អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង៖​ហេតុអ្វី​បាន​ជា​លោក​​ម៉ាក្រុង​យល់ព្រម​រៀបចំ « វេទិកាតស៊ូមតិជាតិ » ពេល​នេះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​បារាំង លោក​ប្រធានាធិបតី​អេម៉ានុយអែល ម៉ាក្រុង​បាន​ប្រកាស​បើក « វេទិកា​តស៊ូមតិជាតិ » ជា​ផ្លូវការ​នា​ថ្ងៃ​អង្គារ ទី១៥ មករា។ « វេទិកា​តស៊ូមតិជាតិ » នេះ​ត្រូវ​រៀបចំ​ធ្វើ​រយៈពេល ២ខែ ពោល​រហូត​ដល់​ថ្ងៃទី១៥ មីនា ហើយ​មេឃុំ និង​ចៅសង្កាត់​ទាំង​អស់​ជា​អ្នក​រៀបចំ « វេទិកា​តស៊ូមតិជាតិ » នៅ​តាម​តំបន់​រៀងៗ​ខ្លួន។ គួរ​រម្លឹក​ថា អ្នក​ដែល​បាន​ផ្តួចផ្តើម​ឲ្យ​មាន « វេទិកា​តស៊ូមតិជាតិ » ឡើង គឺ​លោក​ម៉ាក្រុង ហើយ​នៅ​ក្នុង​លិខិត​មួយ​សម្រាប់​ពលរដ្ឋ​បារាំង​ទូទៅ​នា​ថ្ងៃ​ចន្ទ ទី១៤ មករា​ថា លោក​ម៉ាក្រុង​បាន​បញ្ជាក់​ច្បាស់ៗ​ថា « វេទិកា​តស៊ូមតិជាតិ » នេះ​មិនមែន​ជា​ការ​បោះឆ្នោតសកល ហើយ​ក៏​មិនមែន​ជា​ការ​បោះឆ្នោត​ប្រជាមតិ​ដែរ។

បារាំង៖​ហេតុអ្វី​បាន​ជា​លោក​អេម៉ានុយអែល ម៉ាក្រុង​យល់ព្រម​រៀបចំ « វេទិកាតស៊ូមតិជាតិ » ពេល​នេះ?
បារាំង៖​ហេតុអ្វី​បាន​ជា​លោក​អេម៉ានុយអែល ម៉ាក្រុង​យល់ព្រម​រៀបចំ « វេទិកាតស៊ូមតិជាតិ » ពេល​នេះ? Ludovic Marin/Pool via Reuters
ផ្សាយពាណិជ្ជកម្ម

គោលដៅ​នៃ​ការ​រៀបចំ​ឲ្យ​មាន « វេទិកា​តស៊ូមតិជាតិ » ពេល​នេះ​ឡើង គឺ​ដើម្បី​បិទបញ្ចប់​វិបត្តិនយោបាយ និង​សង្គម​របស់​ចលនា​អាវកាក់លឿង​ដែល​បាន និង​កំពុង​បន្ត​អូសបន្លាយ​តាំង​ពី ២ខែ​កន្លង​មក។ បាតុកម្ម​របស់​ពួក​អាវកាក់លឿង​តែង​ធ្វើ​ឡើង​នៅ​រៀងរាល់​ថ្ងៃ​សៅរ៍​ក្នុង​ទីក្រុង​ប៉ារីស និង​នៅ​តាម​ខេត្ត​ធំៗ​នៅ​ទូទាំង​បារាំង ហើយ​ជា​ទូទៅ បាតុកម្ម​ទាំង​នោះ​តែង​បាន​បង្កប់​ដោយ​អំពើ​ហិង្សា​តិច ឬ​ច្រើន។ គួរ​រម្លឹក​ថា​ពី​ដំបូង ពួក​អាវកាក់លឿង​បាន​តវ៉ា​ទាមទារ​កុំ​ឲ្យ​​រដ្ឋាភិបាល​ដំឡើង​ពន្ធ​លើ​តម្លៃ​ប្រេងសាំង និង​ម៉ាស៊ូត។ តែ​ពី​ក្បួន​បាតុកម្ម​មួយ​ទៅ​ក្បួន​បាតុកម្ម​មួយ តារាង​បញ្ជី​នៃ​ការ​តវ៉ា​ទាមទារ​មាន​កាន់​តែ​វែង​ទៅៗ ពិសេស​សុំ​ឲ្យ​រដ្ឋាភិបាល​លប់​ចោល​លើ​វិធានការ​មិន​យកពន្ធ​លើ​ទ្រព្យសម្បត្តិ​របស់​អ្នកមាន​គ្រាក់ៗ និង​គិតគូរ​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួក​គេ ពោល​ជួយ​បង្កើន​ការ​ចាយវាយ​របស់​ពលរដ្ឋ​បារាំង​ថ្នាក់​មធ្យម។

នៅ​ទីបំផុត លោក​ប្រធានាធិបតី​ម៉ាក្រុង​បាន​ចូលខ្លួន​អន្តរាគមន៍​លើកទី១ ដោយ​យល់​ព្រម​ធ្វើ​សម្បទាន​លើ​ចំណុច​មួយ​ចំនួន ពិសេស​លែង​ដំឡើង​ពន្ធ​លើ​តម្លៃ​ប្រេងសាំង និង​ម៉ាស៊ូត ហើយ​ដំឡើង​ប្រាក់ខែ​ឲ្យ​អ្នក​ដែល​មាន​ប្រាក់ខែ​អប្បបរមា។ តែ​សម្បទាន​ទាំង​នេះ​នៅ​មិន​ទាន់​អាច​រំងាប់​ភាព​ពុះកញ្រ្ជោល​របស់​ពួក​អាវកាក់​លឿង។ បន្ទាប់​មក​នៅ​ក្នុង​សារ​ជូនពរ​ឆ្នាំ​ថ្មី ២០១៩ លោក​ម៉ាក្រុង​ក៏​បាន​ព្យាយាម​ដោះស្រាយ​វិបត្តិ​មួយ​នេះ​ដោយ​បាន​ស្នើ​ឲ្យ​មាន​ការ​រៀបចំ « វេទិកា​តស៊ូមតិជាតិ » មួយ។ លោក​ម៉ាក្រុង​បាន​បញ្ជាក់​រួច​ហើយ​ថា « វេទិកា​តស៊ូមតិជាតិ » នេះ​មិនមែន​ជា​ការ​បោះឆ្នោតសកល ហើយ​ក៏​មិនមែន​ជា​ការ​រៀបចំ​បោះឆ្នោត​ប្រជាមតិ​ដែរ។ អ្វី​ដែល​លោក​ម៉ាក្រុង​សង្ឃឹម​តាម​រយៈ​ការ​រៀបចំ « វេទិកា​តស៊ូមតិជាតិ » ពេល​នេះ គឺ​ប្រែ​ក្លាយ​កំហឹង​របស់​ចលនា​អាវកាក់លឿង​ទៅ​ជា​ដំណោះស្រាយ​មួយ​ដែល​អាច​ទទួល​យក​បាន​ទាំង​អស់​គ្នា។

« វេទិកា​តស៊ូមតិជាតិ » ផ្តោត​លើ​ប្រធានបទគោល​ចំនួន ៤

នៅ​ក្នុង « វេទិកា​តស៊ូមតិជាតិ » នេះ រដ្ឋាភិបាល​បាន​រៀបចំ​ជា​សំណួរ​ប្រមាណ​ជា ៣៥សំណួរ​ទាក់ទង​នឹង​ប្រធានបទគោល​មួយ​ចំនួន​ដែល​ជា​ការ​ទាមទារ​ចង់​បាន​របស់​ចលនា​អាវកាក់លឿង។ នៅ​ក្នុង​លិខិត​មួយ​សម្រាប់​ពលរដ្ឋ​បារាំង​ចេញ​ផ្សាយ​នា​ថ្ងៃ​ចន្ទ ទី១៤ មករា លោក​ម៉ាក្រុង​បាន​កំណត់​យក​ប្រធានបទគោល​ចំនួន ៤ សម្រាប់ « វេទិកា​តស៊ូមតិជាតិ »។ ទី១ សារពើពន្ធ និង​ការ​ចំណាយ​សាធារណៈ ទី២ ការ​រៀបចំ​សេវ៉ា​សាធារណៈ ទី៣ បរិស្ថាន និង​ទី៤ ប្រជាធិបតេយ្យ និង​ភាព​ជា​ពលរដ្ឋ។ បន្ទាប់​មក លោក​ម៉ាក្រុង​ក៏​ស្នើ​ចេញ​នូវ​ប្រធានបទ​មួយ​ទៀត​ទាក់ទង​នឹង​អន្តោប្រវេសន៍ ពិសេស​ចំនួន​កូតា​អន្តោប្រវេសន៍​ប្រចាំ​ឆ្នាំ។

លោក​ម៉ាក្រុង​បាន​ធានា​ថា វេទិកា​នេះ​ជា​វេទិកា​សាធារណៈ​បើក​ចំហ​ដោយ​មាន​សំណួរ​លើ​គ្រប់​ប្រធានបទ​ទាំង​អស់ តែ​គេ​សង្កេត​ឃើញ​ថា លោក​ម៉ាក្រុង​ហាក់​មិន​បាន​និយាយ​រឿង​ការ​មិន​យក​ពន្ធ​លើ​ទ្រព្យសម្បត្តិ​របស់​អ្នក​មាន​គ្រាក់ៗ​ដែល​ពួក​អាវកាក់លឿង​បាន​តវ៉ា​ទាមទារ​ឲ្យ​លុបចោល​វិញ​នោះ​ទេ។ ពលរដ្ឋ​បារាំង​គ្រប់រូប​អាច​ចូលរួម​នៅ​ក្នុង « វេទិកា​តស៊ូមតិជាតិ » មួយ​នេះ ព្រោះ​វា​ជា​វេទិកា​សាធារណៈ​មួយ​ដែល​មិនមែន​សំដៅ​តែ​លើ​ពួក​អាវកាក់លឿង​ប៉ុណ្ណោះ​ទេ នោះ​បើ​ទោះ​បី​ជា​ពួក​នេះ​ជា​ប្រភព​ដែល​បាន​បង្ខំ​ឲ្យ​លោក​ម៉ាក្រុង​រៀបចំ « វេទិកា​តស៊ូមតិជាតិ » ពេល​នេះ​ក៏​ដោយ។

លោក​ម៉ាក្រុង​សន្យា​ទទួល​យក​មតិយោបល់ និង​សំណូមពរ​របស់​ពលរដ្ឋ​បារាំង

« វេទិកា​តស៊ូមតិជាតិ » នេះ​ត្រូវ​បាន​រដ្ឋាភិបាល​ប្រគល់​ទៅ​ឲ្យ​ចៅសង្កាត់ និង​មេឃុំ​នៅ​ទូទាំង​ប្រទេស​ជា​អ្នក​រៀបចំ​នៅ​តាម​តំបន់​របស់​គេ​រៀងៗ​ខ្លួន។ មាន​មនុស្ស​ចំនួន ៧នាក់​ត្រូវ​បាន​ជ្រើស​តាំង​ឲ្យ​ដឹកនាំ « វេទិកា​តស៊ូមតិជាតិ » ក្នុង​នោះ ២នាក់​ជា​រដ្ឋមន្រ្តី​ដែល​នាយករដ្ឋមន្រ្តី​ជា​អ្នក​ជ្រើសរើស ហើយ ៥នាក់​ផ្សេង​ទៀត​មាន ២នាក់​នឹង​ត្រូវ​ជ្រើសរើស​ដោយ​រដ្ឋាភិបាល ហើយ ៣នាក់​នឹង​ត្រូវ​ជ្រើសរើស​រួម​គ្នា​ដោយ​ប្រធានសភា ប្រធាន​ព្រឹទ្ធសភា និង​ប្រធាន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច សង្គម និង​បរិស្ថាន។ ការ​បែងចែក​ជម្រើស​អ្នក​ដឹកនាំ « វេទិកា​តស៊ូមតិជាតិ » នេះ គឺ​ដើម្បី​ធានា​ឯករាជ្យភាព។

ពលរដ្ឋ​បារាំង​គ្រប់រូប​អាច​ចូលរួម​ផ្តល់​ចម្លើយ​របស់​ខ្លួន​នៅ​ក្នុង « វេទិកា​តស៊ូមតិជាតិ » នេះ​តាម ៤រូបភាព ទី១ នៅ​ក្នុង​កិច្ចប្រជុំ​រៀបចំ​ដោយ​ចៅសង្កាត់ ឬ​មេឃុំ ឬ​ដោយ​ពលរដ្ឋ​ខ្លួន​ឯង ទី២ នៅ​តាម​ស្តូប​ដែល​មាន​ដាក់​តាំង​នៅ​ទីកន្លែង​សាធារណៈ ទី៣ នៅ​តាម​គេហទំព័រ (www.granddebat.fr) ចាប់​ពី​ថ្ងៃទី២១ មករា និង​ទី៤ ផ្ញើ​ចម្លើយ​តាម​ប្រៃសណីយ៍។ « វេទិកា​តស៊ូមតិជាតិ » នេះ​ត្រូវ​រៀបចំ​រយៈពេល ២ខែ​ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​អង្គារ ទី១៥ មករា​ដល់​ថ្ងៃទី១៥ មីនា។ លទ្ធផល​នឹង​ត្រូវ​ប្រកាស​ជា​សាធារណៈ​នៅ​មុន​ដំណាច់​ខែ​មីនា រួច​ប្រគល់​ជូន​ប្រធានាធិបតី និង​រដ្ឋាភិបាល។ លោក​ម៉ាក្រុង​បាន​សន្យា​នឹង​ទទួល​យក​មតិយោបល់ និង​សំណូមពរ​របស់​ពលរដ្ឋ​តាម​រយៈ « វេទិកា​តស៊ូមតិជាតិ » មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ