អានតួអត្ថបទ

ក្រុមហ៊ុន​អន្តរជាតិ​ជាង​៣០​ចង​សម្ព័ន្ធ​គ្នា​ដើម្បី​កាត់​បន្ថយ​សំរាម​​ប្លាស្ទិក

នៅ​ថ្ងៃ​ពុធ​នេះ ក្រុម​ហ៊ុន​ខ្នាត​អន្តរជាតិ ផ្នែក​ប្រេង​ឥន្ធនៈ​​គីមី ក្រុមហ៊ុន​កែច្នៃ ​និង​ក្រុមហ៊ុន​ផលិត​សម្ភារៈ​ធំៗ​ ចំនួន​ជាង​សាម​សិប បាន​ចុះ​ហត្ថលេខា​ចងសម្ព័ន្ធភាព​គ្នា ដើម្បី​រួម​កម្លាំង ​រក​ដំណោះស្រាយ​កាត់​បន្ថយ​និង​បំបាត់​សំរាម​ប្លាស្ទិក។​ ជា​កិច្ច​ចាប់​ផ្តើម សម្ព័ន្ធ​បញ្ចប់​សំរាម​​ប្លាស្ទិក​​ប្រមូល​ថវិកាបាន​ជាង​មួយពាន់​លាន​ដុល្លារ។

​មហាសមុទ្ធ​នឹង​មាន​សម្រាម​ប្លាស្ទិកច្រើន​ជាង​ត្រី នៅ​ឆ្នាំ​២០៥០
​មហាសមុទ្ធ​នឹង​មាន​សម្រាម​ប្លាស្ទិកច្រើន​ជាង​ត្រី នៅ​ឆ្នាំ​២០៥០ AFP/Thomas Samson
ផ្សាយពាណិជ្ជកម្ម

“សម្ព័ន្ធ​បញ្ចប់សំរាម​ប្លាស្ទិក” ជា​បណ្តុះ​​ក្រុមហ៊ុន​យក្ស​ ខ្នាត​អន្តរជាតិ​ជាង​សាមសិប (Basf, Total, ExxonMobil, Dow Mitsui Chemicals, Lyondellbasell, Procter&Gamble, Suez, Veolia …) ដែល​ផលិត ប្រើប្រាស់ លក់ និង​កែច្នៃ​ផលិតផល​ប្លាស្ទិក​។ គ្រាន់​តែ​ចាប់​ផ្តើម និ​ងក្នុង​ដំណាក់កាល​ដំបូងភ្លាម សម្ព័ន្ធ​ប្រមូល​បានការ​សន្យា​ផ្តល់​​មូលនិធិ ១ពាន់​លាន​ និង​ដល់​ទៅ​១៥០០​លាន​សម្រាប់​រយៈ​ពេលពី​ថ្ងៃ​នេះ​ទៅ​​៥​ឆ្នាំ ខាង​មុខ។

ប៉ុន្តែបើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​ក្រុមហ៊ុន​ប្រេង​តូតាល់ ​សម្ព័ន្ធ​ចង់​ចាប់​ផ្តើម​សកម្មភាព​ភ្លាម ដោយ​ប្រើ​ហិរញ្ញវត្ថុ​ដែល​មាន​ស្រាប់ ជា​មួយ​នឹង​គម្រោង​Stop ​នៅ​ប្រទេស​ឥណ្ឌូណេស៊ី​ ដែល​សហការ​ជាមួយ​ក្រុង​ដើម្បី​កាត់​បន្ថយ​ការ​ចោល​សំរាម​ប្លាស្ទិក​នៅ​ក្នុង​បរិស្ថាន ឬ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល Renew Oceanដែលចង់​​សាក​ល្បង​ប្រមូល​សំរាម​ប្លាស្ទិក​ពី ក្នុង​ទឹក​ទន្លេធំៗ​ទាំង​១០​នៅ​លើ​ពិភពលោក។ ក្នុង​ចំណោម​១០​ទន្លេ​ដែល​កខ្វក់​ជាង​គេ​នៅ​លើ​ផែនដី​ ៨​ស្ថិត​នៅ​ក្នុង​ទ្វីប​អាស៊ី។

ជា​សរុប​ សម្ព័ន្ធ​បញ្ចប់​សំរាម​ប្លាស្ទិក ចង់​ស្វែង​រក​ការ​តភ្ជាប់​ចំណង​ជា​ដៃគូ​ជាមួយ​ក្រុង​ធំៗ​ ជា​ពិសេស​ក្រុង​ដែល​គ្មាន​ហេដ្ឋារចនាសម្ព័ន្ធ​ត្រឹម​ត្រូវ​ ក្នុង​ការ​ចាត់​ចែង​សំរាម​ឱ្យ​បាន​ប្រសើរ​ឡើង។ ក្រុមហ៊ុន​អន្តរជាតិ​ទាំង​នេះក៏​ចង់​អភិវឌ្ឍ​គម្រោង​ផ្តល់អប់​រំ​​វិទ្យាសាស្ត្រ​ នៅ​តាម​វិទ្យាស្ថាន​ឧត្តម​សិក្សា ដើម្បី​ប្រមូល​ព័ត៌មាន​និង​អភិវឌ្ឍ​វិធីសាស្ត្រ​ចាត់​ចែង​ជួយ​រដ្ឋាភិបាល​កម្ចាត់​ការ​ចោល​សំរាមប្លាស្ទិក​​ក្នុង​បរិស្ថាន។

សូម​បញ្ជាក់​ថា​សំរាម​ប្លាស្ទិក​ ជា​ប្រភព​បំពុល​បរិស្ថាន​ដ៏​ចំបង ជាពិសេស​​មហាសមុទ្ទ​​ខ្លាំង​ជាង​គេ។ ៨០%​នៃ ​ប្លាស្ទិកក្លាយ​ជា​​សំរាម​ក្នុង​មហា​​សមុទ្ទ ក្នុង​កំរិត​ប្រមាណ​​ពី ៨​ទៅ​១២​លាន​តោន​ ក្នុង​មួយ​ឆ្នាំៗ។ បើ​និន្នាការបែប​នេះ​​នៅ​តែ​បន្ត នៅ​ឆ្នាំ​២០៥០​ សមុទ្ទ​នឹង​មាន​សំរាម​ប្លាស្ទិក​ច្រើន​ជាង​ត្រី។ នេះ​បើ​តាម​របាយការណ៍​អង្គការ​សហប្រជាជាតិ។ សំរាម​ប្លាស្ទិក​ទាំង​នោះ ភាគ​ច្រើន​ជា ដប​ទឹក ឆ្នុក-គំរប​ដប កញ្ចប់​ម្ហូបអាហារ​ ស្បោង-ថង់ ទុយយោ ចានកែវ​ប្រអប់​វេចខ្ចប់​ចំណី។

​មានសំរាម​តែ​​៩%​​​ប៉ុណ្ណោះ ដែល​ត្រូវ​បានប្រមូ​លយក​ទៅកែច្នៃ​ផលិត​ឡើង​វិញ និង​មិន​ដល់​១២%​ទេ ដែល​ត្រូវ​បាន​កម្ចាត់​ចោល​ដោយដុត។ នេះ​បើ​តាម​របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ចេញ​ផ្សាយ​កាលពី​ឆ្នាំ​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ