អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖​តើ​ព្រឹត្តិការណ៍​បាញ់រះ​នៅ​ទីក្រុង Strasbourg បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​បារាំង មាន​ព្រឹត្តិការណ៍​បាញ់ប្រហារ​មួយ​បាន​កើត​មាន​នៅ​ក្នុង​ទីក្រុង Strasbourg កាល​ពី​យប់​ថ្ងៃ​អង្គារ ទី១១ ធ្នូ​លើ​ទីផ្សារណូអែល។ ជនខ្មាន់កាំភ្លើង​ម្នាក់​បាន​បាញ់​រះ​លើ​ហ្វូង​មនុស្ស​ដោយ​បណ្តាល​ឲ្យ​ស្លាប់ ៣នាក់ របួស​១៣នាក់ ក្នុង​នោះ​មាន​របួសធ្ងន់ ៨នាក់ និង​របួសស្រាល ៥នាក់។ ក្រោយ​ឧប្បត្តិហេតុ ជនខ្មាន់កាំភ្លើង​ដែល​គេ​ស្គាល់​អត្តសញ្ញាណ​កំពុង​បន្ត​រត់​គេច​ខ្លួន​ដោយ​មិន​ដឹង​ថា តើ​កំពុង​ពួនសម្ងំ​ក្នុង​ទីក្រុង Strasbourg ឬ​មួយ​ក៏​បាន​ចាកចេញ​ពី​ទឹកដី​បារាំង។ រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាព​អាសន្ន​ភេរវនិយម ហើយ​ខណៈ​នេះ កម្លាំង​ប៉ូលិស និង​ប៉េអឹម​កំពុង​ចេញ​ប្រតិបត្តិការ​យ៉ាង​សកម្ម​តាម​ក្របួច ក រូប​ជនដៃដល់។

បារាំង៖​តើ​ព្រឹត្តិការណ៍​បាញ់រះ​នៅ​ទីក្រុង Strasbourg បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ?
បារាំង៖​តើ​ព្រឹត្តិការណ៍​បាញ់រះ​នៅ​ទីក្រុង Strasbourg បាន​កើត​ឡើង​យ៉ាង​ដូចម្តេច​ខ្លះ? REUTERS/Christian Hartmann
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង ៧ និង​៥០នាទី​យប់​ម៉ោង​ក្នុង​ប្រទេស​បារាំង ត្រូវ​ជា​ម៉ោង ១ និង ៥០នាទី​រំលងអធ្រាត្រ​ម៉ោង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បុរស​ម្នាក់​បាន​ដក​កាំភ្លើងខ្លី​ស្វ័យប្រវត្តិ​បាញ់រះ​ទៅ​លើ​ហ្វូង​មនុស្ស​នៅ​ទីផ្សារ​ណូអែល​ចំ​ទីកន្លែង​ប្រជុំជន​ក្នុង​ទីក្រុង Strasbourg ដែល​ស្ថិត​ប៉ែក​ភាគឦសាន​ប្រទេស និង​មាន​ព្រំដែន​ជាប់​ប្រទេស​អាល្លឺម៉ង់។ គួរ​បញ្ជាក់​ថា ផ្លូវ​ដែល​ជនខ្មាន់កាំភ្លើង​បើក​ការ​បាញ់រះ​ជា​ផ្លូវ​ដែល​សម្បូរ​ដោយ​ហាង​លក់ទំនិញ និង​ភោជនីយដ្ឋាន។ ព័ត៌មាន​ដែល​បញ្ជាក់​ដោយ​លោក​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ Christophe Castaner ឲ្យ​ដឹង​ថា ការ​បាញ់រះ​បាន​កើត​មាន​ឡើង​ចំនួន ៣ ដង។

កម្លាំង​ប៉ូលិស​សង្កាត់ កម្លាំង​ប៉េអឹម និង​កម្លាំងទាហាន​ក៏​បាន​រួសរាន់​ចេញ​អន្តរាគមន៍​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ។ ពលរដ្ឋ​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​ស្ងើច​សរសើរ​ពី​អន្តរាគមន៍​យ៉ាង​ឆាប់​រហ័ស​របស់​កម្លាំង​សមត្ថកិច្ច។ នៅ​ពេល​នោះ មាន​ការ​បាញ់​ត​គ្នា​ចំនួន​ពីរ​ដង​រវាង​ជនខ្មាន់កាំភ្លើង និង​កម្លាំង​ប៉ូលិស ហើយ​នៅ​ចន្លោះ​ម៉ោង ៨ ២០នាទី និង​ម៉ោង ៩យប់ ជនខ្មាន់កាំភ្លើង​បាន​បាញ់​លើ​កម្លាំង​ទាហាន​ដែល​កំពុង​ដើរល្បាត ហើយ​កម្លាំង​ទាហាន​ក៏​បាន​បាញ់​ត​វិញ។ ការ​បាញ់​ត​គ្នា​នេះ​បណ្តាល​ឲ្យ​របួស​ជនខ្មាន់កាំភ្លើង ហើយ​ទាហាន​ម្នាក់​បាន​រងរបួស​ស្រាល។

អស់​រយៈពេល​ជា​ច្រើន​ម៉ោង​ពេញ​មួយ​យប់​ថ្ងៃ​អង្គារ ទី១១ ធ្នូ តំបន់​ដែល​ស្ថិត​ក្បែរ និង​កន្លែង​កើតហេតុ​ត្រូវ​បាន​បិទខ្ទប់ ហើយ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​បង្ខំាង​មិន​ឲ្យ​ចេញចូល។ ចំណែក​ជនខ្មាន់កាំភ្លើង​បាន​រត់គេច​ខ្លួន​បាត់​ដោយ​មិន​ដឹង​ថា តើ​រូប​គេ​កំពុង​បន្ត​លាក់ខ្លួន​ក្នុង​ទីក្រុង Strasbourg ឬ​មួយ​ក៏​បាន​ចាកចេញ​ពី​ទឹកដី​បារាំង។ ខណៈ​នេះ ទីតាំង​សំខាន់ៗ​ជា​ច្រើន​ក្នុង​ទីក្រុង Strasbourg កំពុង​ស្ថិត​ក្រោម​ការ​ឡោមព័ទ្ធ​របស់​កម្លាំង​ប៉ូលិស ប៉េអឹម និង​ទាហាន​ជា​ច្រើន​រយនាក់​ដែល​កំពុង​បន្ត​ប្រតិបត្តិការ​យ៉ាង​សកម្ម​តាម​ក្របួច ក ជនខ្មាន់កាំភ្លើង។

តើ​ជនខ្មាន់កាំភ្លើង​ជា​នរណា?

រហូត​មក​ដល់​ពេល​នេះ រដ្ឋអំណាច​នៅ​មិន​ទាន់​បាន​បញ្ជាក់​ពី​មូលហេតុ​នៃ​ទង្វើ​របស់​ជនខ្មាន់កាំភ្លើង​នៅ​ឡើយ​ទេ។ តែ​ក្រុម​អ្នកស៊ើបអង្កេត​កំពុង​បន្ត​ធ្វើ​ការងារ​ស្រាវជ្រាវ​យ៉ាង​សកម្ម។ អ្វី​ដែល​គេ​ដឹង និង​អាច​និយាយ​បាន បុរសខ្មាន់កាំភ្លើង​រូប​នោះ​ជា​ជនជាតិ​បារាំង មាន​អាយុ ២៩ឆ្នាំ និង​មាន​កំណើត​ក្នុង​ទីក្រុង Strasbourg។ រដ្ឋអំណាច​នៅ​មិន​ទាន់​បាន​ចាត់​ទុក​ទង្វើ​បាញ់រះ​របស់​ជនខ្មាន់កាំភ្លើង​ជា​ទង្វើ​ភេរវកម្ម​ទេ តែ​អយ្យការ​ក្រុង​ប៉ារីស​បាន​បើក​ការ​ស៊ើបអង្កេត​ក្នុង​បទ​ឃាតកម្ម និង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត​ដោយ​មាន​ទំនាក់ទំនង​ជាមួយ​ចលនា​ភេរវនិយម។

គួរ​បញ្ជាក់​ថា ជនខ្មាន់កាំភ្លើង​វ័យ ២៩ឆ្នាំ​រូប​នេះ​មាន​ប្រវត្តិរូប​មិន​ល្អ​ទេ។ រូប​គេ​ធ្លាប់​បាន​ដេក​ក្នុង​គុក​បារាំង​ផង និង​គុក​អាល្លឺម៉ង់​ផង​ក្នុង​បទ​ឧក្រិដ្ឋកម្ម​ជា​ច្រើន។ ឈ្មោះ​របស់​ជនដៃដល់​មាន​នៅ​ក្នុង​បញ្ជី​មនុស្ស​គ្រោះថ្នាក់​ជា​ច្រើន​ពាន់នាក់​ផ្សេង​ទៀត​ដែល​ស្ថិត​ក្រោម​ការ​តាម​ឃ្លាំមើល​ពី​ស្ថាប័នស៊ើបការណ៍សម្ងាត់​បារាំង។ សូម​ជម្រាប​ថា នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី១១ ធ្នូ កម្លាំង​ប៉ូលិស​បាន​ចូល​ឆែកឆេរ​ផ្ទះ​របស់​ជនខ្មាន់កាំភ្លើង​ដើម្បី​ចាប់​រូប​គេ​ពាក់ព័ន្ធ​នឹង​បទល្មើស​កាល​ពី​រដូវក្តៅ​កន្លង​ទៅ។ ក្នុង​ពេល​ឆែកឆេរ ជនខ្មាន់កាំភ្លើង​មិន​បាន​ស្ថិត​ក្នុង​ផ្ទះ​របស់​គេ​ទេ តែ​ប៉ូលិស​រឹបអូស​បាន​គ្រាប់បែក ព្រម​ទាំង​ចាប់​បាន​មនុស្សរួមគំនិត​ចំនួន ៣នាក់។

នៅ​ពេល​យប់​ថ្ងៃ​ដដែល ក៏​ស្រាប់​តែ​មាន​ការ​បាញ់រះ​លើ​ហ្វូង​មនុស្ស​នៅ​លើ​ទីផ្សារ​ណូអែល។ ភ្លាមៗ​ក្រោយ​ហេតុការណ៍​បាញ់រះ ប៉ូលិស​ក៏​បាន​ភ្ជាប់​ព្រឹត្តិការណ៍​មួយ​នេះ​ទៅ​នឹង​ព្រឹត្តិការណ៍​ចូលឆែកឆេរ​ក្នុង​ផ្ទះ​របស់​ជនខ្មាន់កាំភ្លើង។ គេ​អាច​ថា​ជា​រឿង​មួយ​ចៃដន្យ តែ​សម្រាប់​រដ្ឋអំណាច​គឺ​ច្បាស់ណាស់ គឺ​ជន​រូប​នោះ​ឯង​ដែល​បាន​បាញ់រះ​នៅ​ទីផ្សារណូអែល។ អ្វី​ដែល​ក្រុមអ្នកស៊ើបអង្កេត​កំពុង​ចង់​ដឹង​នោះ​គឺ​ថា តើ​ទង្វើ​របស់​រូប​គេ​ជា​ទង្វើ​ភេរវកម្ម​ឬ​អត់ ព្រោះ​រហូត​មក​ដល់​ពេល​នេះ នៅ​មិន​ទាន់​មាន​ភស្តុតាង​អ្វី​ដែល​អាច​បញ្ជាក់​ជា​ទង្វើ​ភេរវកម្ម​នៅ​ឡើយ​ទេ។ កាំភ្លើងខ្លី​ដែល​រូប​គេ​បាន​ប្រើ និង​គ្រាប់បែក​ដែល​កម្លាំង​ប៉ូលិស​រឹបអូស​បាន​នៅ​ក្នុង​ផ្ទះ​របស់​គេ​មិនមែន​ជា​មធ្យោបាយ​ដែល​ពួក​ភេរវជន​ច្រើន​ប្រើ​ទេ។ ចំណែក​របៀប​ធ្វើ​សកម្មភាព​របស់​រូប​គេ​ក៏​ហាក់​មិនមែន​ជា​សកម្មភាព​ដែល​ពួក​ភេរវជន​តែង​ប្រើ​ដែរ។

លោក​រដ្ឋអាជ្ញា​ទីក្រុង Strasbourg បាន​ថ្លែង​ដោយ​ស្រង់សម្តី​សាក្សី​ជា​ច្រើន​ដែល​ថា គេ​បាន​ឮ​ជនខ្មាន់កាំភ្លើង​ស្រែក Allak Akbar ឬ « មាន​តែ​ព្រះអាឡា​ធំ​ជាង​គេ »។ បើ​ពិត​ជា​មាន​ការ​ស្រែក​ពាក្យ​នេះ​មែន នោះ​ទង្វើ​របស់​គេ​ពិត​ជា​ទង្វើ​ភេរវកម្ម​របស់​ពួកជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ តើ​បារាំង​បាន​ទទួល​រង​ការ​វាយប្រហារ​ភេរវកម្ម​ជា​ថ្មី​ឬ?។ គេ​ត្រូវ​រង់ចាំ​លទ្ធផល​ស៊ើបអង្កេត ពិសេស​ត្រូវ​ក្របួច ក ជនខ្មាន់កាំភ្លើង​ទាំង​រស់​ទៅ​សួរចម្លើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ