បារាំង៖ បាតុកម្មរបស់ចលនាអាវកាក់លឿងអូសបន្លាយដល់ឆ្នាំ ២០១៩
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:២៦
ចលនាអាវកាក់លឿងដែលរញ្ជួយអំណាចរដ្ឋាភិបាលបារាំង នៅពីរខែចុងក្រោយរបស់ឆ្នាំ ២០១៨ នឹងឆ្លងចូលរាលដាល ក្នុងឆ្នាំថ្មី ឆ្នាំ ២០១៩ ទៀតឬយ៉ាងណា? បាតុកម្មហិង្សា របស់ចលនាអាវកាក់លឿង កាលពីថ្ងៃសៅរ៍ម្សិលមិញ បានសបញ្ជាក់យ៉ាងច្បាស់ថា វិបត្តិសង្គម និងនយោបាយ នៅប្រទេសបារាំង នៅតែបន្តមានយ៉ាងគគ្រឹកគគ្រេង នៅសប្តាហ៍ទី ១ដើមឆ្នាំថ្មីនេះ។ ក៏ដូចជាបុន្មានសប្តាហ៍កន្លងទៅ ក្នុងឆ្នាំចាស់ បាតុកម្មលើកទី៨របស់ចលនាអាវកាក់លឿង បានក្លាយជាកន្លែងប៉ះទង្គិចគ្នាដ៏ហិង្សា រវាងប៉ូលិសនិងបាតុករ ជ្រុលនិយម ដែលបានវាយបំផ្លាញ ដុតបំផ្លាញ ទ្រព្យសម្បត្តិសាធារណៈ។
នៅប្រទេសបារាំង វិបត្តិសង្គម មិនបានបិទបញ្ចប់ទៅជាមួយ ឆ្នាំចាស់នោះទេ។ គ្រាន់តែបុណ្យឆ្លងឆ្នាំថ្មីកន្លងផុតទៅបានតែប៉ុន្មានថ្ងៃ ចលនាអាវកាក់លឿង ដែលរដ្ឋាភិបាលសង្ឃឹមថា នឹងថមថយចុះកម្លាំង ផុតរលត់ទៅនៅឆ្នាំ២០១៨ ស្រាប់តែ បង្កើនកម្លាំងសាជាថ្មី នៅថ្ងៃសៅរ៍ម្សិលមិញ។
នៅថ្ងៃសៅរ៍ ទី ២៩ធ្នូ ពោលគឺ នៅ២ថ្ងៃមុនពិធីបុណ្យឆ្លងឆ្នាំចាស់ ឆ្នាំ ២០១៨ បាតុកម្មរបស់ក្រុមអាវកាក់លឿង ប្រមូលមនុស្សបានតែ ១ម៉ឺន ២ពាន់នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេស គឺតិចមែនទែន បើប្រៀបធៀបនឹងថ្ងៃ ទី ៨ធ្នូ ដែលមានមនុស្សចូលរួម ដល់ទៅ ៣សែន ៦ម៉ឺននាក់។ ចំនួនមនុស្សធ្វើបាតុកម្ម បានធ្លាក់ថយចុះ ជាបន្តបន្ទាប់ នៅក្រោយ ការប្រកាសធ្វើសម្បទានពីរលើករបស់លោកប្រធានាធិបតីបារាំង ដែលចង់បន្ថយកំហឹង របស់ចលនាអាវកាក់លឿង តាមរយៈ ការប្រកាសលុបចោលទៅវិញច្បាប់ដំឡើងពន្ធលើប្រេងឥន្ធនៈ ឬការបង់វិភាគទានសង្គម របស់អ្នកចូលនិវត្ត ហើយនិងការដំឡើងប្រាក់១០០អឺរ៉ូ សម្រាប់អ្នកដែលទទួលបានប្រាក់ខែ អប្បបរមា។
ដោយសារតែចំនួនអ្នកធ្វើបាតុកម្មធ្លាក់ថយចុះបន្តបន្ទាប់ នៅចុងឆ្នាំ ២០១៨ និងមួយវិញទៀត ដោយសារតែរដ្ឋាភិបាលបានស្នើឲ្យមានការដោះស្រាយវិបត្តិសង្គមលើកនេះ តាមរយៈ ការបើកវេទិកាពិភាក្សាជាតិ ដើម្បីប្រមូលស្តាប់ទុក្ខវេទនា និងការទាមទាររបស់ប្រជាជនបារាំង អាជ្ញាធរ បារាំងមិនបានរំពឹងថា បាតុកម្មរបស់ចលនាអាវកាក់លឿង នឹងកើនឡើងខ្លាំង សាជាថ្មី នៅឆ្នាំថ្មីនេះទេ។
នៅថ្ងៃសៅរ៍ម្សិលមិញ ចលនាអាវកាក់លឿងបានប្រមូលផ្តុំមនុស្សដល់ទៅ ៥ម៉ឺននាក់ នៅទូទាំងប្រទេស ដែលនៅក្នុងនោះ មាន៣ម៉ឺន៥ពាន់នាក់ នៅទីក្រុងប៉ារីស។ នៅថ្ងៃម្សិលមិញ បាតុកម្មដោយសន្តិភាព នៅពេលព្រឹកបានប្រែក្លាយជាហិង្សា នៅពេលក្រុមបាតុករ ចាប់គប់ដុំថ្ម និងដបកែវទៅលើប៉ូលិស។ ដូចជាលើកមុនៗ បាតុកម្ម នៅថ្ងៃម្សិលមិញ កត់សំគាល់ដោយការដុត ម៉ូតូ ភោជនីយដ្ឋានលើទូក ក្នុងទន្លេសែន ហើយនិងការវាយដំទៅលើប៉ូលិស ដែលព្យាយាមរុញទប់ទល់កុំឲ្យក្រុមអាវកាក់លឿង អាចឆ្លងស្ពានបានសម្រេច ទៅកាន់អគាររដ្ឋសភា។
ក្រុមបាតុករវាយប្រហារជាលើកទី១ លើស្ថាប័នរដ្ឋាភិបាលបារាំង។
នៅរសៀលថ្ងៃសៅរ៍ទី ៥មករា នៅពេលដែលក្រុមអាវកាក់លឿងជាច្រើនកំពុងលើកគ្នាដើរសំដៅទៅអគាររដ្ឋសភា នៅជិតទន្លេសែន មានជនមួយក្រុមដែលពាក់អាវខ្មៅ បាន សម្រុកទៅវាយកម្ទេចទ្វារក្រសួងទំនាក់ទំនងសភា ដែលមានការិយាល័យធ្វើការរបស់លោក Benjamin Griveauxអ្នកនាំពាក្យរដ្ឋាភិបាល។ ជនពាក់អាវខ្មៅ ដែលអមដោយក្រុមអាវកាក់លឿង បានប្រើគ្រឿងចក្រ ដែលគេប្រើក្នុងការដ្ឋានសាងសង់ ដើម្បី វាយកម្ទេច ទម្លាយទ្វាររបស់ក្រសួង។ ពួកគេបានចូលទៅក្នុងក្រសួងតែមួយភ្លែតមែន ប៉ុន្តែ បានវាយកម្ទេចរថយន្តដែលចតនៅក្នុងនោះ ឲ្យខូចខ្ទេចខ្ទីរ។
នេះជាលើកទី២ ចាប់តាំងពីឆ្នាំ ១៩៩៩ ដែលបាតុករលើកគ្នាទៅវាយបំផ្លាញក្រសួង រដ្ឋាភិបាល។ កាលពីឆ្នាំ ១៩៩៩ កសិករបារាំងធ្លាប់បានលើកគ្នា ជាលើកដំបូង ទៅវាយបំផ្លាញដុតក្រសួងបរិស្ថាន។ លើកនេះ គឺខុទ្ធការល័យរបស់អ្នកនាំពាក្យរដ្ឋាភិបាល ដែលបាតុករ សំដៅ វាយប្រហារ។ នៅក្រោយប៉ូលិសជួយជម្លៀសចេញ ទាន់ពេលវេលាទៅកាន់វិមានរបស់នាយករដ្ឋមន្រ្តី នៅក្បែរនោះ អ្នកនាំពាក្យរបស់រដ្ឋាភិបាល លោកBenjamin Griveaux បានថ្កោលទោស សកម្មភាពហិង្សា ដែលកំពុងវាយប្រហារលទ្ធិប្រជាធិបតេយ្យ។ សម្រាប់លោក Griveaux មិនមែនរូបលោកទេ ដែលជាផ្ទាំងស៊ីប នៃការវាយប្រហាររបស់ក្រុមជ្រុលនិយម ប៉ុន្តែ គឺសាធារណរដ្ឋបារាំងទាំងមូល។
នៅក្រោយការវាយប្រហារទៅលើអគាររដ្ឋាភិបាល ប្រតិកម្មថ្កោលទោសមានពីអ្នកនយោបាយគ្រប់និន្នាការ។ ប៉ុន្តែ យ៉ាងណាក៏ដោយសម្រាប់ក្រុមគណបក្សប្រឆាំង គឺអ្នកនាំពាក្យរបស់រដ្ឋាភិបាលខ្លួនឯង ដែលបានទាក់ទាញ រឿងអពមង្គលដាក់ខ្លួន។ កាលពីថ្ងៃសុក្រកន្លងទៅអ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ ដែលស្និទ្ធខ្លាំងនឹងលោកម៉ាក្រុងធ្លាប់បានចាត់ទុកមនុស្សមួយចំនួន ដែលនៅបន្តធ្វើបាតុកម្មរបស់ចលនាអាវកាក់លឿង ថា ជាក្រុមមនុស្សក្រឡុក អុកឡុក ដែលមានក្តីប្រាថ្នា ចង់ផ្តួលរំលំរដ្ឋាភិបាលបារាំង។
ការបោះឆ្នោតប្រជាមតិដែលចេញមកពីការផ្តួចផ្តើមគំនិតរបស់ពលរដ្ឋ R I C
ចលនាអាវកាក់លឿង ជាចលនាមហាជន គ្មាន មេកើយ អ្នកដឹកនាំក្រុមធ្វើបាតុកម្ម ពិតប្រាកដ និងកើតឡើង ចេញឡើងពីកំហឹងតវ៉ាពីរឿងប្រេងឡើងថ្លៃ។ ប៉ុន្តែ តាំងបាតុកម្មមួយលឿង ទៅមួយលើក ការទាមទាររបស់ចលនាអាវកាក់លឿង ដែលមានប្រមូលផ្តុំដោយក្រុមអាវកាក់លឿង ជាច្រើននៅទីកន្លែងផ្សេងៗគ្នា គឺកាន់តែកើនឡើងច្រើនជាងមុន ហើយការទាមទារ គឺមិនដូចគ្នាទាំងអស់នោះទេ។
សម្បទានរបស់លោកប្រធានាធិបតីម៉ាក្រុង កាលពីថ្ងៃទី ១០ធ្នូ បានទៅបន្ថយការតវ៉ារបស់ក្រុមអាវកាក់លឿង មួយចំនួន តាមរយៈ ការបន្ថែមប្រាក់១០០អឺរ៉ូ សម្រាប់អ្នកមានប្រាក់ខែអប្បបរមា ឬឈប់ដំឡើងតម្លៃពន្ធប្រេងមែន។ ប៉ុន្តែ សម្រាប់ចលនាអាវកាក់លឿងផ្សេងទៀត សម្បទានរបស់លោកម៉ាក្រុង មិនបានដោះស្រាយបញ្ហាសង្គមពិតប្រាកដនោះទេ។ បាតុកម្មរបស់ចលនាអាវកាក់លឿង ជាឱកាសដែលប្រជាជនបារាំង ចង់សំដែងឲ្យឃើញពីការមិនសប្បាយចិត្តរបស់ពួកគេ ទាក់ទងនឹងរឿងអយុត្តិធម៌ គម្លាតរវាងអ្នកមាន ហើយនិងអ្នកក្រ ជាពិសេស នៅពេលដែលគេយល់ថា លោកម៉ាក្រុងជាប្រធានាធិបតីសម្រាប់ការពារប្រយោជន៍របស់ក្រុមអ្នកមាន។
នៅក្នុងតវ៉ាថ្មីៗរបស់ខ្លួន ក្រុមអាវកាក់លឿងបានទាមទារឲ្យរដ្ឋាភិបាលអនុវត្តឡើងវិញ ការយកពន្ធទៅលើទ្រព្យសម្បត្តិរបស់អ្នកមាន ដែលលោកម៉ាក្រុងបានសម្រេចលុបចោលទៅវិញ នៅដើមឆ្នាំ ២០១៨។ នៅពេលថ្លែងធ្វើសម្បទានទៅកាន់ក្រុមអាវកាក់លឿង កាលពីថ្ងៃទី ១០ធ្នូ លោកម៉ាក្រុងបានបដិសេធសាជាថ្មីមិនអនុវត្តពន្ធលើទ្រព្យសម្បត្តិជាដាច់ខាត ពោល គឺដើម្បីរក្សាវត្តមានក្រុមអ្នកមាន ដែលបើតាមលោកម៉ាក្រុង គឺជាអ្នកដែលវិនិយោគបង្កើតការងារសម្រាប់ប្រជាជនបារាំង។ ប៉ុន្តែ បើតាមការស្ទង់មតិ ចេញផ្សាយនៅដើមខែនេះ ប្រជាជនបារាំង ដល់ទៅ ៧៧%ចង់ឲ្យរដ្ឋាភិបាលយកពន្ធលើអ្នកមាន។ នៅក្នុងការទាមទារជាទូទៅមួយទៀត របស់ក្រុមអាវកាក់លឿង ដែលសំខាន់ណាស់ដែរ នោះ គឺការបង្កើតការបោះឆ្នោតប្រជាមតិ ដែលចេញមកពីការផ្តួចផ្តើមរបស់ពលរដ្ឋ។ ការបោះឆ្នោតប្រជាមតិដែលចេញមកពីការផ្តួចផ្តើមគំនិតរបស់ពលរដ្ឋ R I C ត្រូវបានគេឃើញមានកាន់តែច្រើន នៅក្នុងបដាទាមទាររបស់ក្រុមអាវកាក់លឿង នៅក្នុងបាតុកម្មគ្រប់ទីកន្លែង ក្នុងប្រទេសបារាំង។
ក្រុមអាវកាក់លឿង ចង់ឲ្យគេដាក់បញ្ចូលចំនុចមួយនេះទៅក្នុងរដ្ឋធម្មនុញ្ញបារាំង។ ដោយទាមទារឲ្យមានការបោះឆ្នោតប្រជាមតិ ដើម្បីលុបចោលទៅវិញ នុវច្បាប់ដែលនឹងមិនសមស្រប តាមការចង់បានរបស់ប្រជាជន ក្រុមអាវកាក់លឿង ចង់បង្ហាញថា គេលែងជឿទុកចិត្ត លើអ្នកនយោបាយ លើស្ថាប័នរដ្ឋទៀតហើយ។ ពោលគឺមានតែអំណាចរបស់ប្រជាជនទេ ដែលសំខាន់ និងអាចដោះស្រាយបញ្ហារបស់ប្រជាជនខ្លួនឯងបាន។អ្នកនយោបាយ មិនតំណាងឲ្យផលប្រយោជន៍ប្រជាជននោះទេ នៅពេលដែលពួកគេធ្វើនយោបាយសម្រាប់តែប្រយោជន៍ផ្ទាល់ខ្លួន និងក្រុមអ្នកមានដែលជាបក្សពួកនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ