អានតួអត្ថបទ
បារាំង

គ្រោះថ្នាក់ធ្លាក់​យន្តហោះ​ចម្បាំង​ នៅ​ព្រំដែនបារាំង ស្វ៊ីស

នៅប្រទេស​បារាំង យន្តហោះ​ចម្បាំងមួយ​គ្រឿង​ដែល​បាន​បាត់​ពី​រ៉ាដា តាំង​ពី​ថ្ងៃ​ពុធ ត្រូវ បាន​គេ​រកឃើញថា បាន​ធ្លាក់​នៅក្នុង​តំបន់​ភ្នំទឹកកក Jura ដែល​ស្ថិតនៅ​មិនឆ្ងាយ​ប៉ុន្មាន​ពីព្រំដែន​បារាំង ស្វ៊ីស។ តាម​​សេចក្តីប្រកាសរបស់​ក្រសួងការពារ​ជាតិ​បារាំង ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ការស្វែងរកឃើញ​​បំណែក​យន្តហោះ​ចម្បាំង មៀរ៉ា ២ពាន់ដេ (Mirage 2000d) នៅ​ថ្ងៃ​ព្រហស្បតិ៍​បានធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​ថា អ្នកបើក​យន្តហោះ​ ហើយនិង​ពីឡុតអមដំណើរ​បាន​ស្លាប់​បាត់បង់​ជីវិត​ទាំងពីរនាក់។ 

ប្រភេទ​យន្តហោះ​ចម្បាំង Mirage 2000C នៅក្នុង​ឱកាស​ព្យុហយាត្រា ថ្ងៃ​បុណ្យ​ជាតិ​បារាំង ១៤​កក្កដា ២០១៦
ប្រភេទ​យន្តហោះ​ចម្បាំង Mirage 2000C នៅក្នុង​ឱកាស​ព្យុហយាត្រា ថ្ងៃ​បុណ្យ​ជាតិ​បារាំង ១៤​កក្កដា ២០១៦ REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

នៅកន្លែង​ដែល​ទាហាន និងក្រុមជួយសង្រ្គោះ​បារាំង​បាន​កំណត់​រកឃើញ​បំណែក​យន្តហោះ ចម្បាំងនៅថ្ងៃ​ព្រហស្បតិ៍ គេរកឃើញ​ផងដែរ​បំណែក​ខ្លួន​​មនុស្ស។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​នៅយប់​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តី​ក្រសួងការពារ​ជាតិ​បារាំង លោកស្រី Florence Parly បាន​បញ្ជាក់ថា អ្នកបើកយន្តហោះ ដែល​មាន​ឋានន្តរសក្តិ​ជាអនុសេនីយ៍ឯក និងស្រ្តី ពីឡុតអម ជាអនុសេនីយ៍ទោ​ បាន​ស្លាប់​បាត់បង់​ជីវិត នៅក្នុង​គ្រោះថ្នាក់​ធ្លាក់​យន្តហោះ​ចម្បាំង Mirage 2០០០​d កាលពី​ថ្ងៃពុធ។

នៅថ្ងៃ​ពុធ យន្តហោះ​ចម្បាំង​បារាំង Mirage 2០០០​d បាន​បាត់ខ្លួន​ពីរ៉ាដា នៅ​ក្នុង​​​បេសកកម្ម​ហ្វឹកហាត់​ នៅក្នុង​កំពស់​ដ៏ទាប​។ ការស្វែងរុករក យន្តហោះ ហើយ​និង​អ្នកបើកបរ​ទាំងពីរនាក់​ ត្រូវ​បាន​បន្ទុចបង្អាក់​នៅ​យប់​ថ្ងៃ​ពុធ ដោយ​សារ​ការធ្លាក់ទឹកកក​ ហើយ​កន្លែង​ដែល​យន្តហោះ​បាត់ខ្លួន​ទៀតសោត ស្ថិតនៅ​ក្នុង​តំបន់​ភ្នំទឹកកក ដែល​ស្ថិតនៅ​មិនឆ្ងាយ​ប៉ុន្មាន​ពី​ព្រំដែន​ជាមួយ​ប្រទេសស្វ៊ីស។

នៅថ្ងៃ​សុក្រនេះ ពេទ្យ​ជំនាញ​កោសល្យវិច្ច័យ ហើយ​និងទាហាន​បារាំង​១០០​នាក់​បន្ថែមទៀត ត្រូវ​បញ្ជូន​ទៅកាន់​កន្លែងកើតហេតុ​​ ដើម្បី​ស្វែងរក​ប្រអប់​ខ្មៅ​របស់​យន្តហោះ ដែល​អាច​ប្រាប់​ឲ្យ​គេ​ដឹង​ពី​មូលហេតុ​នៃការធ្លាក់យន្តហោះចម្បាំង​ដ៏ទំនើប​របស់​បារាំងមួយនេះ។

រហូតមកដល់​ពេលនេះ គេ​នៅតែមិនទាន់​ដឹង​ពី​ហេតុផល​ដែល​ធ្វើ​ឲ្យ​យន្តហោះចម្បាំងធ្លាក់​នៅឡើយទេ។ ​អយ្យការ​បារាំងដែល​មាន​ជំនាញ​ខាង​ឧក្រិដ្ឋកម្ម​យោធា បាន​ប្រកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ​កំពុង​បើក​ការស៊ើបអង្កេត​លើ​ករណី​ធ្លាក់​យន្តហោះ​លើកនេះ។

យន្តហោះ​Mirage 2000d ជាប្រភេទយន្តហោះ​ចម្បាំង​ដ៏ទំនើប​របស់​បារាំង ដែល​អាច​ដើរតួនាទី​ច្រើនមុខ ទាំង​ខាង​បាញ់​ប្រយុទ្ធ ហើយនិង​ទម្លាក់​គ្រាប់បែក។ តាមមន្រ្តីកងទ័ព​អាកាស​បារាំង យន្តហោះ​ដែល ធ្លាក់​នៅថ្ងៃ​ពុធ មានអាយុ ២០​ឆ្នាំ ប៉ុន្តែអាច​ដំណើរការ​បាន​យ៉ាងល្អ គ្មាន​បញ្ហា​អ្វីនោះទេ។

សម្រាប់អ្នកជំនាញ​ខាង​សព្វាវុធ​បារាំង នៅពេល​គេ​នៅមិនទាន់​ដឹង​ពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យន្តហោះ​ចម្បាំង Mirage 2000d ផ្ទុះធ្លាក់​នៅឡើយ ប៉ុន្តែ គេ​អាច​កាត់ស្មាន​បាន​ថា អ្នកបើក​យន្តហោះ​ទាំងពីរ​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​ពួកគេ​មិនអាច​ចុច​ទាន់ពេលវេលា បញ្ចេញកៅអី​ ពីក្នុង​យន្តហោះ នៅក្នុង​ពេល​ដែល​យន្តហោះ កំពុង​ហោះ​ក្នុង​កំពស់ដ៏ទាបបំផុត ត្រឹម១៣ម៉ែត្រ ប៉ុន្តែ​ក្នុង​ល្បឿន ៩០០​គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។ ហោះ​ក្នុង​កម្រិតទាប ជា​លក្ខណៈពិសេស​របស់​យន្តហោះ Mirage 2000d ដែល​ក្រុមហ៊ុនផលិត​យន្តហោះ​ Dassault បាន​កសាងឡើង សម្រាប់ការវាយប្រហារ​ក្នុង​កំពស់​ដ៏ទាប​បំផុត នៅ​ក្នុង​សមរភូមិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ