ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/06 12h00 GMT

បារាំង​ចាប់​បង្ហាញ​ចង្កូម សម្រាប់​សង្រ្គាម​អ៊ីនធ័រនែត

បារាំង​ចាប់​បង្ហាញ​ចង្កូម សម្រាប់​សង្រ្គាម​អ៊ីនធ័រនែត
 
បុរសម្នាក់​ប្រើ​កុំព្យូទ័រ​របស់ខ្លួន​នៅមុខ​អេក្រង់ ដែល​បង្ហាញ កូដ​របស់​ចោរអ៊ីនធ័រនែត​ដែល​គេ​ដាក់​បង្ហាញ ©REUTERS/Kacper Pempel

កងទ័ព​បារាំង នឹង​ត្រូវ​បំពាក់​ឲ្យមាន​យុទ្ធសាស្រ្ត​សម្រាប់​ធ្វើ​សង្រ្គាម​អ៊ីនធ័រនែត។ នៅ​ថ្ងៃ​សុក្រនេះ រដ្ឋមន្រ្តី ក្រសួង​ការពារ​ជាតិ​បារាំង លោកស្រី Florence Parly បាន​បង្ហាញ​ពី​យុទ្ធសាស្រ្ត​វាយប្រហារ​តាមអ៊ីនធ័រនែត ដែល​រដ្ឋាភិបាល​បារាំង បាន​សម្រេច​ដាក់​បញ្ចូល​បន្ថែម ក្នុង​ច្បាប់​ស្តីពី​កម្មវិធី​កងទ័ព បារាំង ពី​ឆ្នាំនេះ រហូត​ដល់​ឆ្នាំ ២០២៥។ តើ​អ្វីទៅ​ជា​យុទ្ធសាស្រ្ត​របស់​បារាំង សម្រាប់​ធ្វើ​សង្រ្គាម​អ៊ីនធ័រនែត?

 

នៅ​ថ្ងៃ​សុក្រនេះ រដ្ឋមន្រ្តីការពារ​ជាតិបារាំង លោកស្រី Florence Parly ជាមួយ​នឹង​នាយសេនាធិការ​បារាំង លោក​François Lecointre បាន​បង្ហាញ​ឲ្យ​ឃើញ ជា​ផ្លូវការ យុទ្ធសាស្រ្ត​វាយប្រហារ តាម​អ៊ីនធ័រនែត ដែល​គេ​ត្រូវ​បំពាក់​ឲ្យ​កងទ័ព​បារាំង។ សម្រាប់​រដ្ឋមន្រ្តី​ការពារ​ជាតិ​បារាំង សង្រ្គាម​អ៊ីនធ័រនែត បាន​ចាប់ផ្តើម​ហើយ។ ដូច្នេះ បារាំង​ត្រូវ​ត្រៀមខ្លួន ដើម្បី​វាយប្រយុទ្ធ​តបត​វិញ។

ដោយ​លើក​ឡើង​ពី​យុទ្ធសាស្រ្ត​វាយប្រហារ​តាម​អ៊ីនធ័រនែត ក្រសួង​ការពារ​ជាតិ​បារាំង ចង់​បង្ហាញ​ដល់​ប្រទេស​សត្រូវ ឬ​ចោរ​អ៊ីនធ័រនែត ថា បារាំង ក៏​មាន​កម្លាំងទ័ព​អ៊ីនធ័រនែត​សម្រាប់​ធ្វើ​សង្រ្គាម​វាយប្រហារ​តបវិញដែរ គឺ​មិនមែន​ត្រឹមតែ​សម្រាប់​ការពារ​នោះទេ។

តាម​ច្បាប់​ស្តី​ពី​កម្មវិធី​កងទ័ព ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២៥ ក្រសួង​ការពារ​ជាតិ​បារាំង គ្រោង​នឹង​រើស​បញ្ចូល អ្នកជំនាញ​ព័ត៌មានវិទ្យា ១ពាន់​នាក់ គឺ​បន្ថែម​ពី​លើ​ចំនួន​ក្រុម​កងទ័ព​ព័ត៌មានវិទ្យា​ដែល​មាន​ប្រមាណ ៣ពាន់​នាក់ នាពេលសព្វថ្ងៃនេះ។ ក្រសួង​ការពារ​ជាតិ​បារាំង​គ្រោង​នឹង​វិនិយោគ ចំណាយ ទឹកប្រាក់​១ពាន់ ៦រយ​លាន​អឺរ៉ូ​សម្រាប់​វិស័យ​ការពារ​ព័ត៌មានវិទ្យា ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០២៥។

នៅ​ដើម​ឆ្នាំ ២០១៤ ក្រសួងការពារ​ជាតិ​បារាំង​បាន​លើកឡើង​ពី​កញ្ចប់​ថវិកា ១ពាន់​លានអឺរ៉ូ សម្រាប់ បំពាក់​អាវុធ​ឲ្យ​វិស័យការពារ​តាម​អ៊ីនធ័រនែត ដែល​ជា​អាទិភាពជាតិ។ ក្នុង​នោះ ថវិកា ប្រមាណ៥០០​លាន​អឺរ៉ូ​ត្រូវ​ចំណាយ​សម្រាប់​ការអភិវឌ្ឍន៍ ឧស្សាហកម្ម ហើយ​និង​បច្ចេកវិទ្យា។

នៅ​ពេល​ដែល ការវាយប្រហារ​តាម​អ៊ីនធ័រនែត​មាន​កាន់តែ​ច្រើនឡើង នៅក្នុង​ពិភពលោក រដ្ឋាភិបាល​បារាំង ចង់​បំពាក់​បន្ថែម អាវុធ​ព័ត៌មានវិទ្យា ទៅ​ឲ្យ​កងទ័ព​របស់​ខ្លួន ដើម្បី ​ធ្វើ​សង្រ្គាម​វាយប្រហារ មិន​ថា នៅក្នុង​សមរភូមិ​ជាក់ស្តែង ឬ​នៅក្នុង​សង្រ្គាម​ព័ត៌មានវិទ្យា​នោះទេ។

សូមបញ្ជាក់ថា រហូតមក បារាំង មាន​តែ​យុទ្ធសាស្រ្ត ឬ​មធ្យោបាយ សម្រាប់​ការពារ​ខ្លួន​ពីការវាយប្រហារ របស់​ចោរអ៊ីនធ័រនែត​តែប៉ុណ្ណោះ។ នៅ​ឆ្នាំ​២០១៧ បារាំង​បាន​បង្កើត​ទីបញ្ជាការដ្ឋាន​កងទ័ព​អ៊ីនធ័រនែត​មួយ សម្រាប់​ធានា​សន្តិសុខ​ព័ត៌មានវិទ្យា។ នៅ​ទីបញ្ជាការដ្ឋាន​កងទ័ព​អ៊ីនធ័រនែត​បារាំង ទាហាន ដែល​មាន​ជំនាញ ព័ត៌មានវិទ្យា មិនមែន​ធ្វើការ​សម្រាប់​តែ​ដោះស្រាយ ការពារ បារាំង​ពី​ការវាយប្រហារ​របស់​ចោរ ឬ​របស់​ប្រទេស​ណាមួយទេ តាម​ផ្លូវអ៊ីនធ័រនែត​តែប៉ុណ្ណោះ​ទេ។ នៅ​ប្រទេស​បារាំង ការវាយ​ប្រហារ​​តប​វិញ តាមផ្លូវ​អ៊ីនធ័រនែត ត្រូវ​បាន​សរសេរ ចែង យ៉ាងច្បាស់ នៅ​ក្នុង​សៀវភៅ​ស របស់​ក្រសួង​ការពារ​ជាតិ​បារាំង តាំង​ពី​ឆ្នាំ ២០០៨​ម្ល៉េះ។ ប៉ុន្តែ យុទ្ធសាស្រ្ត​នេះ ទើប​ត្រូវ​បាន​បង្ហាញ បណ្តើរៗ ដោយ អតីត រដ្ឋមន្រ្តី​ការពារ​ជាតិ​បារាំង លោក​Jean Yves Le Drian កាលពី​ឆ្នាំ ២០១៧។ សម្រាប់​អតីត​រដ្ឋមន្រ្តីការពារ​ជាតិ​បារាំង យុទ្ធសាស្រ្ត​វាយប្រហារ​តាមអ៊ីនធ័រនែត ទៅ​លើ​គូសត្រូវ​លែង​ជា​រឿង​ដែល​គេត្រូវ​លាក់​កំបាំង​ទៀត​ហើយ។

យុទ្ធសាស្រ្ត​ដើម្បី​វាយប្រហារ តាម​អ៊ីនធ័រនែត នឹង​ប្រើ​ទាំង​ក្នុង​សង្រ្គាម​អ៊ីនធ័រនែត និង​សមរភូមិ

បន្ថែម​ពីលើ​យុទ្ធសាស្រ្ត​ការពារ​តាមអ៊ីនធ័រនែត យុទ្ធសាស្រ្ត វាយប្រហារ​តាមអ៊ីនធ័រនែត​របស់​ក្រសួងការពារ​ជាតិ​បារាំង ចង់​សំដៅ ដល់​ការវាយប្រហារ​តបវិញ ដើម្បី​ចាប់សញ្ញា និង​តាមដាន រាល់​មេរោគ​ចម្លែកៗ នៅលើ​អ៊ីនធ័រនែត។ ជាមួយ​នឹង​បច្ចេកវិទ្យា ហើយ​និង​យុទ្ធសាស្រ្ត ពិសេស ក្រុម​កងទ័ពព័ត៌មានវិទ្យា បារាំង អាច​មាន​សមត្ថភាព​ចូល​ទៅ​គ្រប់គ្រង ​កុំព្យូទ័រ របស់​គូសត្រូវ ប្រមូល​បាន​ទិន្នន័យ​របស់​ចោរអ៊ីនធ័រនែត។ គោលដៅ គឺ​ដើម្បី​បន្ទុចបង្អាក់ ឬ​បំផ្លាញ​ចោល​ទាំងស្រុង គម្រោងការ ឬ​យុទ្ធសាស្រ្ត​វាយប្រហារ​របស់​គូសត្រូវ។ ការវាយប្រហារ​តាមអ៊ីនធ័រនែត ត្រូវ​បាន​កងទ័ព​បារាំង ធ្លាប់​ប្រើរួចហើយ នៅក្នុង​ប្រយុទ្ធប្រឆាំង យុទ្ធនាការ​ឃោសនា​របស់​ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម។ បារាំង​មិនមែនប្រើ​យុទ្ធសាស្រ្ត​វាយប្រហារ​តាមអ៊ីនធ័រនែត​តែ​ទៅលើ​ចោរអ៊ីនធ័រនែតទេ ប៉ុន្តែ បារាំង ​ទាហាន​បារាំង នៅ​បាន​ប្រើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា នៅក្នុង​សមរភូមិ​ប្រយុទ្ធ​របស់ខ្លួន ជាមួយ ពួក​ភេរវនិយម នៅ​ប្រទេស​ម៉ាលី​ទៀតផង។

ហេតុអ្វី​បារាំង​ចាំបាច់​មាន​យុទ្ធសាស្រ្ត​វាយប្រហារ​តាមអ៊ីនធ័រនែត នៅ​ពេលនេះ?

ការវាយប្រហារ​អ៊ីនធ័រនែត នៅ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ដែល​មួយ​ចំនួន ប្រព្រឹត្ត​ដោយ​ចោរព័ត៌មានវិទ្យា ដើម្បី គ្រាន់​តែ ចាប់ជំរិត​ទារប្រាក់ និង​មួយចំនួន​ទៀត ជា​ស្នាដៃ​របស់​ប្រទេស រដ្ឋាភិបាល ក្នុង​គោលដៅ ធ្វើ​ឲ្យ​ជាប់គាំងស្ទះ បណ្តាញ​កុំព្យូទ័រ ព័ត៌មានវិទ្យា​របស់​គូសត្រូវ​របស់​ខ្លួននោះ បាន​ធ្វើ​ឲ្យ​មាន​ការខូចខាត​ធ្ងន់ធ្ងរ និង​ខាតបង់​ប្រាក់​រាប់លាន​ដុល្លារ។

តាម​មេបញ្ជាការ​កងទ័ព​ជំនាញ​ខាង​អ៊ីនធ័រនែត នៅប្រទេស​បារាំង ក្នុង​រយៈពេល​១​ឆ្នាំ ២០១៧ គេរកឃើញ​មាន​ករណី​ប៉ុនប៉ង វាយប្រហារ​តាមអ៊ីនធ័រនែត ដល់​ទៅ ៧០០​ដង ដែលនៅក្នុង​នោះ ជាង ១០០​ករណី​សំដៅ​បណ្តាញ​អ៊ីនធ័រនែត និង​ប្រព័ន្ធកុំព្យូទ័រ​របស់​កងទ័ព ហើយ​និង​ក្រសួងការពារជាតិ​បារាំង។ ក្រៅតែ​ពីមាន​មធ្យោបាយ​ចេះ​ការពារ បារាំង​ត្រូវ​តែ​មាន​យុទ្ធសាស្រ្ត​ដើម្បី​វាយប្រហារ​តបវិញ។

ដោយ​បំពាក់យុទ្ធសាស្រ្ត វាយប្រហារ​តាម​អ៊ីនធ័រនែត​ឲ្យ​កងទ័ព​របស់​ខ្លួន បារាំង​ជា​ប្រទេស​លោក​ខាងលិច​ទី៣ បន្ទាប់​ពី អាមេរិក និង​អង់គ្លេស។ អង់គ្លេស​មាន​កងទ័ព​អ៊ីនធ័រនែត ប្រមាណ ២ពាន់​នាក់ ប៉ុន្តែ នៅ​តិចណាស់ បើប្រៀបធៀប​នឹង​កងទ័ពឆ្មាំអ៊ីនធ័រនែត​របស់​អាមេរិក ដែល​មាន​ចំនួន ៧ពាន់​នាក់ ហើយ​ដែល​នឹង​បង្កើន​ចំនួន ដល់​ទៅ ៣​ដង ពីពេលនេះ ដល់​ឆ្នាំ ២០២៨។ នេះ​គេនៅមិនទាន់​និយាយ​ពី​ទីភ្នាក់ងារ​សន្តិសុខជាតិ NSA​ដែល​មាន​អ្នកជំនាញ អ៊ីនធ័រនែត ដល់​ទៅ ៣៨ ០០០នាក់ សម្រាប់​តាមដាន​ស្តាប់ និង​ចូល​លួចទិន្នន័យ មិនថា ពី​សម្ព័ន្ធមិត្ត ឬ​ប្រទេស​គូសត្រូវ។ គេជឿថា អាមេរិក ដែល​បានបង្ហាញ​ឲ្យគេ​ដឹង​ជា​ផ្លូវការ ពី​យុទ្ធសាស្រ្ត​វាយប្រហារ​តាមអ៊ីនធ័រនែត កាលពី​ខែ​កញ្ញា​ឆ្នាំមុន គឺ​ធ្លាប់​បាន​ប្រើ​យុទ្ធសាស្រ្ត​វាយប្រហារ​របស់​កងទ័ព​អ៊ីនធ័រនែត ដើម្បី វាយប្រហារ​ទៅលើ​ក្រុមជីហាត អង្គការ​រដ្ឋអ៊ីស្លាម នៅប្រទេស​ស៊ីរី និងអ៊ីរ៉ាក់។ មិនចាញ់​រុស្ស៊ី និង​កូរ៉េខាងជើង ដែល​ត្រូវ​បាន​ប្រទេស​លោកខាងលិច ចោទចង្អុរ​មុខ​ថា ជា​អ្នកនៅ​ពីក្រោយ​ការវាយប្រហារ​អ៊ីនធ័រនែត នៅក្នុង​ពិភពលោក អាមេរិក និង​អ៊ីស្រាអែល វិញ ត្រូវ​គេ​ចោទផងដែរ ជាអ្នកប្រើប្រាស់​មេរោគ​អ៊ីនធ័រនែត​ដើម្បី ចូល​ទៅគ្រប់គ្រង​ម៉ាស៊ីន​កុំព្យូទ័រ​របស់​រោងចក្រ​នុយក្លេអ៊ែរ​អ៊ីរ៉ង់ កាលពី​ប៉ុន្មានឆ្នាំមុន៕


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • បារាំង

    អ្នកជំនាញ​ប្រមូលផ្តុំគ្នា​ដើម្បី ស្វែងរក​របាំង​ការពារ​ខ្លួន​ពី​ចោរអ៊ីនធ័រនែត

    ស្វែងយល់បន្ថែម

  • បារាំង

    ចោរអ៊ីនធ័រនែត​កំពុង​លូកដៃ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង?

    ស្វែងយល់បន្ថែម

  • សហរដ្ឋអាមេរិក-កូរ៉េខាងជើង

    អាមេរិក​នៅតែ​តាម​ប្រមាញ់​ចាប់​ចោរអ៊ីនធ័រនែត​កូរ៉េខាងជើង

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ