អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

បារាំង-អេហ្ស៊ីប៖​ហេតុអ្វី​បាន​ជា​លោកម៉ាក្រុង​លើក​យក​បញ្ហា​សិទ្ធិមនុស្ស​ទៅ​និយាយ​ជាមួយ​លោក​អាល់ស៊ីស៊ី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​អង្គារ ទី២៩ មករា​ជា​ថ្ងៃទី៣ និង​ជា​ថ្ងៃ​ចុង​ក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប។ កម្មវត្ថុ​នៃ​ទស្សនកិច្ច​របស់​លោក​ម៉ាក្រុង គឺ​ដើម្បី​រឹតចំណង​សេដ្ឋកិច្ច វប្បធម៌ និង​យុទ្ធសាស្រ្ត​ជាមួយ​អេហ្ស៊ីប​របស់​លោក​ប្រធានាធិបតី​អាល់ស៊ីស៊ី។ លោក​អាល់ស៊ីស៊ី​បាន​ទទួល​ជួប​លោក​ម៉ាក្រុង​នៅ​វិមាន​ប្រធានាធិបតី​ក្នុង​ទីក្រុង​គែរ និង​ដែល​នា​ឱកាស​នៃ​ជំនួប​នោះ មាន​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង និង​កុងត្រា​ពាណិជ្ជកម្ម​ប្រមាណ​ជា ៣០។ ទន្ទឹម​នឹង​សំណុំរឿង​សេដ្ឋកិច្ច វប្បធម៌ និង​យុទ្ធសាស្រ្ត លោក​ម៉ាក្រុង​បាន​និយាយ​ជា​ចំហ​ជាមួយ​លោក​អាល់ស៊ីស៊ី​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​អេហ្ស៊ីប។ ហេតុអ្វី​បាន​ជា​រឿង​សិទ្ធិមនុស្ស​នៅ​អេហ្ស៊ីប​ជា​បញ្ហា​រសើប និង​ថា តើ​លោក​ម៉ាក្រុង​អាច​ផ្តល់​មេរៀន​អ្វី​ខ្លះ​ដល់​លោក​អាល់ស៊ីស៊ី?។

លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង (រូបឆ្វេង) និង​សមភាគី​អេហ្ស៊ីបលោក​អាល់ស៊ីស៊ី​ក្នុង​​ទីក្រុង​គែរ ប្រទេស​​អេហ្ស៊ីប ថ្ងៃទី២៨ មករា ២០១៩
លោក​ប្រធានាធិបតី​បារាំង​អេម៉ានុយអែល ម៉ាក្រុង (រូបឆ្វេង) និង​សមភាគី​អេហ្ស៊ីបលោក​អាល់ស៊ីស៊ី​ក្នុង​​ទីក្រុង​គែរ ប្រទេស​​អេហ្ស៊ីប ថ្ងៃទី២៨ មករា ២០១៩ Ludovic MARIN / AFP
ផ្សាយពាណិជ្ជកម្ម

ទស្សនកិច្ច​រយៈពេល ៣ថ្ងៃ​សម្រាប់​ដើម​ឆ្នាំ​ថ្មី​នៅ​បរទេស​របស់​ប្រមុខរដ្ឋ​បារាំង​លោក​ម៉ាក្រុង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​រឿង​កម្រ​មួយ ពិសេស​ចំ​ពេល​ដែល​បារាំង​កំពុង​ជួប​វិបត្តិនយោបាយ និង​សង្គម​នៃ​ចលនា​អាវកាក់លឿង​តាំង​ពី​ជាង ២ខែ​កន្លង​មក។ តែ​ទន្ទឹម​គ្នា​នេះ លោក​ម៉ាក្រុង​មិន​បាន​យក​វិបត្តិ​ក្នុង​ស្រុក​ធ្វើ​ជា​ឧបសគ្គ​ក្នុង​ការ​បន្ត​ការងារ​នៅ​បរទេស​ឡើយ។ ជម្រើស​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​ក៏​មិនមែន​ជា​ជម្រើស​ចែដន្យ ព្រោះ​ទី១ អេហ្ស៊ីប​ត្រូវ​ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​សហភាព​អាហ្រ្វិក​ចាប់​ពី​ខែ​កុម្ភៈ​ខាង​មុខ និង​ទី២ អេហ្ស៊ីប​ជា​ដៃគូ​គន្លឹះ​របស់​បារាំង​នៅ​ក្នុង​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ភេរវនិយម។ តែ​ប្រយោជន៍ និង​កិច្ចសហប្រតិបត្តិការ​ដែល​បារាំង​ចង់​រឹតចំណង​មុន​គេ​ជា​មួយ​អេហ្ស៊ីប គឺ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វប្បធម៌។

អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អេហ្ស៊ីប​ពេល​នេះ លោក​ម៉ាក្រុង​បាន​នាំ​យក​ទៅ​ជាមួយ​នូវ​ប្រធាន​ក្រុមហ៊ុន និង​សហគ្រាស​បារាំង​គ្រាក់ៗ​ប្រមាណ​ជា ៥០នាក់។ កិច្ចសហប្រតិបត្តិ​ពាណិជ្ជកម្ម​រវាង​ទីក្រុង​ប៉ារីស និង​ទីក្រុង​គែរ​បាន​ផ្តោត​លើ​វិស័យ​ដឹកជញ្ជូន ថាមពល​កកើត​ឡើង​វិញ សុខភាព ឬ​មួយ​វិស័យ​កសិចំណី​អាហារ។ ចំណែក​នៅ​ក្នុង​កិច្ចសហប្រតិបត្តិការ​វប្បធម៌ វិស័យ​ដែល​បារាំង​កំពុង​សកម្ម​ជាង​គេ គឺ​បុរាណវត្ថុវិទ្យា​ដែល​វិទ្យាស្ថាន​បុរាណវត្ថុវិទ្យា​ចុងបូព៌ា​បារាំង​កំពុង​ស្រាវជ្រាវ​លើ​ទីតាំង​ចំនួន ៣២កន្លែង​លើ​ទឹកដី​អេហ្ស៊ីប។ ឥឡូវ​នេះ បារាំង​កំពុង​សង្ឃឹម​ទទួល​បាន​គម្រោង​ពីរ​ទៀត ទី១ ទទួល​បេសកកម្ម​ស្រាវជ្រាវ ឬ​ជួសជុល​ប្រាសាទ​បុរាណ​មួយ​ចំនួន និង​ទី២ ចូលរួម​សាងសង់​អនាគត​មហាសារៈមន្ទីរ ឬ​មួយ​ក៏​ជួសជុល​សារៈមន្ទីរ​ចាស់ៗ​ឡើង​វិញ។

តែ​ទន្ទឹម​នឹង​សំណុំរឿង​សេដ្ឋកិច្ច វប្បធម៌ និង​ពាណិជ្ជកម្ម​ដែល​បារាំង និង​អេហ្ស៊ីប​មិន​ពិបាក​និយាយ​គ្នា។ បញ្ហា​សិទ្ធិមនុស្ស​ដែល​ជា​បញ្ហា​រសើប​ក៏​ត្រូវ​បាន​លោក​ប្រធានាធិបតី​បារាំង​ម៉ាក្រុង​លើក​យក​ទៅ​និយាយ​ជាមួយ​សមភាគី​អេហ្ស៊ីប​លោក​អាល់ស៊ីស៊ី​ដែរ។ ហេតុអ្វី​បាន​ជា​រឿង​សិទ្ធិមនុស្ស​នៅ​អេហ្ស៊ីប​ជា​បញ្ហា​រសើប?។ មុន​នឹង​ឆ្លើយ​សំណួរ​នេះ គេ​ត្រូវ​បោះ​ជំហាន​ថយ​ក្រោយ​ចំនួន ៧ ជំហាន​ទៅ​មើល​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ ២០១២ ដែល​អេហ្ស៊ីប​បាន​ស្គាល់​បដិវត្ត​អារ៉ាប់​រហូត​រំលំ​របប​ដឹកនាំ​ផ្តាច់ការ​របស់​លោក​ប្រធានាធិបតី​មូបារ៉ាក់។ ក្នុង​ឆ្នាំ ២០១៣ លោក​ម័រស៊ី​បាន​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​តាម​រយៈ​ការ​បោះឆ្នោត។ តែ​ក្រោយ​ពី​កាន់​តំណែង​បាន ១ឆ្នាំ លោក​ម័រស៊ី​ត្រូវ​បាន​មេទ័ព​ជំនាន់​នោះ គឺ​លោក​អាល់ស៊ីស៊ី​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​វិញ។ ក្នុង​ឆ្នាំ ២០១៤ គឺ​លោក​អាល់ស៊ីស៊ី​រូប​នេះ​ដដែល​ដែល​បាន​ជាប់​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី និង​បាន​ជាប់​ឆ្នោត​បន្តបន្ទាប់​កាន់​អំណាច​មក​ដល់​សព្វថ្ងៃ។

វា​ជា​រឿង​មួយ​ធម្មតា​ដែល​ប្រធានាធិបតី​ម្នាក់​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ឲ្យ​ធ្វើ​ជា​ប្រមុខរដ្ឋ​ចំនួន ២ ឬ​៣ អាណត្តិ​ជាប់​គ្នា។ តែ​អ្វី​ដែល​មិន​ធម្មតា​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប លោក​អាល់ស៊ីស៊ី​បាន​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​សង្កត់ ក ក្រុមប្រឆាំង​ដើម្បី​តោង​អំណាច។ មាន​សកម្មជនប្រឆាំង​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​បំបិទមាត់ និង​ចាប់​ដាក់​គុក​ក្រោម​ហេតុផល​សន្តិសុខជាតិ។ គេ​មិន​ដឹង​ថា តើ​លោក​ម៉ាក្រុង​បាន​លើក​យក​រឿង​សិទ្ធិមនុស្ស​នេះ​ទៅ​និយាយ​ជាមួយ​លោក​អាល់ស៊ីស៊ី​ឬ​អត់​ទេ ហើយ​បើ​មាន តើ​បាន​និយាយ​ពី​អ្វី​ខ្លះ។ អ្វី​ដែល​គេ​ដឹង លោក​ម៉ាក្រុង​បាន​បញ្ជាក់​នៅ​ក្នុង​សន្និសីទកាសែត​រួម​ជាមួយ​លោក​អាល់ស៊ីស៊ី​ថា ស្ថិរភាព និង​សន្តិភាព​យូរអង្វែង​ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​ការ​គោរព​សេរីភាព​ម្នាក់ៗ និង​នីតិរដ្ឋ​មួយ។

តាម​រយៈ​ឃ្លា​មួយ​នេះ​នាំ​ឲ្យ​គេ​យល់​បាន​ថា លោក​ម៉ាក្រុង​ហាក់​បាន​ត្រឹម​និយាយ​សើរៗ​លើ​បញ្ហា​ដែល​កំពុង​កើត​មាន​នៅ​អេហ្ស៊ីប​បច្ចុប្បន្ន។ តាម​ពិត​ទៅ អ្វី​ដែល​លោក​ម៉ាក្រុង​បាន​លើក​ឡើង​នេះ​គ្រាន់​ជា​ការ​បង្រ្គប់កិច្ច និង​ដើម្បី​បំពេញ​ចិត្ត​នឹង​អង្គការ​ការពារ​សិទ្ធិមនុស្ស​នានា​តែ​ប៉ុណ្ណោះ។ គួរ​រម្លឹក​ថា​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​អាល់ស៊ីស៊ី​ក្នុង​ប្រទេស​បារាំង​នា​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ លោក​ម៉ាក្រុង​មិន​បាន​លើក​យក​រឿង​សិទ្ធិមនុស្ស​ទៅ​និយាយ​ជាមួយ​លោក​អាល់ស៊ីស៊ី និង​ថែម​ទាំង​បាន​បញ្ជាក់​ក្តែងៗ​ថា លោក​មិន​ត្រូវ​ការ​ផ្តល់​មេរៀន​ឲ្យ​អ្នក​ណា​ម្នាក់​ទេ ព្រោះ​ខ្លួន​លោក​ក៏​មិន​ចង់​ទទួល​មេរៀន​ពី​អ្នក​ដទៃ ហើយ​ក៏​មិន​ចង់​ឲ្យ​អ្នក​ដទៃ​ផ្តល់​មេរៀន​ឲ្យ​លោក​ដែរ។ គឺ​ពាក្យ​សម្តី​កាល​ណោះ​ឯង​ដែល​បាន​ធ្វើ​ឲ្យ​លោក​ម៉ាក្រុង​ទទួល​រង​ការ​រិះគន់ ទិតៀន​យ៉ាង​ចាស់​ដៃ​ពី​ក្រុមប្រឆាំង​នៅ​បារាំង និង​ពី​គ្រប់​អង្គការ​ការពារ​សិទ្ធិមនុស្ស។

សំណុំរឿង​រសើប​មួយ​ទៀត គឺ​ការ​លក់​អាវុធ​បារាំង​ឲ្យ​ទៅ​អេហ្ស៊ីប ពិសេស​យន្តហោះ​ចម្បាំង Rafale ចំនួន ២៤គ្រឿង​ដែល​ទើប​ប្រគល់​ទៅ​ឲ្យ​កងទ័ព​អេហ្ស៊ីប។ អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ចោទ​លោក​អាល់ស៊ីស៊ី​ពី​បទ​ប្រើប្រាស់​អាវុធ​ទាំង​នេះ​ដើម្បី​វាយប្រហារ​លើ​ក្រុមប្រឆាំង និង​បរិហារ​បារាំង​ពី​បទ​បាន​បិទភ្នែក​ធ្វើ​គរ ធ្វើ​ថ្លង់​លើ​ទង្វើ​មួយ​នេះ។ តែ​លោក​ម៉ាក្រុង​ក៏​ហាក់​មិន​បាន​និយាយ​អ្វី​ច្រើន​ក្រៅ​តែ​ពី​បញ្ជាក់​នៅ​ក្នុង​សន្និសីទកាសែត​រួម​គ្នា​ជា​មួយ​លោក​អាល់ស៊ីស៊ី​ថា អាវុធបារាំង​លក់​ឲ្យ​អេហ្ស៊ីប​ត្រូវ​តែ​យក​ទៅ​ប្រើប្រាស់​ក្នុង​គោលដៅ​យោធា​ដើម្បី​ការពារ​ទឹកដី​អេហ្ស៊ីប​ប្រឈ ម​ទល់​នឹង​សត្រូវ​ពី​ខាង​ក្រៅ។

បើ​តាម​មើល​ទៅ អ្នក​ដែល​ស្រង៉ាក​ចិត្ត​នឹង​ប្រតិកម្ម​របស់​លោក​ម៉ាក្រុង​ចំពោះ​រឿង​សិទ្ធិមនុស្ស ឬ​រឿង​លក់អាវុធ​បារាំង​ឲ្យ​អេហ្ស៊ីប គឺ​គ្មាន​នរណា​ក្រៅ​ពី​ក្រុមប្រឆាំង​នៅ​អេហស្ស៊ីប និង​ក្រុម​អង្គការ​ការពារ​សិទ្ធិមនុស្ស​ទេ។ សម្រាប់​លោក​អាល់ស៊ីស៊ី លោក​បាន​ចាត់​ទុក​ចំណាប់​អារម្មណ៍​របស់​លោក​ម៉ាក្រុង​ជា​រឿង​មួយ​ធម្មតា​ក្នុង​នាម​ជា​ថ្នាក់ដឹកនាំ​បស្ចិមលោក​ម្នាក់។ ចំណែក​លោក​ម៉ាក្រុង​វិញ លោក​បាន​និយាយ​អស់​ហើយ​នូវ​រឿង​ដែល​លោក​ត្រូវ​និយាយ ទោះ​តិច ឬ​ច្រើន ជ្រៅ ឬ​រាក់​ក្តី។ អ្វី​ដែល​សំខាន់​សម្រាប់​លោក​ម៉ាក្រុង និង​លោក​អាល់ស៊ីស៊ី គឺ​ការ​ចុះ​ហត្ថលេខា​រវាង​បារាំង និង​អេហ្ស៊ីប​លើ​កិច្ចព្រមព្រៀង និង​កុងត្រា​ជា​ច្រើន​ដោយ​មាន​ទឹកប្រាក់​រាប់សិប​លានអឺរ៉ូ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ