អានតួអត្ថបទ

បារាំង ៖ កម្លាំង​ប្រមូល​ផ្តុំ​របស់​ចលនា​អាវកាក់លឿង​កើន​ឡើង​ជា​ថ្មី

នៅក្នុងប្រទេស​បារាំង ៣ថ្ងៃ​មុន​វេទិកាតស៊ូមតិជាតិ​រៀបចំ​ដោយ​រដ្ឋាភិបាល ដើម្បី​​រំងាប់ការ​តវ៉ា​របស់ចលនា​​អាវកាក់លឿង ចំនួនបាតុករ​អាវកាក់លឿង​នា​ថ្ងៃ​សៅរ៍សប្តាហ៍​ទី៩ម្សិលមិញបាន​កើន​ឡើង បើ​ធៀប​នឹង​ថ្ងៃ​សៅរ៍​សប្តាហ៍​កន្លង​មក។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​មួយ​ទៀត គឺ​ការ​ធ្លាក់​ចុះនៃ​អំពើហិង្សា និង​ការ​កម្ទេច​ដុតបំផ្លាញ​ពី​ក្រុម​ជ្រុលនិយម និង​ក្រុម​ឆ្លៀតឱកាសនិយម។

បាតុករ​អាវកាក់​លឿង​ ថ្ងៃទី ១២ មករា ២០១៩
បាតុករ​អាវកាក់​លឿង​ ថ្ងៃទី ១២ មករា ២០១៩ AFP/Guillaume Souvant
ផ្សាយពាណិជ្ជកម្ម

ចលនា​បាតុកម្ម​អាវកាក់​លឿង​ ប្រឆាំង​នឹង​នយោបាយ​សង្គម​និង​ពន្ធដារ​របស់​រដ្ឋាភិបាល​ បាន​ឈាន​ដល់​សប្តាហ៍​ទី​៩។ នៅ​ថ្ងៃ​សៅរ៍​ទី ១២ មករា​ម្សិលមិញ ចំនួន​បាតុករ​អាវកាក់​លឿង បាន​​កើន​ឡើង​ ច្រើន​ជាង​ការ​ប្រមូល​ផ្តុំ​ កាលពីសប្តាហ៍​ទី​៥​​ទៅ​ទៀត។

ថ្វី​បើ​មាន​ការ​ចាប់​ខ្លួន​២៤៤​នាក់ ក្នុង​២០១​ ត្រូវ​ឃុំ​ខ្លួន​មែន ប៉ុន្តែ​ជា​ទូទៅ នៅ​តាម​បណ្តាខេត្ត​​​ក្រុង តូច​ធំ​ ក៏​ដូច​ជា​នៅ​​រដ្ឋ​ធានី​ប៉ារីស ការដង្ហែក្បួន​បាតុកម្ម​បាន​ប្រព្រឹត្ត​ទៅ​ជាដោយ​ស្ងប់ស្ងាត់ ដោយ​មាន​ការ​ឃុំគ្រង​ពី​សំណាក់​ក្រុម​រក្សាសណ្តាប់​ធ្នាប់​របស់​ចលនា​ផង និង​កង​កម្លាំង​មាន​សមត្ថកិច្ចផង។ ​គ្មាន​ការ​បង្ក​គ្រោះថ្នាក់ហិង្សា​​ធ្ងន់ធ្ងរខ្លាំង​ ដូច​អ្វី​ដែល​គេ​ធ្លាប់​បាន​ជួប​ប្រទះ​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន​ឡើយ។ មាន​តែ​ការ​ប៉ះទង្គិច​​គ្នា​បន្តិច​បន្តួច ដោយ​ប៉ូលិស​បាន​បាញ់​ផ្សែង​​​បង្ហូរ​ទឹក​ភ្នែក និង​បាញ់​ទឹក​បំបែក​ហ្វូង​បាតុករ​ជ្រុល​និយមមួយ​ចំនួន​តូច ដែល​ប៉ុន​ប៉ង​កប់​ដុំ​ថ្ម​​ នៅ​ពេល​ក្បួន​ធ្វើ​មក​ដល់​ជិត​វិមាន​Arc Triomphe​ ​ទី​បញ្ចប់​នៃ​បាតុកម្ម។ នៅ​តាម​ខេត្ត​ ចលនា​បាតុកម្ម​ ​មាន​សន្ទុះកើន​ឡើងគ្រប់​ទិស​ទី​ តែ​ក្នុង​ទម្រង់​​មិន​ហិង្សា​ខ្លាំងដូច​មុន។

ការ​ធា្លក់​ចុះ​នៃ​អំពើ​ហិង្សា ​ក៏​ដោយ​ហេតុ​តែ​អាជ្ញាធរ​បាន​ចាត់​វិធានការ​​ ពង្រាយ​កម្លាំង​ប៉ូលិស​និង​ភ្នាក់ងារ​សន្តិសុខ​ដល់​ជាង​៨​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស ក្នុង​នោះ​ជាង​៥ពាន់​នាក់​សម្រាប់​រក្សាសណ្តាប់​ធ្នាប់​រដ្ឋធានី។

សូម​បញ្ជាក់​ថា ដើម្បី​ឆ្លើយ​តប​​ទៅ​នឹង​ចរន្ត​តវ៉ា​របស់​​​ចលនា​អាវកាក់​លឿង រដ្ឋាភិបាល​បាន​សម្រេច​បើក​ឱ្យ​មាន​ការ​តស៊ូ​មតិ​ជាតិ ចាប់​ពី​​ថ្ងៃទី អង្គារ​ទី ១៥​មករា​តទៅ។ សំបុត្រ​របស់​លោក​ប្រធានាធិបតី​បារាំង អេម៉ាណុអែល​ ម៉ាក្រុង ផ្ញើ​ជូន​ទៅ​​​កាន់​ប្រជាជាតិ​នឹង​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅថ្ងៃចន្ទ​ស្អែក។ ​ប៉ុន្តែ​ក្រុម​អាវកាក់​លឿង​នៅ​តែ​គ្មាន​ទំនុក​ចិត្ត យល់​ថា​រដ្ឋាភិបាល​មិន​ឮ​សម្រែក​របស់​ពួក​គេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ