ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/10 12h00 GMT
អឺរ៉ុប

បារាំង​និង​អាល្លឺម៉ង់​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​ដែល​ធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​កាន់តែ​ខិតជិតគ្នា

media  
នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ លោកស្រី​មែរគែល ហើយ​និង​លោកប្រធានាធិបតី បារាំង ម៉ាក្រុងចុះ​ហត្ថលេខាលើ​សន្ធិសញ្ញា​បំពេញបន្ថែម​សន្ធិសញ្ញា​បារាំង អាល្លឺម៉ង់ ឆ្នាំ ១៩៦៣ នៅ Aachen ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី ២២ មករា ២០១៩ ©REUTERS/Thilo Schmuelgen

នៅក្នុង​បរិបទ​ដែល​និន្នាការ​ជាតិនិយម​កំពុង​កើនឡើង នៅក្នុង​ពិភពលោក ​មេដឹកនាំ​បារាំង និង​អាល្លឺម៉ង់ បាន​បង្ហាញ​សាមគ្គីភាព​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ផ្ញើ​សារ គាំទ្រ​ដល់​ការកសាង​អឺរ៉ុប មួយ​ដ៏​រឹងមាំ។ នៅ​ថ្ងៃ​នេះ នៅ​Aix la Chapelle ប្រទេស​អាល្លឺម៉ង់ ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ អង់ហ្គេឡា មែរគែល​​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ ដើម្បី​ពង្រឹង​ទំនាក់ទំនង រវាង​ប្រទេស​ទាំងពីរ ដែល​ជា​សរសរគ្រឹះ​របស់​អឺរ៉ុប។

 

សន្ធិសញ្ញា​ដែល​លោក​ប្រធានាធិបតី ម៉ាក្រុង និង​លោកស្រី​នាយករដ្ឋមន្រ្តី មែរគែល ចុះ​ហត្ថលេខា នៅ​ថ្ងៃ​អង្គារនេះ ជា​ការបំពេញ​បង្រ្គប់​សន្ធិសញ្ញា​ចាស់ ដែល​បារាំង អាល្លឺម៉ង់ បាន​ចុះ​ហត្ថលេខា​រួមគ្នា កាលពី​ឆ្នាំ ១៩៦៣ ក្នុង​ន័យ​ផ្សះផ្សារ​រវាង​ប្រទេស​អតីតគូសត្រូវ នៅក្រោយ​ចប់សង្គ្រាម​លោកលើក​ទី២។

សន្ធិសញ្ញា​បារាំង​អាល្លឺម៉ង់​ថ្មី មាន​និយាយ​ពី​ការខិតចូល​ជិត​គ្នា​រវាង​ប្រទេស​ទាំងពីរ ក្នុង​វិស័យ ការពារ​ជាតិ នយោបាយការបរទេស ហើយ​និង​សេដ្ឋកិច្ច រួម​ទាំង​ការបង្កើត​សភា​រួមគ្នា​មួយ ដែល​មាន​អ្នកតំណាងរាស្រ្ត​បារាំង និង​អាល្លឺម៉ង់ ប្រមាណ​១០០នាក់។

សូមអាន៖ បារាំង​និង​អាល្លឺម៉ង់ ​បើក​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​រួមគ្នា ​លើក​ទីមួយ

សម្រាប់​វិមានប្រធានាធិបតី​បារាំង សន្ធិសញ្ញា បារាំង អាល្លឺម៉ង់ ដែល​លោកម៉ាក្រុង និង​លោកស្រីមែរគែល​ចុះ​ហត្ថលេខា​នៅ​ថ្ងៃ​អង្គារនេះ ស្តែង​ឲ្យ​ឃើញ ពីជំហរ​ខិតចូល​ជិតគ្នា រវាង​ប្រទេស​ទាំងពីរ ជាពិសេស ក្នុង​វិស័យ​កងទ័ព។ កន្លងមក បារាំង​ចង់​ឲ្យអាល្លឺម៉ង់​ចូលរួម វិនិយោគ​ច្រើន​ទៅលើ​វិស័យ​ការពារ​ជាតិ ប៉ុន្តែ អាល្លឺម៉ង់ ដែល​ភ្ជាប់ខ្លួន​នឹង​នយោបាយ​សន្តិភាពនិយម នៅ​ក្រោយ សង្រ្គាមលោក មិនព្រម។

សន្ធិសញ្ញា​ថ្មី បាន​ចែង​ពី​ការបង្កើត​ទីប្រឹក្សា​ការពារ និង​សន្តិសុខ​បារាំង អាល្លឺម៉ង់​មួយ ដែល​មាន​ការងារ​ទិសដៅ​កាត់បន្ថយ ការខ្វែងគំនិត​គ្នា រវាង​ប្រទេស​ទាំងពីរ ក្នុង​វិស័យ​កងទ័ព ជាពិសេស​នៅក្នុង​រឿងផលិត លក់​នាំចេញ​អាវុធ​ទៅ បរទេស។ សូមបញ្ជាក់ថា កន្លងមក បារាំង បាន​ចរចា​ដ៏តឹងតែង ជាមួយ​អាល្លឺម៉ង់ ដើម្បី​បាន​កិច្ចព្រមព្រៀង​មួយ ដែល​យល់ព្រម​ឲ្យ​មាន​ការលក់​នាំចេញ​អាវុធ ទៅ​អារ៉ាប៊ី សាអូឌីត។

នៅក្នុង​សន្ធិសញ្ញា​ថ្មី បារាំង និង​អាល្លឺម៉ង់​បាន​ព្រមព្រៀងគ្នា​បង្កើត​ផងដែរ មាត្រា​ដែល​និយាយ​ពីការចេញមុខ ជួយ ការពារ​ឲ្យ​គ្នា​ទៅវិញ ទៅមក នៅក្នុង​ករណី​មាន​ឈ្លានពាន ពី​ប្រទេស​ខាងក្រៅ។ ក្រៅពីនោះ បារាំង និង​អាល្លឺម៉ង់ ត្រូវ​រួមគ្នា ប្រើ​គ្រប់​មធ្យោបាយ ក្នុង​ករណី​មាន​ការវាយប្រហារ​ភេរវកម្ម ឬ​ការសហការ​នៅក្នុង​កម្មវិធី​យោធា ដូចជា គម្រោង​ផលិត​រួមគ្នា រថក្រោះ ហើយ​និង​យន្តហោះ​ចម្បាំង ដែលអាច​ជា​ផ្នែក​មួយ សម្រាប់​ពង្រឹង​វិស័យ​ការពារ​របស់​អឺរ៉ុប។

ចុះ​ហត្ថលេខា​ដោយ​ប្រមុខ​ដឹកនាំ ធ្លាក់​កូដ​ប្រជាប្រិយភាព ដូចជា​លោកប្រធានាធិបតី ដែល​កំពុង​ប្រឈម​នឹង​បាតុកម្ម​ប្រឆាំង​របស់​ចលនា​អាវកាក់លឿង ចំណែក​លោកស្រី មែរគែលនឹង​ត្រូវ​ចុះចេញ​ពីអំណាច នៅ​ឆ្នាំ ២០២១ សន្ធិសញ្ញាបារាំង អាល្លឺម៉ង់ ថ្មី ត្រូវ​បាន​គេ​វាយតម្លៃថា គ្មានន័យនោះទេ។ មេដឹកនាំ​បក្ស​ស្តាំនិយមជ្រុល​នៅ​បារាំង នៅ បាន​ចោទ​លោកប្រធានាធិបតី ម៉ាក្រុងថា ​កំពុង​ធ្វើ​ឲ្យ​បារាំង​ចុះ​ខ្សោយ តាមរយៈ ការចែក​រំលែក​​អាសនៈ​របស់​បារាំង នៅ​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជាមួយ​ប្រទេស​អាល្លឺម៉ង់។ ការចោទប្រកាន់​ដែល​វិមានប្រធានាធិបតី បារាំង​បាន​បដិសេធ​ទាត់ចោល។ ប៉ុន្តែ បារាំង នៅតែ​អះអាង​ចង់​ឲ្យ​អាល្លឺម៉ង់​មាន​កៅអី​អចិន្រ្តៃយ៍ ផ្ទាល់​ខ្លួន​មួយ នៅ​ក្រុមប្រឹក្សា​សន្តិសុខ។

នៅអាល្លឺម៉ង់ មេដឹកនាំ​បក្ស​ស្តាំ​និយមជ្រុល​វិញ ទាមទារ​ឲ្យ​មេដឹកនាំ​បារាំង និង​អាល្លឺម៉ង់ ផ្តោត ដោះស្រាយ​បញ្ហា​ក្នុង​ប្រទេស ជាជាង​បញ្ហា​របស់​អឺរ៉ុប។ មេដឹកនាំ​ក្រុមជាតិនិយម​អាល្លឺម៉ង់​បាន​និយាយ​ចំអក​ផងដែរ កុំ​ឲ្យ​ប្រធានាធិបតី​បារាំង ចេះ​តែ​សំលឹង ចង់​ចាយ​ប្រាក់​​របស់​អាល្លឺម៉ង់។

សម្រាប់​អ្នកវិភាគ នៅក្នុង​កាលៈទេសៈ ដែល​មាន​Brexit មាន​ក្រុមជាតិ​និយម​ដែល​កំពុង​កើនឡើង នៅគ្រប់ ទីកន្លែង ជាមួយ​នឹង​អ្នកនយោបាយ​ស្តាំ​និយមជ្រុល ដែល​ប៉ង​ចង់​បាន​កៅអី នៅក្នុង​ការបោះឆ្នោត​សភា អឺរ៉ុប នៅ​៤ខែខាងមុខ សន្ធិសញ្ញា​បារាំង អាល្លឺម៉ង់ ជា​និមិត្តរូប សំខាន់​មួយ ដែល​បង្ហាញពី ការរួមដៃ​គ្នា រវាង​ប្រទេស​អឺរ៉ុប​ពីរ ដើម្បី ឆ្លងកាត់​គ្រប់ឧបសគ្គ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ