អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ដក​ទ័ព​ចេញ​ពី​ស៊ីរី តួកគី​​ទទួល​ភារៈ​សម្របសម្រួល​ស្ថានការណ៍បន្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

បទ​បញ្ជា​ឱ្យ​ដកកងទ័ព​អាមេរិក​ចេញ​ពី​ស៊ី​រី ត្រូវ​បាន​លោកប្រធានាធិបតី​ ដូណាល់ ត្រាំ ​ចុះ​ហត្ថលេខាហើយ នៅយប់​មិញ។ នេះ​បើ​តាម​ក្រសួងការពារ​ជាតិ​។ ​លោក​ប្រធានាធិបតី ដែលបានសម្រេច​តែង​តាំង​រដ្ឋមន្ត្រី​ការពារជាតិស្តីទី​​ថ្មី ដើម្បី​​ពន្លឿន​​ការ​លាលែង​ចេញ​ពី​តំណែង​របស់​​​លោក​ម៉ាទីស ចាប់​ពីថ្ងៃទី ១ មករា ២០១៩​ទៅ ​ក៏​បាន​អះអាង​ដោយ​ផ្ទាល់ ថា​តួកគី​នឹង​ទទួល​បន្ទុក​កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​សេសសល់​ឱ្យ​អស់ ក្រោយ​កងទ័ព​អាមេរិក​ត្រលប់​ចូល​ស្រុក​វិញ។ បើ​តាម​លោក​ត្រាំ ប្រធានាធិបតី​តួកគី​បាន​ផ្តល់​ការ​ធានាអះអាង​គួរ​ឱ្យ​ទុក​ចិត្ត។

ប្រធានាធិបតី​អាមេរិក​និង​តួកគី​ព្រមព្រៀង​គ្នា​សម្របសម្រួល​ការ​ដកកងទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី​
ប្រធានាធិបតី​អាមេរិក​និង​តួកគី​ព្រមព្រៀង​គ្នា​សម្របសម្រួល​ការ​ដកកងទ័ព​អាមេរិក​ចេញ​ពី​ស៊ីរី​ ©AFP
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​តួកគី​មិន​ដែល​គាំទ្រ​វត្តមានកងទ័ព​អាមេរិកនៅ​ក្នុង​ជម្លោះ​ស៊ីរី​ម្តង​ណា​ឡើយ ! ដូច្នេះ​​ ព្រម​​​សម្រួល​ការ​​ដក​កងទ័ព​អាមេរិក​​ចេញ​ពី​ស៊ីរីនោះ គឺ​ប្រការ​ដ៏​ងាយ​បំផុត។ សម្រាប់​លោក អែរដូហ្កាន ដែល​ត្រៀម​ខ្លួន​​ស្រេចក្នុង​​ការ​​គាំទ្រ​អាមេរិក​ឱ្យ​ដកកង​ទ័ព​ចេញ​ពី​ស៊ីរី​នោះ វត្តមានកងទ័ព​អាមេរិក​លែង​មាន​ប្រយោជន៍​ហើយ ព្រោះ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាមបាន​ទទួល​បរាជ័យ​យ៉ាង​ដំណំ អស់​មួយ​ភាគធំ ! គេ​បាន​ឮ​លោក អែរដូហ្កាន ប្រកាស​ន្យា​កម្ចាត់ពួក​ជីហាត និង​យុទ្ធជន​គួដ​នៅភាគ​ឦសាន​ស៊ីរី​តាំង​ពី​ ថ្ងៃ​សៅរ៍​មក​ម្ល៉េះ។ តួកគីក៏​​បាន​បញ្ជូន​កងទ័ព​​ និង​សព្វាវុធ​ជា​ជំនួយ​បន្ថែម​ទៅ​កាន់​តំបន់​ព្រំដែន​ស៊ីរី​ហើយ។

ប៉ុន្តែ​សម្រាប់​លោក ដូណាល់ ត្រាំ “កងទ័ព​អាមេរិក​អាច​ត្រលប់​មក​ផ្ទះ​វិញ​បាន ! លោកប្រធានាធិបតី​តួកគី អែរដូហ្កាន បាន​ផ្តល់​ការ​ធានា ​ដោយច្បាស់ៗ ថា​តួកគី​នឹង​កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​សេសសល់​ឱ្យ​អស់”! នេះ​បើ​តាម​ប្រសាសន៍​របស់​ដូណាល់ ត្រាំ តាម​រយៈ​សារទ្វីតទ័រ។

​ជាមួយ​នឹង​សេចក្តី​​ប្រកាស​ថា​ សមភាគី​តួកគី​មាន​សមត្ថភាព​គោរព​ពាក្យ​សន្យា​​ លោក ដូណាល់ ត្រាំ បាន​ផ្តល់​​ព័ត៌មាន​ និង​បញ្ជាក់​ថា​លោក​មាន​​កិច្ចសន្ទនា​តាម​ទូរស័ព្ទ​ ជា​មួយ​​លោក​អែរដូហ្កាន យ៉ាង​យូរ និង​ប្រកប​ដោយ​លក្ខណៈ​ស្ថាបនា។ មេដឹកនាំ​ទាំងពីរ​បាន​ព្រមព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក​ដោះស្រាយ​វិបត្តិ​ស៊ីរី និង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​​ ដោយ​សម្រេច​ប្រកាន់​យក​យុទ្ធសាស្ត្រ​​ដកកងទ័ព​ដោយ ​“យឺតៗ និង​​ដោយ​មានកិច្ច​សហការ​​គ្នាយ៉ាង​ខ្លាំង​​បំផុត”។ ​ជា​កិច្ច​សហការ​សម្របសម្រួល រវាង​​យោធា​ ការទូត និង​ជាមួយ​អ្នក​ទទួល​ខុស​ត្រូវ​របស់​ប្រទេស​ទាំង​ពីរ (អាមេរិក​និង​តួកគី)។​ ​​យុទ្ធសាស្ត្រនេះ​ត្រូវ​បាន​​​រៀប​ចំ​ឡើង​​​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ក្រហត​អំណាច​ នៅ​ស៊ីរី ជាពិសេស​នៅ​ក្នុង​តំបន់​ដែល​គ្រប់គ្រង​​ដោយ​ពួក​ឧទ្ទាម​គួដ ក្រោយ​ពេល​អាមេរិក​ដក​ចេញ​ទៅ និង​ក្នុង​ពេលស៊ីរី​ឆ្លង​​​អន្តរកាល។

ពន្លឿន​ការ​លាលែង​ពី​តំណែង​របស់​លោក ម៉ាទីស

ទន្ទឹម​នឹង​ការ​ប្រកាស​រក​ឃើញ​កិច្ចព្រមព្រៀង​ជាមួយ​តួកគី ​ក្នុង​ការ​ធានា​ដោះស្រាយ​ស្ថានការណ៍​ស៊ីរី ក្រោយ​អាមេរិក​ដក​ទ័ព​ចេញ​មក លោក ត្រាំ​ ក៏​បាន​ប្រកាស​បញ្ចប់​តួនាទី​របស់​លោក ជីម ម៉ាទីស មុន​កាល​កំណត់​របស់​លោក​ (ចុង​ខែ​កុម្ភៈ) ដោយ​ប្រកាស​តែង​តាំង​អនុរដ្ឋមន្ត្រីក្រសួង​ការពារ​បច្ចុប្បន្ន គឺ​លោក Patrick Shanahan ​ឱ្យ​ឡើង​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារ​ជាតិ​ស្តីទី​​តែ​ម្តង ចាប់​ពី​ថ្ងៃទី ១​មករា​ទៅ។

សូម​បញ្ជាក់​ថា មាន​គំនិត​ខ្វែង​គ្នា​ស្រាប់​ហើយ លោក ត្រាំ ថែម​ទាំង​មិន​ពេញ​ចិត្ត​ខ្លាំង​នឹង​ខ្លឹម​សារ​នៃ​លិខិត​លាលែង​ចេញ​ពី​តំណែងរបស់​លោក​ ជីម ម៉ាទីស ដែល​ដាស់​តឿន​ឱ្យ​​អាមេរិក​ចេះ​​គោរព​សម្ព័ន្ធមិត្ត​។

​លោក​ ជីម ម៉ាទីស អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក បាន​ប្រកាស​សុំ​លាលែង​ចេញ​ពី​តំណែង​ ក្រោយ​ពី​លោក​ដូណាល់ ត្រាំ ប្រកាស​ដក​កងទ័ព​ចេញ​ពី​ស៊ីរី។ សម្រាប់​លោក​ម៉ាទីស ការ​ដក​កងទ័ព​យ៉ាង​ទាន់​ហន់​ អាច​នឹង​ធ្វើ​ឱ្យ​របប​ក្រុង​ដាម៉ាស របស់​លោក​អាសាដ បាន​ឱកាសទាញ​យក​ផល​ចំណេញ​ដោយ​ក្រុម​គួដ​នៅ​ស៊ីរី ដោយ​អាច​ងាក​ទៅ​ខិត​ជិត​របប​ដឹកនាំ​ស៊ីរី​វិញ​ និង​ជា​តំណាង​គ្រោះ​ថ្នាក់​សម្រាប់​​ក្រុម​យុទ្ធជន​គួដ។ ​ក្រុមយុទ្ធជន​គួដ ដែល​ធ្លាប់​ជាសម្ព័ន្ធមិត្ត​កាន់​អាវុធ​រួមជាមួយ​អាមេរិក ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ ជា​ពួក​ភេរវជន សម្រាប់​ក្រសែ​ភ្នែក​តួកគី​ !

សម្ព័ន្ធមិត្ត​ត្រូវ​ផ្តល់​ភាព​ជឿជាក់ឱ្យ​គ្នា

អង់គ្លេស អាល្លឺម៉ង់ បារាំង ដែល​សុទ្ធ​សឹង​ជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ​បាន​លាក់​ក្តី​ព្រួយ​បារម្ភ​របស់​ខ្លួន​ទេ នៅ​ពេល​បាន​ឮ​សេចក្តី​ប្រកាស​របស់​លោក​ត្រាំ ដក​កងទ័ព​​ចេញ​នោះ។ ពួក​គេ​មាន​ទស្សនវិស័យ​ដូច​លោក ម៉ាទីស​ដែរ សុទ្ធ​តែ​យល់​ការ​ដកកងទ័ព​នេះ​ជា​គ្រោះ​ថ្នាក់​សម្រាប់​ពួក​គួដ។

ប្រធានាធិបតី​បារាំង​បាន​ចេញ​មុខ​ខ្លាំង​ជាង​គេ ! ធ្លាប់​បង្ហាញ​ភាព​ស្និទ្ធស្នាល​និង​ល្អូក​ល្អើន​ខ្លាំង​ជាមួយលោកត្រាំជាពិសេស​​ នៅ​ពេលជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ដំបូង លោក ម៉ាក្រុង បានសម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ចំពោះ​សេចក្តី​សម្រេច​​របស់​លោក​ត្រាំ ដក​កងទ័ពចេញ​ពី​ស៊ីរី ដោយ​បាន​​​ឆ្លៀត​ធ្វើ​ការ​រិះគន់ថា​ “ជា​សម្ព័ន្ធមិត្តនឹង​គ្នា​ត្រូវ​តែផ្តល់​ភាព​ជឿជាក់​ឱ្យ​គ្នា​ និង​ត្រូវ​មាន​ការ​សម្របសម្រួល​ជា​មួយ​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត។ ហៅ​ថា​សម្ព័ន្ធមិត្ត​ គឺ​ត្រូវ​កៀកស្មាគ្នា​ប្រយុទ្ធ” ! ដូច​អ្វី​ដែល​បារាំង​កំពុង​ធ្វើ​ជាមួយ​ឆាដ និង​ជាមួយ​អាមេរិក នៅក្នុង​ការប្រយុទ្ធ​ប្រឆាំង​​ពួក​ជីហាត​នៅ​អាហ្វ្រិក​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក ម៉ាក្រុង ដោយ​ថែម​ទាំងឧទ្ទិស​ក្តីគោរព​ដល់​​លោក ជីម ម៉ាទីស ​ថាជា​​ដៃគូពិភាក្សា​ដ៏​គួរ​​ជឿ​ទុក​ចិត្ត​ និង​មាន​ប្រសាសន៍ ត្រឹមត្រូវ “​អាមេរិក​ត្រូវ​ចេះ​គោរព​សម្ព័ន្ធមិត្ត​ខ្លះ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ