំធ្វើការនោះទេ។ គំរូម៉ូឌែលរបស់សង្គមអឺរ៉ុបបានបង្កើតនូវក្រុមមនុស្សដែលព្យាយាមរស់នៅដោយប្រើប្រាស់ជំនួយសង្គម ហើយចុងបញ្ចប់ពួកគេនឹងក្លាយជាមនុស្សខ្វះក្រមសីលធម៌ការងារខ្ពស់។

នៅចំណុចកំពូលនៃបញ្ហានេះ អឺរ៉ុបមិនបានធ្វើការផ្លាស់ប្ដូរសំខាន់ណាមួយនោះទេ លើច្បាប់ទីផ្សារការងារដ៏តឹងរ៉ឹង ដែលបានរារាំងដល់ក្រុមហ៊ុនមិនឱ្យមានសិទ្ធិបញ្ឈប់បុគ្គលិក និងរយៈពេលអប្បបរមានៃថ្ងៃឈប់សម្រាកប្រចាំឆ្នាំ រួមទាំងបញ្ហាផ្សេងទៀតផងដែរ។ យន្តការនយោបាយទាំងនេះបានធ្វើឱ្យមានផលប៉ះពាល់ជាអវិជ្ជមានលើកម្មករ ឬបុគ្គលិកខ្លួនឯងទៅវិញទេនៅពេលបន្ទាប់ ព្រោះ ក្រុមហ៊ុនត្រូវទទួលរងផលប៉ះពាល់ដោយចាំបាច់ត្រូវប្រុងប្រយ័ត្នខ្ពស់ក្នុងការជួលបុគ្គលិកបន្ថែម ទោះបីជាស្ថិតនៅស្ថានភាពសេដ្ឋកិច្ច ចាប់ផ្ដើមរីកចម្រើនក៏ដោយ។ ជាលទ្ធផល ការងារនឹងរត់ទៅកន្លែងផ្សេង។ ស្ថិតិបានបង្ហាញលទ្ធផលជាអវិជ្ជមានទាំងនេះ។ ចំពោះប្រទេសសមាជិកOECD ប្រទេសប្រាំពីរក្នុងចំណោមប្រទេសទាំងដប់ ដែលមានច្បាប់ការងារមានលក្ខណៈតឹងរ៉ឹង មានអត្រានិកម្មភាពខ្ពស់បំផុត នៅមួយទសវត្សរ៍ចុងក្រោយនេះ។

ប៉ុន្តែតើបារាំង ឬ​អឺរ៉ុប អាចនឹងផ្លាស់ប្ដូរនយោបាយទាំងនេះបានដោយរបៀបណា? បារាំង​មានក្រុមសហជីពដែលនឹងដើរពាសពេញទីក្រុងប៉ារីស ហើយនឹងមិនទទួលស្គាល់ហេតុផលណាមួយពីរដ្ឋាភិបាល​នោះទេ ទោះជាសភាពជាក់ស្ដែងបានបង្ហាញថា កម្លាំងប្រកួតប្រជែងសកលបានរុញច្រានឱ្យកម្លាំងពលកម្មបារាំងខ្វះភាពប្រកួតប្រជែង និងទាមទារឱ្យពួកគេត្រូវធ្វើការលះបង់អត្ថប្រយោជន៍សង្គមផ្ទាល់ខ្លួនខ្លះ សម្រាប់ផលប្រយោជន៍ជាតិក្នុងរយៈពេលវែងក៏ដោយ។ សរុប​ជារួម ថ្ងៃ​អនាគត​ដ៏គួរ​ឱ្យ​សោកសង្រេងជាង​នេះ នឹង​នៅ​មាន​ច្រើន​ទៀត ​កំពុង​​រង់​ចាំ​ប្រជាជាតិបារាំង​ ក៏​ដូចជាប្រជាជាតិ​អឺរ៉ុបភាគច្រើនផ្សេង​ទៀត បើ​សិន​មិន​មានកំណែ​ទម្រង់​​វះកាត់​សង្គម​ដ៏ល្វីង​ជូរចត់​ណាមួយ​កើតឡើង​នោះ​ទេ៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង

    វិបត្តិអាវកាក់លឿង៖​រដ្ឋាភិបាលបារាំង​ស្នើ​ប្រទេស​មួយ​ចំនួន​កុំ​ឲ្យ​លូកដៃ​ក្នុង​រឿង​ផ្ទៃក្នុង​បារាំង

    ស្វែងយល់បន្ថែម

  • បារាំង-បាតុកម្ម

    ហេតុអ្វី​​ប្រធានាធិបតី​បារាំង នៅ​ស្ងាត់ស្ងៀម ទោះ​មាន​បាតុកម្ម​របស់​ក្រុមអាវកាក់លឿង?

    ស្វែងយល់បន្ថែម

  • ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

    បារាំង៖ សមត្ថកិច្ច​​ប្រុង​ជើង ​ប្រឈមនឹង​បាតុកម្ម​លើកទី៣ របស់​​ចលនា​អាវកាក់​ពណ៌​លឿង

    ស្វែងយល់បន្ថែម

  • បារាំង៖​វិមាន​អេលីហ្សេ​ជា​ផ្ទាំងស៊ីប​របស់​ចលនា « អាវកាក់លឿង » ក្នុង​ថ្ងៃសៅរ៍ ទី៨ ធ្នូ?

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ