អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង ៖ ថ្ងៃសៅរ៍​អាវ​កាក់​លឿង ថ្ងៃ​អាទិត្យ​ចលនា​កន្សែង​ក្រហម ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្វី​បើ​ថម​ថយ​កម្លាំង​បន្តិច​មែន តែ​​​ក្រុម​អាវកាក់​លឿង​ នៅ​តែ​មុះមុត​បន្ត​​ចលនា​របស់​ខ្លួន តាម​រយៈ​ការធ្វើ​បាតុកម្ម​ទៀត នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ ជា​លើក​ទី​១១។ បាតុកម្ម​បាន​​បញ្ចប់​ជាមួយ​កា​រចាប់​ខ្លួន​ និង​ការ​ប៉ះទង្គិច​បន្តិច​បន្តួច​ជា​មួយ​នឹង​កម្លាំង​រក្សា​សណ្តាប់​ធ្នាប់ ដ៏​ច្រើន​សន្ធឹក​សន្ធាប់។ បាតុកម្ម​អាវកាក់​លឿង​​ធ្វើ​ឡើង​នៅ​ថ្ងៃ​សៅរ៍​ ស្រាប់​តែ​នៅ​ថ្ងៃអាទិត្យ មាន​ចលនា​មួយ​ក្រុមផ្សេង​ទៀតឈ្មោះ​ “​កន្សែង​ក្រហម” ​ប្រកាស​នាំ​គ្នា​ចុះ​ថ្នល់​ដើរ​ដង្ហែក្បួន​ដែរ។ ជា​ការ​ដើរ​ក្បួន​ដើម្បី​សាធារណរដ្ឋ​និង​​សេរីភាព។ តើ​ក្រុម​កន្សែង​ក្រហម​ជា​នរណា ?

​បាតុកម្ម​របស់​ក្រុម​អាវកាក់​លឿង​ជា​លើក​ទី១១ នៅទីលាន​សាធារណរដ្ឋ​ ក្រុង​ប៉ារីស ថ្ងៃទី ២៦ មករា ២០១៩
​បាតុកម្ម​របស់​ក្រុម​អាវកាក់​លឿង​ជា​លើក​ទី១១ នៅទីលាន​សាធារណរដ្ឋ​ ក្រុង​ប៉ារីស ថ្ងៃទី ២៦ មករា ២០១៩ RFI / Ninan Wang
ផ្សាយពាណិជ្ជកម្ម

ម្សិលមិញ​លឿង ថ្ងៃ​នេះ​ក្រហម ! បន្ទាប់​ពី​ចលនា​​របស់​ក្រុម​អាវកាក់​លឿង​ ដែល​ប្រមូល​ផ្តុំ​គ្នា​ជា​រៀង​រាល់​ថ្ងៃ​សៅរ៍ តាំង​ពី​១១​សប្តាហ៍​មក​ នៅ​ថ្ងៃ​អាទិត្យ​នេះ គេសង្កេត​ឃើញ​មាន​ការ​ប្រកូកប្រកាស​ ហែក្បួន​ ពី​សំណាក់​ចលនា​មួយ​ក្រុម​ទៀត ដែល​មាន​រុំ​កន្សែង​ក​ពណ៌​ក្រហម។

តើ​ក្រុម​កន្សែង​ក្រហម​ជា​នរណា ?

ក្រុម​អាវកាក់​លឿង​បាន​ចាប់​ផ្តើម​សកម្មភាព​របស់​ខ្លួន កាលពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា និយាយ​ឱ្យ​ចំ​នៅថ្ងៃទី​១៧​ខែ​១១ ឆ្នាំ​២០១៨​មក ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​រង្វង់​មូល​បិទ​ខ្ទប់ផ្លូវ និង​ជួបជុំ​គ្នា​ធ្វើ​បាតុកម្ម​​ជា​រៀង​រាល់​ថ្ងៃ​សៅរ៍ រហូត​មក​ទល់​ថ្ងៃ​សៅរ៍​ម្សិលមិញ​ទៀតដើម្បី​ប្រឆាំងនឹង​ការ​ដំឡើង​ពន្ធ​និង​តម្លៃ​ប្រេង​ឥន្ធនៈ។ តែ​​ចលនា​អាវកាក់​​លឿង មិន​បាន​ទទួល​​ការ​គាំទ្រ​​ជា​ឯកច្ឆ័ន្ទ​ទេ ! ជាពិសេស​ក្រោយ​​បាតុកម្ម​​ នៅ​សប្តាហ៍​ទី​បី ដែល​មាន​ភាព​ហិង្សាខ្លាំង និង​ការ​បំផ្លិចបំផ្លាញ​និម្មិត្តរូប​ជាតិ​ នៅកណ្តាល​រដ្ឋ​ធានីប៉ារីស​មក។

គឺ​នៅ​ពេល​នោះ​ហើយ​ដែល​​​ក្រុម​កន្សែងក្រហម ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​ប្រឆាំង​នឹង​សកម្មភាព​​​ប្រឆាំង​នឹង​ការបិទ​ខ្ទប់​ផ្លូវ ប្រឆាំងនឹង​អំពើ​ហិង្សា ដែល​បាន​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ជាតិ​ និង​សេដ្ឋកិច្ច​បុគ្គល​ អ្នក​រកស៊ី។ ខុស​ពី​ក្រុម​អាវកាក់​លឿង ក្រុមកន្សែងក្រហម​​មាន​​​មេកើយ អ្នក​ដឹកនាំ​ និង​ស្ថាបនិក​ច្បាស់​លាស់​។

​ក្រុម​កន្សែង​ក្រហម​ ​មិន​ប្រឆាំង​ក្រុម​អាវកាក់​លឿង​ មិន​គាំទ្រ​រដ្ឋាភិបាល

សហស្ថាបនិក​ក្រុម​កន្សែង​ក្រហម​ បានអះអាង​យ៉ាង​ច្បាស់​លាស់​ថា​ ក្រុមកន្សែង​ក្រហម មិន​ប្រឆាំង​នឹង​ក្រុម​អាវកាក់​លឿងទេ​ !​ ហេតុ​ដូច្នេះ​ហើយ​បាន​ពួកគេ​ជ្រើស​រើស​ដើរ​ដង្ហែ​ក្បួន​​នៅ​ថ្ងៃ​អាទិត្យ​ មិនមែន​ថ្ងៃ​សៅរ៍ គឺ​ដើម្បី​ចៀសវាង​កុំ​ឱ្យ​មាន​ភាព​ប្រឈម​និង​ការ​យល់​ខុស​។

​ការ​ចេញ​ដង្ហែក្បួន​នៅថ្ងៃ​អាទិត្យនេះ ដែល​គេ​ប្រសិទ្ធនាម​ថា “ការ​ដើរក្បួន​ដើម្បី​សាធារណរដ្ឋ​និង​សេរីភាព” ត្រូវ​បាន​រៀប​ចំ​ឡើង​ ក្នុង​បំណង​ដាស់​​មតិ​សាធារណៈ​ថាក្នុង​ប្រទេស​​មិនមែនមាន​តែ​ក្រុម​អាវកាក់លឿង​ទេ តែ​មានពលរដ្ឋ​ភាគ​ច្រើន​ទៀត​ដែល​មិន​ចេញ​ស្តី​ និង​ក្នុង​បំណង​ការពារ​ លទ្ធិ​ប្រជាធិបតេយ្យ និង​ស្ថាប័ន​រដ្ឋ​។​

ការ​​​​ដើរ​ដង្ហែ​ក្បួន​​ ដើម្បី​ការពារ​សាធារណរដ្ឋ​និង​សេរីភាព នឹង​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ស្ងប់​ស្ងាត់ មាន​សណ្តាប់​ធ្នាប់​។ ជា​ការ​ដើរ​ដង្ហែក្បួន​ប្រឆាំង​នឹង​រាល់​គ្រប់​ទម្រង់​នៃ​អំពើ​ហិង្សា​ដែល​មាន​កំពុងកើត​មាន​នាពេល​បច្ចុប្បន្ន​នេះ។ ​នេះ​បើ​តាម​ការ​អះអាងរបស់​អ្នក​ដឹកនាំ​ក្បួន​​កន្សែង​ក្រហម​ដដែល ដោយ​បញ្ជាក់​ទៀត​​ថា ក្រុម​កន្សែងក្រហម​យល់​អំពី​សម្រែក​ទាមទារ​របស់​ក្រុម​អាវកាក់លឿង តែ​មិន​គាំទ្រ​របៀប​និង​វិធី​ទាមទារ​របស់​ពួក​គេទេ។

បក្ស​កាន់​អំណាច​នៅឆ្ងាយ​ពី​ចលនា​កន្សែងក្រហម

ហើយ​ក្រុម​កន្សែងក្រហម​​ ក៏​​មិនមែន​បក្ស​ពួក​របស់​លោក ម៉ាក្រុង​ឡើយ។ ក្រុម​កន្សែង​ក្រហម គ្មាន​ពណ៌​សម្បុរ​នយោបាយ​ទេ ! តំណាង​កន្សែងក្រហម​ម្នាក់ បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា ការ​ដើរ​ដង្ហែក្បួន​នេះ គ្មាន​បំណង​ផ្តល់​ការ​គាំទ្រ​ដល់​ប្រធានាធិបតី​បារាំ​ងទេ !

ថ្វី​បើ​​​ការ​ដង្ហែក្បួនមាន​មូលដ្ឋាន​គ្រឹះ​គួរ​ឱ្យ​គាំទ្រ​មែន​ ប៉ុន្តែ​បក្ស​កាន់​អំណាច​មិន​បាន​អំពាវនាវ​ឱ្យ​សកម្មជន​របស់​ខ្លួន ទៅ​ចុះ​ថ្នល់​ជាមួយ​​ក្រុមកន្សែងក្រហម​ឡើយ។ ​គ្មាន​តំណាង​រដ្ឋាភិបាល ឬ​រដ្ឋមន្ត្រី​ណាម្នាក់ ចុះ​ទៅ​ក្បែរ​ក្បួនកន្សែងក្រហម​ទេ ព្រោះម្យ៉ាង​គេ​មិន​ដឹង​ថា​តើ​ចលនា​នេះ​នឹង​មាន​កម្លាំង​ប៉ុណ្ណា ហើយ​ម្យ៉ាង​ទៀត​ការ​ប្រៀប​ប្រដូច​ ប្រកាន់​ក្រុម​ក្រហម​ប្រឈម​នឹង​ក្រុម​លឿង​ដែល​មាន​គ្នា​រាប់​សិប​ពាន់​នាក់ និង​ដែល​នៅ​​កំពុង​ពេញ​កម្លាំង​ប្រមូល​ផ្តុំ​គ្នា​នៅ​ឡើយ អាច​ជា​​ទង្វើខុស​ឆ្គង​និង​បំផុស​កំហឹង​បន្ថែម។

ក្នុង​ខណៈ​នេះ​​រដ្ឋាភិបាល​កំពុង​ជួប​ការ​លំបាក​ខ្លាំង។ ​ការ​តស៊ូ​មតិ​ថ្នាក់​ជាតិ ទូទាំង​ប្រទេស​ ដែល​លោកប្រធានាធិបតី​បាន​ស្នើ​រៀប​ចំ​ឡើង ដើម្បី​ស្តាប់​សេចក្តី​ត្រូវ​ការ​ប្រជាពល​រដ្ឋ​កំពុង​ចាប់​ផ្តើម។​ ដូច្នេះ​រដ្ឋាភិបាល​គ្មាន​ហេតុ​ផល​អ្វី​ត្រូវ​ចុះ​ថ្នល់​ចៀក​សង្គម​បារាំង​ឱ្យ​បែក​ខ្ញែក​គ្នា​ទេ ឬ​លើក​តម្កើង​ថា​​មាន​ក្រុម​ពីរ​កំពុង​ប្រឈម​គ្នា​​តាម​រយៈ​បាតុកម្ម​ឡើយ​។

លោកប្រធានាធិបតី​ម៉ាក្រុង ដែល​សង្ឃឹម​អាច​តាំង​ជំហរ​ និង​ផ្តល់​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ​វិញ​បាននោះ ត្រូវ​ធ្វើ​យ៉ាង​ណា​បន្ធូរបន្ថយ​សម្ពាធ សម្របសម្រួល​ និង​ផ្សះផ្សា​សង្គម​។ ជា​ពេលវេលា​ត្រូវ​ចរចា និង​ផ្តោះប្តូរ​មតិ​យោបល់ មិនមែន​ជា​ពេល​ត្រូវ​ចុះ​ថ្នល់​ធ្វើ​បាតុកម្ម​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ