អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​បានជា​ការសម្រេច​បង្កើត​កងទ័ព​ជាតិ​កូសូវ៉ូ បង្ក​ឱ្យ​មាន​ចរន្ត​ប្រឆាំង​ខ្លាំង ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ ចន្ទ ទី ១៧ ធ្នូ ២០១៨​នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​បើក​កិច្ចប្រជុំ ស្តី​អំពីសេចក្តីសម្រេច​​បង្កើត​កងទ័ព​ជាតិ​កូសូវ៉ូ​។ ជា​កិច្ចប្រជុំ​ ​លើក​ទីពីរ ក្នុង​រវាង​ពេល​តែ​បួន​ថ្ងៃ។ កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​លើក​នេះ ត្រូវ​បាន​​ស្នើ​ឡើង​ដោយ​​ស៊ែរប៊ី និង​រុស្ស៊ី។ ប្រធានាធិបតី​ស៊ែរប៊ី បាន​ប្រកាស​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​នោះ ព្រោះ​ស៊ែរប៊ី ប្រទេស​ជាប់​របង ​ដែល​មិន​ទទួល​ស្គាល់​ឯករាជភាព​កូសូវ៉ូ​ មិនត្រូវ​ការ​ឃើញ​កូសូវ៉ូ​មានកងទ័ព​ឡើយ។ ការ​សម្រេច​បង្កើត​កងទ័ព​ជាតិ​នេះ ក៏​រង​ការ​បរិហារ​ពី ​អូតង់​ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ទៀត។ សហភាព​អឺរ៉ុប​ ក៏​បាន​សម្តែង​ការ​មិន​ពេញ​ចិត្ត​​ដូច​គ្នា។ មាន​តែ​សហរដ្ឋ​អាមេរិក​មួយ​គត់​ដែល​បាន​សម្តែងការស្វាគមន៍សេចក្តី​សម្រេច​របស់​​កូសូវ៉ូ។

កងរក្សា​សន្តិសុខកូសូវ៉ូ (KSF) ដែ​ល​ក្លាយ​ជា​កងទ័ពជាតិ​​ទើប​បង្កើត​ថ្មី​ របស់​កូសូវ៉ូ
កងរក្សា​សន្តិសុខកូសូវ៉ូ (KSF) ដែ​ល​ក្លាយ​ជា​កងទ័ពជាតិ​​ទើប​បង្កើត​ថ្មី​ របស់​កូសូវ៉ូ Armend NIMANI / AFP
ផ្សាយពាណិជ្ជកម្ម

​ក្នុង​រវាង​ពេល​តែ​បួន​ថ្ងៃ​ ក្រុមប្រឹក្សា​សន្តិសុខ​ត្រូវ​កោះ​ប្រជុំ ​ដល់​ពីរ​លើក ស្តី​ពី​បញ្ហា​កូសូវ៉ូ។ ​នៅលើក​នេះ កិច្ចប្រជុំ​នឹង​ប្រព្រឹត្ត​ជា​សាធារណៈ​ នៅ​វេលា​ម៉ោង​៨ល្ងាច ម៉ោង​សកល​ទៅ មិន​មែន​ដោយ​បិទ​ទ្វារ​ដូច​កាលពី​ថ្ងៃសុក្រទេ។ ជា​កិច្ចប្រជុំ​ស្តី​អំពី​សេចក្តី​សម្រេច​បង្កើត​កងទ័ព​ដែល​កូសូវ៉ូ បាន​អនុម័ត​កាលពី​ថ្ងៃសុក្រ។ ប្រធានាធិបតី​ស៊ែរប៊ី បាន​ប្រកាស​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ញូវយ៉ក ដើម្បី​ចូល​រួម​ក្នុង​កិច្ចប្រជុំ​បន្ទាន់​របស់​ក្រុមប្រឹក្សាសន្តិសុខ​​អង្គការ​សហប្រជាជាតិ​ទៀត​ផង ព្រោះ​លោក​យល់​ថា ​ការ​បង្កើត​កងទ័ព​របស់អាល់បានី (​កូសូវ៉ូ) មាន​​ ​អាមេរិក​ និងអង់គ្លេស​ រួម​ទាំង​អាល្លឺម៉ង់​មួយ​ទៀត នៅ​ពីក្រោយ។

ស៊ែរប៊ី​ដែល​បាត់​បង់​អំណាច​គ្រប់គ្រង់​តំបន់​​កូសូវ៉ូ នៅ​ក្នុង​សង្គ្រាម​ឆ្នាំ​១៩៩៩ ​​ប្រឆាំង​ដាច់​ខាត​នឹង​ការ​បង្កើត​កម្លាំង​កងទ័ព​​ជាតិ​កូសូវ៉ូ ហើយ​​ស៊ែរប៊ីតែង​ប្រឆាំង​និង​មិន​ទទួល​ស្គាល់​ឯករាជ្យ​របស់​កូសូវ៉ូ​​ទេ។

ដំណើរ​ស្វែង​រក​​​ឯករាជ្យ​របស់​កូសូវ៉ូ

ក្រោយ​សង្គ្រាម​រវាង​ស៊ែរប៊ីនិង​ពួកឧទ្ទាម​ទាមទារ​ឯករាជ្យ​កូសូវ៉ូនៅ​ឆ្នាំ​១៩៩៩ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិបាន​អនុម័ត​សេចក្តី​សម្រេច​លេខ ១២៤៤ ដាក់តំបន់​​កូសូវ៉ូ ឱ្យ​ស្ថិត​នៅ​​ក្រោម​រដ្ឋបាល​បណ្តោះអាសន្ន​របស់​អង្គការ​សហប្រជាជាតិ និង​ដោយ​មាន​កងទ័ព​អូតង់ ជា​អ្នក​ធានា​រ៉ាប់រង​ការពារ​សន្តិសុខ​កូសូវ៉ូ។

នៅ​ឆ្នាំ​២០០៥ ស្វីស​បាន​បង្ហើប​អំពី​គំនិត​ផ្តួច​ផ្តើម​មុន​គេ​ ឱ្យ​មាន​កូសូវ៉ូឯករាជ្យ នៅ​ចំពោះ​មុខ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ នា​ទី​​ក្រុង​ញូវយ៉ក​។ ពី​រ​ឆ្នាំ បន្ទាប់ អង្គការ​សហប្រជាជាតិ ក៏​បាន​បញ្ជូន​បេសកកជន​ពិសេស​​ទៅ​ចរចា​ជាមួយជនជាតិ​​អាល់បានីក្នុង​តំបន់​កូសូវ៉ូ និង​ស៊ែរប៊ី ស្តី​អំពី​លក្ខន្តិកៈ​របស់​តំបន់​កូសូវ៉ូ​ ពោល​គឺ​ស្នើ​ឱ្យ​តំបន់​កូសូវ៉ូ​មាន​ឯករាជ្យ ក្រោម​ការ​ឃុំគ្រង​របស់​អន្តរជាតិ។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បរាជ័យ​មិន​អាច​អនុម័ត​បាន ដោយ​ហេតុ​តែ​រុស្ស៊ី ប្រើ​សិទ្ធិ​វេតូ​ប្រឆាំង។

នៅទី​បំផុត ស្ថាប័ន​បណ្តោះ​អាសន្ន​កូសូវ៉ូ ក៏​ប្រកាស​​ឯករាជ្យ​ជា​ឯកតោភាគី នៅ​ឆ្នាំ​២០០៨។ ​ប្រទេសលោក​ខាង​លិច​​ជា​ច្រើន​ ដូច​ជា​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​មួយ​ចំនួន​របស់​អូតង់ បាន​ទទួល​ស្គាល់កូសូវ៉ូ ឯករាជ្យ។ បើតាម​កូសូវ៉ូ មាន​ប្រទេស​ដល់​ទៅ ១១៥​ទទួលស្គាល់​ឯករាជភាព​របស់​ខ្លួន តែ​ស៊ែរប៊ី​តែង​ប្រឆាំង​នឹង​តួលេខ​នេះ​ជា​និច្ច។

​រុស្ស៊ី​គាំទ្រ​ស៊ែរប៊ី មិន​ទទួល​ស្គាល់​ឯករាជ្យ​កូសូវ៉ូទេ និង​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ តុលាការ​យុត្តិធម៌​អន្តរជាតិ (CIJ) ឱ្យ​អារ​កាត់​សេចក្តី ថា​តើ​ ការ​ស្វ័យប្រកាស​ឯករាជ្យរបស់កូសូវ៉ូ ស្រប​ច្បាប់​ដែរឬអត់។ នៅ​ថ្ងៃទី ២២ កក្កដា ២០១០ តុលាការ​អន្តរជាតិ​ប្រកាស​សាលក្រម ថា ការ​ប្រកាស​ឯករាជ្យ​របស់​កូសូវ៉ូ​ មិន​រំលោភ​ច្បាប់​អន្តរជាតិ​ទេ ប៉ុន្តែ​តុលាការ​មិន​ទទួល​ស្គាល់​កូសូវ៉ូ​ជា​រដ្ឋ​មួយ​ឡើយ។

​សម្រាប់​អង្គការ​សហប្រជាជាតិ មាន​តែ​ “សេចក្តី​សម្រេច​របស់​ក្រុមប្រឹក្សាស​ន្តិសុខ​លេខ​១២៤៤​ ឆ្នាំ​១៩៩៩ទេ​ ដែល​ជា​​ក្របខ័ណ្ឌ​​ស្រប​ច្បាប់”។ វត្តមាន​យោធា​អន្តរជាតិ​ ក្នុង​ការ​ធានា​សន្តិសុខ នៅ​កូសូវ៉ូ ក៏​មាន​តែមួយគត់​ដែរគឺ ​អូតង់។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​អូតង់ ក៏​ដូច​ជា​អង្គការ​សហប្រជាជាតិ តាម​រយៈសេចក្តី​ថ្លែងការណ៍​​របស់​លោក​អគ្គលេខាធិការ​ ធ្វើការ​បរិហារ​ការ​បង្កើត​ទ័ព​​ជាតិកូសូវ៉ូ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ