អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​បារាំង​កំពុង​តែ​​លង់ខ្លួន​ទៅក្នុងមហា​​បាតុកម្ម​របស់​ក្រុមអាវកាក់​លឿង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅក្នុង​សុន្ទរកថា តាម​ទូរទស្សន៍១៣​នាទី ដែល​មាន​មនុស្ស​តាមដាន​មើល ដល់​ទៅ ២៣​លាន​នាក់ លោក​ប្រធានាធិបតី បារាំង អេម៉ានុយអែល​ម៉ាក្រុង បាន​ប្រកាស​ដាក់​ចេញ​វិធានការ​មួយចំនួន​ដើម្បី​ឆ្លើយតប​ទៅតាម​ការទាមទារ​របស់​ចលនា​អាវកាក់លឿង ដូចជា​ដំឡើង​ប្រាក់ខែ​អប្បបរមា ដោយ​បន្ថែម ចំនួន ១០០​អឺរ៉ូ ហើយ​និង​ការមិន​យកពន្ធ​លើប្រាក់​ធ្វើការ​ថែមម៉ោង​ជាដើម។ តើ​វិធានការ​របស់​លោក​ម៉ាក្រុង​នៅ​ថ្ងៃ​ម្សិលមិញ អាច​រំងាប់​កំហឹង​របស់​ចលនា​អាវកាក់លឿង ដែរឬទេ? 

បាតុករ​របស់​ចលនា​អាវកាក់លឿង​តាមដាន​មើល​សុន្ទរកថា​របស់​លោកប្រធានាធិបតី បារាំង អេម៉ានុយអែលម៉ាក្រុង ថ្ងៃទី ១០​ធ្នូ ២០១៨
បាតុករ​របស់​ចលនា​អាវកាក់លឿង​តាមដាន​មើល​សុន្ទរកថា​របស់​លោកប្រធានាធិបតី បារាំង អេម៉ានុយអែលម៉ាក្រុង ថ្ងៃទី ១០​ធ្នូ ២០១៨ ©REUTERS/Jean-Paul Pelissier TPX IMAGES OF THE DAY
ផ្សាយពាណិជ្ជកម្ម

នៅ ក្រោយ​បាតុកម្ម​របស់​ចលនាអាវកាក់លឿង បាន​ផ្ទុះឡើង​ជា​រៀងរាល់​ថ្ងៃ​សៅរ៍ ចាប់តាំង​ពី​ចុងខែ​វិច្ឆិកា ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង នៅ​យប់​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ប៉ុនប៉ង​បន្ថយ​កំហឹង​របស់​ក្រុមអាវកាក់លឿង តាមរយៈ ការសន្យា​មួយចំនួន មានដូចជា ការដំឡើង​ប្រាក់ខែ​អប្បបរមា ដោយ​បន្ថែម ប្រាក់​ចំនួន ១០០​អឺរ៉ូទៀត ក្នុង​មួយខែ ដោយ​គិត​ចាប់តាំង​ពី​២០១៩​តទៅ។ ទី ២ ដើម្បី សម្រាល​បន្ទុក​របស់​អ្នកចូលនិវិត្ត រដ្ឋាភិបាល​នឹង​​លែង​ទាមទារ​ឲ្យអ្នក​ដែល​មាន​ប្រាក់ចូលនិវត្ត​តិច​ជាង ២ពាន់​អឺរ៉ូ រ បង់​វិភាគទាន​សង្គម​ដូចមុន។ ទី៣ រដ្ឋ​នឹង​មិន​យក​ពន្ធ​លើ​ប្រាក់ចំណូល ដែល​បាន​មក​ពី​ការធ្វើការ​ថែមម៉ោង។ និង​ទី ៤ លោក​ម៉ាក្រុង​បាន​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បើកប្រាក់​រង្វាន់ ដំណាច់ឆ្នាំ សម្រាប់​បុគ្គលិក ឲ្យ​បាន នៅ​ចុង​ឆ្នាំនេះ ហើយ​និង​រដ្ឋ​នឹង​មិន​គិត​យកពន្ធ​ពីលើ​ប្រាក់រង្វាន់ នេះ​ទេ។

ចាប់តាំង​ពី​ក្រុមអាវកាក់​លឿង ធ្វើ​បាតុកម្ម នៅ​រៀងរាល់​ថ្ងៃ​សៅរ៍ រហូត​ទៅដល់​មាន​បាតុកម្ម​ហិង្សា ពីរលើក នៅថ្ងៃទី ១ និង​ទី ៨ធ្នូ នេះជា​លើកទី ២ ដែល​រដ្ឋាភិបាល​បារាំង បាន​ប្រកាស​ធ្វើ​សម្បទាន​នយោបាយ ដូចជា បាន​សម្រេច​លុប​ចោល​ទៅវិញ ពន្ធ​លើ​តម្លៃប្រេងឥន្ធនៈ ដែល​ជា​ប្រភព​ដើមចម នៃ​ការផ្ទុះបាតុកម្ម នៅ ទូទាំង​ប្រទេស​របស់​ក្រុមអាវកាក់​លឿង។ ប៉ុន្តែ ដូចជា​លើកមុន វិធានការ​របស់​លោក​ម៉ាក្រុង​ថ្ងៃ​ចន្ទ ម្សិលមិញ ទំនង​មិន​អាច​ទៅ​រំងាប់​កំហឹង​របស់​ចលនា​អាវកាក់​លឿងនោះទេ។ តាំង​ពី​យប់​ថ្ងៃ​ម្សិលមិញ នៅក្រោយ​ការថ្លែង​សុន្ទរកថា របស់​លោកប្រធានាធិបតី ម៉ាក្រុង ចលនា​អាវកាក់ លឿង​បាន​ប្រកាស​រួចហើយ ថា នឹង​នៅតែ​បន្ត​ធ្វើ​បាតុកម្ម នៅ​ថ្ងៃ​សៅរ៍​ទី ១៥​ធ្នូ ខាងមុខ នេះទៀត ហើយ​បើអាច​ទៅរួច គឺ ក្នុង​រយៈពេល​៣​ខែទៅមុខទៀត​តែម្តង។

ហេតុអ្វី​បាន​ជាលោកម៉ាក្រុង​មិនអាច​រំងាប់​កំហឹង​របស់​ចលនា​អាវកាក់លឿង?

ចលនា​អាវកាក់​លឿង​សំដៅ​ដល់​បាតុករ​បារាំង ដែលយក​អាវការពារ​សុវត្ថិភាព ពណ៌លឿង​មក​ពាក់​ក្នុង​ពេល​ធ្វើ​បាតុកម្ម ប្រឆាំង​នឹង​វិធានការ​ដំឡើង​ពន្ធ​លើ​ប្រេង​ឥន្ធនៈ ដែល​រដ្ឋាភិបាល គ្រោង​ចាប់អនុវត្ត ចាប់ពី​ឆ្នាំ ២០១៩។

ប៉ុន្តែ ការទាមទារ​បាន​រីករាលដាល​ពី​ប្រេងឡើងថ្លៃ រហូត​ដល់​បញ្ហា​ពន្ធ ហើយ​និង​ទំនិញ​ឡើងថ្លៃ ដែល​ធ្វើ​ឲ្យ​ប្រជាជន​បារាំង​កាន់តែ​ច្រើន​ចូលរួមតវ៉ា គាំទ្រ​ក្រុមអាវកាក់លឿង។សម្រាប់​ចលនា​អាវកាក់លឿង​មួយចំនួន វិធានការ​របស់លោកម៉ាក្រុង គួរ​តែ​ធ្វើឡើង នៅពេល​ផ្ទុះកើតឡើង​ភ្លាម បាតុកម្ម។ លោកម៉ាក្រុង​ចាត់វិធានការ​នៅពេលនេះ គឺ​ហួសពេល​ទៅហើយ។

ក្រុមចលនា​អាវកាក់លឿង​ជ្រុលនិយម នៅតែ​ចង់​បន្ត​ធ្វើ​បាតុកម្ម តទៅទៀត ព្រោះ​ថា សម្រាប់​ពួកគេ លោក​ម៉ាក្រុង​មិន​បាន​ដោះស្រាយ​បញ្ហាពិតប្រាកដ​នោះ​ទេ គឺ​បញ្ហា​សង្គម និង​សេដ្ឋកិច្ច ដែល​ជា​លទ្ធផល​នៃ​នយោបាយ​លំអៀង​ទៅរក​អ្នកមាន របស់​មេដឹកនាំ​បារាំងនោះទេ។

ពិតណាស់​ថា វិធានការ ដំឡើងប្រាក់ខែ​អប្បបរមា​ជា​ចំណុចវិជ្ជមាន ប៉ុន្តែ វា​មិន​បាន​ឆ្លើយតប​ទៅនឹង​ការទាមទារ​ជាទូទៅ​របស់​ចលនា​អាវកាក់លឿង ដែល​ពេលនេះ មាន​ការចូលរួម​ពី​សិស្ស​សាលា ដែលចង់​ឲ្យ​រដ្ឋាភិបាល​លុបចោល​ទៅវិញ កំណែទម្រង់​លើ​ការប្រលង​ចូល​មហាវិទ្យាល័យ ហើយ​និង​អ្នកចូល​និវត្ត គ្រួសារ​ជីវភាព​មធ្យម ដែល​តវ៉ា​ពី​ការចំណាយ​កាន់តែ​ខ្ពស់ ក្នុងពេល​ដែល​ប្រាក់ខែ​របស់​ពួកគេ​នៅតែ​តិចតួច។

កំណែទម្រង់ ស៊ីជម្រៅ លើ​ប្រព័ន្ធ​អប់រំ កាត់បន្ថយ គម្លាត​រវាង​អ្នកមាន និងអ្នកក្រ គឺ ជា​អ្វី​ដែល​រដ្ឋាភិបាល​របស់​លោកម៉ាក្រុង​ត្រូវធ្វើ​ជាបន្ទាន់ ប៉ុន្តែ មិនមែន​គ្រាន់​តែ​ប្រកាស​ដំឡើង​ប្រាក់ខែ ឬ​លុបចោល​ការបង់ពន្ធ​ដើម្បី​បំពេញ​ចិត្ត​បាតុករ​មួយក្រុម​នោះទេ។ សម្រាប់ អ្នកនាំពាក្យ​ផ្លូវការ​របស់​ចលនា​អាវកាក់លឿង Laëtitia Dewalle ក្រុមអាវកាក់លឿង​ជាច្រើន និយាយ​ថា ពួក​គេ​នៅ​តែ​ខកចិត្ត នឹង​អត្តចារិក របស់​លោកម៉ាក្រុង ដែល​បាន​ថ្លែងសារ បំបែកបំបាក់​ប្រជាជន បារាំង ជាជាង ស្វែងរក​ដំណោះស្រាយពិតប្រាកដ។

មួយវិញទៀត ចលនា​អាវកាក់លឿង​ភាគច្រើន វាយតម្លៃថា លោក​ម៉ាក្រុង មិន​បាន​ថ្លែង​សុន្ទរកថា ​ដោយ​ស្មោះ​អស់​ពីចិត្ត នោះទេ និង​ថា លោក​ម៉ាក្រុង​នៅតែ​ជា​ប្រធានាធិបតី របស់​អ្នកមាន។ គេ​ចង់​សំដៅ​ទៅ​ដល់​ជំហរ​ដាច់ណាត់​របស់​លោក​ម៉ាក្រុង ដែល​ប្រឆាំង មិន​ព្រម​យក​ពន្ធ​លើ​ទ្រព្យសម្បត្តិ របស់​អ្នកមាន ដូចតាម​ការទាមទារ​របស់​ចលនា​អាវកាក់លឿង។

ដោះស្រាយ​បញ្ហាឆ្នាំងបាយ​របស់​បុគ្គលិក ដោយ​មិន​ដាក់សំពាធ​លើ​ក្រុមហ៊ុន

លោកម៉ាក្រុង​បាន​ប្រកាស​ចេញ​វិធានការ​នៅថ្ងៃ​ម្សិលមិញ ដើម្បី​ដោះស្រាយ​បញ្ហាសង្គម ប៉ុន្តែ ដោយ​មិន​ដាក់​បន្ទុក​ខ្លាំង ទៅលើ​ក្រុមអ្នកមាន ឬ​ថៅកែ​ក្រុមហ៊ុន ព្រោះ ​បើតាម​លោកម៉ាក្រុង ការដាក់​សម្ពាធ​ទៅលើ​អ្នកមាន ក្រុមហ៊ុន នឹង​ធ្វើ​ឲ្យ​ប្រទេស​បារាំង​បាត់បង់​ឱកាស​បង្កើត​ការងារ​របស់​ក្រុមហ៊ុន និង​ក្រុមអ្នកមាន​នេះឯង។ ជាក់ស្តែង លោក​ម៉ាក្រុង បាន​ប្រកាស​ដំឡើង​ប្រាក់ខែ​អប្បបរមា របស់​បុគ្គលិកមែន ប៉ុន្តែ ដោយ​ថៅកែ ក្រុមហ៊ុន គ្មាន​ត្រូវ​ចេញ​ សូម្បី​១សេន​ពី​ហៅប៉ៅ នោះទេ។ មានន័យថា គឺ​រដ្ឋ​ដែល​ជា​អ្នកទទួលបន្ទុក លើ​ការបន្ថែម ប្រាក់​១០០​អឺរ៉ូ សម្រាប់​បា្រក់ខែ​អប្បបរមា​ដែលលោក​ម៉ាក្រុង​បាន​សន្យា។

តាម​រដ្ឋមន្រ្តី​ការងារ​បារាំង រដ្ឋ​ត្រូវ​ចំណាយ​ថវិកា​ពី ៨ ទៅ​១០​ពាន់លាន​អឺរ៉ូ សម្រាប់​វិធានការ​របស់​លោក​ម៉ាក្រុង​នៅថ្ងៃ​ម្សិលមិញ។ តើ​រដ្ឋបារាំង​នឹង​បាន​ប្រាក់​មកពីណា សម្រាប់​យក​ទៅ​ចំណាយ​សម្រាប់​វិធានការ​របស់លោកម៉ាក្រុង​នោះ? គណបក្ស​ឆ្វេងនិយមជ្រុល​ដែល​បាន​គាំទ្រ ឲ្យ​មាន​ចលនា​បាតុកម្ម​តវ៉ា​នៅថ្ងៃ​សៅរ៍​ខាងមុខ វាយតម្លៃថា ដោយ​មិនព្រម​យក​ពន្ធ​លើ​ទ្រព្យសម្បត្តិ​របស់​អ្នកមាន រដ្ឋាភិបាល​របស់​លោកម៉ាក្រុង​នឹង​នៅតែ​ច្របាច់ក​យក​ពន្ធ​ពី​ប្រជាជន​បារាំង ដើម្បី មក​ដោះស្រាយ​វិបត្តិ​មួយគ្រា​លើកនេះ។

តាម​ប្រធានសភា​បារាំង ដែលមកពី​គណបក្ស​របស់​លោកប្រធានាធិបតី​ម៉ាក្រុង វិធានការ​របស់​រដ្ឋាភិបាលបារាំង​ដើម្បី​ឆ្លើយតប​នឹង​ការទាមទារ​របស់​ចលនា​អាវកាក់លឿង នឹង​ធ្វើ​ឲ្យ​រដ្ឋបារាំង មិនអាច​គោរព​តាម​ការកំណត់​របស់​សហភាពអឺរ៉ុប ដែល​ចង់​ឲ្យ​បារាំង​មាន​ឱនភាព​ថវិកា ក្រោម ៣ភាគរយ នៅ​ឆ្នាំ ២០២០។ បារាំង នឹង​មាន​ឱនភាព​សេដ្ឋកិច្ច ក្រោម ៣ភាគរយ នៅ​ឆ្នាំ ២០២០ ប៉ុន្តែ មិនមែន​នៅ​ឆ្នាំ ២០១៩​នោះទេ។

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ