អាមេរិកដកទ័ពចេញពីស៊ីរី តួកគីទទួលភារៈសម្របសម្រួលស្ថានការណ៍បន្ត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:៤១
បទបញ្ជាឱ្យដកកងទ័ពអាមេរិកចេញពីស៊ីរី ត្រូវបានលោកប្រធានាធិបតី ដូណាល់ ត្រាំ ចុះហត្ថលេខាហើយ នៅយប់មិញ។ នេះបើតាមក្រសួងការពារជាតិ។ លោកប្រធានាធិបតី ដែលបានសម្រេចតែងតាំងរដ្ឋមន្ត្រីការពារជាតិស្តីទីថ្មី ដើម្បីពន្លឿនការលាលែងចេញពីតំណែងរបស់លោកម៉ាទីស ចាប់ពីថ្ងៃទី ១ មករា ២០១៩ទៅ ក៏បានអះអាងដោយផ្ទាល់ ថាតួកគីនឹងទទួលបន្ទុកកម្ចាត់ពួកអង្គការរដ្ឋអ៊ីស្លាមសេសសល់ឱ្យអស់ ក្រោយកងទ័ពអាមេរិកត្រលប់ចូលស្រុកវិញ។ បើតាមលោកត្រាំ ប្រធានាធិបតីតួកគីបានផ្តល់ការធានាអះអាងគួរឱ្យទុកចិត្ត។
ប្រធានាធិបតីតួកគីមិនដែលគាំទ្រវត្តមានកងទ័ពអាមេរិកនៅក្នុងជម្លោះស៊ីរីម្តងណាឡើយ ! ដូច្នេះ ព្រមសម្រួលការដកកងទ័ពអាមេរិកចេញពីស៊ីរីនោះ គឺប្រការដ៏ងាយបំផុត។ សម្រាប់លោក អែរដូហ្កាន ដែលត្រៀមខ្លួនស្រេចក្នុងការគាំទ្រអាមេរិកឱ្យដកកងទ័ពចេញពីស៊ីរីនោះ វត្តមានកងទ័ពអាមេរិកលែងមានប្រយោជន៍ហើយ ព្រោះពួកអង្គការរដ្ឋអ៊ីស្លាមបានទទួលបរាជ័យយ៉ាងដំណំ អស់មួយភាគធំ ! គេបានឮលោក អែរដូហ្កាន ប្រកាសន្យាកម្ចាត់ពួកជីហាត និងយុទ្ធជនគួដនៅភាគឦសានស៊ីរីតាំងពី ថ្ងៃសៅរ៍មកម្ល៉េះ។ តួកគីក៏បានបញ្ជូនកងទ័ព និងសព្វាវុធជាជំនួយបន្ថែមទៅកាន់តំបន់ព្រំដែនស៊ីរីហើយ។
ប៉ុន្តែសម្រាប់លោក ដូណាល់ ត្រាំ “កងទ័ពអាមេរិកអាចត្រលប់មកផ្ទះវិញបាន ! លោកប្រធានាធិបតីតួកគី អែរដូហ្កាន បានផ្តល់ការធានា ដោយច្បាស់ៗ ថាតួកគីនឹងកម្ចាត់ពួកអង្គការរដ្ឋអ៊ីស្លាមសេសសល់ឱ្យអស់”! នេះបើតាមប្រសាសន៍របស់ដូណាល់ ត្រាំ តាមរយៈសារទ្វីតទ័រ។
ជាមួយនឹងសេចក្តីប្រកាសថា សមភាគីតួកគីមានសមត្ថភាពគោរពពាក្យសន្យា លោក ដូណាល់ ត្រាំ បានផ្តល់ព័ត៌មាន និងបញ្ជាក់ថាលោកមានកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោកអែរដូហ្កាន យ៉ាងយូរ និងប្រកបដោយលក្ខណៈស្ថាបនា។ មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាទៅវិញទៅមកដោះស្រាយវិបត្តិស៊ីរី និងការពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដោយសម្រេចប្រកាន់យកយុទ្ធសាស្ត្រដកកងទ័ពដោយ “យឺតៗ និងដោយមានកិច្ចសហការគ្នាយ៉ាងខ្លាំងបំផុត”។ ជាកិច្ចសហការសម្របសម្រួល រវាងយោធា ការទូត និងជាមួយអ្នកទទួលខុសត្រូវរបស់ប្រទេសទាំងពីរ (អាមេរិកនិងតួកគី)។ យុទ្ធសាស្ត្រនេះត្រូវបានរៀបចំឡើងដើម្បីបញ្ចៀសកុំឱ្យមានក្រហតអំណាច នៅស៊ីរី ជាពិសេសនៅក្នុងតំបន់ដែលគ្រប់គ្រងដោយពួកឧទ្ទាមគួដ ក្រោយពេលអាមេរិកដកចេញទៅ និងក្នុងពេលស៊ីរីឆ្លងអន្តរកាល។
ពន្លឿនការលាលែងពីតំណែងរបស់លោក ម៉ាទីស
ទន្ទឹមនឹងការប្រកាសរកឃើញកិច្ចព្រមព្រៀងជាមួយតួកគី ក្នុងការធានាដោះស្រាយស្ថានការណ៍ស៊ីរី ក្រោយអាមេរិកដកទ័ពចេញមក លោក ត្រាំ ក៏បានប្រកាសបញ្ចប់តួនាទីរបស់លោក ជីម ម៉ាទីស មុនកាលកំណត់របស់លោក (ចុងខែកុម្ភៈ) ដោយប្រកាសតែងតាំងអនុរដ្ឋមន្ត្រីក្រសួងការពារបច្ចុប្បន្ន គឺលោក Patrick Shanahan ឱ្យឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការពារជាតិស្តីទីតែម្តង ចាប់ពីថ្ងៃទី ១មករាទៅ។
សូមបញ្ជាក់ថា មានគំនិតខ្វែងគ្នាស្រាប់ហើយ លោក ត្រាំ ថែមទាំងមិនពេញចិត្តខ្លាំងនឹងខ្លឹមសារនៃលិខិតលាលែងចេញពីតំណែងរបស់លោក ជីម ម៉ាទីស ដែលដាស់តឿនឱ្យអាមេរិកចេះគោរពសម្ព័ន្ធមិត្ត។
លោក ជីម ម៉ាទីស អតីតរដ្ឋមន្ត្រីការពារជាតិអាមេរិក បានប្រកាសសុំលាលែងចេញពីតំណែង ក្រោយពីលោកដូណាល់ ត្រាំ ប្រកាសដកកងទ័ពចេញពីស៊ីរី។ សម្រាប់លោកម៉ាទីស ការដកកងទ័ពយ៉ាងទាន់ហន់ អាចនឹងធ្វើឱ្យរបបក្រុងដាម៉ាស របស់លោកអាសាដ បានឱកាសទាញយកផលចំណេញដោយក្រុមគួដនៅស៊ីរី ដោយអាចងាកទៅខិតជិតរបបដឹកនាំស៊ីរីវិញ និងជាតំណាងគ្រោះថ្នាក់សម្រាប់ក្រុមយុទ្ធជនគួដ។ ក្រុមយុទ្ធជនគួដ ដែលធ្លាប់ជាសម្ព័ន្ធមិត្តកាន់អាវុធរួមជាមួយអាមេរិក ក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ីស្លាម ជាពួកភេរវជន សម្រាប់ក្រសែភ្នែកតួកគី !
សម្ព័ន្ធមិត្តត្រូវផ្តល់ភាពជឿជាក់ឱ្យគ្នា
អង់គ្លេស អាល្លឺម៉ង់ បារាំង ដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងនឹងពួកអង្គការរដ្ឋអ៊ីស្លាម បានលាក់ក្តីព្រួយបារម្ភរបស់ខ្លួនទេ នៅពេលបានឮសេចក្តីប្រកាសរបស់លោកត្រាំ ដកកងទ័ពចេញនោះ។ ពួកគេមានទស្សនវិស័យដូចលោក ម៉ាទីសដែរ សុទ្ធតែយល់ការដកកងទ័ពនេះជាគ្រោះថ្នាក់សម្រាប់ពួកគួដ។
ប្រធានាធិបតីបារាំងបានចេញមុខខ្លាំងជាងគេ ! ធ្លាប់បង្ហាញភាពស្និទ្ធស្នាលនិងល្អូកល្អើនខ្លាំងជាមួយលោកត្រាំជាពិសេស នៅពេលជាប់ឆ្នោតក្លាយជាប្រធានាធិបតីដំបូង លោក ម៉ាក្រុង បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះសេចក្តីសម្រេចរបស់លោកត្រាំ ដកកងទ័ពចេញពីស៊ីរី ដោយបានឆ្លៀតធ្វើការរិះគន់ថា “ជាសម្ព័ន្ធមិត្តនឹងគ្នាត្រូវតែផ្តល់ភាពជឿជាក់ឱ្យគ្នា និងត្រូវមានការសម្របសម្រួលជាមួយសម្ព័ន្ធមិត្តផ្សេងទៀត។ ហៅថាសម្ព័ន្ធមិត្ត គឺត្រូវកៀកស្មាគ្នាប្រយុទ្ធ” ! ដូចអ្វីដែលបារាំងកំពុងធ្វើជាមួយឆាដ និងជាមួយអាមេរិក នៅក្នុងការប្រយុទ្ធប្រឆាំងពួកជីហាតនៅអាហ្វ្រិក។ នេះបើតាមប្រសាសន៍របស់លោក ម៉ាក្រុង ដោយថែមទាំងឧទ្ទិសក្តីគោរពដល់លោក ជីម ម៉ាទីស ថាជាដៃគូពិភាក្សាដ៏គួរជឿទុកចិត្ត និងមានប្រសាសន៍ ត្រឹមត្រូវ “អាមេរិកត្រូវចេះគោរពសម្ព័ន្ធមិត្តខ្លះ”៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ