ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 06/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 06/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 06/12 12h00 GMT
អឺរ៉ុប

ហេតុអ្វី​បានជា​កូសូវ៉ូ ចាំបាច់​បង្កើត​កងទ័ព​ជាតិ?

media ប្រធានាធិបតី​កូសូវ៉ូលោក​ Hashim Thaci ដើរត្រួត​កងកម្លាំង​ពិសេស នៅទីក្រុង​ Pristina នៅថ្ងៃ​ទី១៣ ធ្នូ ២០១៨ ©REUTERS/Laura Hasani

សភា​កូសូវ៉ូ នៅថ្ងៃ សុក្រ​ម្សិលមិញ បាន​បោះឆ្នោត សម្រេច បង្កើត​កងទ័ព​ជាតិ កូសូវ៉ូ​មួយ នោះបើទោះបី​ជា​មាន​ព្រមាន គំរាម​ធ្វើ​អន្តរាគមន៍​យោធា ពី​សំណាក់​ប្រទេស​ស៊ែរប៊ី ក៏ដោយ។ ការសម្រេច​ជា​ឯកច្ឆន្ទ​របស់​សភាកូសូវ៉ូ ដើម្បី​បង្កើតកងទ័ព​ជាតិ នៅថ្ងៃ​សុក្រ​បាន​ធ្វើ​រដ្ឋាភិបាល​ស៊ែរប៊ី ខឹងសម្បារ ហើយ​និង​ការខកចិត្ត​របស់​អគ្គលេខាធិការ​អង្គការ​អូតង់ ដែល​បាន​អំពាវនាវ​សាជាថ្មី​ឲ្យ​ភាគី​ជម្លោះ ដោះស្រាយ​បញ្ហា​តាមការចរចា​នយោបាយ ជាជាង​ប្រើកម្លាំង​យោធា។

 

នៅរដ្ឋធានី Pristina ដំណឹង​បង្កើត​ជា​ផ្លូវការ កងទ័ព​ជាតិ​កូសូវ៉ូ ត្រូវ​បាន​ទទួល​ស្វាគម​ដោយ​សំលេង​ទូងស្គរ ត្រែ ហើយ​និង​ផាវ​របស់​ប្រជាជន​កូសូវ៉ូ។ នៅ​ថ្ងៃ​សុក្រ រដ្ឋសភា​កូសូវ៉ូ​បាន​បោះឆ្នោត​អនុម័ត​ច្បាប់​បង្កើត​កងទ័ព​ជាតិ​មួយ ដើម្បី​ធានា​បញ្ជាក់​ដែន​អធិបតេយ្យភាព​របស់​កូសូវ៉ូ។

ច្បាប់​ដែល​បោះឆ្នោត​គាំទ្រ​ដោយ​សំលេង​ចំនួន ១០៥ ក្នុង​ចំណោម​សំលេង​សរុប​១២០​របស់​រដ្ឋសភា សំដៅ​ប្រែក្លាយ​កងកម្លាំង​រក្សា​សន្តិសុខ​ស៊ីវិល សព្វថ្ងៃ ឲ្យ​ទៅ​កងទ័ព​ជាតិ​មួយ ដែល​មាន​បំពាក់​ដោយ​អាវុធ សម្រាប់​ធ្វើ​សង្រ្គាម។ ទៅតាម​ច្បាប់​អនុម័ត​នៅ​ថ្ងៃ​សុក្រ កូសូវ៉ូ​ចង់​បង្កើត​កងទ័ព​៥ពាន់នាក់ ហើយ​និង​កងទ័ព​បម្រុង ៣ពាន់​នាក់​បន្ថែមទៀត។

ប្រធានាធិបតី​កូសូវ៉ូ បាន​ថ្លែង​ស្វាគម​ចំណាត់ការ​របស់​សភា ដែលសម្រេច​បង្កើត​កងទ័ព​ជាតិ​មួយ ដែល​នឹង​ដើរតួនាទី សំខាន់​ក្នុង​ធានា​ដែនអធិបតេយ្យភាព​របស់​កូសូវ៉ូ ការពារ កម្មសិទ្ធិ ផលប្រយោជន៍​របស់​ប្រទេស និងអាច​ចូលរួម​នៅក្នុង​ប្រតិបត្តិការ​អន្តរាគមន៍​យោធា​នៅ​បរទេស។

ការបង្កើត​កងទ័ព​ជាតិ​កូសូវ៉ូ ត្រូវ​បាន​ទទួល​ស្វាគម គាំទ្រ​ពី​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​រដ្ឋាភិបាល​កូសូវ៉ូ ប៉ុន្តែ សម្រាប់​អគ្គលេខាធិការ​អង្គការ​សម្ព័ន្ធ​អាត្លង់ទិក អូតង់ ការបោះជំហាន​របស់​កូសូវ៉ូ ដើម្បី ទៅ​បង្កើត​កងទ័ព​ជាតិ គឺ​ជា​ដំណឹង​គួរ​ឲ្យ​សោកស្តាយ ព្រោះវា​នឹង​ទៅ​គំរាមកំហែង​ដល់​ស្ថិរភាព និង​ការចរចា​សន្តិភាព​រវាង​ភាគី​ជម្លោះទាំង​ពីរ ស៊ែរប៊ី និង​កូសូវ៉ូ ដែល​កំពុង​នៅជាប់គាំង​នៅឡើយ ចាប់តាំង​ពី​កូសូវ៉ូ​ប្រកាស​ឯករាជ្យ​ជា​ឯកតោភាគី កាលពី​ឆ្នាំ ២០០៨​មក។ នៅថ្ងៃ​សុក្រ អគ្គលេខាធិការ​អង្គការ​អូតង់​បាន​បញ្ជាក់ដែរថា អូតង់​នឹង​ពិនិត្យ​មើលឡើងវិញ យុទ្ធសាស្រ្ត​របស់​អូតង់ នៅ​កូសូវ៉ូ។ សូមបញ្ជាក់ថា ចាប់តាំង​ពីធ្វើ​អន្តរាគមន៍ យោធា របស់​អូតង់ ក្នុង​សង្រ្គាមបង្ហូរឈាម រវាង​កងទ័ពស៊ែរប៊ី និង​ក្រុមឧទ្ទាម ទាមទារ​ឯករាជ្យ​នៅកូសូវ៉ូ ឆ្នាំ ១៩៩៩ ការការពារ​សន្តិសុខ នៅ​កូសូវ៉ូ ត្រូវ​បាន​ធានា​ដោយ​កងកម្លាំង​រក្សា​សន្តិភាព ដឹកនាំ​ដោយ​​អូតង់ ដែល​បាន​ថយចុះ​ចំនួន ពី ៥ម៉ឺននាក់ មកនៅ​ត្រឹម ៤ពាន់នាក់ នៅ​ឆ្នាំ ២០១៨។

ការបង្កើត​កងទ័ព​ជាតិ​កូសូវ៉ូ នៅ​មាត់ទ្វារ​របស់​ប្រទេស​ស៊ែរប៊ី ​គឺ​ជា​ដំណឹង​ដ៏អាក្រក់​សម្រាប់​ស៊ែរប៊ី ដែលបាន​ប្រឆាំង បដិសេធ​រហូតមក មិន​ទទួល​ស្គាល់ ការប្រកាស​ឯករាជ្យ​របស់​កូសូវ៉ូ។ ទីក្រុង​បែលក្រាដ​បាន​លើកឡើងពីការបារម្ភ​ទាក់ទង​នឹង​សុវត្ថិភាព​របស់​ប្រជាជន​ស៊ែរប៊ី ជាង ១សែននាក់ ដែលកំពុង​រស់នៅ​កូសូវ៉ូ ដែល​សំបូរ​រស់នៅ​ច្រើន​ដោយ​ជនជាតិ​អាល់បានី។ នៅមុន​ការបោះឆ្នោត​របស់​សភា​កូសូវ៉ូ លោកស្រី នាយករដ្ឋមន្រ្តី ស៊ែរប៊ី ធ្លាប់​បាន​ថ្លែង​ព្រមាន​ពី​អន្តរាគមន៍​យោធា បើសិន កូសូវ៉ូ បោះឆ្នោត​បង្កើត​កងទ័ពជាតិ។ វិមាន​ប្រធានាធិបតី ស៊ែរប៊ី បាន​ប្រកាស​ពីដំណើរ​ត្រួតពិនិត្យ​កងទ័ព នៅ​តាម​ព្រំដែន​ស៊ែរប៊ី និង​កូសូវ៉ូ នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ។ ប៉ុន្តែ នៅ​ថ្ងៃ​សុក្រ​ម្សិលមិញ នៅក្រោយ​សភា កូសូវ៉ូ បោះឆ្នោត​បាន​ប៉ុន្មានម៉ោង លោកស្រី​ប្រមុខ រដ្ឋាភិបាល​ស៊ែប៊ី បាន​អះអាង​ទៅវិញ​ថា ស៊ែរប៊ី នឹង​នៅតែ​បន្តលើ​ផ្លូវ​សន្តិភាព ព្រោះថា គ្មាន​ស្ថិរភាព​នៅក្នុង​តំបន់ នោះគឺ​គ្មានទេ​ស៊ែរប៊ី ដែលឋិតថេរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ