អានតួអត្ថបទ
បារាំង-អប់រំ

បារាំង៖​គម្រោង​​ដំឡើង​ថ្លៃ​សិក្សា​នៅ​សាកលវិទ្យាល័យ​សម្រាប់​និស្សិតបរទេស​កំពុង​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស

នៅ​ក្នុង​ប្រទេស​បារាំង រដ្ឋាភិបាល​គ្រោង​ដំឡើង​ថ្លៃសិក្សានៅ​សាកលវិទ្យាល័យ​​សម្រាប់​និស្សិតបរទេស​ដែល​ចង់​សិក្សា​នៅ​ក្នុង​ប្រទេស​បារាំង។ នីតិវិធី​មួយ​នេះ​មិន​ទាក់ទង​នឹង​និស្សិត​បរទេស​មក​ពី​អឺរ៉ុប​ទេ ហើយ​គម្រោង​ដំឡើង​ថ្លៃសិក្សា​នេះ​នឹង​ត្រូវ​ផ្តើម​អនុវត្ត​នៅ​បវេសនកាល​ខាង​មុខ។ ក៏​ប៉ុន្តែ វិធានការ​មួយ​នេះ​បាន និង​កំពុង​ទទួល​ការ​ប្រឆាំង​កាន់​តែ​ច្រើន ពិសេស​ពី​សឹង​គ្រប់​សាកលវិទ្យាល័យ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស។ សាកលវិទ្យាល័យ​ភាគ​ច្រើន​បាន​បញ្ជាក់​ថា ពួក​គេ​នឹង​មិន​អនុវត្ត​តាម​វិធានការ​នេះ​ទេ ហើយ​បាន​ទាមទារ​ឲ្យ​ក្រសួង​អប់រំ​ពិចារណា​ឡើង​វិញ។ គួរ​រម្លឹក​ថា រដ្ឋាភិបាល​បាន​ប្រកាស​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ពី​ការ​ដំឡើង​ថ្លៃសិក្សា​សម្រាប់​និស្សិតបរទេស​នៅ​ក្រៅ​ទឹកដី​អឺរ៉ុប។

រដ្ឋមន្រ្តីក្រសួងឧត្តមសិក្សាបារាំង លោកស្រី Frédérique Vidal
រដ្ឋមន្រ្តីក្រសួងឧត្តមសិក្សាបារាំង លោកស្រី Frédérique Vidal AFP
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​ពេល​នេះ និស្សិត​បរទេស​គ្រប់​រូប​ដែល​សិក្សា​ថ្នាក់បរិញ្ញាប័ត្រ​ត្រូវ​បង់​លុយ​ចំនួន ១៧០អឺរ៉ូ ថ្នាក់អនុបណ្ឌិត​ត្រូវ​បង់​ចំនួន ២៤៣អឺរ៉ូ និង​ថ្នាក់បណ្ឌិត​ត្រូវ​បង់​ចំនួន ៣៨០អឺរ៉ូ។ តែ​ចាប់​ពី​បវេសនកាល​ឆ្នាំ ២០១៩ ខាង​មុខ​ទៅ និង​សម្រាប់​តែ​និស្សិតបរទេស​ក្រៅ​ពី​អឺរ៉ុប ថ្នាក់បរិញ្ញាប័ត្រ​នឹង​ត្រូវ​បង់​លុយ​ចំនួន ២ ៧៧០អឺរ៉ូ និង​ត្រូវ​បង់​ចំនួន ៣ ៧៧០អឺរ៉ូ​សម្រាប់​ថ្នាក់អនុបណ្ឌិត និង​ថ្នាក់បណ្ឌិត។ តែ​វិធានការ​មួយ​នេះ​របស់​រដ្ឋាភិបាល​បាន និង​កំពុង​ទទួល​ការ​ប្រឆាំង​កាន់​តែ​ច្រើន​ពី​ក្រុមនិស្សិត និង​ពី​ក្រុមសាកលវិទ្យាល័យ។ ក្នុង​ខែ​ធ្នូ ឆ្នាំ ២០១៨ ពោល ១ខែ​ក្រោយ​ការ​ប្រកាស​របស់​រដ្ឋាភិបាល បណ្តា​សាកលវិទ្យាធិការ​បាន​រៀបចំ​សន្និសីទរួម​គ្នា​ដោយ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ព្យួរ​ការ​ឡើង​ថ្លៃ​សាលា និង​ផ្តើម​ពិចារណា​លើ​វិធានការ​មួយ​នេះ​ឡើង​វិញ។

ក្រុម​សាកលវិទ្យាធិការ​ភាគច្រើន​បាន​ស្នើ​រដ្ឋាភិបាល​ឲ្យ​លើក​ពេល​នៃ​ការ​ដំឡើង​ថ្លៃ​សាលា និង​យល់​ឃើញ​ថា មុន​នឹង​អនុវត្ត​លើ​វិធានការ​មួយ​នេះ រដ្ឋាភិបាល​គួរ​ពិគ្រោះ​យោបល់​ជាមួយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ជា​មុន ហើយ​ថ្លឹងថ្លែង​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ផល​ប៉ះពាល់​ដែល​អាច​កើត​ចេញ​ជា​យថាហេតុ។ តាំង​ពី​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ មាន​សាកលវិទ្យាល័យ​ចំនួន ៧ ក្នុង​ចំណោម​សាកលវិទ្យាល័យ​ទាំង ៧២ បាន​បញ្ជាក់​ថា ពួក​គេ​ប្រើ​នឹង​គ្រប់​លទ្ធភាព​ទាំង​អស់​ដែល​មាន​ក្នុង​ដៃ​ដើម្បី​អនុញ្ញាត​ឲ្យ​និស្សិតបរទេស​ដែល​ចង់​សិក្សា​ក្នុង​ប្រទេស​បារាំង​បន្ត​បង់ថ្លៃ​សាលា​ដូច​ពី​មុន។ ក្នុង​ពេល​ជាមួយ​គ្នា ក្រុម​សហជីព​និស្សិត​មួយ​ចំនួន​ក៏​បាន​ប្រឆាំង​ជំទាស់​នឹង​គម្រោង​ដំឡើង​ថ្លៃ​សាលា​ពី​រដ្ឋាភិបាល​ដែរ។

លោក​អរឡាន ហ្រ្វង់ស័រ ប្រធាន​សហជីព Fage បាន​គូសបញ្ជាក់​ថា គេ​ចាំ​បាច់​ត្រូវ​កែលម្អ​ការ​ទទួល​និស្សិតបរទេស តែ​មិនមែន​ធ្វើ​ឡើង​តាម​រយៈ​ការ​ដំឡើង​ថ្លៃ​សាលា​ទេ ព្រោះ​វា​អាច​រារាំង​និស្សិត​បរទេស​រាប់សិបពាន់នាក់​មក​សិក្សា​ក្នុង​ប្រទេស​បារាំង។ យ៉ាង​ណា​ក៏​ដោយ រដ្ឋមន្រ្តី​ក្រសួង​ឧត្តមសិក្សា​លោកស្រី Frédérique Vidal បាន​តែងតាំង​ឥស្សរជន​ចំនួន ៥រូប​ដើម្បី​ដឹកនាំ​វេទិកា​ពិគ្រោះយោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ។ តែ​ទន្ទឹម​គ្នា​នេះ លោកស្រី​ក៏​បាន​បញ្ជាក់​ជា​ថ្មី​ថា គោលការណ៍ និង​កាលវិភាគ​នៃ​ការ​ដំឡើង​ថ្លៃ​សាលា​នឹង​មិន​ត្រូវ​លុបចោល​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ