អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភា​អង់គ្លេស​ច្រានចោល​កិច្ចព្រមព្រៀង​ជាមួយ​អឺរ៉ុប តើ​Brexit នឹង​ក្លាយ​ទៅ​ជា​យ៉ាងណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជា​បរាជ័យ​ដ៏​ជូរចត់​សម្រាប់​លោកស្រី​ តេរ៉េហ្សា ម៉េ។ ក្នុង​សំឡេង​ភាគ​ច្រើន​លើសលុប សមាជិក​សភា​អង់គ្លេស​បាន​ច្រាន​ចោល​កិច្ចព្រមព្រៀង​Brexit ដែល​លោកស្រីនាយក​រដ្ឋមន្ត្រី​សម្រេច​បាន​ជាមួយ​សហភាពអឺរ៉ុប។ មិន​តែ​ប៉ុណ្ណោះ​ សភា​កំពុង​ត្រៀម​​បោះឆ្នោត​ដកសេចក្តី​ទុក​​ចិត្ត​ពី​​​​រដ្ឋាភិបាលរបស់​លោកស្រី ម៉េ ទៀត។ ​អង់គ្លេសកំពុង​ធ្លាក់​​ក្នុង​ស្ថានភាព​មិន​ច្បាស់​លាស់​។

សភា​អង់គ្លេស​ ពេល​បោះឆ្នោត​ច្រាន​ចោល​កិច្ចព្រមព្រៀង​Brexit ថ្ងៃទី ១៥ មករា ២០១៩
សភា​អង់គ្លេស​ ពេល​បោះឆ្នោត​ច្រាន​ចោល​កិច្ចព្រមព្រៀង​Brexit ថ្ងៃទី ១៥ មករា ២០១៩ Reuters TV via REUTERS
ផ្សាយពាណិជ្ជកម្ម

គេ​​សង្ស័យ​​តាំង​ពី​ដំបូង​ភ្លាម​មក ថា​សភាអង់គ្លេស​នឹង​ច្រាន​ចោល​​កិច្ចព្រមព្រៀង​Brexit ដែល​លោកស្រី ម៉េ សម្រេច​បាន​ជាមួយ​អឺរ៉ុប។ ប៉ុន្តែ​ ​ភាព​ភ្ញាក់ផ្អើលមានកាន់​តែ​​​ខ្លាំង​នៅពេល​​ឃើញ​លទ្ធផល​ជាក់​ស្តែង ! ​សំឡេង​បដិសេធ​ មាន​យ៉ាង​សន្ធឹក​សន្ធាប់ ៖ ៤៣២​សំឡេង​ប្រឆាំង ទល់​នឹង​២០២ ​គាំទ្រ ! ក្នុង​ប្រវត្តិសាស្ត្រ​អង់គ្លេស គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩២០​មកពុំ​ដែល​មាន​​​រដ្ឋាភិបាលអង់គ្លេស​ណា​រង​បរាជ័យ​កំរិត​នេះ​ទេ។

​ច្រាន​ចោល​កិច្ចព្រមព្រៀង​ជារឿង​មួយ​ហើយ តែ​ហេតុអ្វី​បាន​ជា​កម្លាំង​នៃ​ការ​បដិសេធ​មាន​សន្ធឹក​ខ្លាំង​យ៉ាង​នេះ ?! លោកស្រី​នាយករដ្ឋមន្ត្រី​ប្រឹង​ចរចា​យ៉ាង​ស្វិត​ស្វាញ​រយៈ​ពេល​ជាង​១៧​ខែ តែ​ទី​បំផុតគ្មាន​ទាក់ទាញ​​បក្ស​ខាង​ណា​បាន​ទាំង​អស់ ក្រុមអ្នក​គាំទ្រ​​Brexit ក៏​មិន​បាន ក្រុម​អ្នក​ចូល​ចិត្ត​ចង់​រួម​រស់​ជាមួយ​អឺរ៉ុប​ក៏​មិនបាន​។

គ្រាន់​តែចេញ​លទ្ធផល​ថា​សភា​បដិសេធ​កិច្ចព្រមព្រៀង​ភ្លាម​ ប្រមុខ​បក្សប្រឆាំង​បាន​ប្រកាសស្នើ​សុំ​សភា​ធ្វើ​ការ​បោះឆ្នោត​ដក​ទំនុកចិត្ត​​ពី​រដ្ឋាភិបាល​លោកស្រី​តេរ៉េហ្សា ម៉េ ភ្លាម។ សភា​អង់គ្លេស​ត្រូវ​សម្រេច​នៅល្ងាច​ថ្ងៃ​ពុធ​នេះ​ហើយ។

សភា​ប្រហែល​ជា​មិន​អាច​ប្រមូល​សំឡេង​បាន​គ្រប់គ្រាន់ ក្នុង​ការបោះឆ្នោត​ដក​ទំនុក​ចិត្ត​ពី​រដ្ឋាភិបាល​ទេ។ ដូច្នេះ​ប្រសិន​បើ​លោកស្រី​ម៉េ អាច​រួច​ខ្លួន​ពី​ញត្តិ​ចាប់​ថ្នាក់ ឬ​មិន​ត្រូវ​សភាបោះឆ្នោត​ដក​ទំនុក​ចិត្ត​នៅ​ល្ងាច​នេះ​ទេ​ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​មាន​ពេល​បី​ថ្ងៃ នឹង​ស្នើ​ដំណោះស្រាយ​ថ្មី។ ក្នុង​ទឹក​មុខ មាំ លោក ម៉េ បាន​អះអាងភ្លាម​​ថា​លោកស្រី នឹងវិល​មក​​ធ្វើ​សេចក្តី​ថ្លែងការណ៍​នៅ​ចំពោះ​មុខ​សភា​ជា​ថ្មី នៅ​ថ្ងៃ​ចន្ទ​ខាង​មុខ។ គេ​នឹង​បាន​​​ដឹង​អំពី​​​ផែនការ​ថ្មី ឬ​ផែនការ​សង្គ្រោះ ដែល​លោកស្រី​ម៉េត្រូវ​ប្រកាន់​យក​។​

ក្នុង​ពេល​រង់​ចាំ គេ​សំឡឹង​ឃើញ​មាន​សេណារីយោ​ជា​ច្រើន។

ស្នើ​ទៅ​សភា​​​ម្តង​ទៀត ៖ បើ​តាម​ច្បាប់​ រដ្ឋាភិបាល​លោកស្រី ម៉េ អាច​ស្នើ​ជា​ថ្មី​ទៅ​សភា នូវ​​កិច្ចព្រមព្រៀង​ចាស់​ដដែល​នេះ ​ម្តង​ហើយ​ម្តង​ទៀត រហូត​ទាល់​តែ​សភាព្រម​អនុម័ត។ នេះ​ជាលទ្ធភាព​មួយ ឬ​មិន​ដូច្នេះ​ទេ លោកស្រី​ អាច​ប្រកាស​សន្យា​ថា​នឹង​វិល​ត្រលប់​ទៅ​ចរចា​ជា​ថ្មី​ជាមួយ​សហភាព​អឺរ៉ុប​ ឬ​ស្នើ​សុំ​ការ​ពន្យារ​ពេល​ដើរ​ចេញ​ពី​អឺរ៉ុប។ តាម​ធម្មតា នៅ​ថ្ងៃទី ២៩​ មីនា វេលា​ម៉ោង​១២​អាធ្រាត្រ Brexit នឹង​ត្រូវ​ចូល​ជា​ធរមាន​ហើយ។

អង់គ្លេស​​ចេញ​ពី​អឺរ៉ុប​ដោយ​គ្មាន​កិច្ចព្រមព្រៀង​ ៖ ដោយ​សារ​តែ​ពេល​វេលា​កាន់​តែ​ខើច ​សេណារីយោ Brexit​ គ្មាន​កិច្ចព្រមព្រៀង“No Deal” ដែល​គ្រប់​ភាគី​ ជា​ពិសេស​ពិភព​អ្នក​សេដ្ឋកិច្ច​ខ្លាច​បំផុត បាន​​លេច​ឡើង​​កាន់​តែ​ច្បាស់ ជាង​ពេល​ណា​ៗ​ទាំងអស់។ ​ភាគី​សហភាព​អឺរ៉ុប ព្រម​ទាំង​មេដឹកនាំ​ប្រទេស​ជា​សមាជិក​សហភាព​ បាន​នាំ​គ្នា​សម្តែង​ប្រតិកម្ម​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​សម្រេច​របស់សភា​អង់គ្លេស។ ភាគី​អឺរ៉ុប​បានចាប់​ធ្វើ​ការ​ និង​រក​ដំណោះស្រាយជា​​បន្ទាន់​ ដើម្បីធានា​ថា​​អឺរ៉ុប​ត្រៀម​រួច​រាល់​ទប់ទល់​នឹងផលវិបាក​នៃ​​លែង​លះ​ជា​មួយ​អង់គ្លេស​​ដោយ​គ្មានកិច្ចព្រមព្រៀង។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ប្រធាន​គណៈកម្មការ​អឺរ៉ុប ដោយ​បានជំរុញ​ឱ្យ​​ភាគីអង់គ្លេស​បំភ្លឺ​ជំហរ​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់​លាស់ និង​ឆាប់​រហ័ស​តាម​ដែល​អាចធ្វើ​ទៅ​បាន។

​បោះឆ្នោត​ប្រជាមតិ​ជា​លើក​ទីពីរ ៖ សេណារីយោ​នេះ​ជា​ក្តី​សង្ឃឹម​របស់​ក្រុម​ស្រលាញ់​ចង់​បន្ត​ស្ថិត​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុបទៀត។ គ្រាន់​តែ​បាន​ឃើញ​លទ្ធផល​បោះឆ្នោត​នៅសភាភ្លាម ក្តី​សង្ឃឹម​បាន​ផុស​ឡើង​ជា​ថ្មី និង​ខ្លះ​បាន​ជួយ​ស្នើ​ជា​សំណួរ​ប្រជាមតិ​ថា “​តើ​អ្នក​ប្រាកដ​ជា​ចង់​ចាក​ចេញ​ពី​អឺរ៉ុប​មែនឬ? ជា​ដើម។ល។ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ លោកស្រី តេរ៉េហ្សា ម៉េ បាន​ច្រាន​ចោល​ដាច់​ខាត​គំនិត​ចង់​​បោះឆ្នោត​ប្រជាមតិ​ជា​លើក​ទីពីរ​នេះ ព្រោះ​យល់​ថា​ជា​ការ​បិទ​ខ្ទប់​ស្ថានការណ៍ និង​មិន​ប្រាកដ​ជា​បាន​ទទួលលទ្ធផល​​ខុស​ពី​ប្រជាមតិ​​ថ្ងៃទី ២៣​មិថុនា​២០១៦​ឡើយ។

គណបក្ស​ប្រឆាំងដ៏​ចំបង​នៅ​​អង់គ្លេស ដែល​បាន​ដាក់​ញាត្តិ​ទៅ​សភា​​សុំ​ផ្តួល​​រដ្ឋាភិបាល​លោកស្រី​ម៉េ ប្រកាន់​យក​ជំហរចង់​រៀប​ចំ​ការ​បោះឆ្នោត​ប្រជាមតិ​ជា​លើក​ទីពីរ។​ ប្រសិន​បើ​គេ​ជា​អ្នក​ឈ្នះ ប្រមុខ​បក្ស​ប្រឆាំង​ បាន​ប្រកាស​ត្រៀម​ខ្លួន​ទៅ​ចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​អឺរ៉ុប ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ថា ត្រូវ​ការ​ពេលវេលា។

ពន្យារ​ពេល​Brexit ប្រសិន​បើ​នៅល្ងាច​នេះ សភា​អនុម័ត​​ដក​ទំនុក​ចិត្តពី​រដ្ឋាភិបាល​បច្ចុប្បន្ន​តាម​សំណើ​បក្ស​ប្រឆាំង​មែន នោះ​នឹង​មាន​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី ក្នុង​រយៈ​ពេល​១៤​ថ្ងៃ។ បើ​បង្កើត​មិន​បាន​ ត្រូវ​រៀបចំ​បោះឆ្នោត​ជា​ថ្មី។ ប៉ុន្តែមុន​នឹងឈាន​ដល់ការ​បោះឆ្នោត​ប្រជាមតិ​ជា​លើក​ទីពីរ ឬ​​ការ​បោះឆ្នោត​សភា​មុន​អាណត្តិ ដែល​​សុទ្ធ​តែ​ត្រូវ​ការ​ពេលវេលា​ទាំង​អស់ ​​សេណារីយោ​ដ៏​​ជាក់​ស្តែង​ជាង​គេ គឺ​ការ​ពន្យារ​ពេល​Brexit។

សមាជិក​សភា​អឺរ៉ុប​ជា​ច្រើន​រូប​ មក​ពី​គ្រប់​និន្នការ​នយោបាយ​ បានផ្តល់​គំនិត​ព្រមព្រៀង​ឱ្យ​​​លើក​ពេល​Brexit បើ​ឡុងដ៍​ធ្វើ​សំណើ។ ប៉ុន្តែ​ការ​លើក​ពេល​ទំនង​ជា​មិន​អាច​អូស​បាន​យូរ លើស​ថ្ងៃទី ៣០​មិថុនា​២០១៩ឡើយ ព្រោះ​អឺរ៉ុប​ត្រូវ​ធ្វើការ​បោះឆ្នោត​សភារបស់​ខ្លួន​​នៅ​ថ្ងៃទី ២៣​និង​ថ្ងៃទី ២៦​ឧសភា​ខាង​មុខ​ និង​មាន​សភា​ថ្មី ​សមាសភាព​សភា​ថ្មី​ និង​​សេចក្តី​សម្រេច​ថ្មី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ