បារាំង-អេហ្ស៊ីប៖ហេតុអ្វីបានជាលោកម៉ាក្រុងលើកយកបញ្ហាសិទ្ធិមនុស្សទៅនិយាយជាមួយលោកអាល់ស៊ីស៊ី?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៥៤
ថ្ងៃអង្គារ ទី២៩ មករាជាថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំងអេម៉ានុយអែល ម៉ាក្រុងនៅក្នុងប្រទេសអេហ្ស៊ីប។ កម្មវត្ថុនៃទស្សនកិច្ចរបស់លោកម៉ាក្រុង គឺដើម្បីរឹតចំណងសេដ្ឋកិច្ច វប្បធម៌ និងយុទ្ធសាស្រ្តជាមួយអេហ្ស៊ីបរបស់លោកប្រធានាធិបតីអាល់ស៊ីស៊ី។ លោកអាល់ស៊ីស៊ីបានទទួលជួបលោកម៉ាក្រុងនៅវិមានប្រធានាធិបតីក្នុងទីក្រុងគែរ និងដែលនាឱកាសនៃជំនួបនោះ មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកុងត្រាពាណិជ្ជកម្មប្រមាណជា ៣០។ ទន្ទឹមនឹងសំណុំរឿងសេដ្ឋកិច្ច វប្បធម៌ និងយុទ្ធសាស្រ្ត លោកម៉ាក្រុងបាននិយាយជាចំហជាមួយលោកអាល់ស៊ីស៊ីពីបញ្ហាសិទ្ធិមនុស្សនៅអេហ្ស៊ីប។ ហេតុអ្វីបានជារឿងសិទ្ធិមនុស្សនៅអេហ្ស៊ីបជាបញ្ហារសើប និងថា តើលោកម៉ាក្រុងអាចផ្តល់មេរៀនអ្វីខ្លះដល់លោកអាល់ស៊ីស៊ី?។
ទស្សនកិច្ចរយៈពេល ៣ថ្ងៃសម្រាប់ដើមឆ្នាំថ្មីនៅបរទេសរបស់ប្រមុខរដ្ឋបារាំងលោកម៉ាក្រុងត្រូវបានគេចាត់ទុកជារឿងកម្រមួយ ពិសេសចំពេលដែលបារាំងកំពុងជួបវិបត្តិនយោបាយ និងសង្គមនៃចលនាអាវកាក់លឿងតាំងពីជាង ២ខែកន្លងមក។ តែទន្ទឹមគ្នានេះ លោកម៉ាក្រុងមិនបានយកវិបត្តិក្នុងស្រុកធ្វើជាឧបសគ្គក្នុងការបន្តការងារនៅបរទេសឡើយ។ ជម្រើសទៅកាន់ប្រទេសអេហ្ស៊ីបក៏មិនមែនជាជម្រើសចែដន្យ ព្រោះទី១ អេហ្ស៊ីបត្រូវធ្វើជាប្រធានផ្លាស់វេនសហភាពអាហ្រ្វិកចាប់ពីខែកុម្ភៈខាងមុខ និងទី២ អេហ្ស៊ីបជាដៃគូគន្លឹះរបស់បារាំងនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងភេរវនិយម។ តែប្រយោជន៍ និងកិច្ចសហប្រតិបត្តិការដែលបារាំងចង់រឹតចំណងមុនគេជាមួយអេហ្ស៊ីប គឺសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌។
អ៊ីចឹងហើយបានជានៅក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីបពេលនេះ លោកម៉ាក្រុងបាននាំយកទៅជាមួយនូវប្រធានក្រុមហ៊ុន និងសហគ្រាសបារាំងគ្រាក់ៗប្រមាណជា ៥០នាក់។ កិច្ចសហប្រតិបត្តិពាណិជ្ជកម្មរវាងទីក្រុងប៉ារីស និងទីក្រុងគែរបានផ្តោតលើវិស័យដឹកជញ្ជូន ថាមពលកកើតឡើងវិញ សុខភាព ឬមួយវិស័យកសិចំណីអាហារ។ ចំណែកនៅក្នុងកិច្ចសហប្រតិបត្តិការវប្បធម៌ វិស័យដែលបារាំងកំពុងសកម្មជាងគេ គឺបុរាណវត្ថុវិទ្យាដែលវិទ្យាស្ថានបុរាណវត្ថុវិទ្យាចុងបូព៌ាបារាំងកំពុងស្រាវជ្រាវលើទីតាំងចំនួន ៣២កន្លែងលើទឹកដីអេហ្ស៊ីប។ ឥឡូវនេះ បារាំងកំពុងសង្ឃឹមទទួលបានគម្រោងពីរទៀត ទី១ ទទួលបេសកកម្មស្រាវជ្រាវ ឬជួសជុលប្រាសាទបុរាណមួយចំនួន និងទី២ ចូលរួមសាងសង់អនាគតមហាសារៈមន្ទីរ ឬមួយក៏ជួសជុលសារៈមន្ទីរចាស់ៗឡើងវិញ។
តែទន្ទឹមនឹងសំណុំរឿងសេដ្ឋកិច្ច វប្បធម៌ និងពាណិជ្ជកម្មដែលបារាំង និងអេហ្ស៊ីបមិនពិបាកនិយាយគ្នា។ បញ្ហាសិទ្ធិមនុស្សដែលជាបញ្ហារសើបក៏ត្រូវបានលោកប្រធានាធិបតីបារាំងម៉ាក្រុងលើកយកទៅនិយាយជាមួយសមភាគីអេហ្ស៊ីបលោកអាល់ស៊ីស៊ីដែរ។ ហេតុអ្វីបានជារឿងសិទ្ធិមនុស្សនៅអេហ្ស៊ីបជាបញ្ហារសើប?។ មុននឹងឆ្លើយសំណួរនេះ គេត្រូវបោះជំហានថយក្រោយចំនួន ៧ ជំហានទៅមើលព្រឹត្តិការណ៍ក្នុងឆ្នាំ ២០១២ ដែលអេហ្ស៊ីបបានស្គាល់បដិវត្តអារ៉ាប់រហូតរំលំរបបដឹកនាំផ្តាច់ការរបស់លោកប្រធានាធិបតីមូបារ៉ាក់។ ក្នុងឆ្នាំ ២០១៣ លោកម័រស៊ីបានក្លាយជាប្រធានាធិបតីថ្មីតាមរយៈការបោះឆ្នោត។ តែក្រោយពីកាន់តំណែងបាន ១ឆ្នាំ លោកម័រស៊ីត្រូវបានមេទ័ពជំនាន់នោះ គឺលោកអាល់ស៊ីស៊ីធ្វើរដ្ឋប្រហារទម្លាក់វិញ។ ក្នុងឆ្នាំ ២០១៤ គឺលោកអាល់ស៊ីស៊ីរូបនេះដដែលដែលបានជាប់ឆ្នោតក្លាយជាប្រធានាធិបតី និងបានជាប់ឆ្នោតបន្តបន្ទាប់កាន់អំណាចមកដល់សព្វថ្ងៃ។
វាជារឿងមួយធម្មតាដែលប្រធានាធិបតីម្នាក់ទទួលបានការគាំទ្រពីប្រជាជនឲ្យធ្វើជាប្រមុខរដ្ឋចំនួន ២ ឬ៣ អាណត្តិជាប់គ្នា។ តែអ្វីដែលមិនធម្មតានៅក្នុងប្រទេសអេហ្ស៊ីប លោកអាល់ស៊ីស៊ីបានប្រើគ្រប់មធ្យោបាយដើម្បីសង្កត់ ក ក្រុមប្រឆាំងដើម្បីតោងអំណាច។ មានសកម្មជនប្រឆាំងជាច្រើននាក់ត្រូវបានសម្លាប់បំបិទមាត់ និងចាប់ដាក់គុកក្រោមហេតុផលសន្តិសុខជាតិ។ គេមិនដឹងថា តើលោកម៉ាក្រុងបានលើកយករឿងសិទ្ធិមនុស្សនេះទៅនិយាយជាមួយលោកអាល់ស៊ីស៊ីឬអត់ទេ ហើយបើមាន តើបាននិយាយពីអ្វីខ្លះ។ អ្វីដែលគេដឹង លោកម៉ាក្រុងបានបញ្ជាក់នៅក្នុងសន្និសីទកាសែតរួមជាមួយលោកអាល់ស៊ីស៊ីថា ស្ថិរភាព និងសន្តិភាពយូរអង្វែងត្រូវដើរទន្ទឹមគ្នានឹងការគោរពសេរីភាពម្នាក់ៗ និងនីតិរដ្ឋមួយ។
តាមរយៈឃ្លាមួយនេះនាំឲ្យគេយល់បានថា លោកម៉ាក្រុងហាក់បានត្រឹមនិយាយសើរៗលើបញ្ហាដែលកំពុងកើតមាននៅអេហ្ស៊ីបបច្ចុប្បន្ន។ តាមពិតទៅ អ្វីដែលលោកម៉ាក្រុងបានលើកឡើងនេះគ្រាន់ជាការបង្រ្គប់កិច្ច និងដើម្បីបំពេញចិត្តនឹងអង្គការការពារសិទ្ធិមនុស្សនានាតែប៉ុណ្ណោះ។ គួររម្លឹកថានៅក្នុងដំណើរទស្សនកិច្ចរបស់លោកអាល់ស៊ីស៊ីក្នុងប្រទេសបារាំងនាខែវិច្ឆិកា ឆ្នាំ ២០១៧ លោកម៉ាក្រុងមិនបានលើកយករឿងសិទ្ធិមនុស្សទៅនិយាយជាមួយលោកអាល់ស៊ីស៊ី និងថែមទាំងបានបញ្ជាក់ក្តែងៗថា លោកមិនត្រូវការផ្តល់មេរៀនឲ្យអ្នកណាម្នាក់ទេ ព្រោះខ្លួនលោកក៏មិនចង់ទទួលមេរៀនពីអ្នកដទៃ ហើយក៏មិនចង់ឲ្យអ្នកដទៃផ្តល់មេរៀនឲ្យលោកដែរ។ គឺពាក្យសម្តីកាលណោះឯងដែលបានធ្វើឲ្យលោកម៉ាក្រុងទទួលរងការរិះគន់ ទិតៀនយ៉ាងចាស់ដៃពីក្រុមប្រឆាំងនៅបារាំង និងពីគ្រប់អង្គការការពារសិទ្ធិមនុស្ស។
សំណុំរឿងរសើបមួយទៀត គឺការលក់អាវុធបារាំងឲ្យទៅអេហ្ស៊ីប ពិសេសយន្តហោះចម្បាំង Rafale ចំនួន ២៤គ្រឿងដែលទើបប្រគល់ទៅឲ្យកងទ័ពអេហ្ស៊ីប។ អង្គការក្រៅរដ្ឋាភិបាលបានចោទលោកអាល់ស៊ីស៊ីពីបទប្រើប្រាស់អាវុធទាំងនេះដើម្បីវាយប្រហារលើក្រុមប្រឆាំង និងបរិហារបារាំងពីបទបានបិទភ្នែកធ្វើគរ ធ្វើថ្លង់លើទង្វើមួយនេះ។ តែលោកម៉ាក្រុងក៏ហាក់មិនបាននិយាយអ្វីច្រើនក្រៅតែពីបញ្ជាក់នៅក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោកអាល់ស៊ីស៊ីថា អាវុធបារាំងលក់ឲ្យអេហ្ស៊ីបត្រូវតែយកទៅប្រើប្រាស់ក្នុងគោលដៅយោធាដើម្បីការពារទឹកដីអេហ្ស៊ីបប្រឈ មទល់នឹងសត្រូវពីខាងក្រៅ។
បើតាមមើលទៅ អ្នកដែលស្រង៉ាកចិត្តនឹងប្រតិកម្មរបស់លោកម៉ាក្រុងចំពោះរឿងសិទ្ធិមនុស្ស ឬរឿងលក់អាវុធបារាំងឲ្យអេហ្ស៊ីប គឺគ្មាននរណាក្រៅពីក្រុមប្រឆាំងនៅអេហស្ស៊ីប និងក្រុមអង្គការការពារសិទ្ធិមនុស្សទេ។ សម្រាប់លោកអាល់ស៊ីស៊ី លោកបានចាត់ទុកចំណាប់អារម្មណ៍របស់លោកម៉ាក្រុងជារឿងមួយធម្មតាក្នុងនាមជាថ្នាក់ដឹកនាំបស្ចិមលោកម្នាក់។ ចំណែកលោកម៉ាក្រុងវិញ លោកបាននិយាយអស់ហើយនូវរឿងដែលលោកត្រូវនិយាយ ទោះតិច ឬច្រើន ជ្រៅ ឬរាក់ក្តី។ អ្វីដែលសំខាន់សម្រាប់លោកម៉ាក្រុង និងលោកអាល់ស៊ីស៊ី គឺការចុះហត្ថលេខារវាងបារាំង និងអេហ្ស៊ីបលើកិច្ចព្រមព្រៀង និងកុងត្រាជាច្រើនដោយមានទឹកប្រាក់រាប់សិបលានអឺរ៉ូ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ