អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្រ្គាមអវកាស៖​បារាំង​កំពុង​ពង្រឹង​សមត្ថភាព​ដើម្បី​ប្រជែង​ទល់​នឹង​សហរដ្ឋអាមេរិក ចិន និង​រស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​សប្តាហ៍​ក្រោយ បារាំង​នឹង​បញ្ជូន​យានអវកាស​យោធា​មួយ​ដោយ​នាំ​យក​ផ្កាយរណប​មួយ​ចំនួន​ទៅ​ដាក់​ក្នុង​លំហអាកាស។ នេះ​ជា​ការ​បាញ់​បញ្ជូន​យានអវកាស​លើកទី១១ និង​ជា​លើក​ចុង​ក្រោយ​សម្រាប់​ឆ្នាំ ២០១៨។ ក្រៅ​ពី​ប្រទេស​បារាំង ប្រទេស​អាល្លឺម៉ង់ បែលហ្ស៊ិក និង​ស៊ុយអែត​ក៏​បាន​ចុះ​ហត្ថលេខា​ជា​លក្ខណៈ​ទ្វេភាគី​ជាមួយ​ក្រុង​ប៉ារីស​ដើម្បី​អាច​ទទួល​បាន​ព័ត៌មាន​ពី​ផ្កាយរណប​ទាំង​នេះ។ ក្រសួង​ការពារជាតិ​បារាំង​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ ទី១៦ ធ្នូ​ថា គម្រោង​បាញ់​បញ្ជូន​ផ្កាយរណប​យោធា​ទៅ​ដាក់​ក្នុង​អវកាស​ពេល​នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ពី​ការ​ផ្តើម​ឡើង​វិញ​នូវ​មធ្យោបាយ​អាវកាស​យោធា​បារាំង។

បារាំង​កំពុង​ពង្រឹង​សមត្ថភាព​ដើម្បី​ប្រជែង​ទល់​នឹង​សហរដ្ឋអាមេរិក ចិន និង​រស្ស៊ី
បារាំង​កំពុង​ពង្រឹង​សមត្ថភាព​ដើម្បី​ប្រជែង​ទល់​នឹង​សហរដ្ឋអាមេរិក ចិន និង​រស្ស៊ី AFP
ផ្សាយពាណិជ្ជកម្ម

មាន​ផ្កាយរណប​យោធា​ច្រើន​ដែល​គ្រោង​នាំ​ទៅ​ដាក់​នៅ​ក្នុង​អវកាស តែ​ក្នុង​ចំណោម​ផ្កាយរណប​ទាំង​នោះ​មាន​ពីរ​សំខាន់ ទី១ មាន​បេសកកម្ម​ស្ទាបស្ទង់ ឃ្លាំមើល​ស្ថានការណ៍​ដែល​នឹង​ត្រូវ​ដាក់​នៅ​កម្ពស់ ៨០០គីឡូម៉ែត្រ​ពី​ផែនដី ហើយ​ទី២ មាន​បេសកកម្ម​ស្រង់​អត្តសញ្ញាណ​ដែល​នឹង​ត្រូវ​ដាក់​នៅ​កម្ពស់ ៤៨០គីឡូម៉ែត្រ​ពី​ផែនដី។ ផ្កាយរណប​ទាំង​អស់​នោះ​នឹង​បញ្ជូន​ឲ្យ​ផែនដី​នូវ​រូបភាព​ច្បាស់​ដែល​គេ​ហៅ​ថា​រូបភាព HD។ ផ្កាយរណប​ទាំង​អស់​នេះ​នឹង​ត្រូវ​បញ្ជូន​ទៅ​អវកាស​នៅ​សប្តាហ៍​ក្រោយ បន្ទាប់​មក​នៅ​ក្នុង​ឆ្នាំ ២០២០ និង ២០២១ នឹង​មាន​ការ​បញ្ជូន​ផ្កាយរណប​យោធា​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​ទៅ​ជំនួស​ផ្កាយរណប​ចាស់ៗ​ដែល​មាន​ស្រាប់​នៅ​អវកាស។

កម្មវត្ថុ​របស់​បារាំង​ក្នុង​ការ​បំពាក់​ផ្កាយរណប​យោធា​នៅ​ក្នុង​អវកាស​ពេល​នេះ​មាន​ពីរ ទី១ បន្ត​រក្សា​ខ្លួន​ជា​ប្រទេស​មហាអំណាច​អវកាស និង​ទី២ ដើម្បី​ឆ្លើយ​តប​នឹង​ការ​គំរាមកំហែង​ថ្មីៗ​ដែល​ពិភពលោក​កំពុង​ជួប​ប្រទះ​សព្វថ្ងៃ។ សម្រាប់​បារាំង អវកាស​បាន​ក្លាយ​ជា​បញ្ហា​ប្រឈម​សម្រាប់​សន្តិសុខជាតិ​ដែល​គេ​មិន​អាច​មើលស្រាល​បាន​ឡើយ។ លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​ចង់​បំពាក់​ឲ្យ​បារាំង​ក្នុង​ឆ្នាំ ២០១៩ នូវ​យុទ្ធសាស្រ្ត​ការពារ​អវកាស​មួយ។ ក្រសួង​ការពារជាតិ​កំពុង​រៀបចំ​សំណើ​មួយ​ចំនួន​ស្តីពី​យុទ្ធសាស្រ្ត​ការពារ​អវកាស​ទៅ​ឲ្យ​លោក​ម៉ាក្រុង​នា​ពេល​ខាង​មុខ។ សម្រាប់​ថវិកា​យោធា​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២៥ បារាំង​បាន​គ្រោង​ចំណាយ​លុយ​ដល់​ទៅ ៣ ៦០០លានអឺរ៉ុប​សម្រាប់​វិស័យ​យោធាអាវកាស។

តែ​គម្រោង​ចំណាយ​របស់​បារាំង​ក្នុង​វិស័យ​នេះ​នៅ​មាន​កម្រិត​ទាប​បើ​ធៀប​នឹង​សហរដ្ឋអាមេរិក​ដែល​គ្រោង​ចំណាយ ៥០ ០០០លានដុល្លារ ចិន​គ្រោង​ចំណាយ ១០ ០០០លានដុល្លារ ហើយ​រុស្ស៊ី​គ្រោង​ចំណាយ ៤ ០០០លានដុល្លារ។

អវកាស​កំពុង​ក្លាយ​ជា​សរមភូមិ​ប្រយុទ្ធ​សម្រាប់​សង្រ្គាមលោក​នៅ​ថ្ងៃខាង​មុខ?

អវកាស​បាន និង​កំពុង​ក្លាយ​ជា​ទីតាំង​ភូមិសាស្រ្ត​មួយ​យ៉ាង​សំខាន់​សម្រាប់​កងទ័ព​របស់​គ្រប់​ប្រទេស​ទាំង​អស់​ក្នុង​លោក ពោល​មិនមែន​សម្រាប់​តែ​ប្រទេស​បារាំង សហរដ្ឋអាមេរិក រុស្ស៊ី ឬ​ប្រទេស​ចិន​ទេ។ កន្លង​មក គេ​បាន​ប្រើ​ផ្កាយរណប​ក្នុង​គោលដៅ​ស៊ីវិល ដូច​យ៉ាង​ក្នុង​វិស័យ​ទូរគមនាគមន៍ ឬ​មួយ​ក្នុង​វិស័យ​បរិស្ថាន​ជា​ដើម តែ​សព្វថ្ងៃ ផ្កាយរណប​បាន​ក្លាយ​ជា​មធ្យោបាយ​ចាំ​បាច់​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​វិស័យ​យោធា។ ប្រទេស​មហាអំណាច​យោធា​ភាគ​ច្រើន​បាន​ប្រើ​ផ្កាយរណប​ដើម្បី​ចាប់​ទីតាំង​ភូមិសាស្រ្ត​ច្បាស់លាស់ ឃ្លាំមើល​សកម្មភាព​ផ្សេងៗ និង​ប្រមូល​គ្រប់​ព័ត៌មាន​សម្ងាត់​ទាំង​អស់​របស់​ប្រទេស​ដទៃ ពិសេស​ប្រទេស​សត្រូវ។

នៅ​ខែ​តុលា​កន្លង​ទៅ លោក​ហ្វីលីព ឡាវីញ អគ្គមេបញ្ជាការ​កងទ័ពអាកាស​បារាំង​បាន​គូសបញ្ជាក់​ច្បាស់ៗ​ថា បើ​បារាំង​ចាញ់​សង្រ្គាមអាវកាស មាន​ន័យ​យ៉ាង​ខ្លី​ថា បារាំង​ចាញ់​សង្រ្គាម។ គួរ​បញ្ជាក់​ថា អ្នក​ដែល​បាន​ចូលប្រឡូក និង​ព្យាយាម​ត្រួតត្រា​លើ​អវកាស​មិនមែន​បារាំង​ទេ តែ​គឺ​សហរដ្ឋអាមេរិក ចិន និង​ប្រទេស​រុស្ស៊ី។ លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​បាន​ប្រកាស​ក្តែងៗ​ក្នុង​ខែ​សីហា​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ អវកាស​បាន​ក្លាយ​ជា​សមរភូមិ​ប្រយុទ្ធ​ដូច​សមរភូមិ​លើ​អាកាស លើ​ដី និង​លើ​ទឹក​អ៊ីចឹង​ដែរ។ លើស​ពី​នេះ លោក​ត្រាំ​គ្រោង​បង្កើត​ពី​ពេល​នេះ​ដល់​ឆ្នាំ ២០២០ នូវ​កម្លាំង​ទ័ពអវកាស​ដែល​ជា​កម្លាំងទ័ព​ទី៦ របស់​សហរដ្ឋអាមេរិក។

ឃើញ​ថា សង្រ្គាម​អាវកាស​នៅ​មិន​ទាន់​មាន​ទេ​ពេល​នេះ តែ​ប្រទេស​មហាអំណាច​សឹង​តែ​ទាំង​អស់​បាន​ប្រើ​ផ្កាយរណប​យោធា​ដើម្បី​ឈ្លប​យក​ការណ៍​គ្នា​ទៅ​វិញ ទៅ​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ