ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/08 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/08 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/08 12h00 GMT
អឺរ៉ុប

អង្គការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​បារាំង​ពិនិត្យ​មើលឡើង​នយោបាយ​លក់​អាវុធ​ឲ្យ​អេហ្ស៊ីប

media  
ប្រធានាធិបតី អេហ្ស៊ីប លោក​Abdel Fattah al-Sisi (ស្តាំ) ចាប់ដៃ​សើច រលាក់​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​បារាំង លោក Jean-Yves Le Drian (ស្តាំ) នៅក្នុង​ពិធីបុណ្យ​កងទ័ព​នៅទីក្រុង​ប៉ារីស​កាលពី​ខែ​តុលា ឆ្នាំ ២០១៧ ©CHARLES PLATIAU / POOL / AFP

Amnesty International និង​FIDH អង្គការ​ការពារ​សិទ្ធិមនុស្ស​ទាំងពីរ​បាន​អំពាវនាវ ទទូចសុំ​ឲ្យ​រដ្ឋាភិបាល​បារាំង ពិនិត្យ​មើល​ឡើងវិញ នយោបាយ​លក់​អាវុធ​ឲ្យ​រដ្ឋាភិបាល​អេហ្ស៊ីប។ តាម​អង្គការ សមាគម​ការពារ​សិទ្ធិមនុស្ស ដោយ​លក់​អាវុធ​ទៅ​ឲ្យ​អេហ្ស៊ីប បារាំង​កំពុង​ចូលរួម​ចំណែក ក្នុង​យុទ្ធនាការ​បង្រ្កាប បំបិទសិទ្ធិ​សេរីភាព​នៅ​ប្រទេស​អេហ្ស៊ីប។ សេចក្តី អំពាវនាវ​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​ធ្វើឡើង​នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ដែល​ប្រធានាធិបតី​បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​ត្រូវ​ធ្វើដំណើរ​ទស្សនកិច្ច ទៅ​កាន់ទីក្រុង​គែរ ​ប្រទេស​អេហ្ស៊ីប។

នៅក្នុងជំនួប​ជាមួយ​អ្នកកាសែត កាលពី​ថ្ងៃ​ព្រហស្បតិ៍ អ្នកតំណាង​របស់​អង្គការ​​ការពារ​សិទ្ធិមនុស្ស ដូចជា FIDH ហើយ​និង​Amnesty International បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​បារាំង ពិនិត្យ​មើល​ឡើង​នយោបាយ​លក់​អាវុធ​ទៅឲ្យ​អាជ្ញាធរ​អេហ្ស៊ីប បន្ទាប់​ពី អាវុធ​របស់​បារាំង ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​វិធានការ​បង្រ្កាប​របស់​រដ្ឋាភិបាល​អេហ្ស៊ីប។ សម្រាប់​ប្រធាន​អង្គការ​ Amnesty International គេ​រង់ចាំមើល​ចំណាត់ការ និង​សារ​របស់​ប្រធានាធិបតី បារាំង នៅពេល​លោក​ធ្វើដំណើរ​ទៅ​ជួបលោក​ស៊ីស៊ី​ ប្រធានាធិបតី​អេហ្ស៊ីប។

តាម​ការចុះផ្សាយ​របស់​កាសែត​បារាំង La Tribune នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ទៅ​ប្រទេស​អេហ្ស៊ីប នៅ​សប្តាហ៍ក្រោយ បារាំង គ្រោង​នឹង​ចរចា​បិទបញ្ចប់​កិច្ចសន្យា​លក់​យន្តហោះ​ចម្បាំង​បារាំង ចំនួន​១២​គ្រឿង ទៅឲ្យ​អេហ្ស៊ីប។ តាម​របាយការណ៍របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស ដែល​ចុះផ្សាយ កាលពី​ខែ​មិថុនា​ឆ្នាំមុន នៅក្នុង​រយៈពេល​តែ​៦ឆ្នាំ កិច្ចសន្យា​លក់​អាវុធ​របស់​បារាំង​ទៅ​ឲ្យ​អេហ្ស៊ីប​បានកើនឡើង​ពីជិត ៤០លាន​អឺរ៉ូ នៅ​ឆ្នាំ ២០១០ ទៅ​ដល់ ១ពាន់​៣រយ​លាន​អឺរ៉ូ នៅ​ឆ្នាំ ២០១៦។

ចំណង​ពាណិជ្ជកម្ម​រវាង​បារាំង និង​អេហ្ស៊ីប​បាន​ផ្តល់​ផល​ផ្លែផ្កា​ច្រើន ប៉ុន្តែ ជាមួយ​គ្នានោះ វា​ក៏​ជំរុញ​ឲ្យ​បារាំង​បិទភ្នែក មិន​គោរព​កាតព្វកិច្ច​អន្តរជាតិ​ដែរ។ តាម​កិច្ចព្រមព្រៀង​អន្តរជាតិ បារាំង​បាន​សន្យា​គោរព​ច្បាប់ ដែល​ហាម​មិន​ឲ្យ​លក់​អាវុធ ឬ​សម្ភារៈ​តាមដាន ដែល​គេ​យក​ទៅ​ប្រើ​សម្រាប់​រំលោភ​សិទ្ធិមនុស្ស។ នេះ​ជា​លើកឡើង​របស់​លោក​Antoine Madelin ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ​FIDH។

នៅក្នុង​អំឡុង​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អេហ្ស៊ីប​នៅទីក្រុង​ប៉ារីស កាលពី​ឆ្នាំ ២០១៧ ប្រធានាធិបតី បារាំង លោក​អេម៉ានុយអែល ម៉ាក្រុង​ធ្លាប់​បាន​រងការរិះគន់ខ្លាំង នៅពេល​លោក​បដិសេធ​មិន​ផ្តល់​មេរៀន អ្វី​ដល់​មេដឹកនាំ​អេហ្ស៊ីប នៅក្នុង​រឿង​រំលោភ​សិទ្ធិ​មនុស្ស។

នៅ​ថ្ងៃ​ព្រហស្បតិ៍ ក្រុមអង្គការ​ការពារ​សិទ្ធិមនុស្ស​ដូចជា FIDH Amnesty International និង​Human Rights Watch រួម​ទាំង​វិទ្យាស្ថាន​Caire ដើម្បី សិក្សា​បញ្ហា​សិទ្ធិមនុស្ស ជាដើម បាន​រួមគ្នា បរិហារ​រិះគន់​រដ្ឋាភិបាល​អេហ្ស៊ីប​របស់​លោកស៊ីស៊ី ដែល​បាន​ប្រើ​ច្បាប់​ប្រឆាំង​ភេរវនិយម ដើម្បី ចាប់ឃុំ​សកម្មជន​ការពារ​សិទ្ធិមនុស្ស ឬ​ក្រុមអ្នកប្រឆាំង​រដ្ឋាភិបាល។

នៅ​ក្នុង​ការគ្រប់គ្រង​របស់​លោក ស៊ីស៊ី ដែល​បានចូល​កាន់អំណាច តាមរយៈ ការធ្វើ​រដ្ឋប្រហារ​យោធា កាលពី​ឆ្នាំ ២០១៣ នៅ​អេហ្ស៊ីប គេ​ស្រង់​រកឃើញ​មនុស្ស ៦ម៉ឺននាក់ ត្រូវ​បាន​ចាប់ដាក់​ឃុំ ក្នុង​ពន្ធនាគារ។ ពួកគេ​ទាំង​នោះ​អាចជាអ្នកបញ្ចេញ​មតិ ជា​សកម្មជន​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​ស្រ្តី ជាដើម។ ជាក់ស្តែង ស្រ្តី​តារាភាពយន្ត និង​ជាអ្នកដើរបង្ហាញម៉ូដ អេហ្ស៊ីប​ម្នាក់ Amal Fathi ដែល​បាន​បង្ហោះ​សារ​វីដេអូ​រិះគន់​ចំណាត់ការ​យឺតយ៉ាវ​របស់​រដ្ឋាភិបាល ក្នុង​ប្រយុទ្ធប្រឆាំង​នឹង​ការបំពារបំពាន​ផ្លូវភេទ នៅ​អេហ្ស៊ីប ត្រូវ​បាន​តុលាការ​អេហ្ស៊ីប សម្រេច​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​២ឆ្នាំ ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត ហើយ​និង​ញុះញង់​ឲ្យមាន​ការផ្តួលរំលំ​រដ្ឋាភិបាល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ