អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

Brexit៖​ចុះ​បើ​ប្រទេស​អង់គ្លេស​សម្រេចចិត្ត​បន្ត​​រួម​សុខ រួមទុក្ខ​ជាមួយ​សហភាពអឺរ៉ុប​​វិញ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ចន្ទ ទី១០ ធ្នូ តុលាការ​យុត្តិធម៌​អឺរ៉ុប​បាន​សម្រេច​ថា ប្រទេស​អង់គ្លេស​មាន​សិទ្ធិ​ក្នុង​ការ​បោះបង់​ចោល Brexit និង​បន្ត​រួមរស់​ជាមួយ​សហភាព​អឺរ៉ុប​ជា​ថ្មី​ដោយ​មិន​ចាំ​បាច់​សួរ​យោបល់ និង​មាន​ភ្លើងខៀវ​ពី​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស​ទេ។ ការ​សម្រេច​របស់​តុលាការយុត្តិធម៌​អឺរ៉ុប​ពេល​នេះ​បាន​ធ្វើ​ឡើង ក្នុង​ពេល​ដែល​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​តេរ៉េហ្សា ម៉េ​បាន​សម្រេច​លើក​ការ​បោះឆ្នោត​នៅ​ក្នុង​សភា​អង់គ្លេស​សេចក្តីព្រាង​កិច្ចព្រមពៀង​រវាង​សហភាព​អឺរ៉ុប និង​រដ្ឋាភិបាល​អង់គ្លេស​កាល​ពី​ថ្ងៃទី២៥ វិច្ឆិកា។ តើ​វា​អាច​ឬ​ទេ​ដែល​អង់គ្លេស​បែរ​ជា​សម្រេចចិត្ត​បន្ត​រួមរស់​ជាមួយ​សហភាព​អឺរ៉ុប​ឡើង​វិញ?

លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May និង​លោក​ប្រធានគណកម្មការ​អឺរ៉ុប Jean Claude Juncker
លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May និង​លោក​ប្រធានគណកម្មការ​អឺរ៉ុប Jean Claude Juncker REUTERS/Yves Herman
ផ្សាយពាណិជ្ជកម្ម

គ្មាន​អ្វី​ដែល​រារាំង​មិន​ឲ្យ​ប្រទេស​អង់គ្លេស​ត្រឡប់​ទៅ​រួមសុខ រួមទុក្ខ​ជាមួយ​សហភាព​អឺរ៉ុប​ជា​ថ្មី​ឡើង​វិញ​ទេ ព្រោះ​ទី១ ប្រទេស​សមាជិក​អឺរ៉ុប​មួយ​នេះ​នៅ​មិន​ទាន់​បាន​ផ្តាច់ខ្លួន​ចេញ​ពី​អឺរ៉ុប​ជា​ផ្លូវការ​នៅ​ឡើយ និង​ទី២ តុលាការ​យុត្តិធម៌​អឺរ៉ុប​ទើប​សម្រេច​ថា អង់គ្លេស​មាន​សិទ្ធិ​សម្រេច​ដោយ​ខ្លួន​ឯង​ក្នុង​ការ​បោះបង់​ចោល Brexit ដោយ​មិន​ចាំ​បាច់​ពិគ្រោះយោបល់ ឬ​សុំ​ភ្លើងខៀវ​ពី​សមាជិក​អឺរ៉ុប​ទាំង ២៧ប្រទេស​ផ្សេង​ទេ។ គេ​អាច​និយាយ​បាន​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ អង់គ្លេស​ជា​អ្នក​សម្រេច​ជោគវាសនា​ខ្លួន​ឯង​ក្នុង​ការ​បន្ត​រស់​ជាមួយ​គ្រួសារ​អឺរ៉ុប ឬ​នៅ​ក្រៅ​គ្រួសារ​អឺរ៉ុប។ តែ​ទោះ​ជា​ត្រូវ​សម្រេច​ចិត្ត​យ៉ាង​ណា​ក៏​ដោយ អង់គ្លេស​ត្រូវ​ដើរ​ចូល​លើ​ផ្លូវ​ដែល​ខ្លួន​បាន​ដើរ​ចេញ​ពី​ដំបូង មាន​ន័យ​ថា ត្រូវ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ឡើង​វិញ​ដូច​កាល​ពី​ថ្ងៃទី២៣ មិថុនា ឆ្នាំ ២០១៦។

គួរ​រម្លឹក​ថា​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រជាមតិ​ថ្ងៃទី២៣ មិថុនា ២០១៦ មាន​ប្រជារាស្រ្ត​អង់គ្លេស​ភាគច្រើន​បាន​សម្រេចចិត្ត​លះលែង​ពី​សហភាព​អឺរ៉ុប។ ជាង ២ឆ្នាំ​ក្រោយ​មក និង​ចំ​ពេល​ដែល​កិច្ចចរចា​លែងលះ​កំពុង​បន្ត​មាន​រវាង​រដ្ឋាភិបាល​អង់គ្លេស និង​សហភាព​អឺរ៉ុប តើ​ប្រជារាស្រ្ត​អង់គ្លេស​នៅ​តែ​ចង់​លែងលះ ឬ​មួយ​ក៏​ប្តូរ​ចិត្ត​វិញ?។ យើង​ទុក​សំណួរ​មួយ​នេះ​ឲ្យ​ប្រជារាស្រ្ត​អង់គ្លេស​ជា​អ្នក​ឆ្លើយ​ចុះ។ អ្វី​ដែល​យើង​អាច​និយាយ​បាន​ពេល​នេះ​គឺ​ថា ទោះ​បី​ជា​មាន​ប្រជារាស្រ្ត​អង់គ្លេស​ភាគច្រើន​បាន​បោះឆ្នោត​ដក​ខ្លួន​ចេញ​ពី​គ្រួសារ​អឺរ៉ុប​ក៏​ដោយ ក៏​សំណុំរឿង​មួយ​នេះ​កំពុង​បន្ត​បំផុស​ឲ្យ​មាន​មតិ​ខ្វែង​គំនិត​គ្នា​យ៉ាង​ខ្លាំង​នៅ​ក្នុង​ប្រទេស​អង់គ្លេស។

មាន​មតិ​ខ្វែង​គំនិត​គ្នា​ចំនួន ៣ នៅ​ក្នុង​ប្រទេស​អង់គ្លេស​សព្វថ្ងៃ ទី១ អ្នក​ដែល​មិន​ចង់​ឲ្យ​អង់គ្លេស​ដក​ខ្លួន​ចេញ​ពី​សហភាព​អឺរ៉ុប ទី២ អ្នក​ដែល​ចង់​ឲ្យ​អង់គ្លេស​ផ្តាច់ខ្លួន​ចេញ​ពី​អឺរ៉ុប តែ​ត្រូវ​ចរចា​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ច្រើន និង​ទី៣ អ្នក​ដែល​ចង់​ឲ្យ​អង់គ្លេស​ចាកចេញ​ពី​សហភាព​អឺរ៉ុប​ឲ្យ​បាន​ឆាប់​ដោយ​មិន​ចាំ​បាច់​ទទួល​បាន​កិច្ចព្រមព្រៀង​ធំដុំ​អី​ត្រឡប់​វិញ​ទេ។ បើ​តាម​មើល​ទៅ គឺ​ភាព​ប្រទាញប្រទង់​ផ្ទៃក្នុង​នេះ​ឯង​ដែល​បាន​បង្ខំ​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស​តេរ៉េហ្សា ម៉េ​សម្រេច​លើក​ការ​បោះឆ្នោត​នៅ​ក្នុង​សភា​ដែល​គ្រោង​ធ្វើ​ក្នុង​ថ្ងៃ​អង្គារ ទី១១ ធ្នូ។ គឺ​ជា​ការ​បោះឆ្នោត​ដែល​សភា​ត្រូវ​ទទួល​យក ឬ​មិន​ទទួល​យក​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ស្តីពី Brexit រវាង​រដ្ឋាភិបាល​ទីក្រុង​ឡុងដ៏ និង​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃទី២៥ វិច្ឆិកា​កន្លង​ទៅ។

សូម​ជម្រាប​ថា ទំរាំ​ទទួល​បាន​សេចក្តីព្រាង​កិច្ចព្រមព្រៀង​មួយ​នេះ រដ្ឋាភិបាល​របស់​លោកស្រី​តេរ៉េហ្សា ម៉េ និង​សហភាព​អឺរ៉ុប​បាន​ចរចា​គ្នា​យ៉ាង​តានតឹង​អស់​រយៈពេល ១ឆ្នាំ​កន្លះ ហើយ​បើ​មាន​ភ្លើងខៀវ​ពី​សភា​អង់គ្លេស នោះ​សំណុំរឿង​លែងលះ​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប​ត្រូវ​ចប់​ជា​ផ្លូវការ​នៅ​ថ្ងៃទី២៩ មីនា ឆ្នាំ ២០១៩។ ផ្ទុយ​ទៅ​វិញ បើ​សភា​អង់គ្លេស​មិន​បោះឆ្នោត​គាំទ្រ​លើ​សេចក្តីព្រាង​កិច្ចព្រមព្រៀង​នោះ​ទេ លោកស្រី​តេរ៉េហ្សា ម៉េ​ចាំ​បាច់​បន្ត​កិច្ចចរចា​ជាមួយ​សហភាព​អឺរ៉ុប​ដើម្បី​ស្វែង​រក​សេចក្តីព្រាង​កិច្ចព្រមព្រៀង​ថ្មី​ដែល​អាច​ទទួល​បាន​ការ​យល់ព្រម​ពី​សភា​អង់គ្លេស។ តែ​បើ​គ្មាន​កិច្ចព្រមព្រៀង​ណា​មួយ​ត្រូវ​បាន​រក​ឃើញ​រវាង​អង់គ្លេស និង​សហភាព​អឺរ៉ុប​ពី​ពេល​នេះ​ដល់​ថ្ងៃទី២៩ មីនា ឆ្នាំ​ក្រោយ​ទេ នោះ​អង់គ្លេស​នឹង​ចាកចេញ​ពី​សហភាពអឺរ៉ុប​ដោយ​ដៃ​ទទេ ពោល​គ្មាន​កិច្ចព្រមព្រៀង នេះ​បើ​ផ្អែក​តាម​មាត្រា​ទី៥០ នៃ​សន្ធិសញ្ញា​អឺរ៉ុប។

លើស​ពី​នេះ តុលាការ​យុត្តិធម៌​អឺរ៉ុប​បាន​យល់​ឃើញ​ថា មាត្រា​ទី៥០ នៃ​សន្ធិសញ្ញា​អឺរ៉ុប​នេះ​ដដែល​ក៏​បាន​ចែង​ថា ប្រទេស​សមាជិក​ណា​ដែល​បាន​សម្រេចចិត្ត​ផ្តាច់​ខ្លួន​មាន​សិទ្ធិ​ដក​ការ​សម្រេចចិត្ត​របស់​ខ្លួន​វិញ ប្រសិន​បើ​ការ​ផ្តាច់​ខ្លួន​នោះ​នៅ​មិន​ទាន់​ចូល​ជា​ផ្លូវការ​ដូច​ករណី​ប្រទេស​អង់គ្លេស​សព្វថ្ងៃ។ អ្វី​ដែល​ល្អ​ជាង​នេះ​សម្រាប់​អង់គ្លេស គឺ​មិន​ចាំ​បាច់​សួរ​យោបល់ ឬ​សុំ​ភ្លើងខៀវ​ពី​សមាជិក​ទាំង ២៧ប្រទេស​ផ្សេង​ទេ។ តែ​មាន​ប្រទេស​សមាជិក​បាន​ជំទាស់​នឹង​នីតិវិធី​មួយ​នេះ​ដោយ​យល់​ឃើញ​ថា ការ​សម្រេចចិត្ត​ដើរ​ចេញ​ពី​សមាជិក​អឺរ៉ុប​ជា​សិទ្ធិ​របស់​ប្រទេស​នោះ តែ​បើ​ចង់​ប្តូរ​ចិត្ត​បន្ត​រួមរស់​ជាមួយ​វិញ គឺ​ត្រូវ​មាន​ការ​យល់ព្រម​ពី​សមាជិក​ទាំង​អស់​ជា​មុន​សិន ពោល​មិនមែន​ចេញ ចូល​ស្រេច​តែ​នឹង​ក្បាល​ចិត្ត​នោះ​ទេ។

យ៉ាង​ណា​ក៏​ដោយ សហភាព​អឺរ៉ុប​បាន​ទុក​ទ្វារ​ចំហ​សម្រាប់​អង់គ្លេស។ តែ​រហូត​មក​ដល់​ពេល​នេះ លោកស្រី​តេរ៉េហ្សា ម៉េ​បាន​បញ្ជាក់​ម្តង​ជា​ពីរ​ដង​ពី​ការ​មិន​បក​ក្រោយ និង​មិន​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ឡើង​វិញ​ជា​ដាច់​ខាត។ អ្វី​ដែល​លោកស្រី​ម៉េ​កំពុង​បន្ត​ព្យាយាម​ធ្វើ​ពេល​នេះ គឺ​ចរចា​ជាមួយ​សហភាពអឺរ៉ុប​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ថ្មី​ដែល​មជ្ឈដ្ឋាន​នយោបាយ​នៅ​អង់គ្លេស​មក​ពី​គ្រប់និន្នាការ​អាច​ទទួល​យក​បាន​យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃទី២៩ មីនា​ឆ្នាំ​ក្រោយ។ ឃើញ​ថា ពេល​វេលា​ហាក់​តែ​ខោច​សម្រាប់​លោកស្រី​តេរ៉េហ្សា ម៉េ ទៅ​មុខ​ក៏​ពិបាក ហើយ​វិល​ថយ​ក្រោយ​វិញ​ក៏​មិន​ងាយ​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ